ana-air canadia-bank Silk-air nissan acleda cab-bank

ប្ដី​ប្រពន្ធ​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​នៅ​ក្នុង​ហាង​លក់​សាច់​អាំង​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
​ហាង​មួយ​កន្លែង​យីហោ លី​ហួរ​រស្មី​ពន្លឺ​សាច់​អាំង (៩៩៩) ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មានជ័យ​។ Postnews

​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់ ប្ដី​ប្រពន្ធ​ពីរ​នាក់​ជា​ម្ចាស់​ហាង​សាច់​អាំង​ពី​បទ​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​នៅ​ក្នុង​ហាង​លក់​សាច់​អាំង​របស់​ពួក​គេ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​សមត្ថកិច្ច​។​

​លោក​វរសេនីយ៍ត្រី យេង គីម​ស្រេង អនុ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ ប្តី​មាន​ឈ្មោះ សឹក សុភាព អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ តត សុផាត អាយុ​៣៦​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាង​មួយ​កន្លែង​យីហោ លី​ហួរ​រស្មី​ពន្លឺ​សាច់​អាំង (៩៩៩) ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មានជ័យ​។​

​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ « សញ្ចារ​កម្ម​មាន​ស្ថាន​ទម្ងន់​ទោស​» តាម​មាត្រា ២៨៩ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស ពួក​គេ​ម្នាក់ៗ​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​រយៈ​ពេល​១៥ ឆ្នាំ​។​

​គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​ប្រហែល​ជា ៨ និង ៣០ នាទី​យប់​ថ្ងៃ​អង្គារ​នៅឯ​ហាង​លក់​សាច់​អាំង​មួយ​កន្លែង ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​សមត្ថកិច្ច​មក​ពី​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​ពួក​គេ​អស់​រយៈពេល​ជិត​មួយ​ខែ​មុន​ពេល​ឈាន​ដល់​ការ​ចាប់​ខ្លួន​។​

​លោក គីម​ស្រេង បាន​បន្ថែម​ថា នាយក​ដ្ឋាន​បាន​បញ្ជូន​មន្ត្រី​ប៉ូលីស​សម្ងាត់​ដែល​បន្លំ​ខ្លួន​ធ្វើ​ជា​អតិថិជន​ហើយ​ពួក​គេ​ត្រូវ​បាន​ផ្តល់​ជូន​នូវ​សេវា​ផ្លូវ​ភេទ​ដោយ​អ្នក​រត់​តុ​ធ្វើ​ការ​នៅ​ហាង​លក់​សាច់​អាំង​ខាង​លើ​នេះ​។​

​ជន​ជាប់​ចោទ​ឈ្មោះ សឹក សុភាព ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​អនុញ្ញាត​ឲ្យ​អ្នក​រត់​តុ​របស់​ខ្លួន​រួម​ភេទ​ជាមួយ​អតិថិជន​ក្នុង​តម្លៃ​ប្រហែល​ជា ២០ ទៅ ៥០ ដុល្លារ​ក្នុង​មួយ​ដង ខណៈ​ដែល​រូប​ខ្លួន​ទទួល​បាន​កម្រៃ​ជើង​សា​ពី ៥ ទៅ ១០ ដុល្លារ​ក្នុង​មួយ​អតិថិជន​។​

​លោក គីម​ស្រេង បាន​មាន​ប្រសាសន៍​ថា​៖ «​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ប្រតិបត្តិ​ការ​ដែល​ដឹក​នាំ​ដោយ​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ អំឡុង​ពេល​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ថា​មាន​អ្នក​រត់​តុ​មួយ​ចំនួន​កំពុង​តែ​រួម​ភេទ​ជា​មួយ​អតិថិជន​នៅ​បន្ទប់​ក្នុង​ហាង​សាច់​អាំង​នេះ​ផង​ដែរ​។​»

​ជាមួយ​គ្នា​នេះ​ផង​ដែរ សមត្ថកិច្ច​រក​ឃើញ​ថា អ្នក​រត់​តុ​ដែល​បម្រើ​ការ​នៅ​ហាង​ខាង​លើ​ចំនួន ៥ នាក់​ក្នុង​ចំណោម ៧ នាក់​គឺជា​អនីតិជន ហើយ​សមត្ថកិច្ច​បាន​ដក​ហូត​សៀវភៅ​កត់ត្រា​ចំនួន​អតិថិជន​បូក​រួម​ទាំង​ស្រោម​អនាម័យ​ជា​ច្រើន​ប្រអប់​ពី​ហាង​ខាង​លើ​នេះ​។​

​អ្នក​រត់​តុ​បម្រើ​ការ​នៅ​ហាង​លក់​សាច់​អាំង​ខាង​លើ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ស្តារ​នីតិសម្បទា​ដើម្បី​ទទួល​បាន​ការ​អប់រំ​បន្ទាប់​ពី​ពួក​គេ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​នគរបាល​ហើយ​បាន​សន្យា​ថា​ខ្លួន​នឹង​មិន​ប្រព្រឹត្ត​សកម្មភាព​នេះ​តទៅ​ទៀត​ទេ​៕​

Related Posts

Previous Article

តុលាការ​កាត់​ទោស​បុរស​ម្នាក់​ពី​បទ​រួម​ភេទ​ជា​មួយ​អនីតិជន

Next Article

សារ៉ា រ៉ូលដា​៖ ការ​សិក្សា​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​