ana-air canadia-bank Silk-air nissan acleda cab-bank

នគរបាល​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម​ពីរ​រូប​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:

តុលាការ​ខេត្ត​ស្វាយរៀង​កាលពី​ម្សិលមិញ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ដាក់​ពន្ធនាគារ​បុរស​ជនជាតិ​វៀតណាម​ពីរ​នាក់​ពី​បទ​បង្ខាំង​ជនជាតិ​វៀតណាម​ដូច​គ្នា​នៅ​ក្រុង​បាវិត ដោយ​សារ​តែ​ជន​រងគ្រោះ​មិន​បាន​សង​ប្រាក់​ដែល​ជំពាក់​ពួក​គេ​ចំនួន ១.៧០០ ដុល្លារ​ក្រោយ​ពី​ចាញ់​ល្បែង​អស់​លុយ​។​

​លោក​វរៈសេនីយ៍ទោ គង់ ចន្ថា មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​ទាំង ២ នាក់​នោះ​មាន​ឈ្មោះ Buoy Kokviet អាយុ ៣៧ ឆ្នាំ និង​ឈ្មោះ Chin Deousan អាយុ ២៧ ឆ្នាំ​។ រីឯ​ជន​រងគ្រោះ​មាន​ឈ្មោះ Nguyen Vaingtou អាយុ ២៨ ឆ្នាំ ជា​កសិករ​មក​ពី​ខេត្ត​តានិញ​ប្រទេស​វៀតណាម​។​

​លោក ចន្ថា បាន​មាន​ប្រសាសន៍​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​ខាង​លើ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ចង​ការ​ប្រាក់​ធ្វើ​ការ​នៅ​កាស៊ីណូ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​បាវិត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ហើយ​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស ពួក​គេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។​

​គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា មន្ត្រី​នគរបាល​បាន​ធ្វើ​ការ​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​នាក់​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ដោយ​សារ​តែ​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បង្ខាំង​ជន​សង្ស័យ​មួយ​រូប​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ក្រុង​បាវិត​អស់​រយៈពេល ៣ ថ្ងៃ​។​

​យោង​តាម​ការ​ស៊ើប​អង្កេត​បាន​អោយ​ដឹង​ថា ជន​សង្ស័យ​គឺ​តែងតែ​ទៅ​កាន់​កាស៊ីណូ​ដើម្បី​លេង​ល្បែង​ហើយ​នៅ​ថ្ងៃទី ៣ ខែកុម្ភៈ​កន្លង​ទៅ ខ្លួន​បាន​មក​កាន់​កាស៊ីណូ​មួយ​កន្លែង​នៅ​ទីក្រុង​បាវិត ជា​កន្លែង​ដែល​ជន​សង្ស័យ​ទាំង​ពីរ​ធ្វើ​ការ​។​

​លោក​វរៈសេនីយ៍ទោ រូប​នេះ បាន​បន្ថែម​ថា ជន​សង្ស័យ​បាន​ចាញ់​ល្បែង​អស់​ប្រាក់​ពី​ខ្លួន​នៅ​ក្នុង​កាស៊ីណូ​ខាង​លើ ហើយ​បន្ទាប់​មក​រូប​គេ​បាន​ខ្ចី​ប្រាក់​ចំនួន ១.៧២០ ដុល្លារ​ពី​ជន​ជាប់​ចោទ​ទាំង​ពីរ ហើយ​ក៏​បាន​ចាញ់​ប្រាក់​ដែល​ខ្ចី​នោះ​អស់​ទៀត​។​

​លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ដោយ​សារ​តែ​ជន​រងគ្រោះ​ពុំ​មាន​លទ្ធភាព​សង​ប្រាក់​ឲ្យ​ទៅ​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​វិញ ពួក​គេ​ក៏​បាន​នាំ​ជន​សង្ស័យ​ទៅ​ឃុំឃាំង​នៅ​ឯ​ផ្ទះ​សំណាក់​មួយ​កន្លែង​ដែល​ពួក​គេ​បាន​ជួល​ដើម្បី​ស្នាក់​នៅ​ក្នុង​សង្កាត់​បាវិត​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​ក៏​បាន​ធ្វើ​ការ​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​កាន់​អាណា​ព្យាបាល​របស់​ជន​រង​គ្រោះ​នៅ​ប្រទេស​វៀតណាម​ដើម្បី​ទាមទារ​ប្រាក់​ចំនួន ៣.៤០០ ដុល្លារ​ជា​ថ្នូរ​។

​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ជន​ជាប់​ចោទ ឪពុក​ម្តាយ​របស់​ជន​រងគ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាវិត​ហើយ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​មន្ត្រី​នគរបាល​កាល​ពី​ថ្ងៃ​សុក្រ​។​

​លោក គង់ ចន្ថា បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នៅ​ឯ​ផ្ទះ​សំណាក់​មួយ​កន្លែង​ក្នុង​ក្រុង​បាវិត ខណៈ​ដែល​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​មុន​ពេល​បញ្ជូន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​៕

​ប្រែ​សម្រួល​៖ ភុន ច័ន្ទ​ឧសភា

Related Posts

Previous Article

ឯក​អគ្គរាជ​ទូត​ម៉ាឡេស៊ី​៖ «​យើង​ចង់​បាន​លេខ​មួយ​ក្នុង​វិស័យ​វិនិយោគ​ម្ដង​ទៀត​នៅ​កម្ពុជា​!»

Next Article

ក្រសួង​បរិស្ថាន​ជំរុញ​ការ​ស្រាវជ្រាវ និង​អភិរក្ស​រុក្ខជាតិ​កម្រ​ចំនួន ៥០០ ប្រភេទ