ana-air canadia-bank Silk-air nissan acleda cab-bank

តុលាការ​កាត់​ទោស​ស្ដ្រី​ពីរ​នាក់ អោយ​ជាប់​ពន្ធនាគារ ៥ឆ្នាំ​ពី​បទ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ ៥០​ដុល្លារ ក្លែង​ក្លាយ

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
​ស្ត្រី​ជាប់​ចោទ​ពីរ​នាក់​ដែលចរាចរ​ប្រាក់​ក្លែង​ក្លាយ។ Koh Santepheap

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​បាន​ផ្តន្ទា​ទោស​ស្ត្រី​ពីរ​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ បន្ទាប់​ពី តុលាការ​រក​ឃើញ​ថា មាន​ទោស​ពី​បទ​ប្រើ​ប្រាស់​លុយ​ក្លែង​ក្លាយ​ដើម្បី​បង់​វិក័យប័ត្រ​ផ្ទះ​សំណាក់​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ។​

​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក កៅ វណ្ឌី​ប្រសាសន៍​ថា​៖ «​តុលាការ​បាន​សំរេច​ផ្តន្ទាទោស​ពួក​គេ​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ រយៈពេល ៥ ឆ្នាំ​។ ហើយ​ក្នុង​ករណី​ដែល​ពួក​គេ​មិន​យល់​ស្រប​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​នោះ​ទេ ពួក​គេ​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​នៅ​កាន់​សាលា​ឧទ្ធរណ៍​ក្នុង​រយៈ​ពេល​មួយ​ខែ​។​»

​ចៅ​ក្រម​រូប​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​ឈ្មោះ លី ស្រី​ពៅ អាយុ ​៣៦​ឆ្នាំ និង​ឈ្មោះ ​ចាន់ សារ៉េត អាយុ ​៥២​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ ចរាចរ​ប្រាក់​ក្លែង​ក្លាយ តាម​មាត្រា ៦៤៧ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។​

​ប៉ុន្ដែ​ក្នុង​ពេល​សវនាការ ជន​ជាប់​ចោទ​ទាំង​ពីរ​បាន​បដិសេធ​ថា ពួក​គេ​មិន​បាន​ដឹង​ថា​ខ្លួន​មាន​រូបិយប័ណ្ណ​ក្លែង​ក្លាយ​នោះ​ទេ​។ ជន​ជាប់​ចោទ​ឈ្មោះ លី ស្រី​ពៅ បាន​ប្រាប់​តុលាការ​ថា ខ្លួន​បាន​ប្រាក់​ទាំង​នោះ​ពី​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​នៅ​ពេល​ដែល​ខ្លួន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពង់ចាម​។​

​ជន​ជាប់​ចោទ​បាន​បន្ត​ឲ្យ​ដឹង​ថា បុរស​ខាង​លើ​នោះ​បាន​ប្រគល់​ប្រាក់​ចំនួន ៧៤០ ដុល្លារ​ជា​សំណង​សម្រាប់​ការ​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​ដែល​ខ្លួន​នៅ​ពេល​នោះ​មិន​បាន​ត្រួត​ពិនិត្យ​ប្រាក់​ដែល​បាន​ផ្តល់​ឱ្យ​នោះ​ទេ​។​

​ជន​ជាប់​ចោទ​បាន​ថ្លែង​ទៀត​ថា នៅ​ថ្ងៃទី ៧ ខែកុម្ភៈ​ឆ្នាំ ២០១៨ រូប​ខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​ដើម្បី​ទៅ​ជួប​ឈ្មោះ ចាន់ សារ៉េត នៅ​ឯ​ផ្ទះ​សំណាក់ ហើយ​បាន​ប្រើ​ក្រដាស​ប្រាក់ ៥០ ដុល្លារ​ដើម្បី​បង់​ថ្លៃ​បន្ទប់​ដែល​បង​ថ្លៃ​ស្រី​របស់​នាង​បាន​ជួល​។​

​ជន​ជាប់​ចោទ​បាន​បន្ថែម​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​ពិត​ជា​មាន​ប្រាក់​ចំនួន ៧៤០ ដុល្លារ​ដែល​បាន​រឹបអូស​នោះ​មែន ប៉ុន្តែ​ខ្ញុំ​បាន​វា​ពី​បុរស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ជា​សំណង​សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​បុរស​ម្នាក់​នោះ​បាន​សង​ប្រាក់​ឲ្យ​ខ្ញុំ​ពី​ព្រោះ​គាត់​បាន​ជិះ​បុក​ម៉ូតូ​ខ្ញុំ​ដែល​បណ្ដាល​ឲ្យ​រូប​ខ្ញុំ​រង​របួស​។​»

​ជន​ជាប់​ចោទ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​បាន​ដឹង​ថា ក្រដាស​ប្រាក់​នោះ​ជា​លុយ​ក្លែងក្លាយ​នោះ​ទេ​។ ខ្ញុំ​ទើប​តែ​ដឹង​បន្ទាប់​ពី​ខ្ញុំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ប៉ុណ្ណោះ​។​»

​ជន​ជាប់​ចោទ​ម្នាក់​ទៀត​ឈ្មោះ ចាន់ សារ៉េត ក៏​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ដែរ​ថា រូប​ខ្លួន​មិន​បាន​ដឹង​ថា​លុយ​នោះ​ក្លែង​ក្លាយ​ទេ ហើយ​ខ្លួន​ក៏​មិន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​។​

​សារ៉េត បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា លី ស្រី​ពៅ​បាន​ប្រគល់​ប្រាក់​ចំនួន ៥០ ដុល្លារ​ទៅ​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​ដើម្បី​បង់​ថ្លៃ​បន្ទប់​របស់​ខ្ញុំ​ពិត​មែន​។ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​បាន​ដឹង​ថា វា​ជា​លុយ​ក្លែង​ក្លាយ​នោះ​ទេ​។​»​សារ៉េត បាន​បន្ថែម​ថា​៖ «​ប្រសិន​បើ​ខ្ញុំ​ដឹង​ថា​វា​លុយ​ក្លែងក្លាយ​នោះ ខ្ញុំ​នឹង​មិន​ពាក់​ព័ន្ធ​នោះ​ទេ​»​។​

​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក កៅ វណ្ឌី បាន​ពន្យល់​ពី​ដើម​ចម​ថា នៅ​ថ្ងៃទី ៧ ខែកុម្ភៈ​ឆ្នាំ ២០១៨ វេលា​ម៉ោង​ប្រហែល​ជា ១១ និង​៣០ នាទី​យប់​អ្នក​ទាំង ២ បាន​មក​ស្នាក់​នៅ​ផ្ទះ​សំណាក់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក ហើយ​ពួក​គេ​បាន​យក​ក្រដាស​ប្រាក់ ​៥០ដុល្លារ​ទៅ​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​ខាង​លើ​។​

​លោក ​កៅ វណ្ឌី​បាន​បន្ថែម​ឲ្យ​ដឹង​ថា​៖ «​នៅ​ពេល​នោះ ម្ចាស់​ផ្ទះ​សំណាក់​បាន​ត្រួត​ពិនិត្យ​មើល​ក្រដាស​ប្រាក់​ដែល​អ្នក​ទាំង​ពីរ​បាន​ប្រគល់​នោះ​ហើយ​ដឹង​ថា វា​ជា​រូបិយប័ណ្ណ​ក្លែង​ក្លាយ ។ បន្ទាប់​មក​ខ្លួន​ក៏​បាន​ជូន​ដំណឹង​ទៅ​កាន់​ប៉ូលីស​សង្កាត់​ទឹក​ល្អក់ ៣​។​»

​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ស្ត្រី​ទាំង​ពីរ​នាក់​ខាង​លើ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​ផ្ទះ​សំណាក់​ក្នុង​យប់​ដដែល​នោះ ខណៈ​ដែល​មន្ត្រី​នគរបាល​បាន​ដក​ហូត​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​ចំនួន ៧៤០ ដុល្លារ ទូរស័ព្ទ ២ គ្រឿង និង​ម៉ូតូ ១ គ្រឿង​ពី​អ្នក​ទាំង​ពីរ​៕»

 ប្រែ​សម្រួល​៖ ភុន ច័ន្ទ​ឧសភា

Related Posts

Previous Article

សត្វ​ដំរី​មួយ​ក្បាល​ត្រូវ​បាន​សង្គ្រោះ​ដោយ​ជោគ​ជ័យ

Next Article

មនុស្ស ៩នាក់ត្រូវ​បា​​ន​​​ម​ន្ដ្រី​ឧ​ទ្យានុរ​ក្ស​​ឃាត់​ខ្លួន ពី​បទល្មើសបំផ្លាញ​ធន​ធានធម្មជាតិ