ana-air canadia-bank Silk-air nissan acleda cab-bank

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាល​ក្រម​លើ​ករណី​របស់​ជនជាតិ​រុស្សី​ពីរ​រូប​

ប៊ុត រស្មី​គង្គា​ / Khmer Times No Comments Share:
បុរស​ជនជាតិ​រុស្ស៊ី​ពីរ​នាក់លួច​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម​របស់​សាខា​ធនាគារ​អេប៊ីអេ។ KT/Pann Rachana

​សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ​បាន​តម្កល់​សាលក្រម​លើ​ករណី​បុរស​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ដាក់​ពន្ធនាគារ​ពី​បទ​លួច​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម​របស់​សាខា​ធនាគារ​អេប៊ីអេ​ក្នុង​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ ២០១៧។​

​ចៅក្រម​ជំនុំ​ជម្រះ លោកស្រី ទិត សុធី​បូរ៉ា​លក្ខណ៍ បាន​ឲ្យ​ដឹង​ថា​ជន​ជាប់​ចោទ​មាន​ឈ្មោះ Zametnaya Alexander អាយុ ៣១ ឆ្នាំ និង Telenkov Ivan អាយុ ៣០ ឆ្នាំ ជា​ភ្ញៀវទេសចរ​។​

​លោកស្រី ទិត សុធី​បូរ៉ា​លក្ខណ៍ បាន​មាន​ប្រសាសន៍​ថា​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា ៣៥៣ និង ៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បុរស​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ២ ខែធ្នូ​ឆ្នាំ ២០១៧ ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ​។​

​លោកស្រី ទិត សុធី​បូរ៉ា​លក្ខណ៍ បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល​ជា ៨ យប់ ថ្ងៃទី ២ ខែ​ធ្នូ ឆ្នាំ ២០១៧ កន្លង​ទៅ ជន​ជាប់​ចោទ Zametnaya Alexander បាន​ចូល​ទៅ​ក្នុង​ទីតាំង​ម៉ាស៊ីន​អេធីអឹម​នៅ​ក្នុង​សង្កាត់​ស្រះចក ខណៈ​ពេល​ដែល​ជន​ជាប់​ចោទ​ម្នាក់​ទៀត​គឺ​លោក Telenkov Ivan ជា​អ្នក​ដែល​ឃ្លាំ​មើល​ប៉ូលីស​នៅ​ខាង​ក្រៅ​។​

​លោកស្រី ទិត សុធី​បូរ៉ា​លក្ខណ៍ បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ពេល​ដែល​ជន​ជាប់​ចោទ​ឈ្មោះ Zametnaya Alexander បាន​ដក​កាត​អេ​ធី​អឹម​ក្លែង​ក្លាយ​ដើម្បី​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេ​ធី​អឹម​នោះ ​សន្តិសុខ​ដែល​យាម​នៅ​ទីតាំង​នោះ​មាន​ការ​សង្ស័យ​ដោយ​សារ​តែ​ជន​ជាប់​ចោទ​បាន​ចំណាយ​​ពេលវេលា​យូរ​នៅ​ក្នុង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹម​នោះ​។ ហើយ​បន្ទាប់​មក​ទៀត បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​ពួក​គេ​បាន​ព្យាយាម​គាស់​ម៉ាស៊ីន​អេ​ធី​អឹម​ដើម្បី​លួច​យក​ប្រាក់​។​»

​លោក​ស្រី​បាន​បន្ថែម​ថា​៖ «​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​គាស់​និង​លួច​ប្រាក់​ពី​ម៉ាស៊ីន​អេ​ធី​អឹម​។​»

​លោកស្រី​បាន​បន្ត​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ចាប់​ខ្លួន ប៉ូលីស​បាន​ធ្វើ​ការ​ដក​ហូត​ប្រាក់​មួយ​ចំនួន​លិខិត​ឆ្លង​ដែន​ចំនួន ២ និង​កាត​អេ​ធី​អឹម​ក្លែង​ក្លាយ​ពី​ពួក​គេ​។​

​លោកស្រី ទិត សុធី​បូរ៉ា​លក្ខណ៍ បាន​មាន​ប្រសាសន៍​ថា តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្តន្ទាទោស​ពួក​គេ​ម្នាក់ៗ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៦ ឆ្នាំ កាលពី​ថ្ងៃទី ១៩ ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​កាន់​សាលា​ឧទ្ធរណ៍ ដោយ​លើក​ឡើង​ថា​ការ​ផ្តន្ទា​ទោស​នេះ​ហាក់បី​ដូច​ជា​ធ្ងន់ធ្ងរ​ពេក​សម្រាប់​ពួកគេ ហើយ​ស្នើឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទោស​មក​ត្រឹម​រយៈពេល ៣ ឆ្នាំ ១០ ខែ វិញ ដើម្បី​ឲ្យ​ពួកគេ​ត្រូវ​បាន​ដោះលែង​ឆាប់ៗ ហើយ​បាន​ជួប​ជុំ​គ្រួសារ​របស់​ពួក​គេ​នៅ​ប្រទេស​រុស្ស៊ី​វិញ​។​

​លោកស្រី បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​ផ្អែក​លើ​ភ័ស្តុតាង​និង​ចម្លើយ​សារ​ភាព​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​ក្នុង​អំឡុង​ពេល​ជំនុំ​ជម្រះ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ​មុន ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍​បាន​រក​ឃើញ​ថា​ពួក​គេ​ទាំង​ពីរ​មាន​ពិរុទ្ធភាព​។ ប៉ុន្តែ​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​នៅ​ពេល​នោះ​បាន​យល់​ឃើញ​ថា​ការ​កាត់​ទោស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦ ឆ្នាំ​គឺ​ធ្ងន់ធ្ងរ​ពេក​។ ដូច្នេះ តុលាការ​បាន​សម្រេច​បន្ថយ​ទោស​របស់​ពួកគេ​ម្នាក់ៗ​ពី​រយៈពេល ៦​ឆ្នាំ មក​ត្រឹម ៤ ឆ្នាំ​វិញ​។​»

​ទោះជា​យ៉ាង​ណា​ក៏​ដោយ ជន​ជាប់​ចោទ​ទាំង ២ នាក់​ខាង​លើ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ជំនុំ​ជម្រះ​កាលពី​ថ្ងៃទី ៣ ខែធ្នូ​កន្លង​ទៅ ពួក​គេ​បាន​សារ​ភាព​ថា​ពួក​គេ​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​មែន​។​

​ជន​ជាប់​ចោទ​លោក Zametnaya Alexander បាន​ថ្លែង​ប្រាប់​តុលាការ​ថា រូប​លោក​និង លោក​Telenkov Ivan បាន​មក​កាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ២៩ ខែ​វិច្ឆិកា​ឆ្នាំ ២០១៧ ហើយ​បាន​នាំ​គ្នា​ទៅ​លួច​ប្រាក់​ពី​ម៉ាស៊ីន​អេ​ធី​អឹម ក៏​ព្រោះតែ​ពួក​គេ​ខ្វះ​ខាត​លុយ​សម្រាប់​ចំណាយ​លើ​ការ​ស្នាក់​នៅ​និង​អាហារ​។​

​លោក Zametnaya Alexander បាន​និយាយ​ថា​៖ «​ខ្ញុំ​គ្មាន​ប្រាក់​សម្រាប់​ទិញ​ម្ហូប​អាហារ​និង​សំបុត្រ​យន្ត​ហោះ​ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​វិញ​នោះ​ទេ​»៕

​ប្រែ​សម្រួល​៖ ភុ​ន ច័ន្ទ​ឧសភា

Related Posts

Previous Article

នគរបាល​ឃាត់​ខ្លួន​មនុស្ស ១៥ នាក់ ទាក់ទង​នឹង​គ្រឿង​ញៀន

Next Article

​លោក​ ​ស​ ​ខេង​ ​ផ្តល់​សម្ភារៈ​ការិយាល័យ​ដល់​សហភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ដើម្បី​បើក​ដំណើការ​មជ្ឈមណ្ឌល​ព័ត៌មាន​ ​Digital​