ana-air canadia-bank Silk-air nissan acleda cab-bank

សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ជាតិ​ឡាវ​ម្នាក់​ជួញ​ដូរ​គ្រឿង​ញៀន ៤​គីឡួ​ក្រាម​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៤ គីឡូក្រាម​ដែលសមត្ថកិច្ច​​រឹបអូស​បាន។ សហការី

កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​រឹបអូស​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៤ គីឡូក្រាម​។​

«​ជន​សង្ស័យ​រូប​នេះ​គឺជា​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​មួយ​រូប​ដែល​តែង​តែ​នាំ​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំដែន​កម្ពុជា​-​ឡាវ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដើម្បី​ចែក​ចាយ​បន្ត​ដល់​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​មូល​។​» នេះ​បើ​តាម​ប្រសាសន៍​លោក​ឧត្តម​សេនីយ៍​ទោ វ៉ាន់ កុសល នាយក​រង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​។​

​លោក​បាន​បន្ដ​ថា ក្រោយ​ការ​ចាប់​ខ្លួន មន្ត្រី​នគរបាល​បាន​ធ្វើ​ការ​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៤ កញ្ចប់​ធំ​ទំងន់ ៤ គីឡូ​ក្រាម និង​ទូរស័ព្ទ​មួយ​គ្រឿង​ពី​ជន​សង្ស័យ​។ ជន​សង្ស័យ​ខាង​លើ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ដឹក​ជញ្ជូន​និង​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស​។​

​បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ដើម្បី​ធ្វើ​ការ​សាក​សួរ​និង​ស៊ើប​អង្កេត​បន្ថែម​នៅ​ឯ​ក្រសួង​មហាផ្ទៃ ខណៈ​ដែល​ជន​សង្ស័យ​រូប​នេះ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​បន្ថែម​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​នគរបាល បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ថា​មាន​ឈ្មោះ សែង​ចន្ទ័ ដួងចៃ (SENG CHANH DOUANGCHAY ) អាយុ ៦៩ ឆ្នាំ ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​ឡាវ​មក​ពី​ទីក្រុង​វៀងចន្ទន៍​។ ជន​សង្ស័យ​ដែល​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ខាង​លើ​នេះ​តែង​តែ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំដែន​កម្ពុជា​-​ឡាវ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ដើម្បី​យក​ទៅ​លក់​ឱ្យ​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។​

​លោក​ឧត្តម​សេនីយ៍​ទោ វ៉ាន់ កុសល បាន​បន្ត​ទៀត​ថា​នគរបាល​បាន​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​ហើយ​បន្ទាប់​មក​មន្ត្រី​សមត្ថកិច្ច​ក៏​បាន​បើក​ការ​ស្រាវជ្រាវ​ដោយ​ធ្វើ​ជា​ទាក់​ទង់​ជន​សង្ស័យ​ដើម្បី​ទិញ​គ្រឿង​ញៀន​ចំនួន ៤ គីឡូក្រាម កាលពី​ថ្ងៃទី ៣១ ខែ​មករា​។ ។​

​សមត្ថកិច្ច​បាន​ពន្យល់​នៅ​ម៉ោង​ប្រហែល​ជា ១០ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ពុធ ជន​សង្ស័យ​បាន​ធ្វើ​ដំណើរ​ដោយ​តាក់ស៊ី​ពី​ខេត្ត​ស្ទឹងត្រែង​មក​កាន់​រាជធានី​ភ្នំពេញ​ហើយ​ឈប់​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ភី​ធី​ធី​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​។ បន្ទាប់​មក​ទៀត ជន​សង្ស័យ​ក៏​បាន​កាន់​កាបូប​ហើយ​ដើរ​ឆ្ពោះ​ទៅ​កាន់​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន​នៅ​ខាង​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ដើម្បី​ជួប​មន្ត្រី​សមត្ថកិច្ច​សម្ងាត់​។​

​លោក កុសល បាន​បន្ត​ថា នៅ​ពេល​ដែល​ជន​សង្ស័យ​បាន​យក​គ្រឿង​ញៀន​ឲ្យ​ទៅ ឲ្យ​មន្ត្រី​នគរបាល​សម្ងាត់​នោះ មន្ត្រី​នគរបាល​ស្លៀក​សម្លៀក​បំពាក់​ស៊ីវិល​ដទៃ​ទៀត​ដែល​នៅ​នឹង​កន្លែង​នោះ​បាន​ធ្វើ​ការ​ឡោមព័ទ្ធ​និង​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ភ្លាមៗ​តែ​ម្ដង​។​មន្ត្រី​នគរបាល​កំពុង​តែ​បន្ត​ខិតខំ​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដើម្បី​នាំ​ពួក​គេ​ទៅ​កាន់​តុលាការ​។​

​ជា​មួយ​គ្នា​នេះ​ផង​ដែរ នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ជន​ជាតិ​ឡាវ​ពីរ​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​មួយ​នឹង​គ្រឿង​ញៀន​ផង​ដែរ​។​

​មន្ត្រី​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្ត​ស្ទឹង​ត្រែង​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​បុរស​ជនជាតិ​ឡាវ ២ នាក់ ដោយ​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តាល់​កន្លះ​គីឡូ​ក្រាម​ពី​ពួក​គេ​នៅ​ឯ​ព្រំដែន​កម្ពុជា​-​ឡាវ​ក្នុង​ឃុំ​អូរ​ស្វាយ​។​

​លោក​វរសេនីយ៍ ចែម ផានិត នាយការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត បាន​ឲ្យ​ដឹងថា​ជន​សង្ស័យ​ទាំង ២ នាក់​នេះ​មាន​ឈ្មោះ​មោះ​ហៀវ ប៊ុត​វង្ស ភេទ​ប្រុស អាយុ ៣២ ឆ្នាំ និង​ឈ្មោះ វង្ស អឹង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ខណៈ​ដែល​អ្នក​ទាំង​ពីរ​គឺជា​ជនជាតិ​ឡាវ មាន​មុខ​របរ​កសិករ នៅ​ស្រុក​មឿង​ខោង ខេត្ត​ចំប៉ា​សាក់​។​

​លោក ផានិត បាន​ថ្លែង​ថា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​នៅ​ម៉ោង​ប្រហែល​ជា ២ រសៀល​រសៀល​ថ្ងៃ​ពុធ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ដោយ​លាក់​ទុក​គ្រឿង​ញៀន​នៅ​ក្នុង​កាបូប​របស់​ពួក​គេ ហើយ​បាន​ឆ្លង​កាត់​ព្រំដែន​ឡាវ​ឆ្ពោះ​ទៅ​កាន់​ឃុំ​អូរ​ស្វាយ​។ លោក​មាន​ប្រសាសន៍​បន្ថែ​ម​ទៀត​ថា​៖ «​ពួក​គេ​មាន​គម្រោង​លក់​គ្រឿង​ញៀន​ទាំង​នេះ​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​។​»

​លោក​បាន​បន្ត​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ចាប់​ខ្លួន មន្ត្រី​សមត្ថកិច្ច​បាន​ធ្វើ​ការ​រឹបអូស​ថ្នាំ​ញៀន​សរុប​ចំនួន ៣៨២ គ្រាប់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម៉ា​ទឹកកក មាន​ទំងន់​ជិត​កន្លះ​គីឡូ​ក្រាម​។​

​លោក​បាន​បន្ថែម​ថា ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​បឋម​ពី​បទ ដឹក​ជញ្ជូន​និង​ជួញដូរ​គ្រឿង​ញៀន ខណៈដែល​ជន​សង្ស័យ​ទាំង ២ នាក់​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ដើម្បី​សាកសួរ​និង​ស្រាវជ្រាវ​បន្ត​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​។​

​គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ជន​សង្ស័យ​ទាំង​ពីរ​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​ដើម្បី​សាកសួរ​នៅ​ថ្ងៃ​នេះ​៕ ប្រែ​សម្រួល​៖ ភុន ច័ន្ទ​ឧសភា​

 

Related Posts

Previous Article

មន្ដ្រី​សុខាភិបាល​៖ បុរស​ដែល​ដួល​សន្លប់​នៅ​ព្រលាន​យន្ត​ហោះ គឺ​បណ្តាល​ពី​ខ្យល់​គរ មិន​ពាក់ព័ន្ធ​និង​វីរុស​កូរ៉ូណា​ទេ​ 

Next Article

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទន្ទ្រាន​យក​ដី​ធ្លី​ខុស​ច្បាប់​