ana-air canadia-bank Silk-air nissan acleda cab-bank

ដៃគូ​ផ្ដល់​សេវា​ទូទាត់​អេឡិចត្រូនិក​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​បង្កើន​ចរាចរណ៍​ប្រាក់រៀល

Khmer Times No Comments Share:
អតិថិជនកំពុងផ្ទេរប្រាក់តាមរយៈកម្មវិធីធនាគារឌីជីថលដ៏ពេញនិយម។ ខ្មែរថាមស៍/ ស៊ីវ ចាន់ណា

ការកើនឡើង​នូវ​សេវា​ហិរញ្ញវត្ថុ​ដូចជា​សេវា​ធនាគារ​និង​សេវា​ប្រព័ន្ធ​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត​នៅ​ទូទាំងប្រទេស បាន​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​ជំរុញ​ចរាចរ​ណ៍​ប្រាក់រៀល​នៅក្នុង​ប្រទេស។

យោងតាម​របាយការណ៍​ប្រចាំឆ្នាំ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ២០២០ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ថា ចរាចរណ៍​រូបិយវត្ថុ​ជាតិ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ប្រមាណ ៣៣ ភាគរយ (ឆ្នាំ​លើ​ឆ្នាំ) និង​ប្រាក់​បញ្ញើ​ជា​រៀល​បាន​កើនឡើង ៣៧ ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា។

ស្រប​ពេលដែល​ការជំរុញ​ចរាចរណ៍​ប្រាក់រៀល​ក្នុងស្រុក​ត្រូវបាន​ធ្វើឡើង​តាមរយៈ​គោលនយោបាយ​លើកកម្ពស់​ប្រាក់រៀល ក៏មាន​បញ្ហា​មួយទៀត​ដែល​ត្រូវ​ដោះស្រាយ​គឺ​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ទូទាត់​តាម​អេឡិចត្រូនិក​សម្រាប់​ពាណិជ្ជករ​អន្តរជាតិ​ដូចជា Visa និង MasterCard ជាដើម ដែល​អនុញ្ញាតឱ្យ​មានការ​ទូ​ទាត់​ទាំង​ជា​ប្រាក់រៀល​និង​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន UnionPay Cambodia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​សាជីវកម្ម​សេវា​ហិរញ្ញវត្ថុ China UnionPay លើកឡើងថា ក្រុមហ៊ុន​របស់ខ្លួន​ផ្ដល់​សេវា​ទូទាត់​បាន​ទាំង​រូបិយវត្ថុ និង​រូបិយប័ណ្ណ​ដទៃទៀត ដោយសារ​ប័ណ្ណ​របស់​ក្រុមហ៊ុន UnionPay អាច​ចេញ​ជា​រូបិយប័ណ្ណ​មួយ​ឬ​ច្រើន។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​នេះ​បាន​ពន្យល់ថា “ប័ណ្ណ​របស់ UnionPay អាច​ត្រូវបាន​ប្រើប្រាស់​ទូទាំង​ពិភពលោក ក្រោម​បណ្តាញ​សកល​របស់​ប្រព័ន្ធ UnionPay ដែលមាន​វិសាលភាព​ធំ​ទូលាយ គ្របដណ្ដប់​ទៅលើ​ប្រទេស​និង​តំបន់​ចំនួន១៧៨ ដោយ​មិន​ខ្វល់​ថា​ប័ណ្ណ​ប្រើប្រាស់​រូបិយប័ណ្ណ​ណា​ឡើយ។

ទាក់ទង​នឹង​ការលក់ ធនាគារ​ដែល​ទទួលយក​​ការទូទាត់ (ឬ អ្នកលក់) បាន​ព្រមព្រៀង​ជាមួយនឹង​ ​UnionPay ទទួល​ការទូទាត់​បែបនេះ។
គាត់​បាន​បន្ថែមថា “ឧទាហរណ៍ នៅពេល​ទៅ​ប្រទេស​ចិន​ឬ​ម៉ាឡេស៊ី ចំពោះ​ប័ណ្ណ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា​ក្រោម​ទម្រង់​ជា​ប្រាក់​ដុល្លារ​អាមេរិក ក៏​អតិថិជន​នៅតែ​អាច​ប្រើប្រាស់​ប័ណ្ណ UnionPay នេះ នៅក្នុង​ប្រទេស​ទាំងពីរ​សម្រាប់​ការទិញ​ដែរ។ UnionPay នឹង​ដោះស្រាយ​បញ្ហា​លើ​អត្រា​ប្ដូរប្រាក់​យ៉ាង​រលូន។

ខណៈពេលដែល UnionPay បាន​ត្រៀមខ្លួន​រួច​ជា​ស្រ​ច​យ៉ាង​ពេញលេញ ដើម្បីឱ្យ​មានការ​ទូទាត់​ជា​ប្រាក់រៀល​ដោយ​ប្រើប្រាស់​ប័ណ្ណ យើង​ក៏​ធ្វើការ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលជា​អតិថិជន​របស់​ពួកយើង​ផងដែរ។ ក្នុងនោះ រួមមាន​ការវិវត្តន៍​យ៉ាង​លឿន​នៃ​សេវា​ទូទាត់​អេឡិចត្រូនិក។ នៅ​ឆ្នាំ២០១៩ ចំនួន​ប័ណ្ណ​ឥណ​ពន្ធ UnionPay ដែល​ចេញផ្សាយ​នៅ​កម្ពុជា​បាន​កើនឡើង ២០ ភាគរយ ឆ្នាំ​លើ​ឆ្នាំ ស្រប​ពេលដែល​ការទូទាត់​ដោយ​ប្រើ​ប័ណ្ណ​កើនឡើង​រហូតដល់​ជិត ៤០ ភាគរយ ដែលជា​ការបន្ត​កើនឡើង​ខ្លាំង​បន្ត​ពី​ឆ្នាំមុន។

និន្នាការ​កើនឡើង​នេះ គឺ​កាន់តែខ្លាំង​សម្រាប់​ប័ណ្ណ Visa ខេ​ម​បូ​ឌា។ តួលេខ​បាន​បង្ហាញថា​ប្រតិបត្តិការ​ដោយ​ប្រើ​ប័ណ្ណ Visa បាន​កើនឡើង ៩៣ ភាគរយ នៅក្នុង​ត្រីមាស​ទី៤ នៃ​ឆ្នាំ ២០១៩ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន។

កញ្ញា ជុំ ម៉ូ​នី​កា ដែលជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Visa នៅ​កម្ពុជា​បាន​លើកឡើងថា “ យើង​ក៏​កំពុង​មើលឃើញ​ពី​កំណើន​ដ៏​ខ្លាំង​នៃប្រតិបត្តិ​ការចំណាយ​នៅក្រៅ​ស្រុក​ផងដែរ ដែល​នេះ​ហាក់​បង្ហាញថា​ប្រជាជន​កម្ពុជា​បាន​មើលឃើញ​ពី​សារៈសំខាន់​នៃ​តួនាទី​របស់​ការទូទាត់​តាម​អេ​ឡិច​ត្រូនិកក្នុងការ​ធ្វើដំណើរ​របស់​ពួកគេ។

បច្ចុប្បន្ន ប័ណ្ណ​របស់​យើង​ទាំងអស់​គឺជា​ដុល្លារ​អាមេរិក ប៉ុន្តែ​មិនមែន​មានន័យថា​គ្រឹះស្ថាន​ធនាគារ​មិនអាច​សុំ​ប័ណ្ណ​ជា​រៀល​បាន​នោះទេ ព្រោះ Visa អាច​ផ្ដល់​ប័ណ្ណ​នេះ​ជា​រូបិយវត្ថុ​សម្រាប់​ទូទាត់​ប្រា​ក់បាន។ សម្រាប់​អ្នក​កាន់​ប័ណ្ណ​ដែល​ធ្វើដំណើរ​មក​កម្ពុជា ពួកគេ​អាចធ្វើ​ប្រតិ​ប​តិ្ត​ការ​ជា​ប្រាក់រៀល​បាន។

ទោះយ៉ាងណា យោងតាម​លោកស្រី Winnie Wong អ្នកគ្រប់គ្រង​ក្រុមហ៊ុន MasterCard ប្រចាំ ឥណ្ឌូចិន តួលេខ​របស់​ក្រុមហ៊ុន​បាន​បង្ហាញថា ជាង ៩០ ភាគរយ​នៃ​ប្រតិបត្តិការ​ទាំងអស់​នៅក្នុង​ប្រទេស​នៅតែ​ត្រូវបានធ្វើ​ឡើងជា​សាច់ប្រាក់។ បច្ចុប្បន្ន MasterCard កំពុង​រិះរក​វិធី​ផ្លាស់ប្តូរ​ប្រតិបត្តិការ​ជា​សាច់ប្រាក់​ទាំងនោះ ទៅជា​ប្រតិបត្តិការ​ឌីជីថល​ដែល​មិន​ប្រើ​សាច់ប្រាក់ ដោយ​លើកទឹកចិត្ត​អតិថិជន​ឱ្យប្រើ​ការទូទាត់​ឌីជីថល​កាន់តែច្រើន។

លោកស្រី Wong បាន​លើកឡើងថា “ក្រុមហ៊ុន MasterCard យល់ថា ការជំរុញ​ក្នុងការ​ប្រើប្រាស់​ប្រាក់រៀល​គឺជា​អាទិភាព​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា។ MasterCard គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលដៅ​នេះ ក្នុងការ​សម្រេចបាន​នូវ​សេដ្ឋកិច្ច​មួយ​ដែល​ប្រើប្រាស់​ប្រាក់រៀល​យ៉ាង​ពេញលេញ។ ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​យ៉ាង​ខ្ជាប់ខ្ជួន​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​បាតុភូត​ដ៏​ស្មុគស្មាញ​មួយ​ដែល​ហួស​ពី​ការ​ការទូទាត់​បែប​ឌីជីថល។

លោកស្រី​បាន​បន្ថែមថា “ក្នុង​ការផ្តល់សេវា​សម្រាប់​ដំណើរការ​ការទូទាត់ យើង​ធ្វើការ​ដោយផ្ទាល់​ជាមួយ​គ្រឹះស្ថាន​ដែលជា​អតិថិជន​របស់​យើង។ គ្រឹះស្ថាន​ដែល​ធ្វើការ​ទូទាត់​និង​ទទួល​ការទូទាត់​ទាំងនេះ​ភាគច្រើន​ជា​ធនាគារ។ យើង​មិនមាន​ទំនាក់​ទំនងជា​កិច្ចសន្យា​ជាមួយ​អ្នក​កាន់​ប័ណ្ណ​ឬ​អ្នកលក់​ឡើយ។

នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជំរុញ​ការប្រើប្រាស់​ការទូទាត់​ឌីជីថល MasterCard បានដាក់​ឱ្យប្រើ​ប្រាស់​ការ​ទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា​មិន​ប៉ះ​ផ្ទាល់ (contactless payments)។

លោកស្រី​ក៏បាន​លើកឡើងថា “ការប្រើ​កាត​ឬ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​គឺ​គ្រាន់តែ​ជា​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស​ជាច្រើន​ដទៃទៀត​នៃ​ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា​មិន​ប៉ះ​ផ្ទាល់ ដែល​កំពុង​កាន់តែ​ពេញនិយម​ក្នុងចំណោមក្មេងៗជំនាន់​ក្រោយ” ។

លោកស្រី​គូសបញ្ជាក់ថា MasterCard ប្តេជ្ញា​​ ពន្លឿ​ន​ការព្រម​ទទួលយក​ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា​មិន​ប៉ះ​ផ្ទាល់​ក្នុងប្រទេស។

សកម្មភាព​នេះ​នឹង​នាំឱ្យមាន​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​និង​លទ្ធភាព​របស់​ប្រទេស​ក្នុង​ដំណើរការ​ប្រតិបត្តិការ​ទូទាត់។

ឧទាហរណ៍ Wing អនុញ្ញាតឱ្យ​ទូទាត់​តាមរយៈ​ប័ណ្ណ​របស់ខ្លួន​ទាំង​ជា​ប្រាក់រៀល​និង​ដុល្លារ​អាមេរិក។ សម្រាប់​ប្រតិបត្តិការ​អន្តរជាតិ អត្រា​ប្តូរប្រាក់​ទីផ្សារ​ត្រូវបាន​អនុវត្ត។ នៅ​ទីក្រុង​មួយចំនួន​ដូចជា​រាជធានី​ភ្នំពេញ ប្រតិបត្តិការ​ភាគច្រើន​ជា​ប្រាក់​ដុល្លារ​អាមេរិក​ពីព្រោះ​ប្រាក់​ដុល្លារ​អាមេរិក​ជា​រូបិយប័ណ្ណ​ដែល​គេ​ប្រើប្រាស់​ច្រើន។

រហូតមកដល់​បច្ចុប្បន្ន ទីផ្សារ​ប័ណ្ណ​ទូទាត់​របស់​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​ចរាចរ​ប្រាក់រៀល ហើយ​នៅពេលដែល​អ្នកវិនិយោគ​អន្តរជាតិ​ចូលរួម​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឱ្យ​កាន់តែ​ទំនើប​នោះ​ ប្រជាជន​កម្ពុជា​អាច​បន្តធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព​និង​ងាយស្រួល៕

Related Posts

Previous Article

ដំណើរ​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​វែងឆ្ងាយ​និង​សម្បូរបែប​នៃ​រូបិយវត្ថុ​កម្ពុជា នៅ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ព្រះ​ស្រី​ឦសាន​វរ្ម័ន ដែល​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ

Next Article

JICA សម្លឹងមើល​រយៈពេល​វែង និង​ការធ្វើ​បដិដុល្លារូបនីយកម្ម​នៅ​កម្ពុជា