ana-air canadia-bank Silk-air nissan acleda cab-bank

ការស្ទង់មតិ​សាធារណ​ជន៖ ការអង្កេត​នៅតាម​បណ្តា​ខេត្ត​កម្ពុជា​ស្តីពី​ប្រាក់រៀល

Khmer Times No Comments Share:

ដើម្បី​អបអរសាទរ​ខួប​លើក​ទី៤០នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​នៅ​កម្ពុជា ក្រុម​សារព័ត៌មាន​ត្រូវបាន​បញ្ជូនទៅ​ខេត្ត​ចំនួន៥ ក្រៅពី​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាណិជ្ជករ កសិករ និង​ប្រជាជនផ្សេងៗទៀត អំពី​គំនិត​និង​អារម្មណ៍​របស់​ពួកគាត់​ចំពោះ​រូបិយវត្ថុ​ជាតិ។

នៅក្នុង​រយៈពេល៤០ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​បានក្លាយ​ជា​សេដ្ឋកិច្ច​កំពុង​លូតលាស់​និង​មាន​សកម្មភាព​យ៉ាងសកម្ម ដោយ​ប្រាក់រៀល​ខ្មែរ​ដែលជា​រូបិយវត្ថុ​ជាតិ​កំពុង​ដើរតួនាទី​កាន់តែ​សំខាន់​ជាង​មុន។ រូបិយវត្ថុ​ដែល​ចរាចរ​ក្នុង​ទម្រង់​ជា​ក្រដាសប្រាក់ បាន​កើនឡើង​នៅតាម​បណ្តាជន​បទ​តាម​ខេត្ត ទីប្រជុំជន ទីក្រុង និង​រាជធានី​ភ្នំពេញ។ កំណើន​នៃ​ការ​ចរាចរ​នេះ​បានធ្វើឱ្យ​កាបូប​ប្រាក់​របស់​ប្រជាជន​កម្ពុជា ពេញ​ទៅដោយ​ក្រដាសប្រាក់​ជាច្រើន​សន្លឹក ដែលមាន​គ្រប់​ទម្រង់ ចាប់ពី​ថ្មី ទក់ រហូតដល់​ចាស់។ ប៉ុន្តែ សម្រាប់​មនុស្ស​មួយចំនួន ប្រាក់រៀល​គឺ​គ្រាន់តែ​ជា​ប្រាក់​មាន​ទំហំ​តូច​សម្រាប់​ចាយវាយ។ ស្ទើរតែ​រាល់​ប្រតិបត្តិការធំៗ ត្រូវបានធ្វើ​ឡើងជា​ប្រាក់​ដុល្លារ​អាមេរិក។ សម្រាប់​ភ្ញៀវទេសចរ​វិញ ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ទូទាត់​ថ្លៃ​ទិដ្ឋាការ​ពេលមកដល់​នៅ​អាកាសយានដ្ឋាន និង​ការចំណាយផ្សេងៗទៀត​នៅក្នុង​ប្រទេស។

មនុស្ស​គ្រប់គ្នា​បានដឹង​អំពី​អត្រា​ប្តូរប្រាក់ ៤.០០០រៀល​ក្នុង១ដុល្លារ​អាមេរិក។ ស្ថានភាព​នេះ​គឺ​កើតមានឡើង​ចាប់​តាំងពីដើម​សតវត្សរ៍​មកម្ល៉េះ ដូចនេះហើយ​ប្រជាជន​កម្ពុជា​គឺ​ទទួលយក​ទាំង​ប្រាក់រៀល​និង​ដុល្លារ​អាមេរិក​ក្នុងការ​ទូទាត់។

ប្រជាជន​បាន​ប្រើប្រាស់​រូបិយវត្ថុ​ចម្រុះ​នេះ ហើយ​ពេលដែល​យើង​មើល​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា យើង​នឹង​អាចយ​ល់ពី​ហេតុផល​បាន។

កម្ពុជា​មិនមាន​រូបិយវត្ថុ​នោះទេ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៧០ នៅពេលដែល​របប​ខ្មែរក្រហម​បាន​ហាមឃាត់​ការប្រើប្រាស់​រូបិយវត្ថុ បាន​បំផ្លិចបំផ្លាញ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា ក៏ដូចជា​ខឿនសេដ្ឋកិច្ច​ទាំងមូល។

បញ្ហា​នេះ​បានធ្វើឱ្យ​បាត់បង់​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មកលើ​រូបិយវត្ថុ​ជាតិ នៅពេល​ប្រាក់រៀល​ត្រូវបាន​ដាក់ឱ្យ​ចរាចរ​ឡើងវិញ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៨០។ ជាការ​ឆ្លើយតប​នឹង​កង្វះ​ជំនឿ​ទុកចិត្ត​នេះ ធនាគារកណ្តាល​បាន​ដាក់ចេញ​វិធានការ​ជាច្រើន និង​បោះផ្សាយ​ប្រាក់រៀល​ដាក់​ក្នុង​ចរាចរណ៍​ស្របតាម​តម្រូវការ​ក្នុងអំឡុង​ទសវត្សរ៍​នោះ។

រូបិយវត្ថុ​ដែល​ត្រូវបាន​ដាក់ឱ្យ​ចរាចរ​ឡើងវិញ​នេះ​បាន​ធ្លាក់​ថ្លៃ​នៅពេល​អាជ្ញាធរ​បណ្តោះអាសន្ន​រប​ស់​អង្គការសហប្រជាជាតិ​មាន​វត្ត​មាននៅ​កម្ពុជា ដោយបាន​នាំមក​នូវ​ប្រាក់​ដុល្លារ​អាមេរិក​យ៉ាង​សន្ធឹកសន្ធាប់​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០។ ជា​លទ្ធផល ប្រាក់រៀល​ស្ថិតក្នុង​អត្រា ៤.០០០រៀល​ក្នុង១ដុល្លារ​អាមេរិក និង​បាន​ក្លាយជា​រូបិយវត្ថុ​ទី​ពីរ​បន្ទាប់ពី​ប្រាក់​ដុល្លារ​អាមេរិក។

នៅក្នុង​អត្ថបទ​របស់ Wall Street Journal កាលពី១០ឆ្នាំមុន បាន​លើកឡើងថា ទីផ្សារ​ភាគហ៊ុន​កម្ពុជា​ដែល​ទើបនឹង​ដំណើរការថ្មីៗនាពេលនោះ គួរ​អនុញ្ញាត​ឱ្យមាន​ការជួញដូ​រមូល​ប​ត្រ​បំណុល​សាជីវកម្ម​ជា​ដុល្លារ​អាមេរិក​របស់ ដើម្បី​ចាប់យក​ឱកាស​ក្នុងការ​ទទួលយក​ដុល្លា​រូបនីយកម្ម​ពេញលេញ។ អត្ថបទ​នេះ​បាន​បន្តថា ការប្រើប្រាស់​នឹង​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​ជាច្រើន​បន្ថែមទៀត ដោយ​វិនិយោគិន​នឹងមិន​ចាំបាច់​បារម្ភ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អត្រា​ប្តូរប្រាក់​ទៅលើ​ប្រាក់ចំណេញ ដូចដែល​បានកើត​ឡើង​នៅក្នុង​ប្រទេស​វៀតណាម។

ទោះយ៉ាងណា ទាំង​រាជរដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ក្នុងការ​គាំទ្រ​ការប្រើប្រាស់​ប្រាក់រៀល ហើយ​បាន​យល់ឃើញថា ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​គឺជា​ឱកាស​សំខាន់​មួយ​ក្នុង​ការជំរុញ​ប្រាក់រៀល​ឱ្យ​ក្លាយជា​រូបិយវត្ថុ​ឯករាជ្យ។

ការប្រើប្រាស់​ប្រាក់រៀល​និង​ប្រាក់​ដុល្លារ​អាមេរិក​ក្នុងពេល​តែមួយ អាចមាន​លក្ខណៈ​ស្មុគស្មាញ ប៉ុន្តែ​ក៏​អាចមាន​លក្ខណៈសាមញ្ញ​ដូចជា​ការទូទាត់​រូបិយប័ណ្ណ​មួយ និង​ទទួលបាន​ប្រាក់​អាប់​ជា​រូបិយប័ណ្ណ​មួយទៀត ហើយ​កម្ពុជា​បាន​ទម្លាប់​នឹង​ការទូទាត់​បែបនេះ។

ដើម្បី​យល់​កាន់តែច្បាស់​ពី​ការប្រើប្រាស់​ប្រាក់រៀល​និង​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​ក្នុង​តំបន់​ជាយក្រុង​និង​តំបន់​ជនបទ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន យើង​គួរពិនិត្យមើល​លើ​ការរកឃើញ​មួយចំនួន​ដូចខាងក្រោម៖

ការអង្កេត​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​នៅតាម​បណ្តា​ខេត្ត​ចំនួន៥គឺ ខេត្តកំពត តាកែវ បាត់ដំបង កំពង់ចាម និង​ខេត្តព្រៃវែង បាន​បង្ហាញថា ៩០% នៃ​ប្រជាជន​កម្ពុជា​ចូលចិត្ត​ប្រើប្រាស់​ប្រាក់រៀល​ក្នុង​ការចំណាយ​ប្រចាំថ្ងៃ។ ចំពោះ​មូលហេតុ​ដែល​ពួកគាត់​ចូលចិត្ត​ប្រើប្រាស់​ប្រាក់រៀល​ជាង​ប្រាក់​ដុល្លារ​អាមេរិក ពួកគាត់​បាន​ឆ្លើយថា ពួកគាត់​ជា​ប្រជាជន​កម្ពុជា រស់នៅក្នុង​ប្រទេស​កម្ពុ​ជា ដូចនេះ​ពួកគាត់​គួរប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​របស់ខ្លួន។

លទ្ធផល​ការអង្កេត​ក៏បាន​បង្ហាញថា នៅតាម​បណ្តា​ខេត្ត​ទាំងនោះ ប្រាក់រៀល​ត្រូវបាន​ប្រើប្រាស់​ភាគច្រើន​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ និង​ការទិញ​ទំនិញ​នៅ​ទីផ្សារ ខណៈដែល​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ការទិញ​ទំនិញ​ដែលមាន​តម្លៃ​ខ្ពស់​ដូចជា សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ឧបករណ៍ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម និង​ទោចក្រយានយន្ត​ជាដើម។ ប្រាក់​បាត​ថៃ និង​ដុង​វៀតណាម ត្រូវបាន​ប្រើប្រាស់​នៅតាម​បណ្តា​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​និង​វៀតណាម នៅពេល​ទិញ-លក់ទំនិញ​ដែល​នាំចូល​ពី​ថៃ​និង​វៀតណាម ឬ​នៅពេល​នាំចេញ​ទំនិញ​ដោយផ្ទាល់​ទៅកាន់​ប្រទេស​ទាំងពីរ​នេះ។

លោកស្រី មឿត អឿ ដែលជា​ស្ត្រី​មេផ្ទះ​មួយរូប​នៅ​ខេត្តបាត់ដំបង បាន​និយាយថា គាត់​ប្រើប្រាស់​ប្រាក់រៀល​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​នៅ​ទីផ្សារ​និង​សម្រាប់​ការទិញ​ទំនិញ​មានតម្លៃតូចៗ ប៉ុន្តែ​គាត់​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​សម្រាប់​ការចំណាយ​ដែលមាន​តម្លៃ​ធំ ដោយសារតែ​ប្រាក់រៀល​អាចមាន​លក្ខណៈ​ពិបាក​រាប់​និង​ទុកដាក់ នៅពេល​មាន​បរិមាណ​ច្រើន។

គាត់​បាន​បន្តថា “ខ្ញុំ​ប្រើប្រាស់​ប្រាក់រៀល​នៅពេល​ទិញ​ម្ហូប​និង​ទំនិញ​តិចតួច​នៅ​ទីផ្សារ ឬ​សម្រាប់​ការ​ចំណាយ​ផ្សេងៗនៅផ្ទះ​និង​ការចំណាយ​ទូទៅ ប៉ុន្តែ​ខ្ញុំ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​នៅពេល​ទិញ​ទំនិញ​មានតម្លៃ​ធំ​ដូចជា ម៉ូតូ ឬ​គ្រឿងអលង្ការ​ជាដើម”
លោក ហេង ចិន្តា ដែលជា​កសិករ​មួយរូប​នៅ​ខេត្តបាត់ដំបង​បាន​លើកឡើងថា ប្រាក់​បាត​ថៃ​ត្រូវបាន​ប្រើប្រាស់​ភាគច្រើន សម្រាប់​ការទិញ-លក់​កសិផល​ដូចជា អង្ករ​និង​ពោត។

“យើង​លក់​កសិផល​របស់​យើង​ទៅកាន់​ពាណិជ្ជករ​ដោយ​ប្រើប្រាស់​ប្រាក់​បាត​ថៃ ដោយសារ​កសិផល​ទាំងនោះ​ត្រូវបាន​នាំចូល​និង​នាំ​ចេញទៅ​ថៃ។ ការប្រើប្រាស់​ប្រាក់​បាត​ថៃ​មាន​ភាពងាយស្រួល ដែល​យើង​មិនចាំបាច់​បារម្ភ​ពី​ការខាតបង់​ពី​អត្រា​ប្តូរប្រាក់”
លោកស្រី អ៊ុន សំ​អៀន អ្នកលក់​ឧបករណ៍​និង​សម្ភារ​សំណង់​នៅ​ផ្សារ​សាមគ្គី​ក្នុង​ខេត្តកំពត​បានលើកឡើង​ថា គាត់​ទទួលយក​ប្រាក់​គ្រប់​ប្រភេទ ហើយ​អតិថិជន​របស់គាត់​ភាគច្រើន​ចូលចិត្ត​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក សម្រាប់​ការទិញ​សម្ភារ​សំណង់​ដែលមាន​តម្លៃធំ។

លោកស្រី អ៊ុន សំ​អៀន បាន​បន្ត “សម្រាប់​សម្ភារ​សំណង់​តម្លៃ​ធំ ជា​ញឹកញាប់ ខ្ញុំ​ទទួលបាន​ក្រដាសប្រាក់ ៥០ និង ១០០ដុល្លារ​អាមេរិក​ពី​អតិថិជន។ ទោះយ៉ាងណា សម្រាប់​ការទិញ​ដែលមាន​តម្លៃ​តូច អតិថិជន​ភាគច្រើន​ប្រើប្រាស់​ប្រាក់រៀល។ ខ្ញុំ​គិតថា​ប្រមាណ ៣០% នៃ​ការទូទាត់​គឺ​ត្រូវបានធ្វើ​ឡើងជា​ប្រាក់រៀល និង ៧០% ជា​ប្រាក់​ដុល្លារ​អាមេរិក។ ជាទូទៅ ខ្ញុំ​បានទទួល​ក្រដាសប្រាក់ ៥.០០០ ១០.០០០ និង ៥០.០០០រៀល ហើយ​ខ្ញុំ​កម្រ​ឃើញ​ក្រដាស ១០០.០០០រៀល​ណាស់”

មូលហេតុ​មួយទៀត​ដែល​គេ​ចូលចិត្ត​ប្រើប្រាស់​ប្រាក់រៀល​ជាង​ដុល្លារ​អាមេរិក​គឺ ដោយសារ​ការប្រែប្រួល​នៃ​អត្រា​ប្តូរប្រាក់​ទីផ្សារ​រវាង​ប្រាក់រៀល​និង​ប្រាក់​ដុល្លារ​អាមេរិក និង​ការ​លើកឡើងថា​អត្រា​ប្តូរ​ប្រាក់រៀល​មានតម្លៃ​ខ្ពស់ជាង​ដុល្លារ​អាមេរិក​បន្តិច ប្រមាណ ៥០រៀល​ក្នុង១ដុល្លារ​អាមេរិក។

លោកស្រី ទៀង លីន អាយុ៤៣ឆ្នាំ ដែលជា​អ្នកលក់​ក្តាម​នៅ​ខេត្តកំពត បាន​និយាយថា គាត់​ប្រើប្រាស់​ទាំង​ប្រាក់រៀល​និង​ដុល្លារ​អាមេរិក។
គាត់​បាន​បន្តថា “ខ្ញុំ​ចូលចិត្ត​ប្រើប្រាស់​ប្រាក់រៀល​ដោយសារ​ខ្ញុំ​មិនចាំបាច់​ត្រូវ​គិត​អត្រា​ប្តូរប្រាក់​នៅពេល​អាប់​ប្រាក់​ឱ្យ​អតិថិជន។ ម្យ៉ាងទៀត អតិថិជន​ជាច្រើន​ចង់ឱ្យ​ខ្ញុំ​អាប់​លុយ ១ដុល្លារ ជាជាង ៤.០០០រៀល មានន័យថា ខ្ញុំ​នឹង​បាត់បង់​ប្រមាណ ៥០រៀល​នៅ​រាល់ពេល​ខ្ញុំ​ទទួល​ប្រាក់ ១ដុល្លារ។ ខ្ញុំ​ដឹងថា​ប្រាក់ ៥០រៀល​មិនសូវ​ច្រើន​ទេ ប៉ុន្តែ​បើ​យើង​បូក​ចូលគ្នា​គឺ​ច្រើន។

ប៉ុន្តែ មតិ​រិះគន់​ជាទូទៅ​ដែល​ទទួលបាន​ពី​ពាណិជ្ជករ​នៅតាម​ខេត្ត​ទាំងអស់​គឺ ទៅលើ​គុណភាព​និង​ពណ៌​របស់​ក្រដាសប្រាក់។ ប្រជាជន​ជាច្រើន​បាន​សុំឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ពិនិត្យ​លើ​ទំហំ​ក្រដាសប្រាក់ ពណ៌ និង​គុណភាព ដែល​ងាយ​នឹង​ទក់​និង​រហែក ជាពិសេស​នៅពេល​ក្រដាសប្រាក់​នោះ​សើម។

ម្ចាស់​ហាង​មួយកន្លែង​នៅ​ខេត្តបាត់ដំបង​បាន​លើកឡើងថា ប្រាក់រៀល​ឆាប់​ចាស់​ជាង​ក្រដាសប្រាក់​បរទេស​ដទៃ​ទៀត​ដូចជា ប្រាក់​បាត​និង​ដុល្លារ​អាមេរិក​ជាដើម។

លោក​បាន​និយាយថា “ខ្ញុំ​ចូលចិត្ត​ប្រើប្រាស់​ប្រាក់រៀល​ខ្មែរ ដោយសារ​ខ្ញុំ​ជា​ជនជាតិខ្មែរ។ ប៉ុន្តែ ខ្ញុំ​ចង់ឱ្យ​ក្រដាសប្រាក់​យើង​មាន​ភាព​ធន់​និង​ងាយស្រួល​ចំណាំ។

ម្ចាស់​ហាង​បាន​បន្តថា “ប្រសិនជា​អាច ខ្ញុំ​ចង់​ស្នើ​សុំឱ្យ​អាជ្ញាធរ​បោះពុម្ព​ក្រដាសប្រាក់​ដែលមាន​គុណភាព​ខ្ពស់​និង​អាច​ប្រើប្រាស់​បានយូរ​អង្វែង។ ខ្ញុំ​សង្កេតឃើញថា ក្រដាសប្រាក់​មួយចំនួន​ដែល​ទើបនឹង​បោះផ្សាយ ងាយ​នឹង​ចាស់ ជាពិសេស​នៅពេល​ក្រដាស​នោះ​សើម។

លោក ឡា​ច វីត អាយុ៥៣ឆ្នាំ ដែលជា​អ្នកបើក​កង់​បី​នៅ​ខេត្តតាកែវ បាន​និយាយថា គាត់​ទទួលយក​ទាំង​ប្រាក់​ដុល្លារ​អាមេរិក​និង​រៀល ប៉ុន្តែ​គាត់​គិតថា​គុណភាព​ក្រដាសប្រាក់​រៀល​គួរ​ត្រូវបាន​ពង្រឹង​បន្ថែម។

គាត់​បាន​បន្តថា “ក្រដាសប្រាក់​រៀល​ដែល​យើង​ប្រើប្រាស់​រួមមាន ៥០០ ១.០០០ និង ៥.០០០រៀល ហើយ​ក្រដាសប្រាក់​ទំហំ​ធំ​បំផុត​ដែល​យើង​ប្រើ​គឺ ២០.០០០ និង ៥០.០០០រៀល។ គុណភាព​ក្រដាសប្រាក់​យើង​គឺ​ល្អ ប៉ុន្តែ​នៅពេល​វា​សើម គុណភាព​វា​គឺ​មិនសូវ​ល្អ​ទេ។ ជាពិសេស នៅពេល​យើង​ប្រៀបធៀប​ជាមួយ​ប្រាក់​ដុង​វៀតណាម ក្រដាសប្រាក់​យើង​មិនសូវ​ធន់​ទេ។

គាត់​បាន​បន្តថា “ខ្ញុំ​ជា​ជនជាតិខ្មែរ ដូចនេះ​ខ្ញុំ​ចង់​ប្រើ​លុយ​ជាតិ ប៉ុន្តែ​ប្រសិនបើ​អតិថិជន​ទាមទារ​លុយ​អាប់​ជា​ប្រាក់​ដុល្លារ​អាមេរិក ខ្ញុំ​ត្រូវ​អាប់​ជា​លុយ​ដុល្លារ​អាមេរិក​ដើម្បី​បម្រើ​ដល់​អតិថិជន។

ប៉ុន្តែ ប្រជាជន​មួយចំនួន​នៅក្នុង​ការអង្កេត​បាន​និយាយថា ក្រដាសប្រាក់​មាន​ពណ៌ លក្ខណៈ​សម្គាល់ និង​ទំហំស្រដៀងៗគ្នា ដែល​ងាយ​នឹង​ច្រឡំ​នៅពេល​មើល​ដំបូង មានន័យថា​អ្នកប្រើប្រាស់​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ច្បាស់​មុនពេល​ទទួលយក​ក្រដាសប្រាក់នីមួយៗ ដែល​ធ្វើឱ្យ​ប្រតិបត្តិ​ការទូទាត់​ត្រូវការ​ចំណាយពេល​វេលា​យូរ។

លោក ហួត ស៊ីថា អាយុ៣០ឆ្នាំ ដែលជា​អ្នកលក់​ទូរស័ព្ទដៃ​នៅ​ខេត្តតាកែវ បានស្នើ​ឱ្យ​អាជ្ញាធរ​បោះពុម្ព​ក្រដាសប្រាក់​ដែលមាន​គុណភាព​ល្អ​ដែល​មិន​ងាយ​រហែក​នៅពេល​សើម និង​គួរ​ពិនិត្យឡើងវិញ​លើ​ពណ៌​និង​ទំហំ​ក្រដាសប្រាក់ ដោយសារ​ក្រដាស​មួយចំនួន​មាន​ពណ៌​ស្រដៀង​គ្នា ដែល​ងាយ​នឹង​ច្រឡំ។

លោកស្រី សុខ លីន អាយុ៤៣ឆ្នាំ ដែលជា​អ្នក​លក់រាយ​នៅ​ខេត្តកំពង់ចាម បាន​លើកឡើងថា រាជរដ្ឋាភិបាល​គួរតែ​ជួយ​ដល់​ប្រជាជន​ឱ្យ​យល់ដឹង​បន្ថែម​អំពី​រូបិយវត្ថុ​និង​របៀប​បែងចែក​រវាង​ក្រដាសប្រាក់​ពិត​និង​ក្លែងក្លាយ ដើម្បី​ជំរុញ​ការទូទាត់​ជា​ប្រាក់រៀល​បន្ថែមទៀត។

លោកស្រី សុខ លីន បាន​បន្ត “ខ្ញុំ​ធ្លាប់​ទទួលបាន​ក្រដាសប្រាក់ ១០.០០០រៀល​ក្លែងក្លាយ ដែល​បានផ្តល់​ជា​បទពិសោធន៍ ហើយ​បច្ចុប្បន្ន ខ្ញុំ​ចេះ​ពិនិត្យមើល​និង​សម្គាល់​លុយ​ក្លែងក្លាយ ប៉ុន្តែ​សូម្បីតែ​ក្រដាសប្រាក់​ពិត​ក៏​ពិបាក​នឹង​បែងចែក​ពី​ក្រដាស​ក្លែងក្លាយ​ដែរ ដោយសារតែ​ពណ៌​និង​ទម្រង់​ស្រដៀង​គ្នា​ដូចជា ក្រដាស ៥.០០០ និង ១០.០០០រៀល​ជាដើម។

លទ្ធផល​អង្កេត​បានរ​ក​ឃើញថា មនុស្ស​ជាច្រើន​គិតថា ក្រដាស​ប្រាក់រៀល​មាន​ភាព​ទាក់ទាញ ហើយ​មនុស្ស​ជាច្រើន​ចូលចិត្ត​លក្ខណៈពិសេស​នៅលើ​ក្រដាសប្រាក់ ដែលមាន​រូប​ប្រាង្គ​ប្រាសាទ ស្ថាបត្យកម្ម​ដែល​បាន​សាងសង់​ដូចជា វិមានឯករាជ្យ​និង​ស្ពាន ព្រមទាំង​ព្រះឆាយាល័ក្ខណ៍​នៃ​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ និង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំង ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ប៉ុន្តែ លោកស្រី ហែម ណាក់ ម្ចាស់​ហាង​មួយកន្លែង​នៅ​ខេត្តព្រៃវែង បាន​លើកឡើងថា គាត់​មិនសូវ​យល់ថា​ហេតុអ្វី​បានជា​ត្រូវ​ផ្លាស់ប្តូរ​រចនាបថ​រប​ស់​ក្រដាសប្រាក់ និង​ស្នើឱ្យ​រាជរដ្ឋាភិបាល​រក្សា​រចនា​បថ​ដូច​ពីមុន។

“ខ្ញុំ​មិន​យល់ថា​ហេតុអ្វី​រាជរដ្ឋាភិបាល​ត្រូវការ​បោះពុម្ព​ក្រដាសប្រាក់​ដែលមាន​រចនាបថ​ថ្មី​នោះទេ។ នោះ​មានន័យថា​យើង​ត្រូវ​ទម្លាប់​នឹង​ការប្រើប្រាស់​ក្រដាសប្រាក់​ដែលមាន​រូបរាង​ខុសពី​ក្រដាសប្រាក់​ចាស់​សារជាថ្មី”

ស្រប​ពេលដែល​កម្ពុ​ជាមាន​ដំណើរ​ដ៏​វែងឆ្ងាយ​ទៀត​ក្នុង​ការធ្វើ​បដិដុល្លារូបនីយកម្ម​សេដ្ឋកិច្ច លទ្ធផល​នៃ​ការអង្កេត​បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រជាជន​កម្ពុជា​និយម​ប្រើប្រាស់​និង​មាន​ជំនឿ​ទុកចិត្ត​លើ​ប្រាក់រៀល ជាពិសេស​នៅតាម​បណ្តា​ខេត្ត ក្រៅពី​រាជធានី​ភ្នំពេញ។

កញ្ញា សិទ្ធិ សូ​នី​ន ដែលជា​សិស្ស​ថ្នាក់​ទី១០នៅ​វិទ្យាល័យ​ជ្រៃ​នៅ​ខេត្តបាត់ដំបង បាន​លើកឡើងថា កញ្ញា​នឹង​សប្បាយរីករាយ នៅពេលដែល​ប្រាក់រៀល​ត្រូវបាន​ប្រើប្រាស់​កាន់តែច្រើន​នៅ​ខេត្ត​របស់គាត់ និង​ចង់​ស្វែងយល់​បន្ថែម​អំពី​រូបិយវត្ថុ​ជាតិ។

កញ្ញា សិទ្ធិ សូ​នី​ន បាន​បន្ត “ខ្ញុំ​មិនសូវ​ដឹង​ច្រើន​អំពី​ប្រាក់រៀល​ខ្មែរ​និង​ប្រវត្តិ​របស់​ប្រាក់រៀល​ទេ ប៉ុន្តែ​ខ្ញុំ​សប្បាយរីករាយ​នៅពេលដែល​ប្រាក់រៀល​កំពុង​ចរាចរ​កាន់តែ​ទូលំទូលាយ​នៅក្នុង​ភូមិ​ខ្ញុំ។ បើទោះជា​មនុស្ស​មួយចំនួន​នៅតែ​ប្រើប្រាស់​ប្រាក់​បាត​ថៃ​និង​ដុល្លារ​អាមេរិក​ក៏ដោយ ប៉ុន្តែ​ប្រាក់រៀល​កំពុងតែ​ទទួលបាន​ប្រជាប្រិយភាព​កាន់តែច្រើនឡើង។

“ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​អាច​ស្វែងយល់​បន្ថែម​អំពី​រូបិយវត្ថុ​ជាតិ​នៅក្នុង​កម្មវិធីសិក្សា” កញ្ញា សិទ្ធិ សូ​នី​ន បាន​និយាយ​នៅពេល​កញ្ញា​កំពុង​អង្គុយ​ជាមួយ​មិត្តភក្តិ ក្នុងអំឡុងពេល​សម្រាក​អាហារ​ថ្ងៃត្រង់៕

Related Posts

Previous Article

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បន្ត​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល

Next Article

ដំណើរ​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​វែងឆ្ងាយ​និង​សម្បូរបែប​នៃ​រូបិយវត្ថុ​កម្ពុជា នៅ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ព្រះ​ស្រី​ឦសាន​វរ្ម័ន ដែល​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ