ana-air canadia-bank Silk-air nissan acleda cab-bank

តុលាការ​កាត់​ទោស​បុរស​ម្នាក់​ពី​បទ​រួម​ភេទ​ជា​មួយ​អនីតិជន

ប៊ុត រស្មី​គង្គា / Khmer Times No Comments Share:
វុធ គន្ធា ​ត្រូវ​​ចោទ​ប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​មិត្ត​ស្រី​មិន​ទាន់​គ្រប់​អាយុ។ KT/Pann Rachana

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ធ្វើ​ការ​កាត់​ទោស​កម្មករ​សំណង់​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​មិត្ត​ស្រី​មិន​ទាន់​គ្រប់​អាយុ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​។​

​លោក​ចៅក្រម អ៊ឹម វណ្ណៈ បាន​ថ្លែង​ឲ្យ​ដឹង​ថា បុរស​ខាង​លើ​នេះ​មាន​ឈ្មោះ វុធ គន្ធា អាយុ ៣២ ឆ្នាំ ជា​អតីត​កម្មករ​សំណង់​ស្នាក់​នៅ​សង្កាត់​និរោធ​ខ ណ្ឌ​ច្បារ​អំពៅ​។ ជន​ជាប់​ចោទ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «​រួម​ភេទ​ជា​មួយ​នឹង​អនីតិជន​» តាម​មាត្រា ៤២ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​និង​រំលោភ​បំពាន​ផ្លូវ​ភេទ​។​

​ជន​ជាប់​ចោទ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១០ ឆ្នាំ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​។

​លោក​ចៅក្រម អ៊ឹម វណ្ណៈ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​គឺជា​សិស្ស​វិទ្យាល័យ​ដែល​មាន​អាយុ ១៤ ឆ្នាំ​នៅ​ពេល​ដែល​បទ​ល្មើស​កើត​មាន​ឡើង​។​

​ជន​ជាប់​ចោទ​ឈ្មោះ វុធ គន្ធា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ២៣ ខែ​សីហា បន្ទាប់​ពី​ខ្លួន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រួម​ភេទ​ជា​មួយ​ជន​រង​គ្រោះ​នៅ​ឯ​ផ្ទះ​សំណាក់​មួយ​កន្លែង​កាល​ពី​ពេល​កន្លង​ទៅ​។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ ឡូ គង់ ជាដើម​បណ្តឹង​នៅ​ក្នុង​ករណី​នេះ​។​

​ព្រះរាជ​អាជ្ញា​រង លោក សាយ ណូរ៉ា បាន​ថ្លែង​ថា​ជន​រងគ្រោះ​បាន​ស្គាល់​ជន​ជាប់​ចោទ​តាម​ហ្វេស​ប៊ុក​កាល​ពី​ខែ​មេសា​ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា​។​

​លោក សាយ ណូរ៉ា បាន​បន្ត​ឲ្យ​ដឹង​ថា​ដើម​បណ្តឹង​បាន​ស្តី​បន្ទោស​កូន​ស្រី​របស់​ខ្លួន​ដោយ​សារ​តែ​រូប​នាង​តែង​តែ​ចំណាយ​ពេល​វេលា​លើ​ហ្វេស​ប៊ុក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រូប​នាង​ខកខាន​ការ​រៀន​សូត្រ​ជា​ញឹក​ញាប់​។​

​លោក​បាន​បន្ថែម​ឲ្យ​ដឹង​ថា មួយ​រយៈ​ក្រោយ​មក ជន​រង​គ្រោះ​បាន​រត់​ចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​ជាមួយ​សង្សារ​របស់​ខ្លួន ដែល​ជា​ជន​ជាប់​ចោទ​នេះ​ឯង​។​

​លោក សាយ ណូរ៉ា បាន​ថ្លែង​ថា​៖ «​នៅ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ស្នាក់​នៅ​ជាមួយ​ជន​ជាប់​ចោទ ជន​ជាប់​ចោទ​បាន​នាំ​ជន​រងគ្រោះ​ទៅ​កាន់​ផ្ទះ​សំណាក់​ហើយ​បាន​រួម​ភេទ​ជាមួយ​នាង​ចំនួន​៤​ដង​។ បន្ទាប់​ពី​រួម​ភេទ ជន​ជាប់​ចោទ​ក៏​បាន​នាំ​ជន​សង្ស័យ​ត្រឡប់​ទៅ​កាន់​បន្ទប់​ជួល​របស់​ខ្លួន​វិញ​។​»

​លោក​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​ជា ២ និង ៣០ នាទី​រសៀល​ថ្ងៃទី ២៣ ខែ​សីហា ឪពុក​របស់​ជន​រង​គ្រោះ លោក ឡូ គង់ បាន​ឃើញ​កូន​ស្រី​របស់​ខ្លួន​នៅ​ជាមួយ​ជន​ជាប់​ចោទ​នៅ​ឯ​ផ្ទះ​សំណាក់​ហើយ​ក៏​បាន​ជូន​ដំណឹង​ទៅ​កាន់​មន្ត្រី​សមត្ថកិច្ច​។​

​លោក សាយ ណូរ៉ា បាន​បន្ថែម​ថា ជន​ជាប់​ចោទ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​និង​បញ្ជូន​ទៅ​កាន់​តុលាការ​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​។​

​ជន​ជាប់​ចោទ​បាន​សារ​ភាព​ថា​ខ្លួន​ស្រឡាញ់​ជន​រង​គ្រោះ​ហើយ​ពួក​គេ​បាន​រស់​នៅ​ជាមួយ​គ្នា​ក្នុង​ផ្ទះ​របស់​គេ​។​

​ជន​ជាប់​ចោទ​បាន​ថ្លែង​អំឡុង​ពេល​សវនាការ​កាល​ពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​ពិត​ជា​បាន​រួម​ភេទ​ជាមួយ​ជន​រងគ្រោះ​មែន ប៉ុន្តែ​ខ្ញុំ​មិន​បាន​បង្ខំ​នាង​នោះ​ទេ ហើយក៏​មិន​បាន​រំលោភ​នាង​នោះ​ដែរ ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ស្ម័គ្រចិត្ត​រួម​ភេទ​ជា​មួយ​ខ្ញុំ​។​»

​លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ពិត​ជា​ស្រឡាញ់​រូប​នាង​ហើយ​ចង់​រៀបការ​ជាមួយ​គ្នា​។ ខ្ញុំ​សូម​ធ្វើ​ការ​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ ហើយ​ដោះ​លែង​រូប​ខ្ញុំ​ពី​ពន្ធនាគារ​និង​អនុញ្ញាត ឲ្យ​យើង​ទាំង​ពីរ​បាន​រស់​នៅ​ជាមួយ​គ្នា​។​»

​គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា សាលក្រម​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ៩ ខែ​មីនា​ខាង​មុខ​៕

Related Posts

Previous Article

មនុស្ស​ពីរ​នាក់​បាត់​ខ្លួន​ក្នុង​ហេតុ​ការណ៍​លិច​ទូក​នៅ​ខេត្ត​ព្រះសីហនុ

Next Article

ប្ដី​ប្រពន្ធ​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​នៅ​ក្នុង​ហាង​លក់​សាច់​អាំង​