ana-air canadia-bank Silk-air nissan acleda cab-bank

​ក្រសួងសាធារណការ​ ​បំពាក់​ជញ្ជីង​ឆ្លាតវៃ​ដើម្បី​ទប់​ស្កាត់​រថយន្ត​ដឹក​លើស​ទម្ងន់​

ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
truck
សម្មត្ថកិច្ច​ធ្វើការ​វាស់​វែង​រថយន្ដ​ដឹក​ទំនិញ​នៅក្នុង​ស្ថានីយន៍​ត្រួតពិនិត្យ​ទម្ងន់​រថយន្ដ​មួយ។ រូបភាព​សហការី

ភ្នំពេញ​៖ ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​គ្រោង​នឹង​បំពាក់​សាកល្បង​នូវ​ម៉ាស៊ីន​ជញ្ជីង​ថ្លឹង​ទំងន់​ស្វ័យប្រវត្តិ​ (​way​in motion​weight​) ​និង​កា​មេ​រ៉ា​ឆ្លា​ង​វៃ​នៅ​ស្ថា​នី​យ៍​ថ្លឹង​រថយន្ត​ចំនួន​ ២ ​ទីតាំង​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​ មុននឹង​ឈាន​ដល់​ការ​បំពាក់​នៅ​គ្រប់​ស្ថានីយ​ទូទាំង​ប្រទេស​ដើម្បី​រឹង​បន្តឹង​និង​បង្កើន​ប្រសិទ្ធិភាព​ក្នុង​ការ​គ្រប់គ្រង​រថយន្ត​ដឹកជញ្ជូន​លើស​ទំងន់​កំណត់​។​

អ្នកនាំពាក្យ​ក្រសួងសាធារណការ​និង​ដឹក​ញ្ជូ​ន​ លោក​ ហ៊ា​ង​ សុទ្ធា​យុត្តិ​ បានឲ្យ​ដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ការ​​​ដឹកជញ្ជូន​លើស​ទំងន់​កំណត់​នេះ​ ត្រូវ​បាន​សិក្សា​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ដោយមាន​ការរៀបចំ​ជា​ប្រព័ន្ធ​គ្រប់គ្រង​តាមដាន​លើ​ការងារ​ផាក​ពិន័យ​របស់​មន្ត្រី​នៅ​តាម​ស្ថា​នី​យ៍​ថ្លឹង​រថយន្ត​តាំង ​២​៨ ​ទីតាំង ​នៅ​លើ​ផ្លូវ​សំខាន់​ៗ​ទាំង​ ៧​៦ ​ខ្សែ​និង​ការ​បំពាក់​នូវ​ប្រព័ន្ធ​តាមដាន​លើ​ការប្រើប្រាស់​ផ្លូវ​ តាមរយៈ​កា​រដាក់​នូវ​ម៉ាស៊ីន​ជញ្ជីង​ថ្លឹង​ទំងន់​ដោយស្វ័យប្រវត្តិ​រួម​និង​កា​មេ​រ៉ា​ឆ្លាតវៃ​ជាដើម​។​

​លោក​ថា​៖​ «​ដូច្នេះ​យើង​រំពឹង​ថា​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​នេះ ​នឹង​ធ្វើឲ្យ​ការងារ​គ្រប់គ្រង​លើ​ស្ថា​នី​យ៍​ថ្លឹង​រថយន្ត​ទាំង​ការ​គ្រប់គ្រង​មន្ត្រី​នៅ​តាម​ស្ថា​នី​យ៍​ថ្លឹង​រថយន្ត​ និង​ការ​ត្រួតពិនិត្យ​លើ​យានយន្ដ​ដែល​ដឹក​លើស​ក​ម្រិ​ត​ទំងន់​កំណត់​កាន់តែ​មានប្រសិទ្ធិភាព​ជាង​មុន​»​។​

​លោក​ ហ៊ាន​ សុទ្ធា​យុត្តិ​ បាន​បន្ត​ថា​ ក្រសួង​គ្រោង​នឹង​ដាក់​ម៉ាស៊ីន​ថ្លឹង​ជញ្ជីង​ស្វ័យប្រវត្តិ​ដោយ​ភ្ជាប់​ជាមួយ​នូវ​កា​មេ​រ៉ា​ឆ្លាត​វ័យ​នេះ​ នៅ​ស្ថា​នី​យ៍​ថ្លឹង​រថយន្ត​ចំនួន​ ២​ កន្លែងនៅ​ជាយ​រាជធានី​ភ្នំពេញ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​ដើម្បី​ធ្វើ​ការសាកល្បង​តាមដាន​ពី​គុណភាព​ និង​កែ​សម្រួល​នូវ​ចំណុច​ខ្វះ​ចន្លោះ​មុននឹង​ដំឡើង​បន្ថែម​នៅ​តាម​ស្ថា​នី​យ៍​ជាង ​១​០ ​ទីតាំង​ទៀត​នៅ​ចុង​ឆ្នាំនេះ​។​

​លោក​បាន​បញ្ជាក់​ថា​៖​ «​ម៉ាស៊ីន​ជ​ញ្ជី​ន​ស្វ័យប្រវត្តិ​នេះ​នឹង​ដាក់​កប់​ក្នុង​ដី​ចម្ងាយ​ ២​០​០​ ម៉ែត្រ​នៅ​ខាងមុខ​និង​ខាងក្រោយ​ជញ្ជីង​ថ្លឹង​រថយន្ត ​ដែល​មានស្រាប់​ដោយ​ភ្ជាប់​ជាមួយ​កា​មេ​រ៉ា​ឆ្លាតវៃ​ដែល​វា​អាច​ចាប់បាន​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹកជញ្ជូន​ដែល​ឆ្លងកាត់​ថា​តើ​បាន​ឆៀក​ហើយ​ឬនៅ​មាន​អាជីវកម្ម​ត្រឹមត្រូវ ​ឬ​អត់​ដឹកទំនិញ​ត្រឹមត្រូវតាម​ក​ម្រិ​ត​កំណត់​ឬ​អត់​, ​អាច​តាមដានមើល​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​ហើយ​មិន​ចូល​ថ្លឹង ​និង​រាប់​ចំនួន​រថយន្ត​ដែល​ចូល​ស្ថា​នី​យ៍​បាន​ផង​ដែរ​ហើយ​វា​នឹង​បញ្ជូន​របាយការណ៍​ដោយស្វ័យប្រវត្តិ​ទៅកាន់​មន្ត្រី​របស់យើង​តែម្តង​ ដោយ​ពុំ​ចាំបាច់​មាន​មន្ត្រី​ទៅ​ឈរ​ចាំ​ត្រួតពិនិត្យ​នោះ​ទេ​»។​

​លោក​បាន​បន្ថែម​ថា ​ប្រព័ន្ធ​គ្រប់គ្រង​ដោយស្វ័យប្រវត្តិ​ដែល​ប្រើប្រាស់​នូវ​ថាមពល​សូ​ឡា ​និង​ភ្ជាប់​នូវ​ខ្សែកាប​ក្រោម​ដី​នេះ​គឺជា​ដំណោះស្រាយ​ឯករាជ្យ​ និង​មាន​តម្លា​ភាព​លើ​ការ​គ្រប់គ្រង​ស្ថា​នី​យ៍​ថ្លឹង​រថយន្ត​ ដោយសារ​កន្លងមក​ធ្លាប់​មាន​ករណី​មន្ត្រី​បាន​ឃុបឃិតជាមួយ​ឈ្មួញ​ដែល​ដឹក​លើស​ទំងន់​កំណត់​ ដោយ​មិន​ចាំបាច់​ឲ្យ​រថយន្ត​នោះ​ចូល​ថ្លឹង​, ​រថយន្ត​ខ្លះ​គេច​វេ​ស​មិន​ចូល​ថ្លឹង​ និង​មាន​ក្រុម​ឈ្មួញ​មួយ​ចំនួន​បាន​សំឡុត​គំរាម​ទៅលើ​មន្ត្រី​ស្ថា​នី​យ៍​ដើម្បី​ជៀស​ផុត​ពី​ការ​ចូល​ថ្លឹង​រថយន្ត​ជាដើម​។​

​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន ​លោក​ ស៊ុន​ ចាន់​ថុល ​បានឲ្យ​ដឹង​កាលពី​ចុង​ខែកុម្ភៈ​ថា​ ប្រព័ន្ធ​ដាក់​ម៉ាស៊ីន​ជញ្ជីង​កប់​ក្រោម​ដី​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជិត​ ៣​ លាន​ដុល្លារ​អាមេរិក​។​ លោក​ក៏បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​តាម​ស្ថា​នី​យ៍​ជញ្ជឹង​ថ្លឹង​យានយន្ត​ទាំងអស់​ ត្រូវ​គោរព​និង​អនុវត្ត​ច្បាប់​ឲ្យបាន​តឹងរឹង​បំផុត​ដើម្បី​ទប់​ស្កាត់​ការ​​​ដឹកជញ្ជូន​លើស​ទម្ងន់​ក​ម្រិ​ត​កំណត់ ដែល​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំឲ្យ​ខូចខាត​ផ្លូវ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ននេះ​។​

​លោក​ ហ៊ី​ម ​យន់​ នាយក​ប្រតិបត្តិ​អង្គការ​ស​ម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​និង​គណនេយ្យ​ភាព​សង្គម​ (C​I​S​A​) ​កាលពី​ថ្ងៃម្សិលមិញ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ក្រសួង​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ​ការងារ​លើ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​ លើស​ទំងន់​កំណត់​នៅ​ក្នុង​យុគ្គ​សម័យ​ឌី​ជី​ថល​នេះ​។ ​លោក​បន្ត​ថា​៖​ «​ស្រប​នឹង​កា​រដាក់​ឧបករណ៍​ស្វ័យប្រវត្តិ​នេះ​ ក្រសួង​ក៏​គួរ​មានការ​បណ្តុះបណ្តាល​មន្ត្រី​នៅកន្លែង​ជញ្ជីង​នោះ​ឲ្យ​យល់​ដឹង​ពី​បច្ចេកវិទ្យា​ថ្មី​នេះ ​និង​ឲ្យ​មន្ត្រី​ទាំងនោះ​មាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការងារ​ដើម្បី​ពង្រឹង​គុណភាព​ការងារ​គណនេយ្យ​ភាព​និង​តម្លា​ភាព​»​៕​

Related Posts

Previous Article

កុមារាអាយុ ១០ ឆ្នាំត្រូវដំរីបោកស្លាប់នៅខេត្តរតនគីរី

Next Article

​ក្រុងភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ខាងមុខ​