ana-air canadia-bank Silk-air nissan acleda cab-bank

ជន​សង្ស័យ​ជិត ៦០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន បញ្ជូន​ទៅ​តុលាការ​ពី​បទ​ល្មើស​បំផ្លាញ​ធនធាន​ព្រៃឈើ​

ប៉ិច សុធារី / Khmer Times No Comments Share:
សម្មត្ថកិច្ច​កង​រាជអាវុធហត្ថ​បាន​ចូលរួម​​ឃាត់​​ខ្លួន​ជន​សង្ស័យ​ប្រព្រឹត្ដបទល្មើស​ព្រៃឈើមួយ។ រូបថត​ សហការី

ភ្នំពេញ​៖ គណៈកម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស ធន​ធាន​ធម្មជាតិ​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​យុទ្ធនាការ​បង្ក្រាប​បទល្មើស ព្រៃ​ឈើ កាលពី​ឆ្នាំ​២០១៩ បាន​ឃាត់​ខ្លួន និង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ជិត ៦០​នាក់ ទៅ​តុលាការ រឹបអូស​បាន​មធ្យោបាយ​ប្រព្រឹត្ត​បទ​ល្មើស ចំនួន ៤៩១​គ្រឿង ព្រម​ទាំង​វត្ថុតាង​ឈើ​ចម្រុះ​ជាច្រើន​ទៀត​។

«​គណៈកម្មការ​ជាតិ និង​អាជ្ញា​ធរ​មាន​សមត្ថកិច្ច នៅ​តែ​បន្ត​ធ្វើ​ការ​ផ្សព្វ​ផ្សាយ អប់​រំ​ជា​សាធារណៈ ដើម្បី​ឲ្យ​បុគ្គល​គ្រប់​រូប​បាន​យល់​ដឹង​ពី​ច្បាប់​ពាក់ព័ន្ធ​នឹង​ព្រៃឈើ ដើម្បី​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ប្រព្រឹត្ត​ខុស​ច្បាប់ និង​ចូលរួម​ថែរក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស សម្រាប់​ប្រយោជន៍​ជាតិ និង​ពិភពលោក​ទាំង​មូល​»​។ នេះ​បើ​តាម លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធាន​ធម្មជាតិ និង​ជា​អ្នក​នាំ​ពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី វឌ្ឍនភាព​ការងារ​របស់ គណៈកម្មការ​នេះ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា ឆ្នាំ​២០១៩​កន្លង​ទៅ គណៈកម្មការ​ជាតិ បាន​ដាក់​ចេញ​នូវ​ផែនការ យុទ្ធសាស្ត្រ និង​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃ ជា​លទ្ធផល​បាន​ធ្វើ​ការ​ឃាត់​ខ្លួន និង​បញ្ជូន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ចំនួន ៥៩​នាក់​ទៅ​តុលាការ​, ចាប់​យក​ឈើ​ចម្រុះ​ចំនួន​ជាង ៩,២១៥​ម៉ែត្រ​ត្រី​គុណ និង​ចាប់​យក​មធ្យោបាយ​សរុប​ចំនួន ៤៩១​គ្រឿង ព្រម​ទាំង​បាន​អនុវត្ត​វិធានការ​បំផ្ទុះ ដុត កាប់​បំផ្លាញ​ចោល​នូវ​រថយន្ត​បាកុង និង​មធ្យោបាយ​កែច្នៃ​សរុប​ចំនួន ២១២​គ្រឿង​។​

​គណៈកម្មការ​ជាតិ បាន​បញ្ជាក់​ថា​៖ «​ឈើ​ដែល​ចាប់​បាន​នេះ គណៈកម្មការ​ជាតិ កំពុង​ថែរក្សា​មិន​ឲ្យ​បាត់ ឬ​ឆេះ​ដោយ​ប្រការ​ណា​មួយ​ឡើយ ហើយ​ឈើ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ ឬ​ពិគ្រោះ​ថ្លៃ ដើម្បី​ប្រមូល​ថវិកា​ជូន​ជាតិ​»​។​

​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​នេះ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា តាម​រយៈ​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​របស់​មន្ត្រី​ជំនាញ នា​ពេល​បច្ចុប្បន្ន​នេះ ការ​កាប់​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​មាន​ការ​លួច​បន្លំ​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុស​ច្បាប់ តាម​រយៈ​រូប​ភាព​ជា​រថយន្ត​សាំយ៉ុង រថយន្ត​កែច្នៃ​ធុន​តូច គោយន្ត រទេះ​គោ រទេះក្របី និង​រម៉ក​ជាដើម​។​

​ទោះជា​យ៉ាង​ណា លោក​អេង ហ៊ី បាន​មិន​បាន​បញ្ជាក់​លម្អិត​ពី​ចំនួន​ករណី​ដែល​បាន​បង្ក្រាប ថា​មាន​ចំនួន​កើន​ឡើង​ឬ​ថយ​ចុះ​នោះ​ទេ​។​

​ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មការ​ជាតិ ក៏​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​បន្ត​អនុវត្ត​នូវ​វិធានការ​មួយ​ចំនួន ដូច​ជា ស្នើ​ដល់​អភិបាល​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ បន្ត​ដឹក​នាំ​សម្រប​សម្រួល​កម្លាំង​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​នានា ត្រួត​ពិនិត្យ​រាល់​ការ​ដឹក​ជញ្ជូន​ផល អនុផល​ព្រៃឈើ​ដែល​មាន​ការ​អនុញ្ញាត​ទាំង​អស់​ចាប់ពី​ដើម​ទី កណ្តាល​ទី និង​ចុង​ទី ព្រម​ទាំង​ត្រួត​ពិនិត្យ​រោង​សន្និធិ ឃ្លាំង សិប្បកម្ម​កែច្នៃ​ផល​អនុផល​ព្រៃឈើ និង​ចាត់​នូវ​វិធានការ​ចាំបាច់​នានា ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​។​

​គណៈកម្មការ​ជាតិ បាន​បញ្ជាក់​ថា​៖ «​បុគ្គល​ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់ ខណៈ​ដែល​ជន​សង្ស័យ និង​វត្ថុតាង​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង តាម​នីតិវិធី​ច្បាប់​។ ចំពោះ​មធ្យោបាយ ឧបករណ៍ និង​សម្ភារ​ដែល​បំផ្លាញ​ព្រៃឈើ មាន​ដូច​ជា រថយន្ត គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រម៉ក រណារយន្ត​…​ត្រូវ​បាន​ស្នើ​សុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញ​ចោល ដោយ​អនុលោម​តាម​មាត្រា ១១៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​»​។​

​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កាលពី​ឆ្នាំ​២០១៨ គណៈកម្មការ​នេះ បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈោះ​បាន​ជាង ៣៣០​លើក ដោយ​បាន​ឃាត់​ខ្លួន​មនុស្ស​ជាង ១០០​នាក់ ក្នុង​នោះ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន ៦៥​នាក់ និង​បាន​រឹបអូស​ឈើ​ចំនួន​ជាង ៤​ពាន់​ម៉ែត្រ​គូប ព្រម​ទាំង​បាន​អប់រំ​មនុស្ស ៩៥​នាក់ មុន​ពេល​ដោះលែង​ពួក​គេ​វិញ​។​

​លោក សែន សទ្ធា ក្រុម​ស្នូល​បណ្តាញ​សហគមន៍​ព្រៃឡង់ ដែល​ជា​សកម្មជន​ព្រៃឈើ បាន​ទទួល​ស្គាល់​ចំពោះ​ភាព​សកម្ម​របស់​គណៈកម្មការ​ជាតិ ដែល​បាន​បង្ក្រាប​ករណី​បទល្មើស​ព្រៃឈើ​នាពេល​កន្លង​មក​។ ប៉ុន្តែ លោក​សង្កេត​ឃើញ​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន​នៅ​តំបន់​មួយ​ចំនួន ជា​ពិសេស​នៅក្នុង​តំបន់​ព្រៃ​ឡង់ ដែល​ទាមទារ​ឲ្យ​មាន​ការ​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ម៉ត់ចត់ និង​សកម្ម​បន្ថែម​ទៀត​។​

​លោក​ថា​៖ «​បើ​គណៈកម្មការ​ជាតិ អនុវត្ត​ការងារ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​រយៈពេល​ខ្លី ឬ​ធ្វើ​មិន​ជា​ប្រចាំ ឬ​ចុះ​ស៊ើបអង្កេត​តែ​ម្តង​ហើយ ក៏​ស្ងាត់​ទៅ​វិញ ខ្ញុំ​គិតថា​មិន​អាច​មាន​ប្រសិទ្ធិភាព​ទេ ដូច្នេះ​ខ្ញុំ​ស្នើ​ដល់​គណៈកម្មការ​ជាតិ បន្ត​ប្រតិបត្តិ​ការ​បង្ក្រាប​ឲ្យ​បាន​សកម្ម​ដូច​ភ្លៀង​រលឹម និង​ទទួល​យក​របាយការណ៍​ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ រួមទាំង​សង្គម​ស៊ីវិល​ផ្តល់​ជូន ព្រម​ទាំង​ចុះ​ទៅ​ដល់ទី​តាំង​ដែល​បាន​រាយការណ៍​នោះ ដោយ​ស៊ើប​អង្កេត​ឲ្យ​បាន​ម៉ត់ចត់់ ដើម្បី​ឲ្យ​ការ​បង្ក្រាប​បទល្មើស​មាន​ប្រសិទ្ធិភាព​»៕

Related Posts

Previous Article

ជន​សង្ស័យ ​៦​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​កម្មករ​ទិញ​របស់​អេតចាយ​ម្នាក់​

Next Article

លោក ហ៊ុន សែន ចង់​ទៅ​សួរ​សុខ​ទុក្ខ​និស្សិត​ខ្មែរ​នៅ​ក្រុង​វ៉ូហាន ទី​ដែល​ផ្ទុះ​វីរុស​ណូវែល​កូរ៉ូណា​