ana-air canadia-bank Silk-air nissan acleda cab-bank

តុលាការ​សម្រេច​ដោះ​លែង​សកម្មជន​ព្រៃ​ឈើ ៤ នាក់​កាល​ពី​ម្សិលមិញ​

ប៉ិច សុធារី / Khmer Times No Comments Share:
លោក អ៊ួច ឡេង និងសកម្មជន​ព្រៃឈើ និង​បរិស្ថាន​ចំនួន​ ៣​នាក់ទៀតត្រូវបាន​ដោះ​លែង​។ សហការី​

​ក្រចេះ​៖ ក្រោយពី​បាន​សាកសួរ​អស់​រយៈពេល​១​ថ្ងៃ​កន្លះ​រួចមក សកម្មជន​ព្រៃឈើ និង​បរិស្ថាន​ចំនួន​ ៤​នាក់ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេ​ត្តក្រចេះ ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​បន្ត​។​

​សកម្មជន​ព្រៃឈើ និង​បរិស្ថាន​ទាំង​៤​រូបនោះ រួមមាន លោក អ៊ួច ឡេង ម្ចាស់​ពាន​រង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize និង​ជា​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា​, លោក ស្រី ថី​, លោក ខេម សុឃី និង​លោក​មេន ម៉ាត់ សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃអាទិត្យ​។ ពួកគេ​ត្រូវបាន​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក (Think Biotech Co.,Ltd) ឃាត់ខ្លួន​សួរនាំ នៅ​ចំណុច​ភូមិ​រមួល ឃុំ​បឹង​ចា និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ កាលពី​ថ្ងៃ​សុក្រ មុននឹង​បញ្ជូន​ខ្លួន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​។

«​ពួកគាត់​ត្រូវបាន​ដោះលែង​ហើយ តែ​មូលហេតុ​យ៉ាងណា​នោះ​ខ្ញុំ​មិនបាន​ដឹង​ទេ ព្រោះ​ករណីនេះ​ខាង​តំណាង​អយ្យការ​ជា​អ្នក​ស​ម្រ​ច​»​។ នេះ​តាម​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តក្រចេះ លោក ទីវ វុ​ធ​ធេ​ន បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ​ថា បន្ទាប់ពី​បញ្ចប់​នីតិវិធី​សាកសួរ​រួច​។ លោក​បន្តថា អ្នក​ទាំង​៤ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ កាលពី​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​។​

​ប៉ុន្ដែ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក កែវ សុជាតិ បាន​បដិសេធ​អត្ថាធិប្បាយ​លើ​ករណីនេះ​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក ខេម សុឃី សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ដែល​ត្រូវបាន​ឃាត់ខ្លួន​និង​សួរនាំ​ជាច្រើន​ថ្ងៃនោះ បាន​មានប្រសាសន៍ថា សាលាដំបូង​ខេត្ត​បាន​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​បាន​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​ផ្អាក​សកម្មភាព​ការងារ​ជា​បណ្តោះអាសន្ន និង​តម្រូវ​ឲ្យ​លោក អ៊ួ​ច ឡេង ចុះបញ្ជី​អង្គការ​ឲ្យ​បាន​ត្រឹមត្រូវ​​នៅ​ក្រសួង​មហាផ្ទៃ មុន​នឹង​បន្ត​សកម្មភាព​ទៀត​។

​លោក​ថា​៖ «​ខាង​សាលា​ដំបូង ពុំបាន​ធ្វើ​ការ​ចោទ​ប្រកាន់​ណា​មួយ​មក​លើ​ពួក​ខ្ញុំ​ទេ ប៉ុន្តែ គេ​ដាក់​ឲ្យ​ពួក​ខ្ញុំ​ទាំង​៤​នាក់​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​បន្ត ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​អង្គការ​អី​ជាដើម ប៉ុន្តែ​ខាង​តំណាង​អយ្យការ​ក៏បាន​ប្រាប់​ដែរ​ថា នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់​ដែល​ប្រើប្រាស់​ហិង្សា​មកលើ​សកម្មជន​យើង​ម្នាក់​ឈ្មោះ មេន ម៉ាត់ ផងដែរ​»​។​

​លោក​ខេម សុឃី បាន​ចាត់​ទុក​ការ​ឃាត់​ខ្លួន​ពួកគាត់​ជាច្រើន​ថ្ងៃ​ពី​សំណាក់​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក រហូត​ដល់​មានការ​បញ្ជូន​ខ្លួន​ទៅ​សមត្ថកិច្ច និង​សាលាដំបូង​ខេត្ត​នេះ គឺជា​រឿង​អយុត្តិធម៌ និង​ជាការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ពួកគាត់​ក្នុងនាម​ជា​អ្នកការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​។​

​លោក​ថា​៖ «​កាលដែល​ពួក​ខ្ញុំ​ទៅកាន់​តំបន់​នោះ គឺ​ក្នុង​គោលបំណង​ដើរល្បាត​ព្រៃ​ឡង់​ដែល​បាន​រង​នូវ​ការកាប់បំផ្លាញ​ព្រៃឈើ ហើយ​ក៏បាន​វង្វេង​ដើរ​ចូលទៅ​ក្បែរ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ហើយ​ពេលនោះ​ក៏​ស្រាប់តែ​ក្រុម​សន្តិសុខ​ជាច្រើន​នាក់​បានមក​ចាប់​ពួក​ខ្ញុំ និង​ប្រើ​ហិង្សា​លើ​សមាជិក​យើង​ម្នាក់​តែម្តង​»​។

​តំណាង​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ពុំ​អាច​សុំ​ការអត្ថាធិប្បាយ​បានទេ​។​

​លោក​ទឹម ម៉ាឡៃ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា ដែល​ឃ្លាំមើល​ករណីនេះ បាន​មានប្រសាសន៍ថា ការសម្រេច​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ដែល​ផ្អាក​សកម្មភាព​ការងារ​របស់​សកម្មជន​ព្រៃឈើ​និង​បរិស្ថាន​ទាំង​៤​រូបនេះ ជា​បណ្តោះអាសន្ន និង​ឲ្យ​ទៅ​បំពេញបែបបទ​ពី​ការចុះបញ្ជី​អង្គការ​នោះ ជា​រឿង​មិន​ត្រឹមត្រូវ​។ លោក​ថា​៖ «​ការចាប់ខ្លួន​ពួកគាត់ និង​បន្ត​នីតិវិធី​ដល់​សាលាដំបូង​ខេត្ត​រហូតដល់​៣​ទៅ​៤​ថ្ងៃ​បែបនេះ ជាការ​រំលោភបំពាន​លើ​សិទ្ធិសេរីភាព​របស់​ពួកគាត់​ដែលជា​អ្នកធ្វើការងារ​សង្គម និង​ជួយ​ការពារ​ធនធាន​ធម្មជាតិ ខ្ញុំ​គិតថា សាលាដំបូង​ខេត្ត​គួរតែ​ចាត់វិធានការ​ទៅលើ​ជនល្មើស​ដែល​បំផ្លាញ​ព្រៃឈើ​វិញ​បាន​ត្រឹមត្រូវ​»៕​

Related Posts

Previous Article

រដ្ឋាភិបាល​ប្រកាស​ថា ខ្លួន​បាន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ជាង ១​លាន​ហិកតា​

Next Article

តុលាការខេត្តក្រចេះ បន្តឃុំខ្លួនសកម្មជនបរិស្ថានទាំង ៤ នាក់