ana-air canadia-bank Silk-air nissan acleda cab-bank

ការងារ​ប្រមាណ ​៨ ​ម៉ឺន​​អាច​នឹង​បាត់បង់ក្រោយពី​បិទ​ក្លឹប​កំសាន្ត​ និង​រោងកុន

ប៉ិច សុធា​រី​ / Khmer Times No Comments Share:
ស្រ្ដីបំរើការ​ក្នុង​ក្លិប​ ការាអូខេ​ កំពុង​អង្គុយ​ចាំទទួល​ភ្ញៀវ​ជាមួយ​មិត្តភក្ដិ​របស់​នាងនៅ​ពី​មុខហាង​ដែល​នាង​ធ្វើការ​។ រូបថត​ សហការី

​ភ្នំពេញ​៖ សហព័ន្ធ​សហជីព​មួយចំនួន បានស្នើ​ដល់​រាជរដ្ឋាភិបាល​ផ្តល់​ជា​កញ្ចប់​ថវិកា​ក្នុង​កម្រិត​ណាមួយ និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ដោះស្រាយ​តម្រូវការ​ជា​មូលដ្ឋាន​មួយចំនួន​របស់​កម្មក​រ​និយោជិត​ដែល​ធ្វើការ​ក្នុង​គ្រឹះស្ថាន ​KTV និង​រោងភាពយន្ត ក្នុងកំឡុងពេល​រាជរដ្ឋាភិបាល​ប្រកា​សបិទ​KTV និង​រោងភាពយន្ត​ដើម្បី​ការពារ​ការឆ្លង​វីរុស​កូ​វីត​-១៩​។

កាលពី​ថ្ងៃ​អង្គារ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​បិទ KTV ក្លឹប​កម្សាន្ត និង​រោងភាពយន្ត នៅ​ទូទាំងប្រទេស ខណៈដែល​ស្ថានភាព​ជំងឺ​កូ​វីត​​-១៩ បាននិងកំពុង​រីក​រា​ល​ដាល​ជាស​កល​។ ការប្រកាស​ឲ្យ​បិទ នេះ គឺ​ចាប់ផ្តើម​ពីថ្ងៃ​អង្គារ​ម្សិលមិញ រហូត​ដល់ពេល​ជំងឺ​កូ​វីដ-​១៩​ បាន​ធូរស្រាល​ឡើងវិញ​។​

​លោកស្រី អ៊ូ ទេព​ផល្លី​ន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា សហព័ន្ធ​នេះ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល ក្នុងការ​ប្រកា​សបិទ KTV ក្លឹប​កម្សាន្ត និង​រោងភាពយន្ត ដែល​នេះ​ជា​វិធាន​ការល្អ​មួយ​ក្នុងការ​បញ្ចៀស​ការឆ្លង​ជំងឺ​កូ​វីដ-​១៩​ នេះ​ទៅដល់​កម្មករនិយោជិត និង​អាចជួយ​ឲ្យ​កម្ពុជា ការពារ​បាន​ពី​ការ​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ តែ​យ៉ាងណា លោកស្រី​បន្តថា ស្ថានភាព​នេះ ក៏បាន​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ KTV ក្លឹប​កម្សាន្ត និង​រោងភាពយន្ត ដែលមាន​ប្រមាណ ៨ ​ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស ដែល​ភាគច្រើន​ជា​ស្ត្រី​។

​លោកស្រី​បាន​និយាយថា​៖ «​រាជរដ្ឋាភិបាល​បាន​ផ្តោត​តែ​លើ​ការការពារ​វីរុស​នេះ តែ​ហាក់​មិនបាន​គិតគូរ​ពី​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ដូចជា​ការហូបចុក​ប្រចាំថ្ងៃ និង​កន្លែង​ស្នាក់នៅ ដែល​កម្មករនិយោជិត​ខ្លះ​បាន​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ជាដើម ហើយ​ក្នុងការ​ប្រកាស​របស់​រា​ជ​រដ្ឋាភិបាល ក៏​មិនបាន​និយាយ​ពី​កាតព្វកិច្ច​របស់​និយោជក​ក្នុងការ​បើកប្រាក់​ឈ្នួល ឬក៏​អ្នកណា​មាន​កាតព្វកិច្ច​បើកប្រាក់​ឈ្នួល​ដល់​ពួកគាត់​ទេ ដូច្នេះ​ពួកគាត់​បាន​ប្រាក់​ឯណា​មក​ទិញ​អាហារ​ទទួលទាន​និង​បង់ថ្លៃ​ផ្ទះ​ទៅ​»​។​

​លោកស្រី​ផល្លី​ន ក៏បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល គាំទ្រ​លើ​ការព្យាបាល​ក្នុងករណី​ដែល​កម្មករនិយោជិត ឬ​សមាជិកគ្រួសារ​របស់​ពួកគាត់​មាន​ជំងឺ ខណៈដែល​កម្មករនិយោជិត​ក្នុង​វិស័យនេះ​មិនទាន់បាន​ចុះបញ្ជី​ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៅឡើយ​។ លោកស្រី​បន្ថែមថា​៖ «​សហព័ន្ធ​ក៏​ស្នើ​ឲ្យ​មានការ​ពិនិត្យមើល​លើករ​ពន្យា​ពេល​សងបំណុល​ទៅ​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​ក្នុងអំឡុង​ពេលនេះ​ផងដែរ​»​។​

​លោក​ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ បាន​មានប្រសាសន៍ថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ បាន​តម្រូវ​ឲ្យ​បុគ្គលិក​និយោជិត​បម្រើការ​ងារ​នៅ KTV ក្លឹប​កម្សាន្ត និង​តាម​រោងភាពយន្ត​នានា​ចំនួន​រាប់ពាន់នាក់ ត្រូវ​ផ្អាក​ពី​ការងារ​ជា​បណ្តោះអាសន្ន​ដោយ​គ្មាន​ការកំណត់​ពេលវេលា រហូតដល់​ស្ថានភាព​នៃ​ជំងឺ​នេះ​បាន​ធូរស្រាល​។

​លោក​បន្តថា​៖ «​ពិតណាស់ ការផ្អាក​ការងារ​នេះ នឹងធ្វើ​ឲ្យ​កម្មករនិយោជិត​ទាំងអស់​ក្នុង​វិស័យនេះ និង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សេដ្ឋកិច្ច​ក្រុមគ្រួសារ​របស់​ពួកគាត់ ដូច្នេះ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ខ្ញុំ​ស្នើ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជួយឧបត្ថម្ភ​ផ្តល់​ជា​កញ្ចប់​ថវិកា​កម្រិតណា​មួយ​ដល់​កម្មករនិយោជិត ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​ដ​ល់​ពួកគេ​»​។​

​អ្នកនាង ចាន់​សេង ជា​កម្មករនិយោជិត​ប​ម្រើ​ការងារ​ផ្នែក​សេវា​កម្សាន្ត​មួយរូប​នៅ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា រូបគាត់ ក៏ដូចជា​បុគ្គល​ស្ត្រី​ផ្សេងទៀត​ដែល​ធ្វើការ​ផ្នែក​នេះ កំពុង​ប្រឈម​នឹង​ការលំបាក​ជាខ្លាំង ដោយសារ​ការផ្អាក​ការងារ​ដែល​ពុំ​បានដឹង​ពី​ពេល​កំណត់​ដែល​អាច​ចូលធ្វើការ​វិះ​នេះ ជាពិសេស​បញ្ហា​ថ្លៃឈ្នួល​ផ្ទះ និង​គ្មាន​ប្រាក់​ទិញ​អាហារ​ទទួលទាន​។

​អ្នកនាង​ថា​៖ «​ពួក​ខ្ញុំ​ធ្វើការ​ជាង​កន្លះ​ខែ​មកនេះ នៅ​ពុំទាន់​ដឹងថា​ថៅកែ​បើកប្រាក់​ជូន​ថ្ងៃ​ណា​នៅឡើយ ហើយក៏​មិនដឹងថា ពេលណា​ដែល​ជំងឺ​[​កូ​វីដ-​១៩]​នេះ​បាន​ធូរស្រាល​ទៅវិញ​ដែរ ដូច្នេះ​ពួក​ខ្ញុំ​កំពុង​ព្រួយបារម្ភ​ខ្លាំង ព្រោះ​អត់​មាន​លុយ​បង់ថ្លៃ​ផ្ទះ ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​ពិបាក​ទាំង​ការហូបចុក​ទៀត ហើយ​បើ​ឲ្យ​ទៅរក​ការងារ​ផ្សេង​ធ្វើ​ក៏​ពិបាក​ដែរ ព្រោះ​អ្នកខ្លះ​អត់​មានចំណេះដឹង​អ្វី​នឹង​គេ មានតែ​បទពិសោធន៍​ធ្វើការ​ងារ​តាម​ក្លឹប​កម្សាន្ត​ឬក៏​តាម​ហាង ហើយ​ឥលូវ​គេ​ផ្អាក​អស់​ទៀត ដូច្នេះ​មានតែ​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ដល់​ពួក​ខ្ញុំ​ផង​»​។​

​លោក ហេង សួ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជីៈ ពុំ​អាច​សុំ​ការអត្ថាធិប្បាយ​បានទេ​។​

​ចំណែក អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វ៉ាន់ឌី​ន បាន​មានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួង​បាននិងកំពុង​ខិតខំ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ កុំ​ឲ្យ​មានការ​ឆ្លង​រាល​ដាន​បន្ថែមទៀត ដូច្នេះ​នៅ​មិនទាន់មាន​គោលការណ៍​ណាមួយ​ក្នុងការ​ជួយផ្តល់​សេវា​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​ចំពោះ​កម្មករនិយោជិត​លើ​វិស័យនេះ​នៅឡើយ​។ លោកស្រី​ថា​៖ «​ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​មាន​បញ្ហា​សុខភាព និង​មាន​អា​ការៈសង្ស័យ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ ពួកគាត់​អាច​ទៅធ្វើ​តេស្ត​រក​ជំងឺ​នេះ​ដោយ​មិន​គិតថ្លៃ​បាន​»៕

Related Posts

Previous Article

កម្ពុជា​ផ្អាក​ដំណើរ​ការចូល​ទស្សនា​សា​រ​មន្ទីរ​រដ្ឋ និង​ឯកជន​ទូទាំងប្រទេស​

Next Article

ក្រសួង​ឧតុនិយម​ប្រកាស​អោយ​ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​ប្រុងប្រយ័ត្ន​ចំពោះ​រន្ទះ និង​ខ្យល់​កន្ត្រាក់​