ana-air canadia-bank Silk-air nissan acleda cab-bank

ដំណើរ​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​វែងឆ្ងាយ​និង​សម្បូរបែប​នៃ​រូបិយវត្ថុ​កម្ពុជា នៅ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ព្រះ​ស្រី​ឦសាន​វរ្ម័ន ដែល​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ

Khmer Times No Comments Share:
កម្រងក្រដាសប្រាក់ចាស់របស់ខ្មែរដែលដាក់តាំងបង្ហាញនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ។ ខ្មែរថាមស៍/ប៉ាន រចនា

ពេលទៅដល់​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ព្រះ​ស្រី​ឦសាន​វរ្ម័ន ហៅ​កាត់​ថា ស.ស.រ. ប្រវត្តិសាស្ត្រ​ដ៏ យូរលង់​នៃ​រូបិយវត្ថុ​របស់​ប្រទេស​កម្ពុជា​ដែលមាន​អាយុកាល​ជាង ២០០០ ឆ្នាំ​ត្រូវ​បានដាក់​បង្ហាញជូន​សាធារណជន​ទស្សនា។

សារមន្ទីរ​នេះ​ត្រូវបាន​រៀបចំឡើង​នៅក្នុង​អគារ​រចនាប័ទ្ម​អាណាព្យាបាល​បារាំង​ដ៏​ស្រស់ស្អាត​ដែល​ត្រូវបាន​ប្រើប្រាស់​ជា​សាលា​រាជធានី​នៅ​ឆ្នាំ១៩០៨។ សព្វថ្ងៃនេះ គេ​សង្កេតឃើញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​ពិព័រណ៍​ដែលមាន វត្ថុ​បុរាណ​បានដាក់​បង្ហាញ​នៅក្នុង​ទូកញ្ចក់ ផ្ទាំង​ឯកសារ​លើ​ជញ្ជាំង និង​ឯកសារ​សោតទស្សន៍ផ្សេង។

ការតាំង​បង្ហាញ​នេះ​ត្រូវបាន​បែង​ចែកជា​សាលផ្សេងៗគ្នា​ហៅថា​ម៉ូឌុល ដែល​ឆ្លុះបញ្ចាំង​ពី​ដំណាក់កាលផ្សេងៗនៃ​ការវិវត្ត​នៃ​រូបិយវត្ថុ​របស់​កម្ពុជា ដោយ​រំលេច​ពី​ព្រឹត្តិការណ៍សំខាន់ៗ និង​បទពិសោធន៍​ប្រវត្តិសាស្ត្រ​ផ្នែក​សេដ្ឋកិច្ច​និង​រូបិយវត្ថុ ជាពិសេស​គឺ​ផ្តោត​សំខាន់​លើ​អន្តរ​កម្ម​រវាង​រូបិយវត្ថុ ឥណទាន កំណើនសេដ្ឋកិច្ច និង​អតិផរណា។

ការចាប់ផ្តើម​នៃ​រាជាណាចក្រ​មួយ
មនុស្ស​ជាច្រើន​ប្រហែលជា​ងឿងឆ្ងល់​ថា​ហេតុអ្វី​បានជា​សារមន្ទីរ​នេះ​ធ្វើ​ពិព័រណ៍​ប្រវត្តិសាស្ត្រ​តាំងពី​ជាង២០០០ ឆ្នាំ​មុនពេល​ប្រទេស​កម្ពុជា​បាន​បង្កើតជា​ផ្លូវការ​នូវ​រូបិយវត្ថុ​ជាតិ​របស់ខ្លួន បន្ទាប់ពី​ទទួលបាន​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ១៩៥៣។ ការពិតទៅ មាន​សំណៅ​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​អំឡុង​ពេលនេះ តួយ៉ាង​ដូចជា​កាស​បុរាណ​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​ត្រូវ​បានដាក់​បង្ហាញ។ វត្ថុតាង​មួយចំនួន​ត្រូវបាន​ចរាចរ​តាំង​ពីមុន​សម័យអង្គរ​ក្នុង​សតវត្សរ៍​ទី៩ទៅទៀត។

មាន​ទស្សនីយភាព​ប្រវត្តិសាស្ត្រ​លម្អិត​ដែល​ត្រូវ​បានបង្ហាញ​តាមរយៈ​ឯកសារ​សោតទស្សន៍​ឆ្លាត​វៃ​ដែល​ផ្តល់ឱ្យ​អ្នកទស្សនា​នូវ​ការយល់ដឹង​បន្ថែម​អំពី​របៀប​រស់នៅ​របស់​បុព្វបុរស​រប​ស់​យើង។ នៅក្នុង​សួន​នៃ​សារមន្ទីរ លោកអ្នក​នឹង​ឃើញ​ការតាំង​បង្ហាញ​នូវ​ម៉ាស៊ីន​សង្កត់​កាស​ដែលមាន​អាយុកាល​រាប់​សតវត្សរ៍។

កំណើត​ប្រាក់រៀល
ការតាំង​បង្ហាញ​ឈានដល់​សម័យ​អាណាព្យាបាល​បារាំង​នៅ​ប្រមាណ២០០០ឆ្នាំក្រោយ (១៨៦៣-១៩៥៣) ដែលជា​រយៈពេល​មួយ​ដែល​បារាំង​ត្រួតត្រា​ភូមិភាគ​ជាច្រើន​នៃ​ប្រទេស​វៀតណាម ឡាវ និង​កម្ពុជា ព្រមទាំង​បាន​នាំមក​ផងដែរ​នូវ​ម្ហូបអាហារ វប្បធម៌ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​រូបិយវត្ថុ​របស់​ពួកគេ។

នៅក្នុង​ផ្នែក​នេះ លោកអ្នក​អាច​ទស្សនា​រូបិយវត្ថុ​ដំបូង​គេ​របស់​កម្ពុជា​ដែលមាន​ឈ្មោះថា​ព្យ៉ា​ស់។ ព្យ៉ា​ស់​ជា​រូបិយវត្ថុ​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត ដែលជា​រូបិយវត្ថុ​ផ្លូវការ​របស់​ឥណ្ឌូចិន​និង​ធានា​ដោយ​ធនាគារកណ្តាល​បារាំង។

ទោះយ៉ាងណា នៅក្រោយ​សង្គ្រាមលោកលើកទី២ ប្រទេស​អាណានិគម​អឺរ៉ុបធំៗភាគច្រើន រួមទាំង​បារាំង​ផងដែរ បាន​បាត់បង់​ការកាន់កាប់រ​បស់​ខ្លួន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍។ ប្រាំបី​ឆ្នាំ​បន្ទាប់ពី​សង្គ្រាម​បានបញ្ចប់ សម្តេច​ព្រះបាទ នរោត្តម សីហនុ បានទាមទារ​ឯករាជ្យ​ពេញលេញ​ពី​បារាំង។

ជាមួយគ្នានេះ សម្តេច​ព្រះបាទ នរោត្តម សីហនុ បានចាប់ផ្តើម​គ្រប់គ្រង​គោលនយោបាយ​រូបិយវត្ថុ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឡើងវិញ​និង​ចេញផ្សាយ​ប្រភេទ​កាស​ប្រាក់រៀល​ជា​លើកដំបូង​នៅ​ឆ្នាំ១៩៥៣ បន្ទាប់មក​ប្តូរ​ទៅជា​ក្រដាសប្រាក់​នៅ​ឆ្នាំ១៩៥៥ ដោយមាន​តម្លៃ​ចារឹក​ប្រភេទ ១ ៥ ១០ និង ៥០ រៀល។ រាជាណាចក្រ​កម្ពុជា​បាន​គ្រប់គ្រង​ទាំងស្រុង​លើ​ការសម្រេចចិត្ត​ផ្នែក​គោលនយោបាយ​រូបិយវត្ថុ​និង​សេដ្ឋកិច្ច​របស់ខ្លួន។

ការកសាង ​និង​ការបំផ្លិចបំផ្លាញ
ទោះយ៉ាងណា សមិទ្ធផល​ទាំងអស់នេះ​បាន​ក្លាយជា​ឥតប្រយោជន៍​ក្នុងសម័យ​កាល​ដ៏​ខ្មៅ​ងងឹត​បំផុត​របស់​កម្ពុជា​ដែល​បាន​បំផ្លាញ​ប្រព័ន្ធ​រូបិយវត្ថុ​ទាំងស្រុង​និង​បង្ខំ​ឱ្យ​ប្រជាជាតិ​ទាំងមូល​វិល​ទៅរក​សង្គម​កសិកម្ម​វិញ។

ប្រជាជន​កម្ពុជា​ទាំងអស់​បានដឹង​អំពី​រឿងរ៉ាវ​របស់​របប​កុ​ម្មុយ​និ​ស្ត​ជ្រុលនិយម​ខ្មែរក្រហម និង​ឥទ្ធិពល​បំផ្លិចបំផ្លាញ​របស់​មេដឹកនាំ​ផ្តាច់ការ​ប៉ុលពត​មកលើ​កម្ពុជា​នៅ​ចន្លោះ​ឆ្នាំ១៩៧៥ និង១៩៧៩។ សារមន្ទីរ​ខិតខំ​លើកយក​ព្រឹត្តិការណ៍​ដែល​មិនសូវមាន​អ្នក​បានដឹង​មក​ដាក់​បង្ហាញ ព្រមទាំង​ពិភាក្សា​ផងដែរ​អំពី​មនោគមវិជ្ជា​ប្រឆាំង​ការប្រើប្រាស់​រូបិយវត្ថុ​របស់​ខ្មែរក្រហម​ដែល​ត្រូវបាន​អនុវត្ត​ក្នុងអំឡុងពេល​ប្រមាណ​បួន​ឆ្នាំ​នោះ។

ទង្វើ​ដ៏​ចម្លែក​មួយ​របស់​ខ្មែរក្រហម​គឺថា ពួកគេ​មាន​មនោគមវិជ្ជា​បំបាត់ចោល​នូវ​រូបិយវត្ថុ ក៏ប៉ុន្តែ​បែរជា​បាន​រចនា​និង​បោះពុម្ព​ក្រដាសប្រាក់​របស់​ពួកគេ​ទៅវិញ។ ក្រដាសប្រាក់​ទាំងនេះ​ត្រូវបាន​បោះពុម្ព​មុន​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩។ បន្ទាប់ពី​ឡើងកាន់​អំណាច ពួកគេ​បាន​បំផ្លាញ​រូបិយវត្ថុ​គ្រប់​ប្រភេទ​ចោល។ លោកអ្នក​អាច​ទស្សនា​ក្រដាសប្រាក់​ខ្មែរក្រហម​ដែល​មិនទាន់បាន​ប្រើប្រាស់​ទាំងនេះ​នៅក្នុង​ការតាំង​បង្ហាញ​នៅ​សារមន្ទីរ។

ការចាប់ផ្ដើម​ឡើងវិញ
បន្ទាប់ពី​បាន​ផ្ដួលរំលំ​របប​ប៉ុលពត​នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយមាន​ជំនួយ​ពី​កងកម្លាំង​វៀតណាម សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​ចាត់វិធានការ​ដើម្បី​ឱ្យមាន​សេរីភាព​សេដ្ឋកិច្ច។

ក្នុង​ការកសាង​សេដ្ឋកិច្ច​ឡើងវិញ​ពី​គំនរ​ផេះផង់​ក្រោយពី​សង្គ្រាមស៊ីវិល​បានបញ្ចប់ ធនាគារកណ្តាល​ត្រូវបាន​បង្កើត​ឡើងវិញ​នៅ​ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ដោយមាន​ឈ្មោះថា “ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា”។ ៦ខែក្រោយ​មក ប្រាក់រៀល​ត្រូវបាន​បង្កើត​ឡើងវិញ​និង​ដាក់ចេញ​ឱ្យ​ចរាចរ​សារជាថ្មី​នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បី​ជួយ​សម្រួល​ដល់​ការបើកប្រាក់​បៀវត្ស​រ៍ម​ន្ត្រី​រាជការ ការទិញ​ទំនិញ និង​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការផ្តល់​ឥណទាន​សម្រាប់​ការដាំដុះ​និង​ស្តារ​ដីស្រែ​ចំការ សិប្បកម្ម នេសាទ ចំការកៅស៊ូ ឈើ ។ល។

ក្នុង​រយៈពេល២ទសវត្សរ៍​បន្ទាប់ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ដំណើរការ​ផ្លាស់ប្តូរ​និង​ដំណាក់កាល​អភិវឌ្ឍន៍​ជាច្រើន​ក្នុង​ដំណើរ​ឆ្ពោះ​ទៅធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​និង​ស្តារ​ប្រទេសជាតិ​ឡើងវិញ។ នៅ​ទីបំផុត កម្ពុជា​បានចាប់ផ្តើម​ធ្វើ​ឯកជន​ភាវូបនីយកម្ម ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្ដូរ​ឈ្មោះ​និង​មុខងារ​មក​ឈ្មោះ​និង​មុខងារ​ដើម​វិញ ដោយ​បោះបង់​ជា​បន្តបន្ទាប់​នូវ​តួនាទី​ជា​រតនាគារជាតិ​និង​ធនាគារពាណិជ្ជ ដោយ​អនុវត្ត​តួនាទី​សំខាន់​របស់ខ្លួន​ជា​អាជ្ញាធរ​រូបិយវត្ថុ​របស់​ប្រទេស។

ដុល្លា​រូបនីយកម្ម
ជា​បន្តទៀត ការតាំង​បង្ហាញ​បាន​ឈាន​មកដល់​ឆ្នាំ១៩៩២ និង​ការ​ចូលមក​នៃ​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (អ៊ុនតាក់)។ សារមន្ទីរ​បាន​ចងក្រង​នូវ​អត្ថបទ​អមដោយ​រូបថត​ដ៏​អស្ចារ្យ​មួយ​ដែល​បង្ហាញ​ពី​សន្តិភាព​និង​ស្ថិរភាព​ក្នុង​ព្រះរាជា​ណាចក្រ​​កម្ពុជា។ ក៏ប៉ុន្តែ​ទន្ទឹម​នោះ​ប្រាក់​ដុល្លារ​អាមេរិក​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បាន​ហូរ​ចូលមក ដែល​បាន​ផ្លាស់ប្តូរ​ប្រទេសជាតិ​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​វប្បធម៌។

ក្រុម​អ្នកស្រាវជ្រាវ​បាន​វាយតម្លៃថា ចាប់ពី​ឆ្នាំ១៩៩១ ដល់​ឆ្នាំ១៩៩២ សាច់ប្រាក់​ប្រមាណ២ពាន់​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ចំណាយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្មើនឹង​ប្រមាណ៧៥ភាគរយ​នៃ​ផ.ស.ស. ដែល​បាន​បង្កើតជា​សេដ្ឋកិច្ច​ដុល្លា​រូបនីយកម្ម។ ចាប់តាំងពី​ពេលនោះ​មក មានការ​ពិភាក្សា​ជា​បន្តបន្ទាប់​អំពី​ការធ្វើ​បដិដុល្លារូបនីយកម្ម ក៏ប៉ុន្តែ​ធនាគារជាតិ​នៃ​កម្ពុជា​យល់ថា​ការធ្វើ​បដិដុល្លារូបនីយកម្មភ្លាមៗមិនមែនជា​ការសម្រេច​ចិត្ត​សេដ្ឋកិច្ច​ដោយ​ប្រុងប្រយ័ត្ន​នោះទេ ដោយសារតែ​អាចមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​កំណើន។

ធ្វើ​ទំនើបកម្ម​រូបិយវត្ថុ
ក្នុង​រយៈពេល៤០ឆ្នាំ​ចាប់តាំងពី​ក្រដាស​ប្រាក់រៀល​ត្រូវបាន​បោះពុម្ព រូបិយវត្ថុ​ជាតិ​របស់​កម្ពុជា​ពិតជា​បាន​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន ហើយ​ចុងក្រោយ​មានតម្លៃ​ចារឹក​ពី ៥០ ដល់ ១០០.០០០ រៀល។

សារមន្ទីរ​ក៏បាន​ដំឡើង​ម៉ាស៊ីន​កម្ម​រស្មី​ពិសេស​ដែល​លោកអ្នក​អាច​សាកល្បង​ជាមួយ​ក្រដាសប្រាក់​ផ្ទាល់ខ្លួន​និង​ឃើញ​វិធានការ​សុវត្ថិភាព​ទាំង៣៧ដែល​ត្រូវបាន​បង្កប់​នៅក្នុង​ក្រដាសប្រាក់​នេះ។ វិធានការ​ទាំងនេះ​រួមមាន រូប​បណ្ដុះ ស្នាម​ពិសេស ឆ្នូត​ពន្លឺ​ប្រែប្រួល ស្នាម​បង្កប់ និង​ស្នាម​ដែល​អាច​ស្ទាប​ដឹង​សម្រាប់​ជនពិការភ្នែក។ លក្ខណៈពិសេស​មួយចំនួន​អាច​ត្រូវ​បានបង្ហាញ​តែ​នៅក្នុង​ម៉ាស៊ីន​នេះ​ប៉ុណ្ណោះ។
ជាទី​បញ្ចប់ ការតាំងពិព័រណ៍​នេះ​ក៏មាន​ម៉ាស៊ីន​ថតរូប​សម្រាប់​ថ​ត​រូបលោក​អ្នក​និង​មិត្តភក្តិ​ដាក់​លើ​រូបិយវត្ថុ​សារមន្ទីរ ស.ស.រ. ហើយ​លោកអ្នក​អាច​ផ្ដិត​យកបាន​នៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​របស់​សារមន្ទីរ​ដែល​ពោរពេញ​ដោយ​វត្ថុ​អនុស្សាវរីយ៍។

សារមន្ទីរ ស.ស.រ. បើក​បម្រើ​សាធារណជន​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃអាទិត្យ​វេលា​ម៉ោង៩ព្រឹក​ដល់៦ល្ងាច ដោយ​សំបុត្រ​សម្រាប់​សិស្ស-និស្សិត​មានតម្លៃ ២០០០ រៀល, ពលរដ្ឋ​ខ្មែរ​ទូទៅ ៤០០០ រៀល, និង​ជនបរទេស ២ម៉ឺន​រៀល។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.sosoro-nbcmuseum.org.kh ។

Related Posts

Previous Article

ការស្ទង់មតិ​សាធារណ​ជន៖ ការអង្កេត​នៅតាម​បណ្តា​ខេត្ត​កម្ពុជា​ស្តីពី​ប្រាក់រៀល

Next Article

ដៃគូ​ផ្ដល់​សេវា​ទូទាត់​អេឡិចត្រូនិក​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​បង្កើន​ចរាចរណ៍​ប្រាក់រៀល