ana-air canadia-bank Silk-air nissan acleda cab-bank

ជំរុញ​ការប្រើប្រាស់​ម៉ាស៊ីន ATM ដើម្បី​កាត់បន្ថយ​ដុល្លា​រូបនីយកម្ម

Khmer Times No Comments Share:

ក្នុង​បរិបទ​ប្រទេស​ដុល្លា​រូបនីយកម្ម គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​បង្កើន​ចរាចរណ៍​សាច់ប្រាក់ តាមរយៈ​ការបញ្ចូល​ទាំង​ប្រាក់​ដុល្លារ​អាមេរិក​និង​រៀល ទៅក្នុង​ម៉ាស៊ីន ATM។ ការដាក់ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន ATM បានផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​ក្នុង​ការដាក់​និង​ដក​សាច់ប្រាក់​ទាំង​ដុល្លារ​អាមេរិក​និង​រៀល​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង។ ទន្ទឹមនេះ​សេវា​ធនាគារ​មួយចំនួន ត្រូវបាន​បន្ថែម​ទៅក្នុង​ម៉ាស៊ីន ATM រួមមាន​សេវា​ផ្ទេរប្រាក់​និង​ទូទាត់។ បច្ចុប្បន្ន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​បានដាក់​ឱ្យប្រើ​ប្រាស់​ម៉ាស៊ីន ATM ដែល​បានផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​នៅតាម​ជនបទ​ក្នុងការ​ប្រើប្រាស់​សេវា​ធនាគារ។

ប្រតិបត្តិការ​នៅតាម​បញ្ជរ​ត្រូវបាន​កាត់បន្ថយ ស្របពេល​ជាមួយគ្នានេះ​ចំនួន​គណនី​ធនាគារ​បាន​កើនឡើង​ផងដែរ ដោយសារ​ប្រជាជន​អាចមាន​ជម្រើស​ប្រសើរ​ជាង​មុន​រួមមាន​ការធ្វើ​ប្រតិបត្តិការ​តាមរយៈ​ម៉ាស៊ីន ATM ឬ​តាមរយៈ​កម្មវិធី​តាម​ទូរស័ព្ទដៃ។ យ៉ាងណាមិញ ប្រាក់រៀល​នៅតែ​ជា​រូបិយវត្ថុ​ដែល​ប្រើប្រាស់​ជាទូទៅ ក្នុងចំណោម​រូបិយប័ណ្ណ​ដទៃទៀត។

ខុសពី​ប្រទេស​លោកខាងលិច​និង​ប្រទេស​ជឿនលឿន​ដែល​នៅតែ​ប្រើប្រាស់​សាច់ប្រាក់ ការប្រើប្រាស់​ម៉ាស៊ីន ATM ២៤/៧ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស។ គ្រឹះស្ថាន​ធនាគារ​ជាច្រើន​បានចាប់ផ្តើម​បំពាក់​ម៉ាស៊ីន ATM ដែលមាន​ទាំង​រូបិយវត្ថុ​និង​រូបិយប័ណ្ណ​ដោយសារ​ការកើនឡើង​នៃ​តម្រូវការ​ប្រាក់រៀល​តាម​រយៈ​ការប្រើប្រាស់​ម៉ាស៊ីន ATM។

នៅ​ប្រទេស​កម្ពុជា សាច់ប្រាក់​ត្រូវបាន​ចរាចរ​កាន់តែច្រើន និង​ពង្រីក​ការប្រើប្រាស់​កាន់តែ​រឹងមាំ​តាមរយៈ​ការកើនឡើង​នៃ​ម៉ាស៊ីន ATM ស្ទើរ​គ្រប់​ទីកន្លែង។ តម្រូវការ​សាច់ប្រាក់​មាន​ការកើនឡើង​ខុសពី​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ដែល​ចំនួន​ម៉ាស៊ីន ATM បាន​ថយចុះ​ជា​លំដាប់​ក្នុង​អត្រា ៦ភាគរយ​ក្នុង១ឆ្នាំ ចាប់តាំងពី​ឆ្នាំ២០១០មក។

ជាមួយនឹង​ការមកដល់​របស់​ម៉ាស៊ីន ATM ការដឹកជញ្ជូន​សាច់ប្រាក់​តាមរយៈ​រថយន្ត​ត្រូវបាន​កាត់បន្ថយ ដោយ​បច្ចុប្បន្ន​ការដឹកជញ្ជូន​ភាគច្រើន​ធ្វើឡើង​ដើម្បី​តែ​ដាក់បញ្ចូល​សាច់ប្រាក់​ទៅក្នុង​ម៉ាស៊ីន ATM ប៉ុណ្ណោះ ជាជាង​ការដឹកជញ្ជូន​សាច់ប្រាក់​ផ្ទាល់​ដើម្បី​បើកប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក ជាពិសេស​គ្រឹះស្ថាន​ដែល​នៅក្រៅ​ទីក្រុង​និង​តាម​ទីជនបទ​នានា។

ទោះបីជា​យើង​សង្កេតឃើញថា​ប្រាក់បៀវត្សរ៍​ភាគច្រើន​ត្រូវបាន​បើក​តាមរយៈ​គណនី​ធនាគារ​ដែល​ជំនួស​ដោយ​ការបើក​បៀវត្សរ៍​ជា​សាច់​ប្រាក់សុទ្ធ ប្រតិបត្តិការ​ប្រចាំថ្ងៃ​ប្រមាណ៩០ភាគរយ​នៅតែ​ធ្វើជា​សាច់ប្រាក់។ តម្រូវ​ការដក​សាច់ប្រាក់​ជា​រូបិយវត្ថុ​មានការ​កើនឡើង​ជាមួយ​នឹង​ការកើនឡើង​នៃ​ចំនួន​ម៉ាស៊ីន ATM ដែលមាន​បណ្តាញ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស។

លោកស្រី សូ ផន​ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បានលើកឡើង​ថា បរិបទ​នៃ​ការកើនឡើង​តម្រូវ​ការដក​ប្រាក់​ជា​ប្រាក់រៀល​នេះ​ភាគច្រើន​គឺមាន​ទៅលើ​បុគ្គលិក​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​មន្ត្រីរាជការ។ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​បើក​គណនី​ប្រាក់បៀវត្សរ៍​ជាច្រើន​សម្រាប់​មន្ត្រីរាជកា​រ​ក្នុងប្រទេស​កម្ពុជា ដូច្នេះ​ធនាគារ​ត្រូវការ​ប្រាក់រៀល​ច្រើន​ដើម្បី​បញ្ចូល​ទៅក្នុង​ម៉ាស៊ីន ATM។ យើង​ក៏មាន​កម្មករ​រោងចក្រ​ជាច្រើន​ដែលមាន​គណនី​ជាមួយ​ធនាគារ​អេស៊ីលីដា​និង​ទទួល​ប្រាក់បៀវត្សរ៍​ជា​ដុល្លារ​អាមេរិក ប៉ុន្តែ​ចង់​ដក​ប្រាក់​ជា​រៀល។

លោកស្រី​បាន​បន្តថា​ចំនួន​ប្រាក់រៀល​ចរាចរ​នៅក្នុង​សេដ្ឋកិច្ច​មានការ​កើនឡើង​ដោយសារ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ខិតខំ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុផ្សេងៗរួមមាន​មូល​ប​ត្រ​អាច​ជួញដូរ​បាន (NCD) និង​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO)។ ដូច្នេះ វា​មាន​សារៈសំខាន់​ក្នុងការ​ធានាថា​មានការ​ផ្គត់ផ្គង់​សាច់ប្រាក់​ជា​រៀល​គ្រប់គ្រាន់​ដើម្បី​បញ្ចូល​ទៅក្នុង​ម៉ាស៊ីន ATM របស់​ធនាគារ។

លោកស្រី​ក៏បាន​បន្ថែមថា​ធនាគារ​មានការ​ផ្គត់ផ្គង់​ប្រាក់រៀល​ច្រើន​លើសលុប ដោយសារ​ធនាគារ​អេស៊ីលីដា​ផ្តល់​អត្រា​ការប្រាក់​ខ្ពស់​ចំពោះ​ប្រាក់​បញ្ញើ​ជា​រៀល។ គិត​ត្រឹម​ខែធ្នូ​ឆ្នាំ២០១៩ យើង​មាន​គណនី​ជា​រៀល​ចំនួន ៨៥០.០០០ គណនី ដែលមាន​សមតុល្យ​លើសពី ២,៥ទ្រី​លាន​រៀល ស្មើនឹង ៦១៥លាន​ដុល្លារ​អាមេរិក។ ចំណែកឯ​ចំនួន​សមតុល្យ​គណនី​សរុប​របស់​ធនាគារ​មាន​ប្រមាណ ៤,២ ប៊ី​លាន​ដុល្លារ​អាមេរិក។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​គឺជា​គ្រឹះស្ថាន​មួយទៀត​ដែលមាន​គោលនយោបាយ​ធានាថា​អតិថិជន​អាច​ប្រើប្រាស់​ហិរញ្ញវត្ថុ​របស់គាត់​ជា​លុយ​រៀល​បាន។ លោក សាយ សូ​នី នាយក​ប្រតិបត្តិ បាន​លើកឡើងថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​កំពុង​សហការ​ជាមួយ​ធនាគារ​ជា​ដៃគូ​ដទៃទៀត​ក្នុងការ​ជំរុញ​ការផ្ទេរ​ប្រាក់រៀល​ឆាប់រហ័ស​ទៅ​គណនី​ធនាគារ​ចល័ត​តាមរយៈ​ប្រព័ន្ធ FAST របស់​ធនាគារជាតិ​នៃ​កម្ពុជា។

លោក​ក៏បាន​បន្តថា​បណ្តាញ​ម៉ាស៊ីន ATM របស់​ប្រា​សាក់​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់រៀល​ដោយសារ ៥០ភាគរយ​នៃ​សាច់ប្រាក់​នៅក្នុង​ម៉ាស៊ីន ATM គឺជា​ប្រាក់រៀល។យើង​ក៏បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ទៅដល់​គ្រប់​បណ្តា​ខេត្ត​ក្រុង​និង​ធានាថា​អត្រា​ការប្រាក់​បញ្ញើ​របស់​យើង​អាច​ទាក់ទាញ​អតិថិជន។

យើង​ក៏​ជំរុញ​ការផ្តល់​ឥណទាន​ជា​ប្រាក់រៀល​ទៅដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែលមាន​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ជា​ប្រាក់រៀល​ដើម្បី​ធានាបាន​សង្គតិភាព។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​បាន​ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន ATM ចំនួន ១៣៥ និង បណ្តាញ​ប្រតិបត្តិការ​ចំនួន៥០។ ទន្ទឹមនេះ ចំនួន​អតិថិជន​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​មាន​ចំនួន​ប្រមាណ ១៦.០០០ នាក់​ផងដែរ។

យ៉ាងណាមិញ លោក Jang Yongjae ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ធនាគារ​គូក​មីន​កម្ពុជា បាន​លើកឡើងថា​បច្ចុប្បន្ន​ធនាគារ គូក​មីន មិនទាន់បាន​បញ្ចូល​ប្រាក់រៀល​ទៅក្នុង​ម៉ាស៊ីន ATM របស់ខ្លួន​ទេ ពីព្រោះ​អតិថិជន​របស់​ធនាគា​រ​មិនទាន់មាន​តម្រូវការ​នៅឡើយ។ ម៉ាស៊ីន ATM របស់​ធនាគារ​មានតែ​ក្រដាសប្រាក់១០០ដុល្លារ​អាមេរិក​និង​មាន​ការដក​ប្រាក់​ប្រមាណ ២៥០.០០០ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ។

Related Posts

Previous Article

ស្ថិរភាព​ប្រាក់រៀល​ជា​កត្តា​សំខាន់​ក្នុងការ​រក្សាបាន​ជំនឿ​ទុកចិត្ត

Next Article

តើ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នឹងត្រូវ​ប្រើប្រាស់​ច្រើន​បន្ទាប់ពី​វិបត្តិ​វីរុស​កូ​រ៉ូ​ណា?