ana-air canadia-bank Silk-air nissan acleda cab-bank

ស្ថិរភាព​ប្រាក់រៀល​ជា​កត្តា​សំខាន់​ក្នុងការ​រក្សាបាន​ជំនឿ​ទុកចិត្ត

Khmer Times No Comments Share:
គំនរប្រាក់រៀលដែលកំពុងតែត្រូវបានគេរាប់នៅធនាគារមួយនៅកណ្តាលរាជធានីភ្នំពេញ។ ខ្មែរថាមស៍/ ស៊ីវ ចាន់ណា

ប្រទេស​កម្ពុជា​បានក្លាយ​ទៅជា​ប្រទេស​ដុល្លា​រូបនីយកម្ម​ចាប់​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ៩០ ដោយ​ការចាក់​បញ្ចូល​រូបិយប័ណ្ណ​បរទេស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅក្នុង​សេដ្ឋកិច្ច បន្ទាប់ពី​ការ​ចូលមក​របស់​អាជ្ញា​ធរ​បណ្តោះអាសន្ន​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) ខណៈដែល​ប្រជាជន​បាន​បាត់បង់​ជំនឿ​ទុកចិត្ត​មកលើ​ការប្រើប្រាស់​ប្រាក់រៀល​ដោយសារ​សង្គ្រាមស៊ីវិល​និង​អស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដែល​ធ្វើឱ្យ​តម្លៃ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​ធ្លាក់ចុះ​យ៉ាងគំហុក។ បន្ទាប់ពី​កម្ពុជា​ទទួលបាន​សន្តិភាព​ទាំងស្រុង​ក្នុង​ឆ្នាំ១៩៩៨ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោតទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ស្រប​ពេលដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក៏បាន​ចាប់ផ្តើម​បំពេញបេសកកម្ម​ជា​អាជ្ញាធរ​គោលនយោបាយ​រូបិយវត្ថុ​បាន​ប្រសិទ្ធភាព​ជាង​មុន។

ស្ថិរភាព​ប្រាក់រៀល​ត្រូវបាន​ចាត់ទុកជា​គោល នយោបាយ​សំខាន់​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​គោលបំណង​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​ក្នុងការ​ប្រើប្រាស់​ប្រាក់រៀល​ឡើងវិញ។ ធនាគារជាតិ​នៃ​កម្ពុជា បានសម្រេច​អនុវត្ត​របប​អត្រា​ប្តូរប្រាក់​អណ្តែត​មានការ​គ្រប់គ្រង​តាមរយៈ​ការធ្វើអន្តរាគមន៍​នៅក្នុង​ទីផ្សារ​ប្តូរប្រាក់​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់។ គួរ​កត់សម្គាល់ថា​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចូលរួមចំណែក​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​ក្នុង​រង្វង់ ៤.០៥០រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក ខណៈដែល​អតិផរណា​ក៏ត្រូវ​បាន​រក្សា​ឱ្យមាន​ស្ថិរភាព​ក្នុង​អត្រា​ទាប​ជាង៤ភាគរយ។ ស្ថិរភាព​ប្រាក់រៀល ក៏បាន​ចូលរួមចំណែក​រក្សា​អំណាច​ទិញ​របស់​សាធារណជន​ជាពិសេស​ប្រជាជន​នៅតាម​ទីជនបទ​ដែល​ភាគច្រើន​មាន​ចំណូល​ជា​ប្រាក់រៀល ហើយ​នេះ​ក៏​ជា​កត្តា​នាំឱ្យមាន​ការកើនឡើង​ទាំង​ចរាចរណ៍​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច​និង​ប្រាក់​បញ្ញើ​ជា​រៀល ដល់ ១៣ទ្រី​លាន​រៀល និង៩,៥ទ្រី​លាន​រៀល រៀង​គ្នា គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១៩។ ទន្ទឹមនេះ ស្ថិរភាព​ប្រាក់រៀល​ក៏បាន​ចូលរួមចំណែក​បង្កើន​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​មកលើ​កម្ពុជា ពីព្រោះ​ហានិភ័យ​អត្រា​ប្តូរប្រាក់​មាន​កម្រិត​ទាប និង​បាន​ចូលរួម​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផងដែរ ដោយ​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម៨ ភាគរយ​ក្នុងអំឡុង​ឆ្នាំ១៩៩៨ដល់២០១៩ ព្រមទាំង​បានទទួល​ស្គាល់​ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​ជាងគេ​ក្នុង​សកលលោក។ ដើម្បី​បន្ត​រក្សាបាន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​ក្នុងការ​ប្រើប្រាស់​ប្រាក់រៀល ស្ថិរភាព​ប្រាក់រៀល​នៅតែ​ជា​គោលនយោបាយ​អាទិភាព​សម្រាប់​រយៈពេល​ខ្លី​និង​មធ្យម​ខាងមុខ៕

Related Posts

Previous Article

ហេតុអ្វី បានជា ៤.០០០ រៀល មិន​តែងតែ​ស្មើនឹង ១ ដុល្លារ​អាមេរិក?

Next Article

ជំរុញ​ការប្រើប្រាស់​ម៉ាស៊ីន ATM ដើម្បី​កាត់បន្ថយ​ដុល្លា​រូបនីយកម្ម