ana-air canadia-bank Silk-air nissan acleda cab-bank

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទន្ទ្រាន​យក​ដី​ធ្លី​ខុស​ច្បាប់​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
​ជន​សង្ស័យ​​លោក ​ខាន់ ខូវ និង លោក ​ធឿន ធី​ហុង។ ANN

​ខេត្តពោធិសាត់​៖ សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​កាលពី​ម្សិលមិញ​បាន​ចាប់​ផ្តើម​បើក​ការ​សាក​សួរ​មេភូមិ និង​អ្នក​វាស់វែង​ក្បាល​ដី​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ​រាជរដ្ឋាភិបាល ក្រោយ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​ការ​ទន្ទ្រាន​និង​ឈូស​ឆាយ​ដីព្រៃ​ទំហំ ៣៧ ហិកតា​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​របស់​រដ្ឋ​។​

​លោក​វរសេនីយ៍ត្រី នុត សារិទ្ធ ជា​មន្ត្រី​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ខេត្ត បាន​មាន​ប្រសាសន៍​ថា «​កាលពី​ថ្ងៃទី ១០ ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ អ្នក​ទាំង​ពីរ​បាន​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​និង​បាន​ទន្ទ្រាន​កាន់​កាប់​យក​ដី​ព្រៃ​ការពារ​ចំនួន ១.២០០ ហិកតា​នៅ​ក្នុង​ស្រុក​វាលវែង​។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​និង​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ក្នុង​គោល​បំណង​ដើម្បី​យក​ដី​នោះ​ធ្វើ​ជា​កម្ម​សិទ្ធ​របស់​ពួក​គេ​។​»

​លោក សារិទ្ធ បាន​អោយ​ដឹង​ទៀត​ថា ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​ដើម្បី​សាកសួរ​។ ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោស បុរស​ទាំង​ពីរ​នាក់​នេះ​នឹង​ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០ ឆ្នាំ​។​

​ជន​សង្ស័យ​ទាំង ២ មាន​ឈ្មោះ ខាន់ ខូវ ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ជា​មេភូមិ​ប្រម៉ោយ និង​ឈ្មោះ ធឿន ធី​ហុង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​តួនាទី​ជា​អ្នក​រៀបចំ​វាស់វែង​ក្បាល​ដី អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ប្រម៉ោយ ឃុំ​ប្រម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​នៅ​ថ្ងៃទី ១៤ ខែ​មករា​កន្លង​ទៅ លោក​ខាន់ ខូវ បាន​ជួល​លោក ​ធឿន ធី​ហុង ចាត់​ចែង​ដើម្បី​ទន្ទ្រាន​យក​ដីព្រៃ​ដោយ​ខុស​ច្បាប់ តាម​រយៈ​ការ​ចេញ​ឯកសារ​ចាំបាច់​នានា ហើយ​កាលពី​ថ្ងៃទី ៣១ ខែមករា អ្នក​ទាំង ២ ក៏​បាន​ជួល​អ្នក​ភូមិ​ឱ្យ​ឈូស​ឆាយ​ដីព្រៃ​ទំហំ ៣៧ ហិកតា​ដោយ​គ្មាន​ការ​យល់​ព្រម​ឬ​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​នោះទេ​។​

​បន្ទាប់​មក​ទៀត សមត្ថកិច្ច​ក៏​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​លោក ​ខាន់ ខូវ និង លោក ​ធឿន ធី​ហុង នៅ​ព្រឹក​ថ្ងៃទី ៣ ខែកុម្ភៈ វេលា​ម៉ោង​ប្រហែល​ជា ១០ ព្រឹក តាម​បណ្តឹង​របស់​មន្ត្រី​ការពារ​បរិស្ថាន​និង​មន្ត្រី​ធនធាន​ធម្មជាតិ​ខេត្ត​។​

​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ហេង ដូនីន បាន​និយាយ​កាលពី​ម្សិលមិញ​ថា ជន​សង្ស័យ​ទាំង ២ នាក់​កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ទេ​៕ ប្រែ​សម្រួល​៖ ភុន ច័ន្ទ​ឧសភា​

Related Posts

Previous Article

សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ជាតិ​ឡាវ​ម្នាក់​ជួញ​ដូរ​គ្រឿង​ញៀន ៤​គីឡួ​ក្រាម​

Next Article

អ្នក​បើក​តាក់ស៊ី​​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​