ana-air canadia-bank Silk-air nissan acleda cab-bank

លោក ហ៊ុន សែន​៖ សូមកុំ​ប្រើ​អ​បិ​យ​ជំនឿ​ដើម្បី​បណ្តេញ​កូ​វីដ​១៩

​ប៉ិច សុធា​រី​ / Khmer Times No Comments Share:
ប្រជាជន​ខ្មែរ​រៀបចំ​ប្រទីប​តូចៗ​ដើម្បី​ជូន​ដំណើរ​ព្រលឹង​ខ្មោច​ឱ្យ​ត្រឡប់​ទៅទី​ឋាន​របស់​ពួក​គេវិញ។ KT/ ស្រី គំនិត

ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មួយចំនួន កុំ​ប្រើ​អ​បិ​យ​ជំនឿ ដើម្បី​បណ្តេញ​ជំងឺ​កូ​វីដ​១៩ និង​កុំ​ជឿ​លើ​ការផ្សព្វផ្សាយ​ថា​មាន​ឱសថ​ព្យាបាល​ជំងឺ​នេះ រួម​និង​ការព្រមាន​ចាត់វិធានការ​ទៅលើ​ឱសថស្ថាន​ដែល​លក់​ម៉ាស់​ថ្លៃ​ហួសហេតុ ក្នុងអំឡុងពេល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត មុន​ចេញទៅ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​វិមាន​សន្តិភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ថ្មីៗ​នេះ លោក​បានទទួល​ព័ត៌មាន​ថា​មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ប្រើប្រាស់​នូវ​អ​បិ​យ​ជំនឿ​តៗ​គ្នា តាមរយៈ​ការដុត​ភ្លើង ដើម្បី​បណ្តេញ​ជំងឺ​កូ​វីដ​១៩ ដែល​ការប្រើ​វិធី​នេះ​អាច​បង្ក​នូវ​ហានិភ័យ​ខ្ពស់​។

​លោក​ថា​៖ «​សូមកុំ​ប្រើ​អ​បិ​យ​ជំនឿ​ដើម្បី​បណ្តេញ​កូ​វីដ​១៩…​ខ្ញុំ​បានឃើញ​រូបភាព​ប្រជាជន​មួយចំនួន ដុត​ភ្លើង​ដើម្បី​ដេញ​ជំងឺ​កូ​វីដ ខែ​នេះ​ខែប្រាំង​ផង បើសិន​ឆេះ​ផ្ទះ​ទៅ​វា​យ៉ាងម៉េច​ទៅ សូមកុំ​ប្រើ​អ​បិ​យ​ជំនឿ​»​។

​ការអំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឡើង​ក្រោយពី​មាន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន បាន​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ផ្សេងៗ​តាមបែប​អ​បិ​យ​ជំនឿ ដើម្បី​បណ្តេញ​ជំងឺ​កូ​វីដ​១៩​ចេញពី​ភូមិឋាន​របស់​ពួកគេ ដូចជា ការដុត​ភ្នក់ភ្លើង​នៅមុខ​ផ្ទះ ការ​បាច​អំបិល និង​ការធ្វើ​ទីងមោង​ដាក់​មុខផ្ទះ​ជាដើម​។

​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ លោក រស់ ចិន្តា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា កាលដែល​អ្នកភូមិ​ដុត​ភ្នក់ភ្លើង រួម​និង​ការ​បាច​អំបិល​នៅមុខ​ផ្ទះ​នោះ គឺ​ដោយ​ពួកគេ​មានជំនឿថា នឹង​អាច​បណ្តេញ​ជំងឺ​ផ្សេងៗ រួម​និង​ជំងឺ​កូ​វីដ​១៩ ឲ្យ​ចៀស​ឆ្ងាយ​ពី​ភូមិឋាន​របស់​ពួកគេ​។

​លោក​ថា​៖ «​ចេះតែ​ធ្វើតាមៗ​គ្នា​ទៅ ដោយសារ​បារម្ភ​ខ្លាច​មានការ​ឆ្លង​ជំងឺ​ហ្នឹង និយាយ​រួម​ទៅ ឲ្យ​តែ​កើតមាន​ជំងឺ​អ្វីមួយ ​ឬ​មាន​សត្វ​មាន់​សត្វ​ទា​អី​ងាប់​ច្រើន គឺ​អ្នកភូមិ​នាំគ្នា​ដុត​ភ្នក់ភ្លើង ហើយ​បាច​អំបិល ហើយ​ស្រែក​បណ្តេញ​ឲ្យ​ទៅៗ​»​។​

​ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ជឿ​លើ​ការផ្សព្វផ្សាយ​ដែលថា មាន​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នេះ​។

​លោក​ថា​៖ «​សូម្បីតែ​ក្រសួងយុត្តិធម៌​នៅ​សហរដ្ឋអាមេរិក ក៏​ចាប់​ករណី​លក់​ថ្នាំ​ព្យាបាល​កូ​វីដ​ដែរ ឯ​យើង​ក៏​ធ្លាប់មាន​ករណី​នឹង​ដែរ ដូច្នេះ​អត់​ទាន់​មាន​អ្នក​ណាមួយ​រកឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​វា​ពិត​ប្រាកដថា​វា​ជា​នោះទេ ឥឡូវនេះ​ការពិត​យើង​ព្យាបាល​តាមរយៈ​ការ​ប៉ូវ​កម្លាំង​ឲ្យ​អ្នក​ហ្នឹង​[​អ្នក​ឆ្លង​] ដើម្បី​វា​ឆាប់​ជា ឲ្យ​អស់​វីរុស​ហ្នឹង​ពី​ខ្លួន​»​។​

​ក្នុង​ពិធី​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​រឹបអូស​ម៉ាស់ និង​បិទ​ឱសថស្ថាន​ទាំងឡាយណា​ដែល​ឆ្លៀតឱកាស​លក់​ម៉ាស់​ក្នុងតម្លៃ​ថ្លៃ​ហួសហេតុ ខណៈពេល​ប្រជាពលរដ្ឋ​កំពុង​ត្រូវការ​ម៉ាស់ ដើម្បី​ការពារ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ដែល​កំពុង​ឆ្លង​រាលដាល​។

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​នឹង​ឈានដល់​ការ​រឹបអូស​ម៉ាស់​ចេញពី​ហាង​ទាំងអស់ ខ្ញុំ​កំពុង​សិក្សា​ពិនិត្យមើល​អំពី​ផ្លូវច្បាប់ បើ​អ្នកឯង​នៅតែ​បន្ត​ឡើងថ្លៃ ទៅ​រឹបអូស​យកតែ​ម្តង កុំ​ឲ្យ​វា​រកស៊ី​តទៅទៀត ហើយ​បិទ​ឱសថស្ថាន​នោះ​តែម្តង​…​បិទ​លើក​នេះ​បិទ​មិន​ឲ្យ​រកស៊ី​មួយជីវិត​តែម្តង ដើម្បី​ឲ្យ​រាងចាល​»​។

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន ពុំ​អាច​សុំ​ការអត្ថាធិប្បាយ​បានទេ កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​អង្គារ ក៏បាន​ប្រកាសថា​នឹង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​តឹងរឹង​ទៅលើ​ម្ចាស់​គណនី​ឈ្មោះ Eva Cambodia ដែល​បាន​ផ្សព្វផ្សាយ​លក់​ឱសថ​មួយ​ប្រភេទ​ឈ្មោះ Chloramine B ដោយ​គ្មាន​លេខ​ប​ញ្ចិ​កា និង​គ្មាន​ការ​ទួល​ស្គាល់​ពី​ក្រសួង ព្រមទាំង​បាន​ផ្សព្វផ្សាយ​ថា​ជា​ថ្នាំ​សម្លាប់​មេរោគ​កូ​វីដ​១៩​ថែមទៀត​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖ «Chloramine B ដែល​ផ្សព្វផ្សាយ​លក់​តាម​អន​ឡាញ​នេះ ពុំ​អាច​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​ឡើយ ហើយ​ពុំទាន់​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ​ថា សារធាតុ​នេះ​ប្រើ​ជា​ថ្នាំ​សម្រាប់​សម្លាប់​មេរោគ​Coronavirus នៅឡើយ​ទេ​។ ក្រសួង​តម្រូវ​ឲ្យ​ម្ចាស់​គណនី​នេះ ត្រូវ​បញ្ឈប់​ការផ្សព្វផ្សាយ នាំចូល និង​ចែកចាយ​ផលិតផល Chloramine B នេះ​ជាបន្ទាន់​»​។​

​បើតាម​ក្រសួងសុខាភិបាល គណនី​ឈ្មោះ Eva Cambodia បាន​ផ្សព្វផ្សាយ​លក់​ផលិតផល Chloramine B ក្នុង​មួយ​តោន​តម្លៃ ១៥០០០​ដុល្លារ​។

​ក្រៅពីនោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើ​ដល់​ប្រពន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​សារ​អប់រំ​ស្តីពី​ការការពារ​ជំងឺ​កូ​វីដ​១៩ និង​បាន​ណែនាំ​ដល់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់ ឲ្យ​បញ្ចូល​សារ​ជា​សំឡេង​ទៅក្នុង​Call Tune នៅពេលដែល​ទទួល​ការហៅ​ចូល ដោយសារ​នោះ​មាន​ខ្លឹមសារ​ថា «​យើង​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩៕

Related Posts

Previous Article

ស្លាប់ ​២​នាក់ និង​របួស ៥ នាក់​ក្នុង​គ្រោះ​អគ្គិភ័យ​ពីរ​ទីតាំង​កាលពី​ម្សិលមិញ​

Next Article

ស្ថាប័នរដ្ឋ​មួយចំនួន​ចាត់វិធានការ​បាញ់​អាកុល​ក្នុង​បរិវេណ​អគារ ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩