ana-air canadia-bank Silk-air nissan acleda cab-bank

សត្វ​ដំរី​មួយ​ក្បាល​ត្រូវ​បាន​សង្គ្រោះ​ដោយ​ជោគ​ជ័យ

ប៉ិច​ ​សុធារី / Khmer Times No Comments Share:
សត្វ​ដំរី​ព្រៃ​មួយដែល​​ធ្លាក់​ផុង​ជាប់​ក្នុង​រណ្តៅ​នៅស្រុក​កែវ​សីម៉ា​។ សហការី

​មណ្ឌលគិរី​៖ សត្វ​ដំរី​ព្រៃ​មួយ​ក្បាល បាន​ធ្លាក់​ផុង​ជាប់​ក្នុង​រណ្តៅ​ជាច្រើន​ម៉ោង នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីម៉ា ស្ថិត​ក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីម៉ា ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ស្រុក​ជួយ​សង្គ្រោះ​បាន​ដោយ​សុវត្ថិភាព កាល​ពី​ថ្ងៃ​ចន្ទ​។​

​អធិការ​រង​នគរបាល​ស្រុក​កែវ​សីម៉ា លោក​វរៈសេនីយ៍ទោ មុំ សារឿន បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រជា​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សត្វ​ដំរី​ញី​មួយ​ក្បាល បាន​ជាប់​ផុង​នៅ​ក្នុង​រណ្តៅ​មួយ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ហើយ​ភ្លាមៗ​នោះ​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​ធ្វើ​ការ​ជួយ​សង្គ្រោះ​។ ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នោះ កម្លាំង​សមត្ថកិច្ច សហការ​ជា​មួយ​អ្នក​ពាក់​ព័ន្ធ បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ទៅ​បាញ់​ទឹក​ចូល​ក្នុង​រណ្តៅ និង​ជីក​ធ្វើ​ផ្លូវ ហើយ​សត្វ​ដំរី​នោះ​ក៏​បាន​ឡើង​ផុត​ពី​រណ្តៅ​នោះ​និង​រត់​ចូល​ព្រៃ​វិញ​ដោយ​សុវត្ថិភាព​។​

​លោក ​មុំ សារឿន បាន​បញ្ជាក់​ថា​៖ «​សត្វ​ដំរី​ញី​នោះ ប្រហែល​វា​ជាប់​ក្នុង​រណ្តៅ​នោះ​តាំង​ពី​យប់​មក វា​បាន​ចុះ​ផឹក​ទឹក​ក្នុង​រណ្តៅ​នោះ ហើយ​ប្រហែល​រអិល​ធ្លាក់​ផុង​ជាប់ ឡើង​វិញ​មិន​រួច ប៉ុន្តែ​ឥឡូវ​យើង​បាន​ជួយ​វា​ចេញ​មក​ហើយ និង​រត់​ចូល​ទៅ​ក្នុង​ព្រៃ​វិញ​បាត់​ហើយ​»​។​

​ប្រធាន​អង្គការ​ការពារ​សត្វ​ដំរី​ខេត្ត​មណ្ឌលគិរី លោក​ ឃុន ឌីយ៉ូន បាន​ឲ្យ​ដឹង​ដែរ​ថា តាម​ការ​សង្កេត​របស់​លោក សត្វ​ដំរី​នោះ​ប្រហែល​ជា​ជួប​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក ឬ​ចំណី ទើប​វា​ចេញ​ពី​ក្នុង​ព្រៃ​មក​រក​ប្រភព​ទឹក​នៅ​ក្បែរ​នោះ ហើយ​ក៏​ធ្លាក់​ផុង​ជាប់​ក្នុង​រណ្តៅ​នោះ​តែ​ម្តង​។ លោក​បន្ត​ថា​៖ «​តែ​យ៉ាង​ណា កម្លាំង​សមត្ថ​កិច្ច និង​មន្ត្រី​បរិស្ថាន​បាន​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា ដែល​នេះ​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយ ក្នុង​ការ​ការពារ និង​អភិរក្ស​សត្វ​ដំរី​របស់​យើង​»​។​

​កាលពី​ខែ​ចុង​ខែ​មករា​ថ្មីៗ​នេះ កូន​សត្វ​ដំរី​ញី​មួយ​ក្បាល ក៏​ត្រូវ​បាន​មន្ត្រី​ឧទ្យានុ​រក្ស​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​សុខភាព​កូន​ដំរី​នោះ​ខ្សោយ និង​មាន​របួស​នៅ​លើ​ពោះ និង​មាត់​របស់​វា​នោះ ក៏​បាន​បណ្តាល​ឲ្យ​កូន​ដំរី​នោះ​ស្លាប់​បាត់​បង់​ជីវិត បើ​ទោះ​ជា​មាន​ការ​ខិតខំ​ជួយ​សង្គ្រោះ​ពី​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ក៏​ដោយ​។ កាល​ពី​ខែ​មករា​នោះ​ដែរ មន្ត្រី​ឧទ្យានុ​រក្ស​ខេត្ត​រតនៈគិរី ក៏​បាន​ប្រទះ​ឃើញ​សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល​បាន​ងាប់​អណ្តែត​ទឹក​ទន្លេ​ក្នុង​ចន្លោះ​ខេត្ត​រតនៈគិរី និង​ខេត្ត​មណ្ឌលគិរី​ផង​ដែរ​។​

​យោង​តាម​របាយ​ការណ៍​ផ្លូវ​ការ​របស់​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ​(WWF-Cambodia) បច្ចុប្បន្ន ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​ដែល​ទ្រទ្រង់​ដល់​ការ​បន្ត​រស់​រាន​មាន​ជីវិត​របស់​សត្វ​ដំរី​ក្នុង​តំបន់​ឥណ្ឌូចិន (​កម្ពុជា ឡាវ និង​វៀតណាម​) ខណៈ​ដែល​វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ក្នុង​ថ្នាក់​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN (​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ​)​។​

​របាយ​ការណ៍​នោះ បន្ត​ថា កម្ពុជា បាន​ផ្តល់​ជម្រក​ដល់​សត្វ​ដំរី ដែល​ជា​និមិត្ត​រូប​អាស៊ី​មួយ​នេះ ចន្លោះ​ពី ៤០០ ទៅ ៦០០​ក្បាល ខណៈ​ដែល​ប្រទេស​ជិត​ខាង​កម្ពុជា មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ​៕​

Related Posts

Previous Article

ក្រសួង​បរិស្ថាន​ជំរុញ​ការ​ស្រាវជ្រាវ និង​អភិរក្ស​រុក្ខជាតិ​កម្រ​ចំនួន ៥០០ ប្រភេទ

Next Article

តុលាការ​កាត់​ទោស​ស្ដ្រី​ពីរ​នាក់ អោយ​ជាប់​ពន្ធនាគារ ៥ឆ្នាំ​ពី​បទ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ ៥០​ដុល្លារ ក្លែង​ក្លាយ