ana-air canadia-bank Silk-air nissan acleda cab-bank

មន្ដ្រី​សុខាភិបាល​៖ បុរស​ដែល​ដួល​សន្លប់​នៅ​ព្រលាន​យន្ត​ហោះ គឺ​បណ្តាល​ពី​ខ្យល់​គរ មិន​ពាក់ព័ន្ធ​និង​វីរុស​កូរ៉ូណា​ទេ​ 

ប៉ិច សុធារី / Khmer Times No Comments Share:
បុរស​ជនជាតិ​យេម៉េន​ ដែល​​ដួល​សន្លប់​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ។ Facebook

​ភ្នំពេញ​៖ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា បុរស​ជនជាតិ​យេម៉េន​ម្នាក់ ដែល​បាន​ដួល​សន្លប់​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​អាទិត្យ​នោះ ពុំ​មាន​ពាក់ព័ន្ធ​នឹង​ករណី​វីរុស​កូរ៉ូណា​នោះ​ទេ ខណៈ​ដែល​បុរស​ជនជាតិ​ចិន​ដែល​ធ្លាប់​រក​ឃើញ​វីរុស​កូរ៉ូណា នឹង​ត្រូវ​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ពី​ការ​ព្យាបាល​ទទួល​បាន​ជោគជ័យ​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា នៅ​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក​ម្សិលមិញ មាន​ជន​បរទេស​យេម៉េន​ម្នាក់ បាន​ដួល​សន្លប់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ថត​រូបភាព​របស់​គាត់ ហើយ​បាន​បំភ្លៃ​ព័ត៌មាន​ថា ការ​ដួល​សន្លប់​មាន​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​។

​លោក សូ​វ៉ាន់ ពន្យល់​ថា​៖ «​ប្រសិន​បើ​មាន​វីរុស​កូរ៉ូណា​មែន ក៏​ជំងឺ​នេះ​មិន​អាច​ឲ្យ​អ្នក​ផ្ទុក​វីរុស​នេះ ដួល​សន្លប់​ភ្លាមៗ​បាន​ដែរ វា​ត្រូវ​ការ​រយៈពេល​៤​ទៅ​៥​ថ្ងៃ បាន​វិវឌ្ឍន៍​ទៅ​ជា​ហត់​ខ្លាំង​»​។

​លោក​បន្ត​ថា តាម​រយៈ​ការ​ពិនិត្យ​សុខភាព​របស់​ជន​បរទេស​រូប​នោះ ឃើញ​ថា រូប​គាត់​មិន​មាន​រោគ​សញ្ញា​ណា​មួយ​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​នោះ​ទេ ខណៈ​ដែល​កម្តៅ​ខ្លួន​របស់​គាត់​ធម្មតា​។

​លោក​ពន្យល់​ថា​៖ «​ករណី​ជនជាតិ​យេម៉េន ដែល​បាន​ដួល​សន្លប់​នេះ គឺ​គាត់​មាន​ជំងឺ​ខ្វះ​អុក​ស៊ី​ហ្សេន​ក្នុង​ខ្លួន ឬ​ខ្យល់​គរ ហើយ​យើង​[​ក្រុម​គ្រូពេទ្យ​]​បាន​ដាក់​អុក​ស៊ី​ហ្សេន​ជូន​គាត់​ទៅ គាត់​ក៏​បាន​ធូរ និង​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ ហើយ​បាន​ត្រឡប់​ទៅ​ព្រលាន​យន្តហោះ​វិញ តែ​ត្រូវ​បាន​យន្តហោះ​ចេញ​ចោល ដូច្នេះ​គាត់​គ្មាន​ពាក់ព័ន្ធ​នឹង​ករណី​វីរុស​កូរ៉ូណា​ទេ​»​។​

​អ្នក​នាំ​ពាក្យ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់​សីរី​វុត្ថា បាន​ឲ្យ​ដឹង​ដែរ​ថា បុរស​ជនជាតិ​យេ​ម៉េន ដែល​ដួល​សន្លប់​នោះ មាន​ឈ្មោះ Ebrahim Mahram Ali Abdo អាយុ​៣២​ឆ្នាំ មាន​បំណង​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​តាម​ជើង​ហោះហើរ​ម៉ាឡេស៊ី ប៉ុន្តែ​ដោយ​ស្ថានភាព​សុខ​ភាព​គាត់​ខ្សោយ និង​បាន​សំរាក​គ្រប់គ្រាន់ ទើប​មាន​អាការៈ​ដួល​សន្លប់​បែប​នេះ​។

​លោក​បន្ត​ថា​៖ «​ពេល​ដែល លោក Ebrahim បាន​ដួល​សន្លប់​នោះ យើង​បាន​បញ្ជូន​គាត់​ទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ហើយ​ក្រុម​គ្រូ​ពេទ្យ​ថា​គាត់​មិន​មាន​បញ្ហា​សុខភាព​អ្វី​ទេ គ្រាន់​តែ​មាន​អាការៈ​អស់​កម្លាំង សម្រាក​មិន​គ្រប់​គ្រាន់ ក៏​គាត់​ក៏​បាន​សុំ​ពេទ្យ​ចេញ​វិញ ដូច្នេះ​យើង​មិន​ដឹង​ថា​គាត់​នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​របស់​គាត់​ពេល​ណា​វិញ​នោះ​ទេ​»​។​

​ចំពោះ​បុរស​ជនជាតិ​ចិន ឈ្មោះ ចា ជិន​ហួរ (Jia Jianhua) អាយុ ៦០​ឆ្នាំ ដែល​ធ្លាប់​រក​ឃើញ​ភាព​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណា​នោះ បាន​ជា​សះស្បើយ​ហើយ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ខេត្ត ព្រះសីហនុ នៅ​ថ្ងៃ​ចន្ទ​នេះ​។ នេះ​បើ​តាម​លោក លី សូវ៉ាន់ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​។

​លោក​ថា​៖ «​ជា​សះ​ស្បើយ មាន​ន័យ​ថា គាត់​[​លោក​Jia]​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទៀត​ទេ គាត់​គ្មាន​មេរោគ​[​វីរុស​កូ​រ៉ូ​ណា​]​នៅ​ក្នុង​ខ្លួន​ទៀត​ទេ និង​គាត់​មិន​អាច​មាន​លទ្ធភាព​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត​ទេ ដូច្នេះ​គាត់​នឹង​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១០​ខែ​កុម្ភៈ​នេះ ដោយ​មាន​ការ​ចូល​រួម​ជូន​ចេញ​មន្ទីរពេទ្យ ពី​សំណាក់​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល និង​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​»​។​

​លោក Jia បាន​ធ្វើ​ដំណើរ​ចេញ​មក​ពី​ទីក្រុង​វ៉ូហាន ប្រទេស​ចិន មក​កាន់​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី​២៣​ខែ​មករា និង​ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ពី​ភាព​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណា កាលពី​ថ្ងៃទី​២៧​ខែ​មករា ដោយ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។

​លោក លី សូ​វ៉ាន់ បាន​បន្ថែម​ថា ចំពោះ​អ្នក​ដែល​ប៉ះពាល់ និង​អ្នក​ជិះ​យន្ត​ហោះ​ជា​មួយ​អ្នក​ជំងឺ​រូប​នេះ រហូត​មក​ដល់​ថ្ងៃ​អាទិត្យ ក៏​ពុំ​មាន​ចេញ​រោគ​សញ្ញា​ណា​មួយ​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​នេះ​ទេ​។

​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​បន្ត​ការ​ប្រុង​ប្រយ័ត្ន ជៀសវាង​ទៅ​កាន់​តំបន់​ដែល​បាន​និង​កំពុង​ផ្ទុះ​ជំងឺ ជៀសវាង​ប៉ះពាល់​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ និង​សត្វ​ព្រៃ និង​ត្រូវ​អនុវត្ត​អនាម័យ​ជា​ប្រចាំ​។ លោក​ថា​៖ «​រហូត​មក​ដល់​រសៀល​ថ្ងៃ​ម្សិល​មិញ កម្ពុជា​ពុំ​ទាន់​រក​ឃើញ​ករណី​ជំងឺ​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​បន្ថែម​ទៀត​ទេ ប៉ុន្តែ​លទ្ធភាព​រក​ឃើញ​ករណី​បន្ថែម​ទៀត នឹង​អាច​កើត​មាន ព្រោះ​ជំងឺ​នេះ​នៅ​តែ​បន្ត​រាតត្បាត​នៅ​ឡើយ​នៅ​ទីក្រុង​វ៉ូហាន ប្រទេស​ចិន​»​។​

​បើ​តាម​ប្រភព​សារ​ព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​រសៀល​ថ្ងៃ​អាទិត្យ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅ​ប្រទេស​ចិន បាន​បង្ក​ឲ្យ​អ្នក​ស្លាប់​កើន​ដល់​ជាង ៨១០​នាក់ ខណៈ​អ្នក​ឆ្លង​វីរុស​នេះ​កើន​ដល់​ជាង ៣៧០០០​នាក់ និង​អ្នក​ជា​សះស្បើយ​ជាង ២៦០០​នាក់​៕​

Related Posts

Previous Article

មនុស្ស ៩នាក់ត្រូវ​បា​​ន​​​ម​ន្ដ្រី​ឧ​ទ្យានុរ​ក្ស​​ឃាត់​ខ្លួន ពី​បទល្មើសបំផ្លាញ​ធន​ធានធម្មជាតិ

Next Article

សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ជាតិ​ឡាវ​ម្នាក់​ជួញ​ដូរ​គ្រឿង​ញៀន ៤​គីឡួ​ក្រាម​