ana-air canadia-bank Silk-air nissan acleda cab-bank

ឯក​អគ្គរាជ​ទូត​ម៉ាឡេស៊ី​៖ «​យើង​ចង់​បាន​លេខ​មួយ​ក្នុង​វិស័យ​វិនិយោគ​ម្ដង​ទៀត​នៅ​កម្ពុជា​!»

តាំង រីនិត្យ / Khmer Times No Comments Share:

កាសែត​ខ្មែរ​ថាមស៍​មាន​កិត្តិយស​ដែល​វត្តមាន​របស់​លោក Eldeen Husaini Mohd Hashim ​ឯក​អគ្គរាជ​ទូត​របស់​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​ចូលរួម​ផ្ដល់​សម្ភាស​ក្នុង​កម្មវិធី Cross Talk ប្រចាំ​សប្តាហ៍​របស់​យើង​។ ជួប​ជាមួយ​លោក កៃ គឹម​សុង ប្រធាន​ប្រតិបត្តិ កាសែត​ខ្មែរ​ថាមស៍ លោក​ឯក​អគ្គរាជ​ទូត​បាន​ផ្តល់​នូវ​ព័ត៌មាន​លម្អិត និង​បច្ចុប្បន​ភាព​ចុង​ក្រោយ​នៅ​ក្នុង​កិច្ច​ទំនាក់​ទំនង​ទ្វេ​ភាគី ក្នុង​វិស័យ​ការ​ទូត សេដ្ឋកិច្ច និង​វិនិយោគ រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ម៉ាឡេស៊ី​។​

​ខ្មែរ​ថាមស៍​៖ តើ​លោក​អាច​ផ្តល់​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ទំនាក់​ទំនង​កម្ពុជា​-​ម៉ាឡេស៊ី​បាន​ទេ ចាប់​តាំង​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​បណ្ឌិត Mahathir Mohamad នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​?

​លោក Hashim៖ ទាក់ទង​នឹង​ទំនាក់​ទំនង​កម្ពុជា​-​ម៉ាឡេស៊ី បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​របស់​យើង​គឺ លោក Mahathir Mohamad ក្នុង​ខែ​កញ្ញា កិច្ច​សហ​ប្រតិបត្តិការ​នៅ​កម្ពុជា​ដែល​តែង​តែ​មាន​ភាព​ល្អ​ប្រសើរ​រួច​មក​ហើយ កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​និង​កាន់​តែ​ខ្លាំងក្លា​នៅ​ក្នុង​អ្វី​គ្រប់​យ៉ាង​។ យើង​បាន​ឃើញ​សាជីវកម្ម​ថ្មីៗ​ជា​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ កាល​ពី​មុន​មាន​ពាណិជ្ជករ​ម៉ាឡេស៊ី​ប្រហែល ៤០០ រយ​នាក់​នៅ​កម្ពុជា ប៉ុន្តែ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ យើង​ឃើញ​ថា​មាន​ការ​កើន​ឡើង ២០ ភាគរយ​ដោយ​សារ​ក្រុមហ៊ុន​ថ្មីៗ​។ នេះ​ជា​រឿង​ថ្មី​ល្អ​ណាស់ ហើយ​យើង​ស្ថានទូត​និង​រូប​ខ្ញុំ​ផ្ទាល់​បាន​ព្យាយាម​ចូល​រួម​អោយ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​និង​ជួយ​បើក​ទ្វា​សំរាប់​មុខ​ជំនួញ​។ ខ្ញុំ​គិត​ថា​ស្ថាន​ទូត​មិន​គួរ​ឃ្លាត​ឆ្ងាយ​ពី​អាជីវកម្ម​ទេ​។ ស្ថាន​ទូត​គួរ​តែ​ជា​ចំណុច​ផ្តោត​សំខាន់​ដែល​ភ្ជាប់​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​។ ម្យ៉ាង​ទៀត​សាជីវកម្ម​ផ្សេង​ទៀត​ក្រៅ​ពី​ក្រុមហ៊ុន​ដែល​មាន​រួច​ហើយ​នៅ​ទី​នេះ បើ​និយាយ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​វិញ យើង​កំពុង​សំឡឹង​រក​វិស័យ​ផ្សេង​ទៀត​ដូចជា​កសិកម្ម សហ​គ្រាស​ធុន​តូច និង​មធ្យម​សេវាកម្ម ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​។ ឧស្សាហកម្ម​ផលិត​រថយន្ត ដែល​គួរ​ជាទី​រំភើប​បំផុត ដែល​យើង​ព្យាយាម​នាំ​ចូល​មក​ប្រទេស​កម្ពុជា​។ ទាំង​នេះ​គឺជា​វិស័យ​ដែល​យើង ចង់​លើក​ទឹក​ចិត្ត​ដើម្បី​បង្កើត​បន្ថែម​ទៀត​នៅ​ឆ្នាំ ២០២០ ។​

​ខ្មែរ​ថាមស៍​៖ តើ​បេសកកម្ម​ចម្បង​អ្វី​ដែល​លោក​ចង់​សម្រេច​អោយ​បាន​នៅ​ក្នុង​អណត្តិ​របស់​លោក​ជា​ឯក​អគ្គ​រាជ​ទូត​នៃ​ប្រទេស​កម្ពុជា​?

​លោក Hashim៖ មហិច្ឆតា​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ទី​នេះ​ក្នុង​នាម​ជា​ឯក​អគ្គ​រដ្ឋ​ទូត​គឺ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ប្រទេស​ម៉ាឡេស៊ី​ស្ថិត​នៅ​លំដាប់​លេខ​មួយ​ខាង​ផ្នែក​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​។ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៤ ដល់​ឆ្នាំ ២០០៦ យើង​តែង​តែ​មាន​ចំណាត់​ថ្នាក់​លេខ​មួយ​នៅ​ទី​នេះ​។ បន្ទាប់​មក​ទៀត យើង​ស្ថិត​នៅ​លេខ ៤ នៅ​ពី​ក្រោយ​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ចក្រភព​អង់គ្លេស ពីព្រោះ​ក្រុមហ៊ុន​មកពី​ប្រទេស​ជាច្រើន​បាន​ចូល​មក​ប្រទេស​កម្ពុជា​។ ទោះ​យ៉ាង​ណា​យើង​រីករាយ​ចំពោះ​ប្រទេស​កម្ពុជា​ដោយ​ពិចារណា​លើ​លំហូរ​ចូល​នៃ​ការ​វិនិយោគ​មក​ក្នុង​ប្រទេស​កម្ពុជា​ជា​ពិសេស​ពី​ប្រទេស​ចិន​។ ប៉ុន្តែ​មហិច្ឆតា​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ធ្វើ​អោយ​ប្រទេស​ម៉ាឡេស៊ី​ជាប់​លេខ ១ ម្តង​ទៀត​។​

​ខ្មែរ​ថាមស៍​៖ តើ​លោក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សម្រេច​បាន​នូវ​មហិច្ឆតា​នេះ​?

​លោក Hashim៖ មាន​ទស្សន​វិស័យ​ជាច្រើន​ដែល​យើង​ត្រូវ​មើល​ដើម្បី​ចូលរួម​។ ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ដែល​យើង​កំពុង​ប្រឈម​គឺ​ការ​ដែល​ពាណិជ្ជករ​មក​ប្រទេស​កម្ពុជា​តែ​ម្នាក់​ឯង ដោយ​មិន​មាន​ការ​គាំទ្រ​ពី​ស្ថាន​ទូត ។ នៅ​ពេល​រឿង​នោះ​កើត​ឡើង​ពួក​គេ​អាច​ធ្វើ​ដំណើរ​បាន​តែ​ពាក់​កណ្តាល​ផ្លូវ​ឬ​បង្ខំ​ខ្លួន​ឯង​ឱ្យ​វិល​ត្រឡប់​ទៅ​វិញ ដោយ​សារ​តែ​មាន​នីតិវិធី​និង​បញ្ហា​ជាច្រើន​ដែល​ត្រូវ​បាន​ប្រឈម​ដោយ​ពាណិជ្ជករ​ម៉ាឡេស៊ី​។ អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ពេល​នេះ​គឺ ជួយ​សម្រួល​។ ខ្ញុំ​មាន​មោទនភាព​ដែល​បាន​និយាយ​បាន​ថា ចាប់​តាំង​ពី​ខ្ញុំ​បាន​មក​ដល់​ទីនេះ​ក្នុង​ខែ​មេសា​ឆ្នាំ ២០១៩ យើង​បាន​ដោះស្រាយ​ករណី​មួយ​ចំនួន​ទាក់ទង​នឹង​ពាណិជ្ជកម្ម​របស់​ម៉ាឡេស៊ី​នៅ​កម្ពុជា​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ឥឡូវ​នេះ​យើង​មាន​ការ​សាទរ​ចំពោះ​ការ​តំណាង​ពាណិជ្ជករ​ម៉ាឡេស៊ី​នៅ​កម្ពុជា​។

​ខ្ញុំ​ចាត់​ទុក​បញ្ហា​របស់​ប្រជាជន​ម៉ាឡេស៊ី​នៅ​ទីនេះ​ជា​បញ្ហា​របស់​ខ្ញុំ ហើយ​ខ្ញុំ​ទៅ​ជួប​បណ្តា​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់​។​

​ខ្មែរ​ថាមស៍​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​បណ្ឌិត Mohathir មក​ប្រទេស​កម្ពុជា​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ជៀស​វាង​យក​ពន្ធ​ទ្វេ​ដង​។ តើ​វា​មាន​សារៈ​សំខាន់​យ៉ាង​ណា​ចំពោះ​សហគមន៍​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​នៅ​ទីនេះ​?

​លោក Hashim៖ ទាក់ទង​នឹង​កិច្ច​ព្រម​ព្រៀង​នេះ ខ្ញុំ​មាន​មោទនភាព​ដែល​អាច​និយាយ​បាន​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ចុង​ក្រោយ​ដែល​ជួយ​យើង​បញ្ចប់​រង្វង់​នៃ​កិច្ច​ព្រម​ព្រៀង​របស់​យើង​។ កិច្ច​ព្រម​ព្រៀង​នេះ​សំខាន់​ណាស់ ព្រោះ​ពន្ធ​ទ្វេដង​គឺជា​ឧបសគ្គ​ធំ​បំផុត​មួយ​ដែល​ប្រឈម​ដោយ​ពាណិជ្ជករ​ម៉ាឡេស៊ី​។ ពន្ធ​ទ្វេ​ដង​គឺ​ខ្ពស់​ណាស់ ហើយ​អាច​ជា​ការ​ទម្លាក់​ទឹក​ចិត្ត​ដែល​រារាំង​អ្នក​ជំនួញ​ម៉ាឡេស៊ី​មិន​ឲ្យ​មក​។ យើង​មាន​សំណាង ដែល​យើង​អាច​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​បន្ទាប់​ពី​ពិភាក្សា​អស់​រយៈ​ពេល ២ ឆ្នាំ​។ កិច្ច​ព្រម​ព្រៀង​នេះ​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ​ហើយ​វា​ក៏​បង្ហាញ​ថា​ពួក​គេ​យល់​ពី​កង្វល់​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។ ដោយ​សារ​តែ​កិច្ច​ព្រម​ព្រៀង​នេះ នៅ​ខែ​ធ្នូ​ យើង​បាន​ឃើញ​ការ​បើក​ទ្វារ​ជា​ច្រើន​សម្រាប់​ពាណិជ្ជករ​ម៉ាឡេស៊ី​ឲ្យ​មក​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ​។ នេះ​គឺជា​សមិទ្ធិផល​ដ៏​ធំ​មួយ​នៅ​ឆ្នាំ ២០១៩​។ […] ប៉ុន្តែ​យើង​ត្រូវ​តែ​ធានា​ថា​វា​នឹង​បន្ត​ទៅ​មុខ​ទៀត​។​

​ខ្មែរ​ថាមស៍​៖ អាជីវកម្ម​ជាច្រើន​បាន​លើក​ឡើង​ពី​ផ្នែក​មួយ​នៃ​អភិបាលកិច្ច​រួម​មាន​ប្រព័ន្ធ​តុលាការ​និង​ប្រព័ន្ធ​ច្បាប់​និង​នីតិវិធី ការិយាធិបតេយ្យ​ស្មុគស្មាញ​ដែល​ជា​ឧបសគ្គ​ក្នុង​អាជីវកម្ម​របស់​ពួក​គេ​? តើ​វា​ជា​បញ្ហា​ប្រឈម​សម្រាប់​វិនិយោគិន​ម៉ាឡេស៊ី​មែន​ទេ​?

​លោក Hashim៖ ប្រាកដ​ណាស់ វា​គឺជា​បញ្ហា​ប្រឈម​ចម្បង​សម្រាប់​វិនិយោគិន​របស់​យើង​នៅ​ទី​នេះ​។ ប៉ុន្តែ ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង ប្រសិន​បើ​វិនិយោគិន​កំពុង​ដើរ​តែ​ម្នាក់​ឯង​វា​នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ​។ ពួក​គេ​ត្រូវ​ការ​យើង ហើយ​យើង​ត្រូវ​ការ​ពួក​គេ​។ យើង​ចង់​អោយ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ពីព្រោះ​ពួក​គេ​ជា​ជនជាតិ​ម៉ាឡេស៊ី​ហើយ​ដូច្នេះ​អាច​នាំ​អោយ​មាន​អត្ត​សញ្ញាណ​ម៉ាឡេស៊ី​នៅ​កម្ពុជា​។ មាន​ការិយាធិបតេយ្យ​និង​ខ្វះ​ការ​ទំនាក់​ទំនង​។ វិនិយោគិន​ចាំបាច់​ត្រូវ​និយាយ​និង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ជាច្រើន​លើ​នីតិវិធី​ជាច្រើន​ពីព្រោះ​វា​អាច​ជា​បញ្ហា​ប្រឈម​វិជ្ជមាន ដោយ​សារ​ប្រសិន​បើ​ពួក​គេ​មិន​ធ្វើ​ទេ​ពួក​គេ​អាច​នឹង​ជួប​បញ្ហា​។ ប៉ុន្តែ​បញ្ហា​តែ​មួយ​គត់​ដែល​យើង​ធ្លាប់​មាន​គឺ​ការ​យល់​ដឹង​អំពី​ច្បាប់​។ ច្បាប់​តឹងរឹង​និង​ពិបាក​ពេក​។ ដោយ​មាន​ការ​យល់​ដឹង​គ្រប់គ្រាន់​អ្នក​ជំនួញ​របស់​យើង​អាច​ធ្វើ​ចលនា​បាន​ហើយ​បញ្ហា​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​។​

​ខ្មែរ​ថាមស៍​៖ តើ​ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី​បាន​ជួយ​គ្នា​យ៉ាង​ដូច​ម្តេច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​មហា​អំណាច ដូច​ជា​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​?

​លោក Hashim៖ ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី​មាន​ការ​ចាប់​អារម្មណ៍​ប្រហាក់​ប្រហែល​គ្នា​ក្នុង​ការ​លើក​កម្ពស់​ការ​រួម​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​សម្រាប់​ទទួល​បាន​សម្លេង​និង​ដោះស្រាយ​ការ​ព្រួយ​បារម្ភ​ដែល​យើង​លើ​រឿង​ជាច្រើន​។ ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី​ឈរ​រួម​គ្នា​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ពិសេស នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការ​ចូល​រួម​ជាមួយ​អឺរ៉ុប​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​និយាយ​អំពី EBA ហើយ​ជា​ការ​ពិត​ប្រទេស​ម៉ាឡេស៊ី​កំពុង​ប្រឈម​មុខ​នឹង​រឿង​ដូច​គ្នា​ទាក់​ទង​នឹង​ប្រេង​ដូង​របស់​យើង​។ កាល​ពី​មុន យើង​នៅ​ម្នាក់​ឯង​ក្នុង​ការ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្វីដែល​អឺរ៉ុប​បាន​ផ្តល់​ឲ្យ​យើង ប៉ុន្តែ​ឥឡូវ​នេះ​យើង​បាន​សម្រេច​ចិត្ត​ដើរ​ជាមួយ​គ្នា​។ ដូច្នេះ​កម្ពុជា​ក៏​ជា​តំណាង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជា​ពិសេស​លើ EBA ។ យើង​រួប​រួម​គ្នា​ដូច​អ្វី​ដែល​នាយក​រដ្ឋ​មន្ត្រី​យើង​និយាយ​អញ្ចឹង​។ មិន​ចាំបាច់​ឲ្យ​យើង​មើល​ហួស​ពី​អាស៊ាន​ទេពី​ព្រោះ​សហគមន៍​អាស៊ាន​នេះ​ខ្លាំង​ណាស់​ទៅ​ហើយ​។ ប្រសិន​បើ​យើង​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​អាស៊ាន យើង​អាច​ធ្វើ​បាន​ប្រសើរ​ជាង​ទ្វីប​ឬ​តំបន់​ណាមួយ​។ យើង​រឹងមាំ​ខាង​ផ្នែក​សេដ្ឋកិច្ច​បើ​យើង​រួម​គ្នា​។ អ្វី​ដែល​ប្រទេស​កម្ពុជា​និង​ប្រទេស​ម៉ាឡេស៊ី​កំពុង​ធ្វើ​គឺ​ដើម្បី​លើក​កម្ពស់​កត្តា​ទាំង​នេះ​។ ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លង​មក​នេះ​យើង​បាន​លើក​កម្ពស់​គ្នា​ទៅវិញ​ទៅមក​ដែល​នេះ​ជា​សមិទ្ធិផល​មួយ​ដែល​ខ្ញុំ​គិតថា​យើង​ត្រូវ​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត​៕

Related Posts

Previous Article

ក្រុម​ហ៊ុន​ធំៗ​របស់​ជប៉ុន នឹង​ចូល​រួម​ដេញ​ថ្លៃ​លើ​ការ​ប្រមូល​សំរាម​នៅ​កម្ពុជា​

Next Article

នគរបាល​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម​ពីរ​រូប​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់