ana-air canadia-bank Silk-air nissan acleda cab-bank

ប្រាក់ឈ្នួលនិងការទូទាត់បន្ថែមទៀតត្រូវធ្វើឡើងជាប្រាក់រៀល

Khmer Times No Comments Share:
riel

ការបន្ត​លើកទឹកចិត្ត​ការប្រើប្រាស់​ប្រាក់រៀល​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​កាលពី​ឆ្នាំមុន តាមរយៈ​ការអនុវត្ត​តាម​សេចក្តីប្រកាស​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ដែល​តម្រូវឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ផ្តល់​ឥណទាន​ជា​ប្រាក់រៀល​យ៉ាងតិច ១០% នៃ​សំពៀត​ឥណទាន​សរុប។ ខណៈ​សេដ្ឋកិច្ច​នៅតែ​ត្រូវបាន​ចាត់ទុកថា​ជា​សេដ្ឋកិច្ច​ដុល្លា​រូបនីយកម្ម ទីផ្សារ​មានការ​ផ្លាស់ប្តូរ​ឆ្ពោះទៅរក​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ក្នុង​រយៈពេល​បី​ទៅ​ប្រាំ​ឆ្នាំកន្លងមក។

របាយការណ៍​ប្រចាំឆ្នាំ២០១៩និង​ទិសដៅ​ការងារ​ឆ្នាំ២០២០ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ថា​ប្រាក់រៀល​កំពុង​ចរាចរ​កើន ៣៣% ឆ្នាំ​លើ​ឆ្នាំ។

បើ​យោងតាម លោក លឹម ហេង ប្រធាន​ក្រុមហ៊ុន Heng Mean Investment Group និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​បន្ត​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល រដ្ឋាភិបាល​គួរតែ​អនុវត្ត​វិធានការ​និង​បទ​ប្បញ្ញត្តិ​បន្ថែមទៀត ដើម្បី​ជំរុញ​សហគ្រាស​និង​ក្រុមហ៊ុន​ឯកជន​ឱ្យ​បើកប្រាក់​ឈ្នួល​ជូន​និ​យោ​ជិ​ក​ជា​ប្រាក់រៀល។

លោក លឹម ហេង បាន​មានប្រសាសន៍ថា “ក្រុមហ៊ុន​របស់ខ្ញុំ​មានកម្ម​ករ​ជាង ៥.០០០ នាក់ ហើយ​យើង​បាន​បើក​ប្រាក់ខែ​ជា​ប្រាក់រៀល​ចាប់តាំងពី​ដើម​មក។ ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​នៅលើ​ទីផ្សារ រដ្ឋាភិបាល​គួរតែ​ចេញ​សេចក្តីណែនាំ​សម្រាប់​ពាណិជ្ជករ​និង​ក្រុមហ៊ុន​ទាំងអស់​ឱ្យប្រើ​ប្រាស់​ប្រាក់រៀល ឬ​រឹតត្បិត​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​សម្រាប់​ប្រតិបត្តិការ​លក់រាយ​ក្រោម ១០០ ដុល្លារ​អាមេរិក ឬ ៤០ ម៉ឺន​រៀល” ។

ឧទាហរណ៍ ប្រសិនបើ​ប្រជាជន​ប្រមាណ ១០លាន​នាក់ នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​ប្រមាណ ១៦លាន​នាក់ បាន​ចំណាយ​ប្រាក់​យ៉ាងហោចណាស់ ១០០ ដុល្លារ​អាមេរិក ឬ ៤០ ម៉ឺន​រៀល​ក្នុង​មួយខែ នោះ​នឹងមាន​ទឹកប្រាក់ ១ប៊ី​លាន​ដុល្លារ​អាមេរិក ឬ ៤ទ្រី​លាន​រៀល ចរាចរ​ក្នុង​ទីផ្សារ​ជា​រៀងរាល់ខែ។

សម្រាប់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​ដូចជា​ប្រទេស​កម្ពុជា ការសម្រេចបាន​នូវ​កំណើន​ប្រកបដោយ​ចីរភាព​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ទទួលបាន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន។

សេដ្ឋកិច្ច​ដុល្លា​រូបនីយកម្ម​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ និង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។ ទោះយ៉ាងណា ដុល្លា​រូបនីយកម្ម​ក៏បាន​បណ្តាលឱ្យ​បាត់បង់​មោទនភាព​និង​អធិបតេយ្យភាព​ជាតិ​ផងដែរ ព្រោះថា​ប្រាក់រៀល​បាន​ក្លាយជា​រូបិយវត្ថុ​ទី២របស់​ប្រទេស។

ប៉ុន្តែ​មាន​សញ្ញា​វិជ្ជមាន​ដែល​អាជីវកម្មធំៗកំពុង​ងាក​ទៅរក​ការប្រើប្រាស់​ប្រាក់រៀល​ផងដែរ។លោក សុង សារ៉ន ប្រធាន​ក្រុមហ៊ុននាំចេញ​អង្ករ Amru Rice Cambodia បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ទូទាត់​ប្រាក់​ជូន​កសិករ​ជា​ប្រាក់រៀល។ នេះ​បានបង្ហាញ​ពី​ការកែទម្រង់​ដ៏​សំខាន់​សម្រាប់​អាជីវកម្ម កាលពីមុន កសិករ​ទទួលបាន​ប្រាក់​ឈ្នួល​ជា​ប្រាក់​បាត ដែល​ភាគច្រើន​គឺ​នៅ​ខេត្តបាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៃ​ការផ្លាស់ប្តូរ​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងការ​ទូទាត់ លោក សុង សារ៉ន បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ព្យាយាម​ធ្វើ​ដូចគ្នា​ជាមួយនឹង​ការបើកប្រាក់​បៀវត្សរ៍​ឱ្យ​បុគ្គលិក​និង​និ​យោ​ជិ​ក​ផ្សេងទៀត​នៅ​ទូទាំង​ក្រុមហ៊ុន​ជា​ប្រាក់រៀល​ផងដែរ។

នៅ​កន្លែង​ផ្សេងទៀត លោក កាំ​ង ម៉ូ​នី​កា អនុប្រធាន​លេខា​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) មានប្រសាសន៍ថា មាន​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​បានមក​រក​គាត់​ដើម្បី​ស្នើសុំ​ប្រាក់​ឈ្នួល​ជា​ប្រាក់រៀល។

លោក​មានប្រសាសន៍ថា “យើង​មិនទាន់បាន​ស្នើសុំ​គោលនយោបាយ​បែបនេះ​នៅឡើយ​ទេ ព្រោះ​ប្រព័ន្ធ​បច្ចុប្បន្ន​មិន​បង្ក​ការលំបាក​ដល់ក​ម្មករ​នៅឡើយ ដោយសារ​រូបិយប័ណ្ណ​ទាំងពីរ​ប្រភេទ​ត្រូវបាន​ទទួលយក​យ៉ាង​ទូលំទូលាយ​និង​ដោយ​សេរី​នៅក្នុង​ទីផ្សារ​កម្ពុជា។

វា​ពិតជា​ពិបាក​ក្នុងការ​ធ្វើឱ្យ​អត្រា​ប្តូរប្រាក់​មាន​ផលចំណេញ​សម្រាប់​រូបិយប័ណ្ណ​មួយ ឬ​និយាយ​ម្យ៉ាងទៀត​ធ្វើឱ្យ​រូបិយប័ណ្ណ​មួយ​មាន​ភាព​ទាក់ទាញ​ជាង​មុន។ ម្យ៉ាងវិញទៀត ធនាគារជាតិ​នៃ​កម្ពុជា​អាច​ព្យាយាម​កំណត់​ការខាតបង់ ឬ​កាត់បន្ថយ​ហានិភ័យ​ទាក់ទង​នឹង​អត្រា​ប្តូរប្រាក់​នៅពេល​ទូទាត់ ឬ​ប្តូរ​ជា​ប្រាក់រៀល។ ឧទាហរណ៍ យ៉ាងហោចណាស់​ក្នុង​រយៈពេល​មធ្យម ធនាគារជាតិ​នៃ​កម្ពុជា​គួរតែ​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់​បន្ថែមទៀត ដើម្បី​កំណត់​ការឡើង​ចុះ​នៃ​អត្រា​ប្តូរប្រាក់ ឬ​ធ្វើឱ្យមាន​គម្លាត​ប្រែប្រួល​តិចជាង​មុន។ ក្នុងពេល​ជាមួយគ្នានេះដែរ ធនាគារជាតិ​នៃ​កម្ពុជា​អាច​ចាត់វិធានការ​មួយចំនួន ដើម្បីឱ្យ​អាជីវករ​ប្តូរប្រាក់​មិន​កំណត់​អត្រា​ខុសគ្នា​ឆ្ងាយ​ពី​អត្រា​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា។ គួរឱ្យកត់សម្គាល់​ផងដែរ​ថា អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​មាន​ស្ថិរភាព​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ប្រែប្រួល​ក្នុង​រង្វង់ ១%។ សំណើ​នេះ​ត្រូវបាន​ស្វាគមន៍​ដោយ លោក សុង សារ៉ន ដោយ​លោក​បាន​មានប្រសាសន៍ថា “បច្ចុប្បន្ន​យើង​កំពុង​ពិភាក្សា​ជាមួយ​និ​យោ​ជិ​ក​របស់​យើង​ដើម្បី​ទទួលបាន​ប្រាក់ខែ​ជា​ប្រាក់រៀល យើង​ចង់ឱ្យ​ពួកគេ​ទទួលបាន​អត្ថប្រយោជន៍​ពី​អត្រា​ប្តូរប្រាក់​ល្អ​ប្រសិនបើ​ពួកគេ​ជ្រើសរើស​ធ្វើ​ដូច្នេះ។

លោកស្រី សូ ផន​ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​ប្រាក់ខែ​បុគ្គលិក​សរុប​ជាង១ម៉ឺន​នាក់​ត្រូវបាន​បើក​ជូន​ជា​ប្រាក់​ដុល្លារ​អាមេរិក។ រឿងនេះ​មួយផ្នែក​ដោយសារតែ​ធនាគារ​ផ្តល់ប្រាក់​កម្ចី​ជា​ដុល្លារ​អាមេរិក។ លោកស្រី​បាន​មានប្រសាសន៍ថា “យើង​ក៏​ផ្តល់ប្រាក់​កម្ចី​ដល់​បុគ្គលិក​របស់​យើង​ជា​ប្រាក់​ដុល្លារ​អាមេរិក ដូច្នេះ​ពួកគេ​អាច​ទិញ​របស់​មានតម្លៃ​ខ្ពស់​ដូចជា​អចលនទ្រព្យ ជាដើម។ ធនាគារ​អេស៊ីលីដា បានផ្តល់​ឥណទាន​ប្រមាណ ១៣,២៥% នៃ​សំពៀត​ឥណទាន​សរុប ដែលមាន​កម្រិត​លើសពី​ការកំណត់​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ទៅទៀត ប៉ុន្តែ​លោកស្រី សូ ផន​ណា​រី បានឱ្យដឹងថា​ពួកគាត់​នៅតែមាន​ឆន្ទៈ​ក្នុង​ការបន្ត​ផ្តល់​ឥណទាន​ជា​រៀល​ឱ្យបាន​ច្រើន​បន្ថែមទៀត។

“ប្រសិនបើ​រាជរដ្ឋាភិបាល​កំណ​ត់ប​ទ​ប្បញ្ញត្តិ ដែល​ប្រាក់​ឈ្នួល​ត្រូវ​បើក​ជា​ប្រាក់រៀល យើង​នឹង​អនុវត្តតាម។

Related Posts

Previous Article

បដិដុល្លារូបនីយកម្មជាទិសដៅចម្បងរបស់រាជរដ្ឋាភិបាល

Next Article

វិស័យធានារ៉ាប់រងរបស់កម្ពុជាបានរួមបញ្ចូលនូវការប្រើប្រាស់រូបិយប័ណ្ណពីរ