ana-air canadia-bank Silk-air nissan acleda cab-bank

តួ​អង្គ​ទាំង​បួន​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​

លីម សុណាលីស / Khmer Times No Comments Share:

​របាំ​បុរាណ​ខ្មែរ​ត្រូវបាន​ប្រជាជន​កម្ពុជា​ស្គាល់​ថា​ជា​របាំ​ព្រះរាជ​ទ្រព្យ​ជា​កេរ្តិ៍​ដំណែល​មិន​អាច​កាត់​ថ្លៃ​បាន ដែល​បន្សល់​ពី​បុព្វបុរស​តាំង​ពី​បុរាណ​កាល​មក​។

​សិល្បៈ​អរូបិយ​មួយ​នេះ​ត្រូវ​បាន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ក្នុង​ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ​។ ក្បាច់​រាំ​មាន​សភាព​ទន់ភ្លន់​ណែងណង​បង្គ​ប់​នូវ​អត្ថន័យ រួមទាំង​សំលៀកបំពាក់​ធ្វើឡើង​រំលេច​នូវ​ភាព​ប្រណិត បានធ្វើ​ឲ្យ​ទំរង់​សិល្បៈ​មួយ​នេះ​រីក​សុះសាយ​ទូទាំង​សកល​លោក​។ មុន​ពាក់កណ្តាល​សតវត្ស​ទី ២០ របាំ​ព្រះរាជ​ទ្រព្យ​មិន​អនុញ្ញាត​ឲ្យ​សម្តែង​ក្នុង​ទីសាធារណៈ​នោះទេ​។

​ក្រោយ​មក​របាំ​បុរាណ​នេះ​ត្រូវ​បាន​គេ​ឃើញ​សម្តែង​ក្នុង​វិធី​នានា​ដូចជា ពិធី​រៀប​មង្គលការ ពិធី​សម្ពោធ ឬ​ពិធី​បុណ្យ​ជាតិ​ជាដើម​។​ល​។ របាំ​បុរាណ​នេះ​មាន​តួអង្គ​សំខាន់ៗ​បួន​គឺ តួ​នាង​(​ស្រី​) តួ​នាយ​រង​(​ប្រុស​) តួយក្ស​(​សភាវៈ​អាក្រក់​) និង​តួ​ស្វា​(​សត្វ​ស្វា​)​។ លក្ខណៈ​ពិសេស​ដែល​ប្រជាជន​ទូទៅ​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៏​នោះ​គឺ តួអង្គ​ទាំង​បួន​ខាង​លើ​ត្រូវ​បាន​សម្តែង​ដោយ​មនុស្ស​ស្រី​ទាំង​អស់ តែ​ក្រោយ​មក ដោយ​ការ​វិវត្តន៍​ក្នុង​ទំរង់​សិល្បៈ​នេះ តួ​ស្វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រុស​ជា​អ្នក​សម្តែង​វិញ​រហូត​ដល់​បច្ចុប្បន្ន​។ តួអង្គ​ទាំង​បួន​មាន​លក្ខណៈ​សម្បត្តិ និង​អប្ប​កិរិយា​ក្នុង​ការ​សម្តែង​ខុសៗ​គ្នា​។ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​អធិប្បាយ​អំពី​ចំនុច​ពិសេស​រៀងៗ​ខ្លួន​របស់​តួអង្គ​សំខាន់ៗ​ទាំង​បួន​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​។​

​តួ​នាង​(​ស្រី​)

​ស្ត្រី​ក្នុង​បរិបទ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​កត់​សម្គាល់​ថា​មាន​លក្ខណៈ​សម្បត្តិ​រម្យទម សុភាព​រាបសារ ថ្លៃថ្នូរ និង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ធ្វើ​អ្វី​មួយ​។ ដូច​គ្នា​ទៅ​នឹង​តួ​នាង​ក្នុង​របាំ​បុរាណ​ខ្មែរ​ដូច្នេះ​ដែរ​។ តួអង្គ​នេះ​ត្រូវ​សម្តែង​ក្បាច់​រាំ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ស្ត្រី​ខ្មែរ​។

​បើ​យោង​តាម​នាដ​ការី​របាំ​ម្នាក់ កញ្ញា សេរី វណ្ណ​កុសន វ័យ​២៥​ឆ្នាំ ជា​មន្ត្រី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ តួ​នាង​តម្រូវ​ឲ្យ​មាន​រូបរាង​តូច​ស្តើង កម្ពស់​សមល្មម និង​មាន​ទម្រង់​មុខ​មូល​ឬ​ពងក្រពើ​។

​កញ្ញា​កុ​សន​បាន​ចំណាយ​ពេល​ក្នុង​ការ​ហាត់​រៀន​ជំនាញ​មួយ​នេះ​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ រួច​បន្ត​មក​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សរុប​អស់​រយៈពេល​១០​ឆ្នាំ​ជាង​មក​ហើយ​។ កញ្ញា​បាន​ចេញ​សម្តែង​ក្នុង​កម្ម​ពិធី​ជាច្រើន​រួម​ទាំង​ជាតិ​និង​អន្តរជាតិ​ផង​ដែរ​។​

​កុសន​បាន​បន្ត​ទៀត​ថា​៖ «​លក្ខណៈ​ពិសេស​របស់​តួអង្គ​នាង​គឺ​ការ​តុប​តែង​ខ្លួន​ទៅ​តាម​តួអង្គ​ផ្សេងៗ​មាន​លក្ខណៈ​សំបូរ​បែប​ជាង​តួអង្គ​នាយ​រង រឺ​យក្ស​។ ឧទាហរណ៍​ផ្នែក​ក្បាល​៖ ម្កុដ​អប្សរា ម្កុដ​រ័ត្ន​ក្លៅ ម្កុដ​កំពូល​ស្រួច ក្បាំង ជុក​ក្រាស់​ញ័រ រឺ​ធ្វើ​សក់​ដាក់​ផ្កា ។​ល​។

​បន្ថែម​ពីនេះ គឺ​កាយវិការ​ក្បាច់​រាំ​របស់​តួអង្គ​នាង​តំណាង​ឲ្យ​ស្ត្រី​ខ្មែរ​ដែល​មាន​អត្ត​ចរិក​ថ្លៃថ្នូរ សុភាព​ទន់ភ្លន់​ប៉ុន្តែ​មិន​ទន់​ជ្រាយ​។​»

​តួអង្គ​នាង​មាន​វត្តមាន​ស្ទើរ​តែ​គ្រប់​របាំ​បុរាណ​ទាំងអស់ ដូចជា​របាំ​អប្សរា របាំ​ជូនពរ របាំ​បួងសួង ឬ​របាំ​ទេព​មនោរម្យ​។​ល​។

​ចំពោះ​ការ​ហាត់​សម កុសន​បាន​បញ្ជាក់​ថា​៖ «​តួអង្គ​នាង​មិន​ខុស​ពី​តួអង្គ​ដទៃ​ទៀត​ទេ ដែល​ទាមទារ​ភាព​អំណត់​តស៊ូ​ក្នុង​ការ​ហ្វឹកហាត់​។ ប៉ុន្តែ​អ្វី​ដែល​ពិបាក​ជាង​នេះ​មាន​ច្រើន​ទៀត​ដូចជា ការ​រៀន​ដាក់​មនោសញ្ចេតនា​ចេញពី​ក្នុង​ខ្លួន ការ​ប្រើ​ខ្សែ​ភ្នែក និង​ការ​ត្រាប់​តាម​ចរិត​(​ឬក​ពារ​)​តួអង្គ​នីមួយៗ​ដែល​ខ្លួន​កំពុង​សម្តែង​។​»

តួ​នាយ​រង​(​ប្រុស​)

​តួអង្គ​ប្រុស​ក្នុង​របាំ​បុរាណ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ តួ​នាយ​រង​។ បើ​សិន​អ្នក​ធ្លាប់​បាន​ស្គាល់ ឬ​មើល​ការ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​ក្នុង​រឿង​រាមកេរ្តិ៍​នោះ ប្រាកដ​ណាស់​អ្នក​នឹង​នឹក​ឃើញ​តួអង្គ «​ព្រះរាម​»​។ ទ្រង់​គ្រឿង​ដោយ​សំលៀក​បំពាក់​ភ្លឺ​រំលេច ឆ្លេច​ចេញ​រាង​សង្ហារ ក្បាច់​រាំ​បើក​ស្មារ​ស្រលះ ដំណើរ​អង់​អាច ប្រកប​ដោយ​ឆន្ទៈ​។​

​កញ្ញា សុខ ណា​លីស ក្នុង​វ័យ​២៦​ឆ្នាំ ជា​ជា​អតីត​នាដកា​របាំ​ព្រះរាជ​ទ្រព្យ​ឯកទេស​ក្នុង​តួ​នាយ​រង បាន​ហ្វឹកហាត់​បច្ចេក​ទេស​ផ្នែក​របាំ​រយៈពេល ៩ ឆ្នាំ​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ និង បាន​សិក្សា​ជំនាញ​នៃ​ការ​ដឹក​នាំ​ការ​សម្តែង​រយៈពេល​៤​ឆ្នាំ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​បន្ថែម​ទៀត​។

​ណាលី​ស បាន​បកស្រាយ​ពី​ការ​ហ្វឹក​ហាត់​ក្នុង​តួ​នេះ​ថា​៖ «​ទីមួយ គឺ​ត្រូវ​ហាត់​ពត់​ដង​ខ្លួន​ឲ្យ​ទន់ ទី​ពីរ​គឺ​ត្រូវ​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​មូលដ្ឋាន​គ្រឹះ ( ក្បាច់​បាត ) ទីព​បី​គឺ​ប្រើ​ក្បាច់​ដើម្បី​ប្រាប់​ពី​អត្ថន័យ​និង ខ្លឹម​សារ​ដូច​ឯកទេស​ដទៃ​ដែរ​។​»

​តួ​នាយ​រង​គឹ​មាន​ខ្នាត​ក្បាច់​រាំ​ធំ​ជាង​តួ​នាង​ប៉ុន្តែ​តូច​ជាង​យក្ស​។ តួអង្គ​នេះ​ត្រូវ​លះបង់​ធម្មជាតិ រាងកាយ​និង​ចរិក​មនុស្ស​ស្រី​ក្នុង​ពេល​សម្តែង ដោយ​ផ្តោត​លើ​ការ​ស្វែងរក​អារម្មណ៏​មនុស្ស​ប្រុស​មក​ដាក់​ក្នុង​ខ្លួន​ដែល​ជា​មនុស្ស​ស្រី​។

​ណា​លីស​បន្ថែម​ទៀត​ថា​៖ «​ឬក​លក្ខណៈ​ជា​ក្សត្រ ជា​មេទ័ព​អង់អាច​ក្លាហាន​ដែល​ត្រូវ​ធ្វើ​សឹក​សង្គ្រាម រឺ​ជា​ទេវបុត្រ​ដែល​បង្ហាញ​ពី​ភាព​ឧត្តុង​ឧត្តម​ក្តី ទាំង​នេះ​ជា​លក្ខណៈ​ពិសេស​ដែល​មនុស្ស​ស្រី​ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​ក្នុង​ពេល​សម្តែង​ក្នុង​នាម​ជា​តួ​អង្គ​នាយ​រង​។​»

​ការ​លំបាក​នៃ​តួអង្គ​នេះ រួម​មាន​ការ​ហាត់​ពត់​ធម្មជាតិ​នៃ​ដង​ខ្លួន​ឲ្យ​ទន់ ការ​បើក​ជើង​បើកដៃ​ធំៗ ដែល​មនុស្ស​ស្រី​ធម្មតា​ជា​ទូទៅ​គឺ​មាន​ភាព​ខ្មាស់​អៀន និង​មាន​ការ​ឈឺ​ចាប់​។​

​តួយក្ស​

​យក្ស​ជា​តួអង្គ​ម្នាក់​ដែល​អ្នក​ទស្សនា​មិន​ដែល​បាន​ឃើញ​មុខ​របស់​អ្នក​សម្តែង​ឡើយ ពោល​គឺ​តួអង្គ​នេះ​បំពាក់​ដោយ​មុខ​យក្ស ប្រកប​ដោយ​ការ​ឆ្លាក់​រចនា​យ៉ាង​ប្រណិត រំលេច​នូវ​ភាព​អង្គ​អាច កាច​សាហាវ និង​មហិច្ឆតា​។​

​កញ្ញា លាវ ច័ន្ទ​លិកា ជា​នាដ​ការី​តួ​អង្គ​យក្ស​ដ៏​ឆ្នើម​ម្នាក់ ឆ្លងកាត់​ការ​ហ្វឹកហាត់​អស់​រយៈពេល​១៣​ឆ្នាំ​មក​ហើយ​។ កញ្ញា​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​សិល្បៈ​នេះ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​បាន​ចូលរួម​សំដែង​ក្នុង​កម្មវិធី​ជាតិ​និង​អន្តរជាតិ​ជាច្រើន​។​

«​តួអង្គ យក្ស គឺជា មាន ខ្នាត​ធំ ជាង តួអង្គ នាយ រង និង​តួអង្គ​នាង ។ ដង​ខ្លួន​ទន់ ក្បាច់​នីមួយៗ​បង្ហាញ នូវ​អត្ថន័យ និង​កម្លាំង​។ ការ​សម្ដែង តម្រូវ​ឲ្យ​ពាក់​ព្រះភ័ក្ត្រ (​ពាក់​មុខ​) ខុសពី តួអង្គ​នាយ​រង និង​តួអង្គ​នាង​» លិកា​បញ្ជាក់​ពី​លក្ខណៈ​ទូទៅ​របស់​តួអង្គ​នេះ​។​

​តួអង្គ​យក្ស​ត្រូវបាន​មហា​ជន​កត់​សម្គាល់ និង​ភាគច្រើន​បាន​ស្គាល់​ដោយ របាំ​មុន្នី​មេខលា​។​

​ពីក្រោយ​ការសម្តែង​ដ៏​ឥតខ្ចោះ នាដករ​និង​នាដ​ការី​គ្រប់រូប​បាន​ជួប​នូវ​ការលំបាក​ជាច្រើន​ក្នុង​រយៈពេល​នៃ​ការ​ហ្វឹក​ហាត់​។​

​លិ​កា​បន្ថែម​ថា​៖ «​ការ​ខំ​ប្រឹងប្រែង​គឺ​ខ្លាំង​ជាង​តួអង្គ​ផ្សែង​ទៀត តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់​ខ្ពស់ ទាំង​កម្លាំង​និង​សុខភាព​មាំមួន ចំណាយ​ពេលវេលា​ច្រើន ក្នុង​ការ​ហ្វឹកហាត់ និង​អារម្មណ៍​ស្មារតី​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ហាត់​សម​។​»

​តួ​ស្វា​

​តួអង្គ​ស្តេច​ស្វាស ឬ​ហនុមាន ត្រូវ​បាន​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​បាន​ស្គាល់​តាម​រយៈ​របាំ​សុវណ្ណ​មច្ឆា និង​ជា​សេនា​របស់​ព្រះរាម​ក្នុង​ល្ខោន​បុរាណ​រាមកេរ្តិ៍​។

​តួអង្គ​ស្វា​តូច ហៅថា​ស្វា​ពល គឺជា​តួអង្គ​ស្វា​ដែល​មាន​ភាព​ក្រមិច​ក្រមើម កំប្លែង ខុស​ពី​តួអង្គ​មេ ដែល​ផ្តោត​លើ​ភាព​អង្គ​អាច ជា​មេទ័ព​ឆ្លាត​និង​ពូកែ មាន​សមត្ថភាព​កំចាត់​ទេវៈ​អាក្រក់​។​

​មិន​ខុសពី​យក្ស​ទេ តូ​នេះ​តម្រូវ​ឲ្យ​ពាក់​ព្រះភ័ក្ត្រ​ស្តេច​ស្វា (​ពាក់​មុខ​) ដែល​បាន​បង្កើត​ឡើង​ដោយ​ការ​ឆ្លាក់​ដាប់​ក្បាច់​រចនា រំលេច​បង្ហាញ​នូវ ព្រះភ័ក្ត្រ​ស្តេច​ស្វា​ដ៏​មោះមុត​និង​ប្រណិត​។​

​លោក ចាប ស៊ី​ដាណាល់ គឺជា​នាដករ​តួ​អង្គ​ស្តេច​ស្វា​ម្នាក់ ដែល​បាន​ប្រលូក​ក្នុង​វិស័យ​នេះ​អស់​រយៈពេល​១៦​ឆ្នាំ​មក​ហើយ​។​

​គាត់​បាន​និយាយ​ថា​៖ «​តួអង្គ​នេះ​គឺ​ដក​ស្រង់​ចរិក​លក្ខណៈ​ធម្មជាតិ​របស់​សត្វ​ស្វា តែ​បំលែង​ក្នុង​ក្បាច់​ខ្មែរ​ឲ្យ​ទៅជា​ក្បាច់​រាំ​ដែល​មាន​ខ្នាត​ត្រឹម​ត្រូវ និង​មាន​ទំងន់​។ សេ្តច​ស្វា​ជា​តួអង្គ​ដែល​មាន​កំលាំង ឆន្ទៈ​អង់អាច​ក្នុង​ការ​ដឹក​នាំ ការពារ និង​ធ្វើ​សឹក​សង្គ្រាម​។​»

​តួអង្គ​ដ៏​រហ័ស​រហូន​មួយ​នេះ​តម្រូវ​ឲ្យ​មាន​ហាត់​សម​យ៉ាង​ចាំបាច់ ព្រោះ​ថ្វី​ត្បិត​តែ​ក្បាច់​មាន​ខ្នាត​ដើម​ដែល​ត្រូវ​ត្រាប់​តាម ប៉ុន្តែ​អ្នក​សម្តែង​នីមួយៗ​ត្រូវ​ស្វែងរក​ភាព​លេច​ផ្លោរ​របស់​ខ្លួន​នៅ​ពេល​សម្តែង​។​

«​វា​ពិតជា​ពិបាក​នៅ​ពេល​ដែល​យើង​ត្រូវ​ត្រាប់​តាម​ឥរិយាបថ​របស់​សត្វ ហើយ​បំ​លែង​វា​ជា​ក្បាច់​រាំ​។ លោកគ្រូ អ្នកគ្រូ​មាន​តួនាទី​ក្នុងការ​បង្ហាត់​និង​ណែនាំ​ពី​ទំរង់​ដើម​និង​ខ្នាត​ត្រឹមត្រូវ​របស់​ក្បាច់​នីមួយៗ ប៉ុន្តែ​ភាពលេច​ធ្លោរ និង​ភាព​ស្អាត​ដែល​អាច​ទាក់ទាញ​អ្នកទស្សនា​នោះ គឺ​ឋិត​ក្រោម​ការស្វែងរក​របស់​អ្នក​សម្តែង​ផ្ទាល់​» ដា​ណា​ល់​បញ្ជាក់​៕

Related Posts

Previous Article

អ្នក​បើក​តាក់ស៊ី​​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​

Next Article

តើ​កម្ពុជា គឺជា​ប្រទេស​ដ៏​ល្អ​សម្រាប់​ក្រុម​ហ៊ុន​កសិកម្ម​អាមេរិក​បណ្ដាក់​ទុន​ដែរ​ឬ​ទេ?