ana-air canadia-bank Silk-air nissan acleda cab-bank

ក្រសួង​ឧតុនិយម​ប្រកាស​អោយ​ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​ប្រុងប្រយ័ត្ន​ចំពោះ​រន្ទះ និង​ខ្យល់​កន្ត្រាក់​

​ប៉ិច សុធា​រី​ / Khmer Times No Comments Share:
lightning
រូបថត​ សហការី

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រ​ន្ទៈ និង​ខ្យល់​កន្ត្រាក់ ជាពិសេស​នៅតាម​បណ្តា​ខេត្ត​ចំនួន​៦​នៃ​ភាគ​ពាយ័ព្យ​ប្រទេស ខណៈ​របាយការណ៍​បង្ហា​ញ​ថា ជាង​២​ខែ​ដើម​ឆ្នាំនេះ មាន​មនុស្សម្នា​ក់បាន​ស្លាប់ និង​ផ្ទះ​ជាង​ ៦០ ​ខ្នង បាន​រង​នូវ​ការខូចខាត​ដោយសារ​បាតុភូតធម្មជាតិ​នេះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​កាលពី​ថ្ងៃ​អង្គា​រថា កម្រិត​សម្ពាធ​ទាប​នៅលើ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈកម្ពស់​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា ដែល​ស្ថានភាព​នេះ​នឹងធ្វើ​ឲ្យ​អាកាសធាតុ​បន្ត​ក្តៅ​នៅពេល​ថ្ងៃ ក្នុងនោះ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​នឹងមាន​សីតុណ្ហភាព​អប្បបរមា​ចន្លោះ​ពី​ ២៦ ​ទៅ ​២៧ ​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី ៣៧ ​ទៅ​ ៣៩ ​អង្សា​សេ ខណៈ​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពស់​រាប​ឥសាន និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ អាចមាន​សីតុណ្ហភាព​អប្បបរមា​ពី​ ២៦ ​ទៅ​ ២៨ ​អង្សា​សេ និង​អតិបរមា​ពី ៣៤ ​ទៅ ​៣៧​អង្សា​សេ​។​
​ជាមួយគ្នានេះ ផ្នែក​ខ្លះ​នៃ​ខេត្ត​មួយចំនួន ​៦ រួមមាន ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និង​ព្រះវិហារ នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ជាមួយនឹង​ផ្គរ រ​ន្ទៈ និង​ខ្យល់​កន្ត្រាក់​។

​ក្រសួង​បាន​បន្តថា​៖ «​សូម​ថែរក្សា​សុខភាព​ចំពោះ​ការកើនឡើង​នៃ​កម្តៅ និង​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រ​ន្ទៈ និង​ខ្យល់​កន្ត្រាក់ ជាពិសេស​នៅតាម​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ​២១ ​ខែ​មិនា​»​។​

​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​មានប្រសាសន៍ថា បាតុភូត​ផ្គរ រ​ន្ទៈ និង​ខ្យល់​កន្ត្រាក់ តែងតែ​កើតឡើង​នៅពេល​មេឃ​រកកល់ភ្លៀង​កក់ខែ ហើយ​ខែមីនា​នេះ មាន​ភ្លៀង​កក់ខែ​ជា​បន្តបន្ទាប់ ជាពិសេស​នៅតាម​តំបន់​ទំនាក់​កណ្តាល​ភាគ​ពាយ័ព្យ តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពស់​រាប​ភាគ​ខាងជើង​។ លោក​ថា​៖ «​កន្លងមក ខ្យល់​កន្ត្រាក់​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សាលារៀន ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ខេត្តព្រៃវែង បន្ទាយមានជ័យ និង​បាត់ដំបង​ជាដើម​»​។​

​លោក​កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ថ្លែងថា នៅ​ដើម​ឆ្នាំនេះ បាតុភូត​ផ្គរ រ​ន្ទៈ និង​ខ្យល់​កន្ត្រាក់ បាន​កើតមាន​ចំនួន ១៧​ លើក នៅក្នុង​ខេត្តតាកែវ កំពង់ស្ពឺ ព្រៃវែង មណ្ឌលគិរី កំពង់ចាម កំពង់ធំ បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង សៀមរាប និង​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​មានផ្ទះ​ដួល​រំលំ​ទាំងស្រុង​ចំនួន​៣​ខ្នង​, ផ្ទះ​ប៉ើង​ដំបូល​ចំនួន ៦០ ​ខ្នង​, របើក​ដំបូល​ទីស្នាក់ការ​ឃុំ​មួយ​ខ្នង និង​អាគារ​សិក្សា​មួយ​ខ្នង និង​ប៉ើង​រលំ​រោង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ខ្នង​។ លោក​ថា​៖ «​បាតុភូតធម្មជាតិ​នេះ ក៏បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ដោយសារ​រ​ន្ទៈ​បាញ់​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ប៉ុន្តែ​ពុំមាន​អ្នករងរបួស​នោះទេ​»​។​

​លោក​កែវ វី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ត្រៀម​បង្ការ​ជាមុន ចំពោះ​បាតុភូតធម្មជាតិ​នេះ ខណៈដែល​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រួម​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះ​ផ្សព្វផ្សាយ​បន្ថែម និង​ត្រៀមលក្ខណៈ​ក្នុង​ការជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។

​លោក​ថា​៖ «​ក្នុង​រយៈពេល​ដើមឆ្នាំ​នេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏បាន​ចុះ​ពិនិត្យ និង​ត្រៀម​បង្ការ​គ្រោះធម្មជាតិ​នានា​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ជុំវិញ​បឹង​ទន្លេសាប ដង​ទន្លេមេគង្គ និង​នៅតាម​បណ្តា​ខេត្ត​តំបន់​មាត់សមុទ្រ​ផងដែរ ដើម្បី​រំលឹក​ដាក់​តឿន​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នូវ​គ្រោះមហន្តរាយ​នានា ពាក់ព័ន្ធ​នឹង​ការកើនឡើង​កម្តៅ​នៅ​រដូវប្រាំង ការខ្វះខាត​ទឹក និង​បាតុភូត​ខ្យល់​កន្ត្រាក់​ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ​»៕

Related Posts

Previous Article

ការងារ​ប្រមាណ ​៨ ​ម៉ឺន​​អាច​នឹង​បាត់បង់ក្រោយពី​បិទ​ក្លឹប​កំសាន្ត​ និង​រោងកុន

Next Article

អាជ្ញាធរ​អប្បរា​រឹត​បន្ដឹង​សំណើ​ពលរដ្ឋ​សុំ​ជួស​ជុល​លំនៅស្ថាន​ក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​