ana-air canadia-bank Silk-air nissan acleda cab-bank

កុមារាអាយុ ១០ ឆ្នាំត្រូវដំរីបោកស្លាប់នៅខេត្តរតនគីរី

ប៉ិច សុធារី / Khmer Times No Comments Share:
រូបតំណាង៖ ក្រុមអភិរក្សតម្រូវ​ការទស្សនា​សត្វដំរីដោយ​ភ្ញៀវទេសចរ​ត្រូវតែមើល​ពី​ចំងាយ​ជៀសវាង​គ្រោះថ្នាក់ជា​យថា​ហេតុ។ KT/ ម៉ៃ វីរៈ

រតនគិរី៖ ក្មេងប្រុសម្នាក់ ត្រូវបានសត្វដំរីចាប់បោកផ្ទប់នឹងគល់ឈើ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ នៅចំណុចភូមិកាទៀង ឃុំល្បាំង ២ ស្រុកលំផាត់ ខេត្តរតនគិរី។

អភិបាលស្រុកលំបាត់ លោក នូ ថេ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ ហៀក ជីវៈ អាយុ ១០ ឆ្នាំ ជនជាតិព្រៅ ត្រូវបានសត្វដំរីឈ្មោលមួយក្បាល បានប្រើប្រម៉ោយរបស់វាចាប់បោកផ្ទប់ទៅនឹងគល់ឈើបណ្តាលឲ្យស្លាប់ បើទោះជាម្ចាស់ម៉ដំរីបានព្យាយាមយកកុមាររូបនេះទៅសង្គ្រោះនៅមន្ទីរពេទ្យក៏ដោយ។

លោកបានបន្តថា សត្វដំរីឈ្មោះដែលចាប់បោកក្មេងប្រុសបណ្តាលឲ្យស្លាប់នោះ មានឈ្មោះ ប៉ុកម៉ាយ អាយុ ៣២ ឆ្នាំ ស្ថិតក្រោមការមើលថែដោយម៉ដំរី ឈ្មោះ ប៊ុនរឿង ផ្លាល អាយុ ៣១ ឆ្នាំ។

លោកថា៖ «មុនពេលកើតហេតុ ម៉ដំរី និងកុមាររងគ្រោះ បាននាំគ្នាទៅយកម៉ូតូនៅកន្លែងចិញ្ចឹមដំរីក្នុងភូមិ ហើយនៅពេលទៅដល់កុមាររងគ្រោះ បានដើរតែម្នាក់ឯងទៅយកម៉ូតូ មិនដឹងថាសត្វដំរីនោះវាមានអារម្មណ៍មួរម៉ៅយ៉ាងម៉េច ស្រាប់តែវាចាប់ក្មេងនោះបោកនឹងគល់ឈើបណ្តាលឲ្យស្លាប់តែម្តង ហើយបើតាមសមត្ថកិច្ចដំរីនោះដូចជាមិនចុះប្រេងទេ»។

លោកនូ ថេ បានបន្តថា ក្រោយពេលកើតហេតុ ម៉ដំរី ដែលជាសាច់ញាតិរបស់កុមាររងគ្រោះ បានព្យាយាមយកកុមាររងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះ ប៉ុន្តែកុមាររូបនោះបានស្លាប់បាត់ទៅហើយ។

អធិការនគរបាលស្រុកលំផាត់ លោកវរសនីយ៍ទោ ហេង ណារ៉ាក់ បានមានប្រសាសន៍ថា ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងរកឃើញជាបឋមថា កុមាររងគ្រោះពិតជាស្លាប់ដោយសារសត្វដំរីនោះបោកផ្ទប់នឹងដើមឈើពិតប្រាកដមែន ហើយបច្ចុប្បន្នសត្វដំរីនោះត្រូវបានចងទុកនៅដាច់ដោយឡែកពីសត្វដំរីចំនួន៣ក្បាលទៀតនៅកន្លែងចិញ្ចឹមដំរីនោះដដែល ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់។

តែយ៉ាងណា លោកថា៖ «មកដល់ពេលនេះ ក្រុមគ្រួសារកុមាររងគ្រោះនៅមិនទាន់មានការដាក់ពាក្យបណ្តឹងណាមួយនៅឡើយ ខណៈដែលពួកគាត់បានយកសពកុមាររងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី»៕

Related Posts

Previous Article

តុលាការខេត្តក្រចេះ បន្តឃុំខ្លួនសកម្មជនបរិស្ថានទាំង ៤ នាក់

Next Article

​ក្រសួងសាធារណការ​ ​បំពាក់​ជញ្ជីង​ឆ្លាតវៃ​ដើម្បី​ទប់​ស្កាត់​រថយន្ត​ដឹក​លើស​ទម្ងន់​