ana-air canadia-bank Silk-air nissan acleda cab-bank

បដិដុល្លារូបនីយកម្មជាទិសដៅចម្បងរបស់រាជរដ្ឋាភិបាល

Khmer Times No Comments Share:
aun pornmoniroth
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្។ រូបថត​ សហការី

សំណួរសម្រាប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ និង​ជារដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាស​អបអរសាទរ​ខួប​លើកទី ៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ

១. តើ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មាន​តួនាទី​អ្វីខ្លះ​ក្នុងការ​ចូលរួម​ធ្វើ​និយតកម្ម​ប្រាក់រៀល? តើ​ការធ្វើ​និយតកម្ម​ប្រាក់រៀល​នេះ​បាន​បំពេញការងារ​ដល់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​យ៉ាងដូចម្តេចខ្លះ?

· ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (MEF) មាន​តួនាទី ក្នុងការ​បង្កើត និង​អនុវត្ត​គោលនយោបាយ​សារពើពន្ធ ខណៈពេលដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​កំពុង​ដើរតួនាទី​នាំមុខ​ក្នុង​ការធ្វើ​និយតកម្ម​លើ​ប្រាក់រៀល។

· ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មាន​មុខងារសំខាន់ៗ ៣ ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល រួមមាន ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយ​សារពើពន្ធ និង​ការគ្រប់គ្រង​ថវិកា និង​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ។

ក) ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច ៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ធនាគារជាតិ​នៃ​កម្ពុជា​កំពុងធ្វើការ​រួមគ្នា ដើម្បី​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​រក្សា​អត្រា​អតិផរណា។

ខ) ចំពោះ​គោលនយោបាយ​សារពើពន្ធ និង​ការគ្រប់គ្រង​ថវិកា ៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានដាក់​ចេញ​និង​អនុវត្ត​វិធានការ​មួយចំនួន ដើម្បី​ជួយ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​តាមរយៈ​ការចំណាយ​របស់​រាជរ​ដ្ឋា​ភិ​បាល ការប្រមូល​ចំណូល និង​ការគ្រប់គ្រង​បំណុល។ ជា​ឧទាហរណ៍ ប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ​ធន​របស់​រាជរដ្ឋាភិបាល ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល លទ្ធកម្ម​ក្នុងស្រុក ការប្រមូល​ពន្ធ ថ្លៃ​សេវាសាធារណៈ ថ្លៃ​សេវា​ទឹក​និង​ភ្លើង និង​ចំណូល​ផ្សេងទៀត​ត្រូវបាន​ទូទាត់​ជា​ប្រាក់រៀល។

គ) ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏​ដើរតួនាទី​នាំមុខ​ក្នុងការ​គ្រប់គ្រង​វិស័យ​មិនមែន​ធនាគារ ដោយ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ទីផ្សារ​មូលធន រៀបចំ​ចេញ​មូល​ប​ត្រ​របស់​រាជរដ្ឋាភិបាល​ជា​ប្រាក់រៀល និង​គ្រោង​នឹងដាក់​ចេញ​នូវ​គោលនយោបាយ​ធានារ៉ាប់រង​លើ​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល។

២. តើ​ក្រសួង​មាន​គោលជំហរ​អ្វីខ្លះ ក្នុង​ការធ្វើ​បដិដុល្លារូបនីយកម្ម​ក្នុង​សេដ្ឋកិច្ច ឬ​របប​អត្រា​ប្តូរប្រាក់​អណ្តែត នាពេល​អនាគត?

· ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើកទឹកចិត្ត​ឱ្យមាន ការធ្វើ​ប​ដិ​ដុល្លារ​រូបនីយកម្ម​រយៈពេល​ម​ធ្យ​ម​និង​រយៈពេល​វែង​ជាបណ្តើរៗ ទន្ទឹមនឹង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​ហិរញ្ញវត្ថុ និង​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន និង​វិនិយោគិន។ ក្នុងអំឡុង​ពេលនេះ ការបង្កើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​លើ​ប្រាក់រៀល ដោយ​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​នេះ នឹង​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅ​សម្រេច​គោលដៅ។ ទន្ទឹមនេះ ការធ្វើ​ប​ដិ​ដុល្លារ​រូបនីយកម្ម​ត្រូវធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន​បំផុត ដោយ​ពិចារណា​លើ​សេដ្ឋកិច្ចពិភពលោក​និង​ក្នុង​តំបន់ សេដ្ឋកិច្ច​ក្នុងស្រុក ពាណិជ្ជកម្ម ភាព​ស៊ីជម្រៅ​ផ្នែក​ហិរញ្ញវត្ថុ​និង​ការវិវត្ត​នៃ​សេដ្ឋកិច្ច​ឌីជីថល។

· ផែនការ​សារពើពន្ធ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល ដោយ​ការចំណាយ​របស់​រាជ​រ​ដ្ឋា​ភិ​បាល​ដែលមាន​ប្រមាណ ២៧% នៃ​ផ.ស.ស. តាមរយៈ​គម្រោង​របស់​រាជរដ្ឋាភិបាល ជាពិសេស​កម្មវិធី​កំណែទម្រង់​សាធារណៈ។ ដូច្នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អាច​ប្រើប្រាស់​វិធី​នេះ ដើម្បី​ធានា​ឱ្យបាន​នូវ​ការអនុវត្ត​បដិដុល្លារូបនីយកម្ម​ប្រកបដោយ​ជោគជ័យ ប៉ុន្តែ​តម្រូវឱ្យមាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

· របប​អត្រា​ប្តូរប្រាក់​អណ្តែត អាចជា​ជម្រើស​គោលនយោបាយ​នាពេល​អនាគត នៅពេលដែល​ការធ្វើ​ប​ដិ​ដុល្លារ​រូបនីយកម្ម​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ។ របប​អត្រា​ប្តូរប្រាក់​អណ្តែត​អនុញ្ញាត​ឱ្យមាន​អត្រា​ប្តូរប្រាក់​ដែលមាន​ភាពទន់ភ្លន់ ដែល​អាច​ទប់​ទល់នឹង​ផលប៉ះពាល់ផ្សេងៗ ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​សម្រប​ខ្លួន ជាមួយ​ការនាំចេញ​ដូច្នេះ​ការប្រកួតប្រជែង​អាច​ត្រូវបាន​រក្សា​នៅ​កម្រិត​ល្អ​បំផុត។ ទោះយ៉ាងណា អត្រា​ប្តូរប្រាក់​ដែល​គ្មាន​ស្ថិរភាព មិនអាច​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​បានទេ ហើយ​វិនិយោគិន​អាចមាន​ការលំបាក​ក្នុងការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​របស់​ពួកគេ។ ជាក់ស្តែង ការធ្វើអន្តរាគមន៍ គឺ​ចាំបាច់​តាម​កាលៈទេសៈ​ជាក់លាក់។

៣. តើ​ការធ្វើ​បដិដុល្លារូបនីយកម្ម​គឺជា​ជម្រើស​តែមួយ​មែន​ទេ? បើ​ដូច្នេះ​មែន តើ​នៅពេលណា? ហើយ​បើ​មិន​ដូច្នោះ​ទេ មាន​មូលហេតុ​ជាក់លាក់​ណាមួយ​ដែរឬទេ?

· ការធ្វើ​បដិដុល្លារូបនីយកម្ម គឺជា​គោលដៅ​ចុងក្រោយ ប៉ុន្តែ​ដូចដែល​បាន​រៀបរាប់​ខាងលើ ដំណើរការ​ត្រូវតែ​អនុវត្ត​ជាបណ្តើរៗ ក្នុង​រយៈពេល​វែង​និង​មធ្យម ដើម្បី​រក្សា​បរិយាកាស​ម៉ាក្រូសេដ្ឋកិច្ច​អំណោយផល​ជាមួយនឹង​អត្រា​អតិផរណា​ទាប​និង​អត្រា​ប្តូរប្រាក់​ថេរ។

· យើង​បានឃើញ​នូវ​លទ្ធផល​នៃ​ផលប៉ះពាល់​លើ​ម៉ាក្រូសេដ្ឋកិច្ច​ប្រទេស​ឡាវ​និង​មី​យ៉ាន់​ម៉ា ដែល​បានធ្វើ​ប​ដិ​ដុល្លារ​រូបនីយកម្ម​ដោយ​គ្មាន​មូលដ្ឋានគ្រឹះ​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ។ ការណ៍​នេះ បានធ្វើឱ្យ​រូបិយប័ណ្ណ​ក្នុងស្រុក​ធ្លាក់ចុះ និង​បណ្តាលឱ្យ​បាត់បង់​ជំនឿ​ទុកចិត្ត​ពី​សាធារណជន។ ដូច្នេះ ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​វែង និង​មាន​ផែនការ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ជា​លំដាប់។

· ប្រទេស​កម្ពុជា​គឺជា​ប្រទេស​កំពុងអភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​កំពុង​តាមដាន​បរិយាកាស​ពិភពលោក​ដែល​មិន​ប្រាកដប្រជា មានការ​លំបាក​ក្នុងការ​កំណត់ពេល​វេលា​ជាក់លាក់​សម្រាប់​ការធ្វើ​បដិដុល្លារូបនីយកម្ម។ ទោះយ៉ាងណា​ការកំណត់​ទិសដៅ​និង​ពេលវេលា​ជាក់លាក់​គឺមាន​សារៈសំខាន់​សម្រាប់​ទិសដៅ​រយៈពេល​វែង​និង​មធ្យម​ទៅលើ​វិធី​ដើម្បី​ឆ្ពោះទៅ​សម្រេច​ឱ្យបាន​នៅ​ការធ្វើ​បដិដុល្លារូបនីយកម្ម។

· ជាទី​បញ្ចប់ ដើម្បី​សម្រេច​គោលដៅ​នេះ​កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​លើ​សេដ្ឋកិច្ច​ក្នុងស្រុក វិស័យ​ហិរញ្ញវត្ថុ និង​ប្រាក់រៀល តាមរយៈ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ដ៏​រឹងមាំ។ ក្នុងពេល​ដំណាលគ្នា ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល តាមរយៈ​វិធានការ​រដ្ឋបាលផ្សេងៗដោយ​ផ្អែកលើ​គោលការណ៍​ទីផ្សារ​ដែល​ស្របតាម​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ដែលមាន​ស្ថិរភាព។

៤. តើ​លោក​មើលឃើញ​ប្រាក់រៀល​ដំណើរការ​ក្នុង​ភាពមិនប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​យ៉ាងដូចម្តេច? តើ​ឧត្តមនឹងធ្វើ​អន្តរាគមន៍​តាមរបៀប​ណាមួយ​ទាក់ទង​នឹង​ប្រាក់រៀល​និង​អត្រា​ប្តូរប្រាក់?

· ជារួម​អត្រា​ប្តូរប្រាក់​រៀល​មាន​ស្ថិរភាព​ក្នុង​អត្រា ៤.០៥០ រៀល ក្នុង១ដុល្លារ​អាមេរិក។ ឧទាហរណ៍ អត្រា​ប្តូរប្រាក់​ជា​មធ្យម​ប្រចាំឆ្នាំ​មានតម្លៃ​ស្មើ ៤.០៥២ រៀល ក្នុង១ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩។ ទោះជា​យ៉ាងណាក៏ដោយ​ក្នុង​រយៈពេល ២ ខែ​ចុងក្រោយ​អត្រា​ប្តូរ​ប្រាក់រៀល​បាន​ផ្លាស់ប្តូរ​ស្មើ​ប្រមាណ ៤.០៦៥ រៀល​ក្នុង១ដុល្លារ​អាមេរិក​ដែល​ខ្ពស់ជាង​អត្រា​ផ្លូវការ (NBC) ឆ្នាំមុន ហើយ​ខ្ពស់​គួរឱ្យកត់សម្គាល់​ក្នុងឆ្នាំនេះ (ទាប​តាម​រដូវ​កាល)។ ដូច្នេះ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នាពេលថ្មីៗនេះ តម្លៃ​ប្រាក់រៀល​ត្រូវបាន​ធ្លាក់ចុះ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ប៉ុន្តែ​ស្ថិតក្នុង​លំដាប់​ស្ថិរភាព​ដដែល។ ទោះជា​យ៉ាងណាក៏ដោយ​ជំងឺ​កូ​វីដ ១៩ ថ្មីៗនេះ​បាន​បង្កើតឱ្យមាន​ភាពមិន​ច្បាស់លាស់​បន្ថែមទៀត​ដែល​ផលប៉ះពាល់​ពិបាក​ក្នុងការ​កំណត់​បរិមាណ។

· ទុនបម្រុង​ប្តូរ​អន្តរជាតិ​សរុប​ប្រមាណ ១៥ ប៊ី​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ខែធ្នូ​ឆ្នាំ ២០១៩ ធនាគារជាតិ​នៃ​កម្ពុជា ត្រៀម​ធ្វើ​អន្តរាគមន៍ និង​ធ្វើឱ្យ​រូបិយវត្ថុ​មាន​ស្ថិរភាព​ក្នុងពេល​ចាំបាច់។ (គោលបំណង​សំខាន់​មួយ​របស់ NBC គឺ​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ តាមរយៈ​ការអនុវត្តរបបអត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រង)

៥. តើ​មានច្បាប់​ណាមួយ​ត្រូវបាន​ស្នើឡើង ដើម្បី​ការពារ​តម្លៃ និង​ភាព​បរិសុទ្ធ​នៃ​ប្រាក់រៀល​តាមរយៈ​ការគ្រប់គ្រង​ការប្តូរ​ប្រាក់​បរទេស​ដែរឬទេ?

· ប្រទេស​កម្ពុជា​ក្នុងនាម​ជា​សេដ្ឋកិច្ច​បើកចំហ​និង​តូច​មួយ ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) តាមរយៈ​គោលនយោបាយ​បើកចំហ ក្នុង​គោលបំណង​លើកកម្ពស់​ការបង្កើត​ការងារ លើកកម្ពស់​កំណើនសេដ្ឋកិច្ច និង​សម្រួល​ដល់​ការនាំចេញ។ តាមពិត​កម្ពុជា​ឆ្នាំ ១៩៩៧ ច្បាប់​ស្តីពី​ការប្តូរ​រូបិយប័ណ្ណ​បរទេស​បាន​ចែងថា មិន​មានការ​រឹតត្បិត​លើ​ប្រតិបត្តិការ​ប្តូរប្រាក់​បរ​ទេស តាមរយៈ​ធនាគារ​ដែល​បានអនុញ្ញាត​ឡើយ។

· ម្យ៉ាងវិញទៀត​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនមាន​សិទ្ធិអំណាច​ផ្តាច់មុខ​ក្នុងការ​គ្រប់គ្រង​ការប្តូរ​ប្រាក់​បរទេស​ឡើយ។ ទោះយ៉ាងណា​ក៏ដោយ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​ការពារ​តម្លៃ​ប្រាក់រៀល​និង​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ជាមួយ NBC ។ ឧទាហរណ៍ យើង​កំពុង​អនុវត្ត​វិធានការ​រដ្ឋបាលផ្សេងៗ (ដូចដែល​បាន​រៀបរាប់​ខាងលើ) លើកកម្ពស់​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជា​ការគ្រប់គ្រង​បំណុល​ប្រកបដោយ​និរន្តរភាព។ លើសពីនេះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​លើ​ការធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការធានារ៉ាប់រង​លើ​ប្រាក់​បញ្ញើ។​

Related Posts

Previous Article

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍អំពីប្រាក់រៀល ក្នុងខួបលើកទី៤០នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០

Next Article

ប្រាក់ឈ្នួលនិងការទូទាត់បន្ថែមទៀតត្រូវធ្វើឡើងជាប្រាក់រៀល