ana-air canadia-bank Silk-air nissan acleda cab-bank

ក្រសួង​បរិស្ថាន​ជំរុញ​ការ​ស្រាវជ្រាវ និង​អភិរក្ស​រុក្ខជាតិ​កម្រ​ចំនួន ៥០០ ប្រភេទ

ប៉ិច​ សុធារី / Khmer Times No Comments Share:

​ភ្នំពេញ​៖ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ចន្ទ បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​សាធារណ​ជន ចូលរួម​ស្រាវជ្រាវ និង​អភិរក្ស​បន្ថែម​ទៀត​លើ​កេសរកូល ដែល​មាន​ជាង​ ៥០០​ប្រភេទ​នៅ​កម្ពុជា ខណៈ​ដែល​កេសរ​កូល​ជា​ប្រភេទ​រុក្ខជាតិ​ផ្កា​កម្រ និង​ប្រឈម​នឹង​ការ​គំរាម​កំហែង​គួរ​ឲ្យ​ព្រួយបារម្ភ​។​

​ការ​ជំរុញ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ស្តីពី «​កេសរ​កូល​លើក​ទី​១​នៅ​កម្ពុជា​» និង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ប៉ារីស ប្រទេស​បារាំង នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។​

​លោក អ៊ាង សុផល្លែត រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន ថា​៖ «​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ និង​អភិរក្ស​ធនធាន​ធម្មជាតិ ក៏​ដូច​ជា​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូល​នេះ​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​នោះ ខ្ញុំ​សូម​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ពន្លឿន​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ និង​បន្ត​គៀងគរ​ការ​ចូលរួម​ពី​សាធារណជន ដើម្បី​ជំរុញ​ការ​អភិរក្ស​កេសរ​កូល​»​។​

 

​លោក សុផល្លែត ថ្លែង​ថា រាជរដ្ឋាភិបាល បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែរក្សា និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ប្រកប​ដោយ​និរន្តរភាព ក្នុង​នោះ​ក៏​មាន​ការ​អភិរក្ស​កេសរ​កូល​ផង​ដែរ តាម​រយៈ​ការ​បង្កើត​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូល «​សុខ​អាន ភ្នំ​គូលែន​» កាលពី​ឆ្នាំ​២០១៨ ដើម្បី​លើក​កម្ពស់​ការ​សិក្សា​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូល អប់រំ​ផ្សព្វផ្សាយ​ពី​តម្លៃ​នៃ​កេសរ​កូល និង​ធានា​បាន​នូវ​ការ​គ្រប់គ្រង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធិភាព ក៏​ដូច​ជា​លើក​កម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន​។​

​លោក​បន្តថា មជ្ឈមណ្ឌល​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា រក្សា និង​ស្តារ​ពូជ​កេសរ​កូល​ព្រៃ​ក្នុង​ស្រុក ប្រមូល​ផ្តុំ​សំណាក​កេសរ​កូល​រស់​ដើម្បី​កត់ត្រា និង​ធ្វើ​សារពើភ័ណ្ឌ ជា​កន្លែង​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​អនុវត្ត​ដោយ​ផ្ទាល់ និង​ផ្តល់​ចំណេះដឹង​និង​ព័ត៌មាន​វិទ្យា​សាស្ត្រ​ពី​កេសរ​កូល​ព្រៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ជាដើម​។​

​បើ​តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន បច្ចុប្បន្ន មន្ត្រី​ជំនាញ​បាន​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូល​(​ផ្កាអ័រគីដេ​)​បាន​ចំនួន ១៦០​ប្រភេទ ខណៈ​ប្រភេទ​កេសរ​កូល​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ប្រមាណ​ជាង​៥០០​ប្រភេទ​។

​លោក ម៉េង មុនីរក្ស អគ្គលេខាធិការ​រង​នៃ​អគ្គ​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន បាន​មាន​ប្រសាសន៍​ក្នុង​វេទិកា​នោះ​ថា កេសរ​កូល ជា​ប្រភេទ​ផ្កា​កម្រ និង​បាន​រង​នូវ​ការ​គំរាម​កំហែង ដែល​ទាមទារ​ឲ្យ​មាន​ការ​បង្កើន​កិច្ច​ការងារ​អភិរក្ស និង​គួរ​មាន​ច្បាប់​ហាម​ឃាត់​លើ​ការ​ជួញ​ដូរ​។​

​លោក​និយាយ​ថា​៖ «​កេសរ​កូល ជា​រុក្ខជាតិ​ផ្កា​ប្រភេទ​កម្រ ហើយ​បើ​តាម​អ្នក​ស្រាវជ្រាវ កេសរ​កូល​ប្រភេទ​ខ្លះ​ត្រូវ​ចំណាយ​ពេល​៣​ទៅ​៥​ឆ្នាំ ទម្រាំ​ចេញ​លំអង​ផ្កា ដូច្នេះ​វា​មាន​ការ​លំបាក​ក្នុង​ការ​បង្កាត់​ពូជ ជា​ពិសេស​នៅ​ក្នុង​ព្រៃ គឺ​កម្រ​នឹង​បន្ត​ពូជ​តែម្តង ហើយ​មួយ​ទៀត​គឺ​វា​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ក្នុង​ពេល​បច្ចុប្បន្ន ព្រោះ​តែ​ការ​បាត់បង់​ទី​ជម្រក​[​ការ​កាប់​ឆ្ការ​ព្រៃ​ដើម្បី​ធ្វើ​កសិកម្ម​] ការ​ប្រើ​ប្រាស់​ច្រើន​ហួស ពី លទ្ធភាព​នៃ​ការ​បង្កើត ហើយ​យើង​ឃើញ​ជាក់​ស្តែង​ការ​នាំ​ចេញ​កេសរ​កូល​ទៅ​ក្រៅ​ប្រទេស​មាន​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ​មែនទែន ដូច្នេះ​ការ​ជួញ​ដូរ​កេសរ​ត្រូវ​តែ​ស្ថិត​ក្នុង​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ហាម​ឃាត់​»​។​

​ម្ចាស់​កសិដ្ឋាន​កេសរ​កូល​នៅ​តំបន់​អរិយ​ក្សត្រ ខេត្ត​កណ្តាល លោក តួ ស៊ីវ៉ាន់​ដេត មាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ក្រសួង ដែល​ជំរុញ​ឲ្យ​មាន​ការ​អភិរក្ស​បន្ថែម​លើ​កេសរ​កូល​នេះ ទាំង​ប្រភេទ​កេសរ​កូល​ព្រៃ និង​កេសរ​កូល​ក្នុង​ស្រុក ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ ហាក់​នៅ​មិន​ទាន់​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​លើ​ការ​ដាំ​ដុះ និង​ការ​អភិរក្ស​កេសរ​កូល​នេះ​។​

​លោក​ថា​៖ «​ប្រទេស​យើង​ជា​ប្រទេស​មួយ​ដែល​សម​ប្រកប​នឹង​ផ្កា​កេសរ​កូល​នេះ​ដែរ ប៉ុន្តែ​ពួក​យើង​បែរ​ជា​មើល​រំលង​វា​[​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​លើ​ការ​ដាំ​និង​បង្កាត់​ពូជ​] បើ​ក្រលែក​មើល​ប្រទេស​ជិត​ខាង​យើង​វិញ គឺ​គេ​បាន​ប្រយោជន៍​ពី​ផ្កា​កេសរ​កូល​នេះ​ច្រើន​ណាស់ ដូច​នៅ​ប្រទេស​ថៃ គេ​ទទួល​បាន​ចំណូល​ច្រើន​ពី​ផ្កា​ប្រភេទ​នេះ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ព្យាយាម​បង្កើត​កសិដ្ឋាន​កេសរ​កូល​នេះ​ឡើង និង​ខិតខំ​ប្រមូល​ពូជ​ផ្សេង​មក​ដាំ ក្នុង​គោល​បំណង​ចែក​រំលែក​ទៅ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង​ថា ក្នុង​ប្រទេស​យើង កេសរ​កូល​មិន​មែន​មាន​តែ​មួយ​ប្រភេទ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​នោះទេ វា​មាន​ច្រើន​ប្រភេទ​ណាស់​»៕​

Related Posts

Previous Article

នគរបាល​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម​ពីរ​រូប​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់

Next Article

សត្វ​ដំរី​មួយ​ក្បាល​ត្រូវ​បាន​សង្គ្រោះ​ដោយ​ជោគ​ជ័យ