ana-air canadia-bank Silk-air nissan acleda cab-bank

JICA សម្លឹងមើល​រយៈពេល​វែង និង​ការធ្វើ​បដិដុល្លារូបនីយកម្ម​នៅ​កម្ពុជា

Khmer Times No Comments Share:
ការប្តូរប្រាក់ក្នុងស្រុកដែលប្តូរប្រាក់ដុល្លារអាមេរិកជាប្រាក់រៀល។ ខ្មែរថាមស៍/ ជរ សុគន្ធា

ការលុបបំបាត់​សេវា​ធនាគារ និង​រូបិយវត្ថុ​ជាតិ​ក្នុង​របប​ខ្មែរក្រហម​រវាង​ឆ្នាំ១៩៧៥ និង ១៩៧៩ បាន​បណ្តាលឱ្យ​ប្រាក់រៀល​អវត្តមាន​ពី​សេដ្ឋកិច្ចកម្ពុជា។ នៅ​ឆ្នាំ១៩៩២ រូបិយប័ណ្ណ​បរទេស​បាន​ហូរ​ចូលមក​ប្រទេស​កម្ពុជា តាមរយៈ​អាជ្ញាធរ​បណ្តោះអាសន្ន​រប​ស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (អ៊ុនតាក់) នៅពេលដែល​កង​រក្សា​សន្តិភាព​បាន​នាំមក​នូវ​ប្រាក់​ដុល្លា​អាមេរិក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក​ក្នុងប្រទេស សម្រាប់​ការចំណាយ ជាពិសេស​ទៅលើ​បៀវត្សរ៍។

ខណៈ​ពេលដែល​ប្រទេស​កម្ពុជា​មិនទាន់​អនុម័ត​គោលនយោបាយ​ថ្នាក់ជាតិ​ចំពោះ​បញ្ហា​ដុល្លា​រូបនីយកម្ម​ជា​ផ្លូវការ ផលប៉ះពាល់​នៃ​ព្រឹត្តិការណ៍ធំៗទាំងពីរ​នេះ បូករួម​នឹង​តម្រូវការ​វិនិយោគ​បរទេស​ក្នុង​ការកសាង​ប្រទេស​ឡើងវិញ នា​ប្រមាណ​ពីរ​ទសវត្សរ៍​ក្រោយនេះ ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេសមួយ ដែលមាន​អត្រា​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​បរទេស​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក។ យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ប្រទេស​កម្ពុ​ជាមាន​រូបិយ​វត្ថុ​ទូទៅ​ចំនួន ៨៣% ជា​ដុល្លា​អាមេរិក គិត​ត្រឹម​ចុងឆ្នាំ២០១៩។

អត្ថប្រយោជន៍​នៃ​សេដ្ឋកិច្ច​ដុល្លា​រូបនីយកម្ម​មិន​ផ្លូវការ បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​ចុង​ក្រោយនេះ គ្របដណ្ដប់​ដោយ​ដុល្លា​រូបនីយកម្ម​យ៉ាងច្រើន​នៅក្នុង​ទីប្រជុំជនធំៗជាច្រើន ដូចជា​នៅ​រាជធានី​ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ និង​ក្រុង​បាត់ដំបង។

លោក Yuji Shinohara អ្នកនាំពាក្យ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បាន​យល់ស្រប​នឹង​អត្ថប្រយោជន៍​នៃ​ដុល្លា​រូបនីយកម្ម ប៉ុន្តែ​ក៏បាន​លើកឡើង​ពី​ភាពអវិជ្ជមាន​ផងដែរ។

លោក Shinohara បាន​លើកឡើងថា “ដុល្លា​រូបនីយកម្ម​ពិតជា​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដែល​បាន​បង្កឱ្យមាន​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​បរទេស និង​អត្រា​អតិផរណា​ស្ថិតក្នុង​កម្រិត​ទាប​ដែល​អាច​គ្រប់គ្រង​បាន។ ទោះយ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា​ងាយ​រងគ្រោះ​នឹង​សម្ពាធ​ហិរញ្ញវត្ថុ​ពី​ខាងក្រៅ ដោយសារតែ​ធនាគារកណ្តាល មិនអាច​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​បាន​ពេញលេញ ព្រោះ​ធនាគារជាតិ​នៃ​កម្ពុជា​មិនអាច​បោះពុម្ព​ប្រាក់​ដុល្លារ​អាមេរិក​បានទេ”

JICA បាននិងកំពុង​សម្លឹង​មើល​ផែនការ​រយៈពេល​វែង​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ដែល​បាន​បន្ត​ការរីកចម្រើន​និង​មាន​ភាពចាស់ទុំ។ ផែនការ​នេះ​បាន​បង្ហាញថា កម្ពុជា​គួរ​មាន​គោលនយោបាយ​នានា​សម្រាប់​កាត់បន្ថយ​ដុល្លា​រូបនីយកម្ម ដើម្បីឱ្យ​ធនាគារកណ្តាល​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​គោលនយោបាយ​រូ​បិ​វត្ថុ សំដៅ​គាំទ្រ​កំណើនសេដ្ឋកិច្ច។

លោក Shinohara បាន​បន្តទៀតថា “រដ្ឋាភិបាល​កម្ពុជា​អាច​ប្រឈមមុខ​នឹង​គោលនយោបាយ​រឹតត្បិត​យ៉ាងខ្លាំង នៅពេលដែល​សេដ្ឋកិច្ច​រីកចម្រើន ប្រសិនបើ​គោលនយោបាយ​ក្នុងការ​កាត់បន្ថយ​ដុល្លា​រូបនីយកម្ម​មិនត្រូវ​បាន​អនុវត្ត​ឱ្យបានឆាប់ៗនោះទេ”

លោក​បាន​បន្ថែមទៀតថា “បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជា​នៅមាន​ទំហំ​តូច​នៅឡើយ ប៉ុន្តែ​នៅពេលដែល​សេដ្ឋកិច្ច​កាន់តែ​មាន​ទំហំ​ធំ នឹងធ្វើ​ឱ្យមាន​ការប្តូរ​ពី​ប្រាក់​ដុល្លារ​អាមេរិក មកជា​ប្រាក់រៀល​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ។

លទ្ធផល​នៃ​ការអង្កេត​ចំនួន​ពីរ​ដែល​បាន​ធ្វើឡើង​ដោយ JICA ក្រោម​កិច្ចសហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ឆ្នាំ២០១៤ និង ២០១៧ ដើម្បី​ស្វែងយល់​ពី​ឥរិយាបទ និង​ហេតុផល​នៃ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក ដោយ​អង្គភាព​គ្រួសារ សហគ្រាស និង​ស្ថាប័នហិរញ្ញវត្ថុ បាន​បង្ហាញថា​ដុល្លា​រូបនីយកម្ម​ភាគច្រើន​កើតឡើង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​នៅតាម​ទីក្រុង។ ចំណែកឯ ប្រាក់រៀល​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​ដោយ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​នៅ​តំបន់​ជនបទ។

ផ្អែកលើ​ការរកឃើញ​ទាំងនេះ JICA ជឿជាក់ថា ការលើកកម្ពស់​ការប្រើ​ប្រាស់​ប្រាក់រៀល​គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែកលើ​យន្តការ​ទីផ្សារ និង​តាមរយៈ​ការកែលម្អ​ប្រព័ន្ធ​ទូទាត់​ក្នុងស្រុក​ក៏ដូចជា​គោលនយោបាយ​រូបិយវត្ថុ​និង​អត្រា​ប្តូរប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព។

គោលនយោបាយ​ទាំងនេះ​ត្រូវបាន​ប្រទេសជិតខាង​កម្ពុជា​អនុវត្ត​រួចហើយ ដូចជា​ប្រទេស​ឡាវ ដែល​បាន​ជួបប្រទះ​នឹង​ការកើនឡើង​នៃ​ដុល្លា​រូបនីយកម្ម​ខ្ពស់​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី។ យោងតាម​អ្នកតំណាង​ធនាគារកណ្តាល​របស់​ប្រទេស​ឡាវ បានឱ្យដឹងថា ប្រទេស​នេះ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ក្នុង​ការធ្វើ​បដិដុល្លារូបនីយកម្ម​ដោយ​ការកែលម្អ​ប្រព័ន្ធ​ទូទាត់​ក្នុងស្រុក ការកែតម្រូវ​ទុនបម្រុង​ជា​រូបិយប័ណ្ណ​បរទេស និង​ការអនុវត្ត​គោលនយោបាយ​អត្រា​ប្តូរប្រាក់។

លោក Shinohara បាន​បន្តថា “ក្នុងពេលដែល​ប្រទេស​ជាច្រើន​អាច​នឹងមាន​ការលំបាក ក្នុងការ​អនុវត្ត​គោលនយោបាយ​បដិដុល្លារូបនីយកម្ម និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច ប្រទេស​កម្ពុជា​អាចធ្វើ​ទៅបាន ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​អាច​គ្រប់គ្រង​បំណុល​សាធារណៈ​បាន​យ៉ាង​ល្អ ដូច្នេះហើយ អាច​ទប់​ទល់នឹង​ការប៉ះទង្គិច​និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​បាន​ប្រសើរ។

លោក​ក៏​បន្តទៀតថា “គោលនយោបាយ​បែបនេះ​អាច​ផ្ទុយ​នឹង​គោលដៅ​ក្នុងការ​រក្សា​បំណុល​របស់​រដ្ឋាភិបាល​ឱ្យមាន​កម្រិត​ទាប ប៉ុន្តែ​ពេលនេះ​គឺជា​ពេលវេលា​ដែល​ប្រទេស​នេះ​ត្រូវ​ហ៊ាន​ទទួលយក​ហានិភ័យ និង​ពង្រីក​កម្រិត​បំណុល​បច្ចុប្បន្ន​របស់ខ្លួន​សម្រាប់​ផលប្រយោជន៍​រយៈពេល​វែង​នៃ​សេដ្ឋកិច្ច”។

ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងដំណាក់កាល​អន្តរកាល​នេះ ហើយនឹង​ត្រូវ​ផ្តល់យោបល់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រក្សា​ភាពបត់បែន​នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​ណាមួយ​នាពេល​អនាគត។

លោក​បាន​មានប្រសាសន៍ថា “តួនាទី​របស់​អ្នករៀបចំ​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា គឺ​រក្សា​ភាពបត់បែន​នៃ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​រក្សា​ភាពស្ងប់ស្ងាត់​សាធារណៈ​ចំពោះ​ឧបសគ្គ​ដែល​ជៀស​មិន​រួច​ដែល​អាច​កើតឡើង​ពី​ការផ្លាស់ប្តូរ​ចេញពី​សេដ្ឋកិច្ច​ដុល្លា​រូបនីយកម្ម”

សរុបសេចក្ដី​មក JICA ជឿជាក់ថា​នៅពេលដែល​មានការ​ផ្លាស់​ប្តូរ​ចេញពី​ប្រទេស​ដុល្លា​រូបនីយកម្ម​ឆ្ពោះទៅរក​ការប្រើប្រាស់​ប្រាក់រៀល​វិញ កម្ពុជា​អាចនឹងទទួល​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​សំឡឹងមើល​នៅពេល​អនាគត​និង​ឆ្ពោះទៅរក​ផែនការ​បដិដុល្លារូបនីយកម្ម​រយៈពេល​វែង​នឹង​បង្ហាញ​ពី​ការសម្រេចចិត្ត​ដ៏​សំខាន់​មួយ ដើម្បី​ធានាថា​ប្រទេស​កម្ពុជា​អាច​រក្សាបាន​នូវ​ការគ្រប់គ្រង​និង​ស្ថិរភាព​រយៈពេល​វែង​លើ​ជោគវាសនា​សេដ្ឋកិច្ច​របស់ខ្លួន៕

Related Posts

Previous Article

ដៃគូ​ផ្ដល់​សេវា​ទូទាត់​អេឡិចត្រូនិក​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​បង្កើន​ចរាចរណ៍​ប្រាក់រៀល

Next Article

កម្ពុជា​ផ្អាក​ដំណើរ​ការចូល​ទស្សនា​សា​រ​មន្ទីរ​រដ្ឋ និង​ឯកជន​ទូទាំងប្រទេស​