ana-air canadia-bank Silk-air nissan acleda cab-bank

តើ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នឹងត្រូវ​ប្រើប្រាស់​ច្រើន​បន្ទាប់ពី​វិបត្តិ​វីរុស​កូ​រ៉ូ​ណា?

Khmer Times No Comments Share:

ខណៈពេលដែល​សាច់ប្រាក់​បានក្លាយ​ជាការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នឹង​ក្លាយជា​ជម្រើស​ដែលមាន​សុវត្ថិភាព​មួយ។ ទោះបីជា​មិនទាន់មាន​ភស្តុតាង​ផ្នែក​វិទ្យាសាស្ត្រ​ច្បាស់លាស់​ដែល​បញ្ជាក់ថា​មេរោគ​កូ​រ៉ូ​ណា​អាច​ឆ្លង​តាមរយៈ​ការប្រើប្រាស់​សាច់ប្រាក់​ក៏ដោយ ក៏​អង្គការ​សុខភាព​ពិភពលោក (WHO) បានធ្វើការ​ព្រមាន​ថា​មេរោគ​កូ​រ៉ូ​ណា​នេះ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាមរយៈ​ក្រដាសប្រាក់ ឬ​កាស។

អាជ្ញាធរ​រូបិយវត្ថុ​មួយចំនួន​បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​ចំពោះ​ក្រដាសប្រាក់​កខ្វក់។ តួយ៉ាង ប្រទេស​កូរ៉េខាងត្បូង​បានដាក់​ក្រដាសប្រាក់​ទុក​ដោយឡែក​រយៈពេល​ពីរ​សប្តាហ៍​មុននឹង​ដាក់ឱ្យ​ចរាចរ។ ដូចគ្នានេះដែរ ប្រទេស​ចិន​បាន​ប្រើ​កាំរស្មី​ពណ៌​ស្វាយ​និង​កម្តៅ​ខ្លាំង ដើម្បី​សម្អាត​ក្រដាសប្រាក់ និង​រក្សាទុក​ដាច់ដោយឡែក​ពី​តំបន់​ដែលមាន​ការរីក​រាលដាល​នៃ​មេរោគ​រយៈពេល​ពីរ​សប្តាហ៍។ នៅ​ទីក្រុង​បាងកក ធនាគារកណ្តាល​ថៃ​ក៏បាន​រក្សាទុក​ក្រដាសប្រាក់​ឱ្យដាច់​ដោយឡែក​រយៈពេល១៤ថ្ងៃ​ផងដែរ និង​ចាក់​បញ្ចូល​ក្រដាសប្រាក់​តម្លៃ ៥០០បាត ដែល​ទើបនឹង​បោះពុម្ព​ថ្មី​ទៅក្នុង​ចរាចរណ៍។ អាជ្ញាធរ​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​អ៊ីរ៉ង់​ធ្វើការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​នេះ។ អ្នកជំនាញ​ផ្នែក​សុខភាព​សាធារណៈ​របស់​ប្រទេស​អូស្ត្រាលី​បានផ្តល់​ដំបូន្មាន​ឱ្យ​ផ្លាស់ប្តូរ​ទៅជា​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់។ ទន្ទឹមនេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ចេញ​ក្រដាសប្រាក់​ថ្មី​ទៅក្នុង​ចរាចរណ៍ ក្នុង​គោលបំណង​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាសប្រាក់​ចាស់។

សម្រាប់​សេដ្ឋកិច្ច​ដែល​ប្រើ​សាច់ប្រាក់​ច្រើន​ដូច​កម្ពុជា ការលើកទឹកចិត្ត​បន្ថែមទៀត​ឱ្យធ្វើ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នឹង​អាចមាន​អត្ថប្រយោជន៍​ខ្ពស់​ក្នុងស្ថានភាព​នេះ ប៉ុន្តែ​អត្ថប្រយោជន៍​ទាំងនេះ តែងតែ​មិន​ត្រូវបាន​យកចិត្តទុកដាក់។ ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​ឆន្ទៈ​លើកកម្ពស់​ការទូទាត់​ជា​លក្ខណៈ​ឌីជីថល​ជា​លំដាប់។ បច្ចុប្បន្ន ប្រជាជន​ចាប់ផ្តើម​យល់ដឹង​អំពី​ប្រយោជន៍​របស់​ប្រព័ន្ធ​ទូទាត់​ឌីជីថល ខណៈពេលដែល​ពួកគាត់​ព្យាយាម​មិន​ប៉ះពាល់​ផ្ទាល់​នឹង​ក្រដាសប្រាក់​ដែល​កខ្វក់។

ការទូទាត់​ឌីជីថល​តាមរយៈ​កម្មវិធី​នៅលើ​ទូរស័ព្ទ​ចល័ត រួមទាំង​ការ​ស្កេ​ន​តាម​ប្រព័ន្ធ QR កូដ​អាច​កាត់បន្ថយ​ការប៉ះពាល់​ដោយផ្ទាល់​រវាង​មនុស្ស​ម្នាក់​និង​មនុស្ស​ម្នាក់ទៀត។ ផ្លេ​ត​ហ្វ​ម​ឌីជីថល​ថ្មី ដូចជា​ប្រព័ន្ធ​បាគង​ដែល​ត្រូវបាន​បង្កើត​និង​ដឹកនាំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បង្កើតឱ្យមាន​ការអនុវត្ត​ជាក់ស្តែង នៅក្នុង​កាលៈទេសៈ​នេះ។ បំណងប្រាថ្នា​និង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឌីជីថល​នេះ​នឹង​ទទួល​បានការ​សាទរ​បន្ទាប់ពី​វិបត្តិ​កូ​រ៉ូ​ណា​នេះ​ត្រូវបាន​បញ្ចប់។

គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុនីមួយៗបាន​អភិវឌ្ឍ​និង​ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​ឌីជីថល​របស់​ធនាគារ​ដល់​អតិថិជន ដោយ​ផ្តល់នូវ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​នៃ​ប្រព័ន្ធ​ដែលមាន​លក្ខណៈ​មជ្ឈការ។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដឹកនាំ​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ស្នូល​និង​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ដែល​អាចឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​កាត់បន្ថយ​ការចំណាយ​និង​ពង្រីក​ការអភិវឌ្ឍ​បន្ថែម​របស់ខ្លួន​តាមរ​យៈ​ការភ្ជាប់​មក​ប្រព័ន្ធ​ស្នូល។

នេះ​គឺជា​ពេលវេលា​ដ៏​សមស្រប​មួយ​សម្រាប់​អ្នក​ដែល​មិនទាន់​ធ្លាប់​នឹង​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ ដើម្បី​ចាប់ផ្តើម​សិក្សា​និង​ប្រើ​កម្មវិធី​ឌីជីថល​របស់​ធនាគារ។ ទោះយ៉ាងណា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល​នៅ​កម្ពុជា​នៅមានកម្រិត​នៅឡើយ ដែល​ចាំបាច់​ទាមទារ​ឱ្យ​ប្រជាជន​ត្រូវ​លើកកម្ពស់​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ស្ថានការណ៍​ចាំបាច់។ ដូច្នេះ បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជម្ងឺ​នេះ ប្រជាជន​ត្រូវ​ដឹង​អំពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​ទូទាត់​ឌីជីថល ហើយ​ត្រូវ​លើកកម្ពស់​ការយល់ដឹង​និង​ការទទួលស្គាល់​នូវ​ការផ្លាស់ប្តូរ​នេះ៕

Related Posts

Previous Article

ជំរុញ​ការប្រើប្រាស់​ម៉ាស៊ីន ATM ដើម្បី​កាត់បន្ថយ​ដុល្លា​រូបនីយកម្ម

Next Article

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បន្ត​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល