ana-air canadia-bank Silk-air nissan acleda cab-bank

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បន្ត​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល

Khmer Times No Comments Share:

ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ក្នុងប្រទេស​កម្ពុ​ជាមាន​ប្រវត្តិ​យូរ​មកហើយ។ លំហូរ​យ៉ាងគំហុក​ចូល​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ក្នុងសម័យ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០ រួម​ជាមួយនឹង​បទពិសោធន៍​ដែល​បាន​ជួបប្រទះ​នៅក្នុង​សម័យ​ខ្មែរក្រហម បានធ្វើឱ្យ​ប្រជាជន​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ជា​មធ្យោបាយ​ទូទាត់​ប្រចាំថ្ងៃ។ ទោះយ៉ាងណា ដុល្លា​រូបនីយកម្ម​បានដាក់​កំហិត​ដល់​ធនាគារកណ្តាល​ក្នុងការ​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព និង​គ្រប់គ្រង​បរិមាណ​សាច់ប្រាក់​ក្នុង​ចរាចរណ៍ បង្កើន​ផល​ពិបាក​ដល់​ការទូទាត់​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម ដោយសារ​អាជីវកម្មរ​បស់​ពួកគេ​ស្ទើរតែ​ទាំងស្រុង​បានធ្វើការ​ទូទាត់​ជា​ប្រាក់រៀល, ព្រមទាំង​កាត់បន្ថយ​លទ្ធភាព​រប​ស់​ធនាគារកណ្តាល​ក្នុងការ​ដើរតួនាទី​ជា​អ្នកផ្តល់​កម្ចី​ចុងក្រោយ ដែល​អាច​ផ្តល់​មូលនិធិ​ជា​រូបិយវត្ថុ​ក្នុងស្រុក​តែប៉ុណ្ណោះ។

អាស្រ័យហេតុនេះ ធនាគារជាតិ​នៃ​កម្ពុជា​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​បានទទួល​ស្គាល់​នូវ​សារៈសំខាន់​របស់​ប្រាក់រៀល​ដែលជា​មធ្យោបាយ​បង្កើន​ភាព​ធន់​នៃ​សេដ្ឋកិច្ច។ ក្នុងន័យនេះ ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ រួមមាន គ្រឹះស្ថាន​ធនាគារពាណិជ្ជ​និង​ឯកទេស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ដើរតួនាទី​ជា​តួអង្គ​ស្នូល​ក្នុងការ​ជំរុញ​ចរាចរ​ណ៍​ប្រាក់រៀល​ទូទាំងប្រទេស។

និន្នាការ​នៃ​ចរាចរណ៍​ប្រាក់រៀល​បាន​កើនឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន តម្រូវឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​មាន​ឥណទាន​ជា​ប្រាក់រៀល​យ៉ាងហោចណាស់ ១០% នៃ​សំពៀត​ឥណទាន​សរុប ដោយ​វិធានការ​នេះ​ត្រូវបាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​គ្រឹះស្ថាន​ហិរញវត្ថុ​ភាគច្រើន។

ហេតុ​ដូច្នេះហើយ ការស្វែងយល់​អំពី​វិធីសាស្ត្រ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងការ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​អតិថិជន​របស់​ពួកគេ។ លោក យ៉ុង​ជេ យ៉ាង (Yongjae Jang) នាយក​ហិរញ្ញវត្ថុ​នៃ​ធនាគារ គូក​មីន បាន​លើកឡើងថា ក្នុងពេល​បច្ចុប្បន្ន​ធនា​គារ គូក​មីន បានផ្តល់​នូវ​លក្ខខណ្ឌ​អនុគ្រោះ​ជាច្រើន​ចំពោះ​កម្ចី​ជា​ប្រាក់រៀល​ដូចជា អត្រា​ការប្រាក់ និង​ថ្លៃ​សេវា​ដំណើរការ​ប្រាក់កម្ចី​ទាប​ជាង​មុន បើ​ប្រៀបធៀប​នឹង​លក្ខខណ្ឌ​ក្នុងការ​ផ្តល់ប្រាក់​កម្ចី​ជា​ដុល្លារ​អាមេរិក។ ធនាគារ​នេះ​ក៏បានផ្តល់​កម្មវិធី​បណ្តុះ​បណ្តាលផ្សេងៗ សម្រាប់​ពលករ​ខ្មែរ​ចំណាកស្រុក​ទៅ​ប្រទេស​កូរ៉េ​អំពី​របៀប​នៃ​ការផ្ទេរ​មូលនិធិ​រវាង​ប្រទេស​ទាំងពីរ ការបង្កើត​គណនី​ធនាគារ និង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុផ្សេងៗ។

លើសពីនេះ លោកស្រី សូ ផន​ណា​រី អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា បាន​និយាយថា​ឥណទាន​ជា​រូបិយវត្ថុ​ក្នុងស្រុក​របស់​ធនាគារ​អេស៊ីលីដា​បាន​កើនឡើង​ពី ៤% ដល់ ១៣,២៥% នៃ​ឥណទាន​សរុប​ប្រមាណ ៣,៧ប៊ី​លាន​ដុល្លា​អាមេរិក​នៅ​ចុងឆ្នាំ២០១៩។ យើង​អាច​កត់សម្គាល់​ឃើញថា​តម្រូវការ​រូបិយវត្ថុ​ក្នុងស្រុក​គឺមាន​សន្ទុះ​ខ្លាំង​បំផុត​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម ហើយ​ប្រាក់រៀល​ក៏ត្រូវ​បាន​យកមកប្រើ​ប្រាស់​ក្នុងការ​បើកប្រាក់​បៀវត្ស​រ៍​មន្ត្រីរាជការ​ផងដែរ។ ជាងនេះទៀត ការដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់រៀល​ទទួលបាន​ការ​លើកទឹកចិត្ត​ជាមួយនឹង​អត្រា​ការប្រាក់​ខ្ពស់ ដែល​ប្រាក់​បញ្ញើរ​ជា​រៀល​មាន​ចំនួន​លើសពី ២,៥ទ្រី​លាន (ប្រមាណ ៦១៤,៧៥លាន​ដុល្លារ​អាមេរិក)នៃ ៨៨១,៥០៥ គណនី​ប្រាក់​បញ្ញើ។

កិច្ច​គាំទ្រ​នេះ​មិន​ត្រឹមតែ​ទទួលបាន​ពី​ធនាគារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ទទួលបាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផងដែរ។ លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ បាន​លើកឡើងថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​មាន​ឥណទាន​ជា​ប្រាក់រៀល ១២.៣១% សរុប​ប្រមាណ ៣២១លាន​ដុល្លារ​អាមេរិក។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ក៏បាន​ជំរុញ​ឥណទាន​ជា​រូបិយវត្ថុ​ក្នុងស្រុក​ទៅគ្រប់​រាជធានី-ខេត្ត ជាពិសេស​សម្រាប់​អតិថិជន​ទទួលបាន​កម្ចី​ខ្នាតតូច​និង​មីក្រូ ពីព្រោះ​ការទូទាត់​អាជីវកម្ម​របស់​ពួកគេ​ភាគច្រើន​ជា​ប្រាក់រៀល និង​បាន​សហការ​ជាមួយ​ធនាគារផ្សេងៗទៀត​ក្នុងប្រទេស ដែល​អនុញ្ញាត​ប្រតិបត្តិការ​ជា​ប្រាក់រៀល​មានដំណើរ​ការ​តាមរយៈ​គម្រោង​បាគង គម្រោង​មួយ​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការជួយ​សម្រួលការ​ផ្ទេរ​ទឹកប្រាក់ និង​ការទូទាត់​ទួ​ទាំង​ប្រទេស​សម្រាប់​ប្រាក់រៀល និង​ដុល្លារ​អាមេរិក ស្របពេល​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក សុខ វឿន នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​របស់​កម្ពុជា បាន​លើកឡើងថា​ឥណទាន​ជា​រូបិយវត្ថុ​ក្នុងស្រុក​របស់​អិ​ល​អូ​អិ​ល​ស៊ី​មាន​ប្រមាណ ១៣% ហើយ​លោក​រំពឹងទុក​យ៉ាង​មុតមាំ​ថា និន្នាការ​ឥណទាន​ជា​ប្រាក់រៀល​នឹងមាន​ការកើនឡើង​ខ្ពស់​ចន្លោះ​ពី ២២% ទៅ ២៥%នៅ​ចុងឆ្នាំ២០២០។

កាលពី​ឆ្នាំមុន លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើងថា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កាន់តែច្រើន​បាន​បញ្ចេញ និង​ទទួលយក​នូវ​ការប្រើប្រាស់​ប្រាក់រៀល​នៅតាម​តំបន់​ជនបទ ពីព្រោះ​ប្រាក់ចំណូល​ជាច្រើន​បានមកពី​រូបិយវត្ថុ​ជាតិ។ បន្ថែម​លើ​នេះ ឧបករណ៍​ដែល​បង្កើតឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា នឹង​បង្កើន​ចរាចរណ៍​ប្រាក់រៀល ព្រមទាំង​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ផងដែរ។

ដូចគ្នា​ដែរ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​បង្ហាញថា ប្រាក់រៀល​ទទួលបាន​ភា​ព​ទាក់ទាញ​យ៉ាងខ្លាំង​ក្នុងអំឡុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារ​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិ​ការទូទាត់​ប្រចាំថ្ងៃ​បើ​ប្រៀបធៀប​ទៅនឹង​ប្រាក់​ដុល្លារ​អាមេរិក។

លើសពីនេះ សមាគម​ធនាគារ​នៅ​កម្ពុជា និង​ធនាគារ​អេស៊ីលីដា បាន​សហការគ្នាជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ស្តង់ដារ QR កូដ ជា​ប្រាក់រៀល ដែល​រំពឹងថា​នឹង​រួចរាល់​ក្នុងពេលឆាប់ៗនេះ។ ជាការ​ពិតណាស់ កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ថៃ​បាន​ដាក់ឱ្យ​ដំណើរការ​ការទូទាត់​រា​យ​តាមរយៈ QR កូដ រវាង​ប្រទេស​ទាំងពីរ ដែល​អនុញ្ញាតអោយ​ភ្ញៀវ​ទេសចរណ៍​កម្ពុជា​ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត ក្នុងការ​ចំណាយ​ជា​ប្រាក់រៀល​ដោយ​ស្កេ​ន QR កូដ របស់​អ្នកលក់​នៅ​ប្រទេស​ថៃ៕

Related Posts

Previous Article

តើ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នឹងត្រូវ​ប្រើប្រាស់​ច្រើន​បន្ទាប់ពី​វិបត្តិ​វីរុស​កូ​រ៉ូ​ណា?

Next Article

ការស្ទង់មតិ​សាធារណ​ជន៖ ការអង្កេត​នៅតាម​បណ្តា​ខេត្ត​កម្ពុជា​ស្តីពី​ប្រាក់រៀល