ana-air canadia-bank Silk-air nissan acleda cab-bank

សមត្ថកិច្ច​ចុះបង្ក្រាប​ការនាំ​ចូល​មេ​តា​ណុល​ខុសច្បាប់​ពី​វៀតណាម​

​ប៉ិច សុធា​រី​ / Khmer Times No Comments Share:
សម្មត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ នៃការ​នាំចូល​ អាល់កុល ពីប្រទេស​វៀតណាម។ រូបថត​ សហការី

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ កាលពី​ថ្ងៃ​សៅរ៍ បាន​បង្ក្រាប​ករណី​នាំចូល​មេ​តា​ណុល​គ្មាន​ច្បាប់​អនុញ្ញាត​ជាង ៤​ពាន់​លីត្រ ពី​ប្រទេស​វៀតណាម ដែល​លក់​ចែកចាយ​បន្ត​ដើម្បី​យកទៅ​ផលិត​ជា​អាល់កុល​។​

ការចុះ​បង្ក្រាប​នេះ បានធ្វើ​ឡើង​ដោយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល និង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អាជ្ញាធរ​មូលដ្ឋាន ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

«​មេ​តា​ណុល​ទាំងនោះ​ឃើញ​នៅលើ​ធុង គេ​ដាក់ថា​នាំចូល​ពី​ម៉ាឡេស៊ី ប៉ុន្តែ​បើតាម​ចម្លើយ​របស់​ឈ្មួញ​ឈ្មោះ លឹម ហ៊ុយ អាយុ​៦១​ឆ្នាំ​នោះ គឺ​គេ​នាំចូល​ពី​វៀតណាម​មកវិញ ដើម្បី​លក់​ចែកចាយ​បន្ត ហើយ​អ្នកទិញ​បន្ត​នោះគេ​យកទៅ​ធ្វើ​អាល់កុល ដែល​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់​»​។

នេះ​តាម​ប្រសាសន៍​អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង​។​

​លោក ឡេង ស្រេង បាន​ពន្យល់ថា កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​ទីតាំង​ស្តុក និង​ចែកចាយ​មេ​តា​​ណុល នៅ​ចំណុច​ផ្ទះ​លេខ​២៤​សេ ផ្លូវ ​៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​នោះ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ បាន​រកឃើញ​មេ​តា​ណុល​គ្មាន​ច្បាប់​អនុញ្ញាត​នាំចូល​ពី​ប្រទេស​វៀតណាម នៅក្នុង​ធុង​ពណ៌​ខៀវ​ចំនួន ​១៩ ​ធុង ដែល​ក្នុង​មួយ​ធុង​មាន​ទំងន់ ១៦៣​គីឡូក្រាម និង​ប៊ីដុង​ចំណុះ ​៣០ ​លីត្រ ចំនួន ​៧៥​ ប៊ីដុង ដែល​សរុប​មាន​ប្រមាណ ៤២០០ ​លីត្រ រួម និង​ឧបករណ៍​សម្រាប់​បូម​ចំនួន ​០១​។​

​លោក​បាន​បន្ថែមថា​៖ «​សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​សុខភាព ព្រោះ​មេ​តា​ណុល​គឺជា​ថ្នាំពុល​»​។​

​បើតាម លោក​ឡុង ស្រេង បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​បានសម្រេច​បញ្ជូន​ឯកសារ និង​សំណុំ​រឿងនេះ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ហើយ​ចំពោះ​វត្ថុតាង​វិញ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​នៃ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​។

​កាលពី​សប្តាហ៍​មុន ក្រសួងសុខាភិបាល បាន​ព្រមាន​ថា​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​តឹងរឹង​ចំពោះ​ម្ចាស់​ឱសថស្ថាន​ទាំងឡាយណា​ដែល​នៅតែ​បន្ត​ចែកចាយ​អាល់កុល​ក្លែងក្លាយ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់ ខណៈ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​ត្រូវការ​អាល់កុល​ចាំបាច់ ក្នុងការ​បង្ការ​ការចម្លង​វីរុស​កូ​វីដ​១៩​។

​ក្រសួង​បន្តថា អាល់កុល​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ គឺជា​ល្បាយ​ដែលមាន​លាយ​សារធាតុ​អេតាណុល​ជាមួយ​ទឹក ដោយ​មិនត្រូវ​លាយ​សារធាតុ​ផ្សេងទៀត​ទេ ជាពិសេស​សារធាតុ​មេ​តា​ណុល​។

​ក្រសួង​បញ្ជាក់ថា​៖ «​មេ​តា​ណុល​មិន​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ​ទេ ដោយសារ​ធាតុ​នេះ​មាន​មុខងារ​សម្លាប់​មេរោគ​ខ្សោយ​បំផុត ប៉ុន្តែ​វា​អាច​បណ្តាល​ឲ្យ​ពុល និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង ក្នុងករណី​ប្រើប្រាស់​សារធាតុ​នេះ​មិនបាន​ត្រឹមត្រូវ​»​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្រសួង​បាន​បញ្ជូន​ក្រុមមន្ត្រី​អធិការកិច្ច ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ការនាំ​ចូល​និង​ចែកចាយ​អាក់​កុល​ក្លែងក្លាយ នៅតាម​ឱសថស្ថាន​នានា​ទូទាំងប្រទេស​។

​លោកស្រី​បន្តថា​៖ «​ក្រុមមន្ត្រី​របស់​យើង​បានធ្វើ​ការងារ​ជាមួយ​សមត្ថកិច្ច​ហើយ យើង​ក៏បាន​ស្រាវជ្រាវ​រកឃើញ​មួយចំនួនធំ​ដែរ ហើយ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​គ្រប់​ឱសថស្ថាន ឱសថស្ថាន​រង និង​ប្រជាពលរដ្ឋ ត្រូវ​ទិញ​អាល់កុល​ដែលមាន​ប្រភព​ច្បាស់លាស់ ដោយមាន​វិ​ក័យ​ប​ត្រ​រក្សាទុក​ត្រឹមត្រូវ ដើម្បី​ឲ្យ​ក្រសួង​អាច​តាមដាន និង​ស្វែងរក​ប្រភព​ជាក់លាក់​នៅពេលដែល​រក​ឃើញថា​អាល់កុល​នោះ​ពុំមាន​គុណភាព​ត្រឹមត្រូវ ដូច្នេះ​យើង​បាន​ចាត់វិធានការ​តឹងរឹង​លើ​រឿងនេះ​»​។​

​កាលពី​ថ្ងៃទី​១៨ ខែមីនា មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម ក៏បាន​រឹបអូស​អាល់កុល​ក្លែងក្លាយ​ប្រមាណ ២០​លីត្រ​ផងដែរ នៅ​ឱសថស្ថាន​មួយកន្លែង​នៅក្បែរ​ផ្សារ​អូឡាំពិក ខណ្ឌចំការមន​។​

​ចំណែក អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ក៏៏​បាន​រកឃើញ​ដែរ​ថា មាន​អាជីវករ​មួយចំនួន​បាន​លួច​នាំចូល និង​ចែកចាយ​នូវ​ផលិតផល​អាល់កុល​ក្លែងក្លាយ​ជាច្រើន ដែល​មិនមាន​ស្លាក​សញ្ញា និង​ប្រភព​ច្បាស់លាស់​។

​អគ្គនាយកដ្ឋាន​បាន​បន្តថា អាល់កុល​ដែល​អាជីវករ​ទាំងនោះ​នាំចូល​ភាគច្រើន មិនមែនជា​ប្រភេទ​អាល់កុល​ធម្មតា​សម្រាប់​លាងដៃ​បង្ការ​ការចម្លង​មេរោគ​ទេ ប៉ុន្តែ​វា​ជា​ប្រភេទ​អាល់កុល​ដែលមាន​សារធាតុ​មេ​តា​ណុល​ខ្ពស់​រហូតដល់​៨០% ដែល​អាច​ជ្រាបចូល​ទៅក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ជាពិសេស​អាច​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការមើលឃើញ​របស់​ភ្នែក ហើយ​លើសពីនេះ សារធាតុ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​មាន​ការយកទៅ​ប្រើប្រាស់​លា​យ​ធ្វើជា​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ផ្សេងៗ​៕

Related Posts

Previous Article

កម្ពុជា​សម្រេច​សាងសង់​ស្ថានីយ៍​រ៉ា​ដា​ថ្មី​ដើម្បី​វិភាគ​បាតុភូតធម្មជាតិ​

Next Article

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍អំពីប្រាក់រៀល ក្នុងខួបលើកទី៤០នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០