ana-air canadia-bank Silk-air nissan acleda cab-bank

ជប៉ុន​ផ្ដល់​ជំនួយ ៣១០ លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍ​កិច្ច និង​សង្គម​

ប៉ិច សុធារី / Khmer Times No Comments Share:
ប្រជាជនកំពុង​ច្រកទឹក​ទុក​សម្រាប់ប្រើ​ប្រាស់។ KT/Pann Rachana

ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​នូវ​ទឹកប្រាក់​ប្រមាណ ៣១០​លាន​ដុល្លារ ដល់​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​ចំនួន​៥ ដើម្បី​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា  ក្នុងចំណោម​គម្រោង​ទាំង​៥ គឺមាន​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៣ និង​គម្រោង​ឥណទាន​សម្បទាន​ចំនួន​២​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន បញ្ជាក់ថា​៖ «​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​ជួយ​លើកកម្ពស់​បន្ថែមទៀត​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ផងដែរ​»​។​

​ក្រសួង​បន្តថា គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង រួមមាន គម្រោង​ការពង្រឹង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្រុង​តាខ្មៅ ខេត្ត​

​កណ្តាល មាន​ទឹកប្រាក់​ប្រមាណ ​៣១​លាន​ដុល្លារ​, គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន មាន​ទឹកប្រាក់​ប្រមាណ​៩​លាន​ដុល្លារ និង​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម មាន​ទឹកប្រាក់​ប្រមាណ ២,៧​លាន​ដុល្លារ​។ ចំណែក គម្រោង​ឥណទាន​សម្បទាន រួមមាន គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​២ ពី​ធ្លា​ម្អម​-​បាត់ដំបង និង​សេរី​សោ​ភ័​ណ្ឌ​-​ប៉ោយប៉ែត មាន​ទឹកប្រាក់​ប្រមាណ ១៦១​លាន​ដុល្លារ និង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​៣ ពី​ព្រែក​ក្តាម​ទៅ​ធ្លា​ម្អម មាន​ទឹកប្រាក់​ប្រមាណ ១០៦,៥​លាន​ដុល្លារ​។​

​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន​នេះ នឹង​ធ្វើឡើង​តាមរយៈ​ការចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សាខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​អង្គារ​នេះ ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​លោក ​ព្រាប លន អាយុ ​៦៤​ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ រស់នៅ​ស្រុក​លង្វែក ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ថា ការជួយ​របស់​រដ្ឋាភិបាល​ជប៉ុន លើ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នៅ​ផ្លូវជាតិ​លេខ​៥​នេះ ពិតជា​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ការជួយ​សម្រួល​ដល់់​ការធ្វើដំណើរ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក​ថា​៖ «​ពេល​គេ​ជួសជុល​ស្តារឡើងវិញ​ផ្លូវ​នេះ​រួច វា​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ មិនសូវ​គ្រោះថ្នាក់​[​ចរាចរណ៍​] ព្រោះ​កាលពីមុន ផ្លូវ​នេះ​រៀង​តូច និង​លំបាក​ធ្វើដំណើរ ជាពិសេស​នៅ​ម្តុំ​មុខផ្ទះ​ខ្ញុំ​នេះ​តែម្តង មាន​ករណី​ដួល​ម៉ូតូ​ច្រើន​នៅពេល​យប់ ដោយសារ​ផ្លូវ​ដូច​ទឹករលក ហើយ​អ្នកបើកបរ​មិនបាន​ប្រយ័ត្ន ដូច្នេះ​ការជួយ​ស្តារ​ផ្លូវ​នេះ​ឡើងវិញ​ពី​សំណាក់​រដ្ឋាភិបាល​ជប៉ុន គឺជា​រឿង​ល្អ និង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​អ្នកប្រើប្រាស់​ផ្លូវថ្នល់​»៕

Related Posts

Previous Article

កម្ពុជា​គ្រោង​កសាង​ធារា​សាស្ត្រ​នៅ​តាម​តំបន់​ជាប់​ព្រំដែន​ជាប់​ប្រទេស​វៀតណាម និង​ថៃ​

Next Article

ប្រា​សាក់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ 19