ana-air canadia-bank Silk-air nissan acleda cab-bank

អ្នក​បើក​តាក់ស៊ី​​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​

​ប៊ុត រស្មី​គង្គា​ / Khmer Times No Comments Share:
drug
កញ្ចប់​ថ្នាំ​ញៀនដែល​សម្មត្ថកិច្ច​រឹបអូស​បាន​នាពេល​កន្លង​មក។ រូបថត​ សហការី

ក្នុង​ពេល​សវនាការ​នៅ​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ ជន​ជាប់​ចោទ​ម្នាក់ ដែល​ជា​អ្នក​បើក​តាក់​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ប្រមាណ ២ គីឡូ​ក្រាម​ទេ​។ ជន​ជាប់​ចោទ​ឈ្មោះ ដុំ វាសនា អាយុ ៤៤ ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ចាម​កាត់​ទោស ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៧ ឆ្នាំ​ពី​បទ​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេតា​មីន​ចំនួន​ប្រមាណ​ជា ២ ក្រាម កាលពី​ឆ្នាំ ២០១៧​កន្លង​ទៅ ។​

​នៅ​ចំពោះ​មុខ​ចៅក្រម លោក វាសនា បាន​និយាយ​ថា «​ខ្ញុំ​មិន​មែន​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា​មាន​គ្រឿង​ញៀន​នៅ​ក្នុង​ឡាន​របស់​ខ្ញុំ​។ កញ្ចប់​ថ្នាំ​ញៀន​ទាំង​នោះ​ជា​របស់​ឈ្មោះ រី រម្យនី មិន​មែន​ជា​របស់​ខ្ញុំ​ឡើយ​។​» លោក វាសនា បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ចង់​ស្នើ​ឲ្យ​សាលា​ឧទ្ធរណ៍​ស្វែងរក​ការ​ពិត និង​យុត្តិធម៌​សម្រាប់​ខ្ញុំ ហើយ​ដោះលែង​រូប​ខ្ញុំ​ឲ្យ​មាន​សេរីភាព​ពី​ពន្ធនាគារ​។​»

​ចៅក្រម​សាលា​ឧទ្ធរណ៍ លោក ប៉ុល សំអឿន បាន​ថ្លែង​ថា ជន​ជាប់​ចោទ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធ​ពី​បទ ជួញ​ដូរ​គ្រឿង​ញៀន តាម​មាត្រា​ទី ៤០ នៃ​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​កាលពី ៣ ឆ្នាំ​មុន​។​

​ជន​ជាប់​ចោទ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី ១៤ ខែ​មករា​ឆ្នាំ ២០១៧ បន្ទាប់ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ឲ្យ​ឈប់​នៅ​ឯ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​ក្នុង​ក្រុង​កំពង់ចាម ជាមួយ​បក្ស​ពួក​ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ថា រី រម្យ​នី អាយុ ២៨ ឆ្នាំ​។​

​លោក​ចៅក្រម បាន​បន្ថែម​ថា នៅ​ថ្ងៃ​ចាប់​ខ្លួន​នោះ អ្នក​ទាំង ២ បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus RX ៣០០ មក​កាន់​ស្ថានីយ៍​ប្រេង​ឥន្ធនៈ ខណៈ​ពេល​ដែល​មន្ត្រី​នគរបាល​បាន​ឃ្លាំ​មើល​ជន​ជាប់​ចោទ​ដោយ​មាន​ការ​សង្ស័យ​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​បន្ទាប់​មក​ក៏​បាន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ពួក​គេ​តែ​ម្ដង​។​

​លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ជន​ជាប់​ចោទ​ឈ្មោះ វាសនា បាន​ចេញ​ពី​រថយន្ត​ដើម្បី​ទិញ​ភេសជ្ជៈ​ខណៈ​ដែល​នគរបាល​បាន​ចូល​ទៅ​ធ្វើ​ការ​ចាប់​ខ្លួន​ឈ្មោះ រី រម្យ​នី ដែល​ជា​ជន​សង្ស័យ​ក្នុង​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​។ ហើយ​បន្ទាប់​ពី​ធ្វើ​ការ​ត្រួត​ពិនិត្យ​រថយន្ត ប៉ូលីស​បាន​រក​ឃើញ និង​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ១ កញ្ចប់ ទម្ងន់ ១,៧ ក្រាម​ពី​ជន​សង្យ័យ ហើយ​និង​មេ​តំ​ហ្វេ​តា​មីន ២ កញ្ចប់​ធំ​ទៀត​ដែល​មាន​ទម្ងន់ ៥៥,៧១ ក្រាម​ពី​រថយន្ត​»​។ លោក​ចៅក្រម ប៉ុល សំអឿន បាន​បន្ថែម​ថា​៖ «​មន្ត្រី​សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ទាំង​ពីរ​ខាង​លើ​និង​ដក​ហូត​ភ័ស្តុតាង​ដែល​រក​ឃើញ​។​»

​គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា សាលក្រម​លើ​ករណី​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ​ខាង​មុខ​៕ ប្រែ​សម្រួល​ដោយ ភុន ច័ន្ទ​ឧសភា​

 

Related Posts

Previous Article

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទន្ទ្រាន​យក​ដី​ធ្លី​ខុស​ច្បាប់​

Next Article

តួ​អង្គ​ទាំង​បួន​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​