ana-air canadia-bank Silk-air nissan acleda cab-bank

តុលាការខេត្តក្រចេះ បន្តឃុំខ្លួនសកម្មជនបរិស្ថានទាំង ៤ នាក់

ប៉ិច សុធារី / Khmer Times No Comments Share:
សកម្មជន​ការពារ​ព្រៃឡង់​ជិះល្បាត​​រកមើល​បទល្មើស​នានា​ដែល​អាច​កើត​មាន​នា​ពេល​កន្លង​មក។ KT/ ជរ សុគន្ធា

ក្រចេះ៖ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា ដែលតាមដានករណីនេះ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោក អ៊ួច ឡេង ម្ចាស់ពានរង្វាន់វីរជនបរិស្ថាននិងជាប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា រួមនិងសមាជិកបណ្តាញសហគមន៍ព្រៃឡង់ លោក ស្រី ថី, លោកខេម សុឃី និងលោកមេន ម៉ាត់ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ បញ្ជូនខ្លួនទៅតុលាការកាលពីព្រឹកថ្ងៃម្សិលមិញ ក្រោយពីពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសុក្រ។

ម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize រួមនិងសកម្មជនព្រៃឈើចំនួន ៣ នាក់ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមហ៊ុនស៊ីងបាយអូថេក បានចោទប្រកាន់ថាបានលួចចូលទៅទីតាំងក្រុមហ៊ុនដោយមិនមានការអនុញ្ញាត។

លោក សែនករុណា បន្តថា ក្រោយពីមានការសាកសួរអស់រយៈពេលជាច្រើនម៉ោង តាំងពីម៉ោង ៩ ព្រឹករហូតមកដល់ម៉ោងជាង៧យប់ថ្ងៃម្សិលមិញ អយ្យការអមសាលាដំបូងខេត្ត នៅមិនទាន់មានសម្រេចយ៉ាងណានៅឡើយទេ ដោយនឹងបន្តនីតិវិធីសាកសួរនៅថ្ងៃចន្ទនេះបន្ថែមទៀត។

លោកថា៖ «សាលាដំបូងនៅមិនទាន់មានការចោទប្រកាន់ណាមួយនៅឡើយ យើងនឹងបន្តតាមដានករណីនេះបន្តទៀត»។

លោកករុណា បានចាត់ទុកការចាប់ខ្លួនសកម្មជនទាំង ៤ នាក់ បញ្ជូនទៅតុលាការនេះ គឺជារឿងអយុត្តិធម៌សម្រាប់ពួកគេ និងជាការបំបាក់ទឹកចិត្តដល់អ្នកជំនាន់ក្រោយ ដែលបាននិងកំពុងចូលរួមការពារព្រៃឈើនិងបរិស្ថានផងដែរ។

លោកបានបន្តថា៖ «បើសិនជាអ្នកទាំង ៤ ដែលខិតខំធ្វើការងារបម្រើសង្គម ហើយបែរជាត្រូវបានទទួលរងការចោទប្រកាន់ដែលមិនសមហេតុផលណាមួយពីតុលាការនោះ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់ការអនុវត្តច្បាប់របស់តុលាការ ហើយអ្វីដែលតុលាការគួរដុតដៃដុតជើងក្នុងរឿងហ្នឹង គួរតែសាកសួរឬសហការជាមួយពួកគាត់អំពីបទល្មើសអ្វីខ្លះដែលពួកគាត់បានរកឃើញនៅក្នុងតំបន់ព្រៃឡង់នោះ ហើយគួរតែចាត់វិធានការទៅលើជនល្មើសដែលកាប់បំផ្លាញព្រៃឈើវិញ»។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ លោក កែវ សុជាតិ បានឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងខេត្ត កំពុងធ្វើការសាកសួរទៅលើអ្នកទាំង ៤ នោះ ដោយមិនទាន់មានសម្រេចណាមួយនៅឡើយ។ លោកថា៖ «យើងកំពុងធ្វើការសាកសួរមិនទាន់ចប់ទេ នឹងបន្តនៅថ្ងៃស្អែកទៀត[ថ្ងៃចន្ទនេះ]»។

នៅមុខសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃម្សិលមិញ ក៏មានយុវជន និងសកម្មជនបរិស្ថានប្រមាណជាង១០ នាក់ បាននាំគ្នាឈរកាន់បដា និងដើរហែក្បួននៅតំបន់មួយចំនួនក្នុងក្រុងក្រចេះ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកទាំង ៤ នោះផងដែរ។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោក ឡាច ផាន់ណូ តំណាងក្រុមហ៊ុនស៊ីងបាយអូថេក ខេមបូឌា ខូលអិលធីឌី (Think Biotech Co.,Ltd) ពុំអាចស្វែងរកការអត្ថាធិប្បាយជុំវិញករណីបានទេ កាលពីថ្ងៃអាទិត្យ។

ចំណែក អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ទោ ប៊ុន ឈឿន បានមានប្រសាសន៍យ៉ាងខ្លីថា ក្រុមហ៊ុនស៊ីងបាយអូថេក បានប្តឹងសមត្ថកិច្ចថា លោកអ៊ួច ឡេង និងមនុស្ស ៣ នាក់ទៀត បានលួចចូលទៅក្នុងទីតាំងក្រុមហ៊ុនដោយមិនមានការអនុញ្ញាត ហើយសមត្ថកិច្ចក៏បានសម្រេចបញ្ជូនពួកគេទៅថ្នាក់លើដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

អង្គការ-សមាគមចំនួន ២៤ ដែលកំពុងធ្វើការលើវិស័យសិទ្ធិមនុស្ស ព្រៃឈើ និងបរិស្ថាន កាលពីថ្ងៃសៅរ៍ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសចំពោះក្រុមហ៊ុនស៊ីងបាយអូថេក ខេមបូឌា ខូលអិលធីឌី (Think Biotech Co.,Ltd) ដែលបានឃាត់ខ្លួនសកម្មជនបរិស្ថាន និងព្រៃឈើទាំង ៤ នាក់នេះ មុននឹងពួកគេត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ។

សេចក្តីថ្លែងការណ៍នោះ បានលើកឡើងថា មុនពេលកើតហេតុនាថ្ងៃព្រហស្បត្តិ៍ អ្នកទាំង ៤ បានធ្វើដំណើរដោយម៉ូតូទៅឃ្លាំមើល និងស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់ ខេត្តក្រចេះ ហើយល្ងាចឡើងពួកគេក៏បានទៅសម្រាកនៅផ្ទះអ្នកភូមិ ដែលនៅជាប់របងក្រុមហ៊ុនស៊ីងបាយអូថេក។ លុះព្រឹកឡើង ក៏ស្រាប់តែមានក្រុមសន្តិសុខក្រុមហ៊ុន បានមកសួរនាំ និងនាំខ្លួនពួកគេចូលទៅក្នុងក្រុមហ៊ុន ហើយបន្ទាប់មកក៏ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំបូរ។

សេចក្តីថ្លែងការណ៍បន្ថែមថា៖ «សកម្មភាពទាំងនេះ គឺជារូបភាពនៃការគំរាមកំហែងដល់សកម្មជនបរិស្ថាន និងព្រៃឈើដែលគ្រាន់តែធ្វើសកម្មភាពដោយសន្តិវិធីក្នុងការឃ្លាំមើល និងរាយការណ៍អំពីសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ និងតំបន់ផ្សេងទៀត ស្របតាមសិទ្ធិដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីកិច្ចគាំពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ដែលបានលើកទឹកចិត្តនិងលទ្ធភាពឲ្យសាធារណជន ចូលរួមក្នុងកិច្ចការពារបរិស្ថាន និងការពារធនធានធម្មជាតិ»។

អង្គការ-សមាគមទាំងនោះ ក៏បានស្នើឲ្យមានការដោះលែងពួកគេឲ្យមានសេរីភាពវិញ ព្រមទាំងស្នើឲ្យមានការស៊ើបអង្កេតចំពោះភាពមិនប្រក្រតីនៃការឃាត់ខ្លួនពួកគេផងដែរ។

គួរបញ្ជាក់ថា លោក អ៊ួច ឡេង គឺជាមនុស្សម្នាក់ក្នុងចំណោមសកម្មជនការពារព្រៃឈើ និងបរិស្ថានចំនួន៥ នាក់ផ្សេងទៀត ដែលបានទទួលពានរង្វាន់ Goldman Environmental Prize ពីសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៨៕

Related Posts

Previous Article

តុលាការ​សម្រេច​ដោះ​លែង​សកម្មជន​ព្រៃ​ឈើ ៤ នាក់​កាល​ពី​ម្សិលមិញ​

Next Article

កុមារាអាយុ ១០ ឆ្នាំត្រូវដំរីបោកស្លាប់នៅខេត្តរតនគីរី