ana-air canadia-bank Silk-air nissan acleda cab-bank

ស្ថាប័នរដ្ឋ​មួយចំនួន​ចាត់វិធានការ​បាញ់​អាកុល​ក្នុង​បរិវេណ​អគារ ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩

​ប៉ិច សុធា​រី​ / Khmer Times No Comments Share:
បុគ្គលិក​សុខាភិបាល​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​មន្ទីពេទ្យ​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មេរោគ កូវីដ-19។ KT/ ស៊ីវ​ ចាន់ណា

​ភ្នំពេញ​៖ ក្រសួង និង​ស្ថាប័នរដ្ឋ​មួយចំនួន បានដាក់​ចេញ​នូវ​វិធាន​ការបាញ់​អាល់កុល​សម្លាប់​មេរោគ​នៅក្នុង​បរិវេណ​ទាំងមូល បន្ថែម​លើ​វិធានការ​អនាម័យ​នានា ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ -១៩​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា ក្រសួង​បានចាប់ផ្តើម​បាញ់​អាល់កុល​សម្លាប់​មេរោគ នៅក្នុង​បរិវេណ​អគារ ក៏ដូចជា​ការិយាល័យ​និ​មួយៗ​របស់​មន្ត្រី​ទាំងអស់ ចាប់​តាំងពីដើម​​សប្តាហ៍​នេះ បន្ថែម​លើ​វិធានការ​អនាម័យ ដូចជា ការ​លាងដៃ​នឹង​អាល់កុល​ឬ​ជែ​ល និង​ការត្រួតពិនិត្យ​លើ​សីតុណ្ហភាព​របស់​មន្ត្រី​ម្នាក់ៗ ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩​។

​លោក នេត្រ ភក្ត្រា បាន​និយាយថា​៖ «​វិធានការ​នេះ គឺជា​វិធាន​ការការពារ​សុខមាលភាព​របស់​មន្ត្រី និង​ផ្តល់​ទំនុកចិត្ត​ដល់​មន្ត្រី​ដែល​បំពេញការងារ​ជាធម្មតា​នៅ​ក្រសួង​»​។ លោក​បាន​បន្ថែមថា​៖ «​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ម្នាក់ៗ គ្រួសារ​និ​មួយៗ និង​គ្រប់​ក្រសួង​ស្ថាប័ន ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​មន្ត្រី​រាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ថែរក្សា និង​ការពារ​ខ្លួន​ពី​ជំងឺឆ្លង​នេះ ដែលជា​ការចូល​រួមកា​រពារ​សុខមាលភាព​សាធារណៈ​របស់​ជាតិ​យើង​»​។​

​កាលពី​ថ្ងៃ​ចន្ទ តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន លោកស្រី បាន ស្រីមុំ និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សៅ សារ៉ាត់ ក៏បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន នាំគ្នា​ជួយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​បរិវេណ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ ព្រំ នៅ​ខេត្ត​បៃ​លិ​ន​ផងដែរ ដើម្បី​បង្ការ​ការឆ្លង​វីរុស​កូ​វីដ-​១៩​។​

​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក​ចាន់ យុ​ត្ថា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា ក្រសួង​នៅ​មិនទាន់បាន​បាញ់​អាល់កុល​សម្លាប់​មេរោគ​នៅក្នុង​បរិវេណ​អាគារ​របស់​ក្រសួង​នៅឡើយ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ពី​វិធី​ការពារ​ខ្លួន និង​ការធ្វើ​អនាម័យ​។

​លោក​យុ​ត្ថា បាន​និយាយថា​៖ «​ទន្ទឹមនឹងនេះ ក្រសួង​ក៏បាន​រៀបចំ​ឲ្យ​មាន​អាល់កុល ឬ​ជែ​ល សម្រាប់​លាងដៃ ការធ្វើ​អនាម័យ​នៅ​គ្រប់​បន្ទប់​ការងារ​ផងដែរ ហើយ​ចំពោះ​ការ​វាស់​កម្តៅ គឺត្រូវធ្វើ​គ្រប់​មនុស្ស​ដែល​ចេញចូល​ក្នុង​​បរិវេណ​ក្រសួង​»​។​

​ចំណែក អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុ​វាចា ក៏បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ម្សិលមិញ​ដែរ​ថា ក្រសួង​បានដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​លើកកម្ពស់​អនាម័យ​របស់​បុគ្គលិក​អប់រំ​គ្រប់លំដាប់​ថ្នាក់​និង​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​ផងដែរ ក្នុងអំឡុងពេល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះដែរ​។

​ក្រៅពីនោះ​នៅតាម​សណ្ឋាគារ ផ្ទះសំណាក់ អាហា​រដ្ឋា​ន និង​ទីតាំង​ប្រកប​អាជីវកម្ម​នានា​មួយចំនួន ក៏បាន​ប្រើប្រាស់​ទឹក​អាល់កុល ដើម្បី​សម្អាត និង​សម្លាប់​មេរោគ​នៅ​ទីតាំង​របស់​ពួកគេ​ផងដែរ ដែលជា​ការរួមចំណែក​បង្ការ​ការឆ្លង​​វីរុស​កូ​វីដ​១៩​។

​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ការបាញ់​អាល់កុល​សម្លាប់​មេរោគ​នៅ​ទីតាំង​បរិវេណ​អាគារ​ក្រសួង ឬ​ទីតាំង​ផ្សេងៗ រួម​និង​ការដាក់​អាកុល​ឬ​ជែ​ល​សម្រាប់​លាងដៃ និង​ម៉ាស៊ីន​វាស់​​កម្តៅ​សម្រាប់​ឲ្យ​មន្ត្រីរាជការ ឬ​បុគ្គលិក​ប្រើប្រាស់ ដើម្បី​ការពារ​និង​ទប់ស្កាត់ គឺជា​រឿង​ល្អ ប៉ុន្តែ​វិធានការ​ការពារ​ដ៏​សំខាន់​សម្រាប់​បង្ការ​ជំងឺ​នេះ គឺ​ការអនុវត្ត​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ពី​សំណាក់​បុគ្គល​ម្នាក់ៗ​ដោយផ្ទាល់​។

លោកស្រី​ថា​៖ «​យើង​នាំគ្នា​សម្អាត​បរិវេណ​អាគារ​ធ្វើការ ឬ​ទីតាំង​នានា​នោះ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​បុគ្គល​ម្នាក់ៗ​ខ្លួនឯង​ផ្ទាល់ ត្រូវតែ​ចេះ​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​នេះ តាមរយៈ​ការអនុវត្ត​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​»​។​

​យោងតាម​សារ​អប់រំ​សុខភាព​សម្រាប់​ការពារ​ការចម្លង​វីរុស​កូ​វីត​១៩​របស់​ក្រសួងសុខាភិបាល បាន​ណែនាំ​វិធានការ​ការពារ​មួយចំនួន ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ឬ​ទឹក​អាល់កុល​លាងដៃ​ឬ​អាល់កុល​ហ្សែ​ល​, ពេល​ក្អក​ឬ​កណ្តាស់ ត្រូវ​ប្រើ​កែងដៃ​ខ្ទប់មាត់​និង​ច្រមុះ​, ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ និង​មាត់​, កាត់បន្ថយ​ការជួបជុំ​ក្នុងសង្គម​និង​ការចំណាយ​ពេលវេលា​នៅ​កន្លែង​ប្រមូលផ្តុំ​, ជៀសវាង​ប៉ះពាល់​ជិត​ស្និ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ និង​សម្អាត​និង​សម្លាប់​មេរោគ​លើ​វត្ថុ និង​គ្រឿង​ប្រើប្រាស់​ផ្សេងៗ រួម​និង​បន្ទប់​ស្នាក់ បន្ទប់ធ្វើការ និង​បន្ទប់ទឹក​ជាដើម​៕

Related Posts

Previous Article

លោក ហ៊ុន សែន​៖ សូមកុំ​ប្រើ​អ​បិ​យ​ជំនឿ​ដើម្បី​បណ្តេញ​កូ​វីដ​១៩

Next Article

កម្ពុជា​គ្រោង​កសាង​ធារា​សាស្ត្រ​នៅ​តាម​តំបន់​ជាប់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម និង​ថៃ​