ana-air canadia-bank Silk-air nissan acleda cab-bank

វិស័យធានារ៉ាប់រងរបស់កម្ពុជាបានរួមបញ្ចូលនូវការប្រើប្រាស់រូបិយប័ណ្ណពីរ

Khmer Times No Comments Share:

ជាង​មួយ​ទសវត្សរ៍​កន្លងមកនេះ ឧស្សាហកម្ម​ធានារ៉ាប់រង​ជា​សកល​បាន​រីកចម្រើន​យ៉ាងខ្លាំង។ ការរីកចម្រើន​នេះ​គឺ​គាំទ្រ​ដោយ​ការកើនឡើង​នៃ​ចំណូល​ពី​ការវិនិយោគ អត្រា​ការប្រាក់​មាន​ភាពប្រសើរ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

ដូចគ្នានេះដែរ សម្រាប់​ឧស្សាហកម្ម​ធានារ៉ាប់រង​នៅ​កម្ពុជា គឺជា​វិស័យ​មួយ​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

បើ​យោងទៅតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​បាន​ចូលរួមចំណែក​ប្រមាណ​ជាង ២៤,៥ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប ក្នុងអំឡុង​ទសវត្សរ៍​ចុងក្រោយ​នេះ។

នៅ​ឆ្នាំ២០១៩ បុព្វលាភ​សរុប​នៃ​ធានារ៉ាប់រង បាន​កើន​ឡើងដល់២៦០លាន​ដុល្លារ​អាមេរិក ដែល​កាលពីមុន​និន្នាការ​នៃ​បុព្វលាភ​គិត​ជា​ដុល្លារ​អាមេរិក បានធ្វើឱ្យ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​មាន​លើសលុប​នៅក្នុង​ទីផ្សារ​ធានារ៉ាប់រង​របស់​កម្ពុ​ជា។

បច្ចុប្បន្ន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ដែលជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ បានគិត​តម្លៃ​បុព្វ​លាព​ជា​ប្រាក់​ដុល្លារ​អាមេរិក​ពី​អតិថិជន។ បញ្ហា​នេះ​គឺ​ដោយសារតែ​ប្រព័ន្ធ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង អេ អាយ អេ ត្រូវបាន​បង្កើតឡើង​ដោយ​គិត​ជា​រូបិយប័ណ្ណ​បរទេស។

ទោះយ៉ាងណា លោក ហ៊ឺ វិចិត្រ ប្រធាន​ភាពជា​ដៃគូ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ បាន​មានប្រសាសន៍ថា ការផ្លាស់ប្តូរ​ប្រព័ន្ធ​កំពុងដំណើរការ​ហើយ។

លោក​បាន​បញ្ជាក់ទៀតថា “ខ្ញុំ​បាន​ពិភាក្សា​រឿងនេះ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង អេ អាយ អេ ហើយ​ពួកគេ​កំពុង​ពិចារណា​លើ​ដំណើរការ​នៃ​ប្រព័ន្ធ​នេះ​ផងដែរ ដូច្នេះ​អតិថិជន​អាច​ទិញ​ធានារ៉ាប់រង​ជា​ប្រាក់រៀល​បាន។

លោក វិចិត្រ បាន​បន្ថែមទៀតថា “អតិថិជន​ភាគច្រើន​ចង់​ទិញ​ធានារ៉ាប់រង​របស់​ពួកគេ​ជា​ប្រាក់រៀល ពីព្រោះ​ប្រាក់​បញ្ញើ​ដែល​ពួកគេ​ដាក់​ជាមួយ​យើង គឺជា​ប្រាក់រៀល។ ពួកគេ​មិន​ចង់​ប្តូរប្រាក់​របស់​ពួកគេ​ទៅជា​ដុល្លារ​អាមេរិក​នោះទេ។

ចាប់តាំងពី​ឆ្នាំ២០១២មក ឧស្សាហកម្ម​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុ​ជាមាន​កំណើន​គួរឱ្យកត់សម្គាល់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ការកើនឡើង​នេះ គឺ​បានរួម​ចំណែក​ដោយ​កំណើន​រឹងមាំ​នៃ​សេដ្ឋកិច្ច គួបផ្សំ​នឹង​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុង​វិស័យនេះ។

ការទិញ​ធានារ៉ាប់រង​អាយុជីវិត​មាន​ប្រមាណ​ជាង ៤០០.០០០ នៅក្នុង​របាយការណ៍​ឆ្នាំ២០១៩។ អនុ​បាត​បុព្វលាភ​សរុប​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប ក្នុងប្រទេស​កម្ពុជា​គឺមាន​ប្រហែល ១ ភាគរយ ខណៈដែល​អត្រា​នេះ​មាន​ចន្លោះ​ពី ៣ ទៅ ៤ ភាគរយ​នៅក្នុង​ប្រទេស​អាស៊ាន​ដទៃទៀត។

លោក Robert Elliott ជា​នាយក​ប្រតិបត្តិ​និង​ជា​ប្រធាន​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន Manulife មានប្រសាសន៍ថា “តួលេខ​ទាំងនេះ​បង្ហាញថា ឧស្សាហកម្ម​ធានារ៉ាប់រង​អាយុជីវិត​នឹង​បន្ត​មាន​កំណើន​និង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​ដល់​គ្រួសារ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា។

“ចាប់តាំងពី​ការចាប់ផ្ដើម​ដំបូង​នៅ​ឆ្នាំ២០១២ ដោយមាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ យើង​បាន​ផ្ដល់ជូន​នូវ​ការទិញ​ធានារ៉ាប់រង​អាយុជីវិត ដោយ​គិត​ជា​ប្រាក់រៀល​និង​ប្រាក់​ដុល្លារ​អាមេរិក។ ទោះយ៉ាងណា អតិថិជន​របស់​យើង​ភាគច្រើន​បានជ្រើសរើស​ការទិញ​ធានារ៉ាប់រង​ជា​ប្រាក់​ដុល្លារ​អាមេរិក” នេះ​បើតាម​ប្រសាសន៍​របស់លោក Elliott។

“យើង​បន្ត​ស្ដាប់​អតិថិជន​របស់​យើង និង​ព្យាយាម​បំពេញតម្រូវការ​របស់​ពួកគាត់ ដែល​រួមបញ្ចូល​នូវ​ជម្រើស​នៃ​ការបង់ថ្លៃ​ធានារ៉ាប់រង។ លោក​បាន​បន្ថែមថា ក្រុមហ៊ុន​ធានារ៉ាប់រង​ក៏​អាចធ្វើ​ការទូទាត់​ជា​រូបិយប័ណ្ណ​ណាមួយ​ក៏បាន។

លោក យុគ ចំរើន​រិ​ទ្ធ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ មានប្រសាសន៍ថា សម្រាប់​ក្រុមហ៊ុន​របស់លោក គ្រប់​ប្រតិបត្តិការ​គឺ​ប្រើប្រាស់​ប្រាក់រៀល​ទាំងអស់។ នោះ​គឺ​ដោយសារតែ “ការប្រើប្រាស់​រូបិយវត្ថុ​ជាតិក្នុងស្រុក​គឺមាន​គុណសម្បត្តិ​និង​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ។ នៅពេល​យើង​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក យើង​នឹង​ប្រឈម​នឹង​ហានិភ័យ​នៃ​អត្រា​ប្តូរប្រាក់។ ទោះយ៉ាងណា​ក៏ដោយ ប្រសិនបើ​យើង​គ្រប់គ្រង​ប្រាក់រៀល​បានល្អ​ប្រសើរ​នោះ សេដ្ឋកិច្ច​របស់​យើង​អាច​ដំណើរ​ការល្អ និង​កាន់​តែមាន​ភាព​ប្រកួតប្រជែង។

បច្ចុប្បន្ននេះ ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ ចាប់ផ្តើម​គិតថ្លៃ​ធានារ៉ាប់រង​ជា​ប្រាក់រៀល (សម្រាប់​ការធានារ៉ាប់រង​គ្រប់​ប្រភេទ រួមទាំង​ការធានារ៉ាប់រង​យានយន្ត) និង​ទូទាត់​សង​ជា​រូបិយវត្ថុ​ដូចគ្នា​ផងដែរ។ ការធានារ៉ាប់រង​គិត​ជា​រៀល​ទទួលបាន​ការពេញនិយម​បំផុត ពីព្រោះ​អតិថិជន​របស់​យើង​ភាគច្រើន​រស់នៅ​តាម​ជនបទ​នៃ​ប្រទេស​កម្ពុជា ដែល​ការប្រើប្រាស់​រូបិយវត្ថុ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង។

លោក​បាន​ព្រមាន​ទាក់ទង​នឹង​ការជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​លឿន​ពេក ដោយ​លោក​បាន​ណែនាំ​ថា ការប្រើប្រាស់​ប្រាក់រៀល​គួរតែ​ធ្វើ​ឡើងជាជំហានៗ ដើម្បី​សា្តរ​នូវ​ទំនុកចិត្ត​របស់​ប្រជាជន​ក្នុងស្រុក​ទៅលើ​រូបិយវត្ថុ​ជាតិ។

គាត់​បាន​បន្ថែមទៀតថា ធនាគារកណ្តាល​ចាំបាច់​ត្រូវ​ប្រាកដថា​ក្រដាស​ប្រាក់រៀល​ត្រូវបាន​រចនា​យ៉ាង​ល្អ​និង​មាន​គុណភាព​ខ្ពស់ ដោយ​ធៀប​ជាមួយ​សម​ភាគី​ក្នុង​តំបន់​ដូចជា​ប្រាក់​បាត​ថៃ​និង​ដុង​វៀតណាម​ជាដើម។

ប្រសិនបើ​យើង​មាន​ក្រដាសប្រាក់​ដែលមាន​គុណភាព​ល្អ​នោះ ប្រជាជន​នឹង​ចង់​ប្រើ​វា​កាន់តែ​ញឹកញាប់។ យើង​អាច​កសាង​ទំនុកចិត្ត​លើ​ប្រាក់រៀល ដោយ​ប្រើប្រាស់​ប្រាក់រៀល​សម្រាប់​គម្រោង​សាងសង់​ផ្លូវការផ្សេង។ សេដ្ឋកិច្ច​របស់​យើង​គឺមាន​ស្ថិរភាព ហើយ​យើង​នឹង​បន្ត​ជំរុញ​កំណើន​នេះ​បន្តទៀត។ នៅពេល​យើង​ចាប់ផ្តើម​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​យើង​ទៅជា​សេដ្ឋកិច្ច​ដែល​ប្រើប្រាស់​ប្រាក់រៀល វា​នឹង​អាច​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​កំណើន​ខ្លាំង។ យើង​គួរតែ​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ចំណាយ​ប្រាក់​ជា​រៀល​និង​ទទួលបាន​ប្រាក់ខែ​ជា​រៀល​ផងដែរ។

ប្រសិនបើ​ពួកគេ​ទទួលបាន​ប្រាក់​មួយ​លាន​រៀល នោះ​ពួកគេ​នឹង​ចំណាយ​ប្រាក់​មួយ​លាន​រៀល​នោះ​មកវិញ។

បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន ១៣ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ១១ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន ៧ កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួង៕

Related Posts

Previous Article

ប្រាក់ឈ្នួលនិងការទូទាត់បន្ថែមទៀតត្រូវធ្វើឡើងជាប្រាក់រៀល

Next Article

ហេតុអ្វី បានជា ៤.០០០ រៀល មិន​តែងតែ​ស្មើនឹង ១ ដុល្លារ​អាមេរិក?