ana-air canadia-bank Silk-air nissan acleda cab-bank

មនុស្ស ៩នាក់ត្រូវ​បា​​ន​​​ម​ន្ដ្រី​ឧ​ទ្យានុរ​ក្ស​​ឃាត់​ខ្លួន ពី​បទល្មើសបំផ្លាញ​ធន​ធានធម្មជាតិ

ប៉ិច សុធារី / Khmer Times No Comments Share:
មន្ត្រីឧទ្យានុរក្ស​ខេត្តមណ្ឌលគិរី ​ចាប់ឃាត់ខ្លួនមនុស្ស​​​​ចំនួន ៩នាក់ក្នុងខេត្តមណ្ឌលគិរី។ MOE

មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្ស​ខេត្តមណ្ឌលគិរី ​បានចាប់ឃាត់ខ្លួនមនុស្ស​​​​ចំនួន ៩នាក់ បញ្ជូនទៅសាលាដំបូង​ខេត្ត ពាក់​ព័ន្ធ​​នឹង​ករណីកាប់បំផ្លាញរុក្ខជាតិ​ក្នុងតំបន់​ស្តារ​ប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៃបទ​ល្មើស​ធន​ធានធម្មជាតិ ក្នុងនោះ​​មាន​មនុស្ស​ ​​​​​៧​នាក់ ត្រូវ​​​បានចៅក្រមស៊ើបសួរ​​សាលាដំបូងខេត្ត សម្រេច​​ចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន​ក្នុង​ពន្ធនា​គារ។

ប្រធានមន្ទីរបរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្រ បានឲ្យដឹង​កាលពីថ្ងៃ​អាទិត្យ​ថា បុរស​ជា​ជន​សង្ស័យទាំង​ ៩​នាក់​នោះ ​ត្រូវ​បានមន្ត្រីឧទ្យានុរក្ស​ចាប់ឃាត់ខ្លួន កាលពីថ្ងៃ​ព្រហស្បត្តិ៍ នៅចំណុច​អូរ​ខ្លៀវ ភូមិ​ក្តោយ ឃុំ​រយ៉ ស្រុក​កោះ​ញែក ស្ថិត​ក្នុង​របៀង​​អភិរក្សជីវៈ​ចម្រុះប្រព័ន្ធ​តំបន់​ការ​ពារ​ធម្មជាតិ ខណៈជនសង្ស័យ​​ទាំង​នោះកំពុង​ធ្វើសកម្មភាព​កាប់​រំលំ​​​ដើម​​ឈើ​​​​​នូវ​ប្រភេទ​​លេខ​១ និងឈើលេខ​២ ដោយប្រើប្រាស់រណា​យន្តអារ​ច្រៀក​ឈើអស់ជា​ច្រើនដើម។

The timber is cut into pieces before the crackdown in Mondulkiri province. MoE

លោក សុភ័ក្រ និយាយ​​ថា​៖ «​ជន​​​សង្ស័យ​ទាំង​​​នោះ ត្រូវ​បានបញ្ជូនទៅកាន់សាលាដំបូង​ខេត្ត ដើម្បីចាត់ការបន្តថា​នីតិវិធី​ច្បាប់ កាល ពី​ព្រឹក​ថ្ងៃ​សៅរ៍ ពាក់ព័ន្ធ​ករណី​កាប់​បំផ្លាញ​រុក្ខជា​តិ​​​ក្នុងតំបន់ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើងវិញ តាម​មាត្រា៥៦ និង៦០ នៃ​ច្បាប់ស្តីពី​តំបន់ការពារ​ធម្មជាតិ»។

លោក​កែវ សុភ័ក្រ បាន​ឲ្យដឹង​ពីអ​ត្តសញ្ញាណ​ជន​សង្ស័យ​ទាំង​ ៩នាក់​នោះ រួមមាន ឈ្មោះ លឹម វ៉ាន់ខង អាយុ ៥២ឆ្នាំ, សេង ជា អាយុ​៤១ឆ្នាំ, ហ៊ុន សាត អាយុ ៤៤​ឆ្នាំ, អ៊ន តេន អាយុ ៣៩ឆ្នាំ, វ៉ាន់ ចាន់រី អាយុ ២៦ឆ្នាំ, ឃឿន សុខេង អាយុ​​ ២៥ឆ្នាំ, រ៉ែន ដែន អាយុ ​៣០ឆ្នាំ, រ៉ែន មិនា អាយុ​ ១៥​ឆ្នាំ, និងអោក ភក្ត្រា អាយុ ១៥​ឆ្នាំ ​ដែល​អ្នក​ទាំង​នោះ​រស់​នៅ​ស្រុក​ស្នួល និង​ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ។

លោក​បានបន្ថែម​ថា៖ «វត្ថុ​តាង​ដែលមន្ត្រី​ឧទ្យានុរក្សដកហូតបាន រួមមាន រណា​យន្ត​ចំនួន​ ៤គ្រឿង ម៉ូតូ ១គ្រឿង ឧប​ករណ៍​​​​​​​ឆក់ ១គ្រឿង​ និង​ឈើ​​​មូល​ប្រភេទ​លេខ​១ និងលេខ​២ សរុបប្រមាណ ៤ម៉ែត្រគូប»។

អ្នកនាំ​ពាក្យ​សាលា​ដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ពុំអាច​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ កាលពីថ្ងៃ​អាទិត្យ​។ ប៉ុន្តែ លោក កែវ សុភ័ក្រ បាន​បញ្ជាក់ថា កាលពីថ្ងៃ​សៅរ៍ ចៅក្រមស៊ើបសួរ​សាលាដំបូង​ខេត្ត បានសម្រេច​ឃុំ​ខ្លួន​បណ្តោះ​​អាសន្ន​​លើជនត្រូវ​ចោទចំនួន​៧នាក់ ខណៈដែល​ជន​ត្រូវ​ចោទពីរនាក់ទៀតដែលមានអាយុ ១៥​ឆ្នាំ ជា​អនិតិ​ជន ត្រូវ​បានដោះ​លែង​ឲ្យនៅក្រៅឃុំ​។

បើតាមមន្ត្រីរូបនេះ កាលពីខែ​មករា មានជន​សង្ស័យចំនួន៣នាក់ហើយ ដែល​ត្រូវបានមន្ត្រីឧទ្យានុរក្ស ​ធ្វើកា​រចាប់ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ ពាក់ព័ន្ធនឹងបទ​ល្មើសធនធានធម្មជាតិនេះ។

ចំណែក របាយការណ៍​របស់ក្រសួងបរិស្ថាន​ដែល​បានផ្សព្វផ្សាយកាលពីខែមករា​ឆ្នាំ​នេះ បានឲ្យ​ដឹង​ មន្ទីរ​បរិស្ថាន​ខេត្ត នាយក​តំបន់​ការ​ពារ​​ធម្មជាតិ​ និង​មន្ត្រី​ឧទ្យា​នុរក្សទូទាំង​ប្រទេស​​ កាល​ពី​អំឡុងឆ្នាំ​២០១៩​ បាន​បង្ក្រាប​​បទ​​ល្មើស​​​ធន​ធាន​​​​​​​ធម្មជាតិ​​ជាង ២០០០​ករណី ​ក្នុង​នោះបាន​ដក​ហូត​វត្ថុ​តាង​បទ​ល្មើស​មួយ​ចំនួន ដូចជា ចាប់​​ឃាត់​​​ឈើ​​​​អារ​​​ជិត ១ម៉ឺន​​​​ម៉ែត្រ​គីប ឈើ​មូល​ចំនួន ៨០០ម៉ែត្រ​គូប ឈើប្រណិត​ចំនួន ៦៩៥​​​ម៉ែត្រ​គូប ប្រមូល​អន្ទាក់​​ចាប់​សត្វ​​​ស្នា​​តេះ​​ចំនួន ៤០៤៧​ខ្សែ ចាប់បាន​រថយន្ត​និងម៉ូតូចំនួន ៣១៤​គ្រឿង ដក​ហូត​​រណា​យន្ត​ជាង ៥០០គ្រឿង និង​​រណា​ដៃ ១៥៣​គ្រឿង ព្រមទាំង​បានឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៤៧០នាក់ ធ្វើកិច្ច​សន្យា​​​បញ្ឈប់​សកម្ម​ភាព​​បទ​ល្មើស អប់រំណែនាំចំនួន ៣៧នាក់ទៀត និង​មួយចំនួន​ទៀត ត្រូវបានបញ្ជូនសំណុំរឿង​ទៅតុលាការ៕

Related Posts

Previous Article

តុលាការ​កាត់​ទោស​ស្ដ្រី​ពីរ​នាក់ អោយ​ជាប់​ពន្ធនាគារ ៥ឆ្នាំ​ពី​បទ​ប្រើ​ប្រាស់​រូបិយ​ប័ណ្ណ ៥០​ដុល្លារ ក្លែង​ក្លាយ

Next Article

មន្ដ្រី​សុខាភិបាល​៖ បុរស​ដែល​ដួល​សន្លប់​នៅ​ព្រលាន​យន្ត​ហោះ គឺ​បណ្តាល​ពី​ខ្យល់​គរ មិន​ពាក់ព័ន្ធ​និង​វីរុស​កូរ៉ូណា​ទេ​