ana-air canadia-bank Silk-air nissan acleda cab-bank

លោក ហ៊ុន សែន ចង់​ទៅ​សួរ​សុខ​ទុក្ខ​និស្សិត​ខ្មែរ​នៅ​ក្រុង​វ៉ូហាន ទី​ដែល​ផ្ទុះ​វីរុស​ណូវែល​កូរ៉ូណា​

ប៉ិច សុធារី / Khmer Times No Comments Share:
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ និង​និស្សិត​ខ្មែរនៅ​ទីក្រុង​វ៉ូហាន ប្រទេស​ចិន។ KT/ ខឹម សុវណ្ណារា

​ភ្នំពេញ​៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ និង​និស្សិត​ខ្មែរ ដែល​កំពុង​ស្នាក់​នៅ​ទីក្រុង​វ៉ូហាន ខេត្ត​ហ៊ួប៊ឺ ប្រទេស​ចិន ប្រសិន​បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត​។​

​គោល​បំណង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី គឺ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ឌឺដង​របស់​ក្រុម​ប្រឆាំង​ដែល​បាន​លើក​ឡើង​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក នា​ពេល​ថ្មី​នេះ​។​

​ករណី​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​តប​ថា​៖ «​សុំ​ឆ្លើយ​ទៅ​វិញ ហ៊ុន សែន នឹង​ទៅ​[​ទីក្រុង​វ៉ូហាន​]​ប្រសិន​បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត​។ អ្នក​ឯង​[​ក្រុម​បក្ស​ប្រឆាំង​]​មិន​ចាំបាច់​ឌឺដង​ជាមួយ ហ៊ុន សែន នោះ​ទេ ហ៊ុន សែន ហ៊ាន​ចូល​ប្រយុទ្ធ​ក្នុង​ភ្លើង​សង្គ្រាម ហ៊ាន​យក​ក្បាល​ធ្វើ​ដើម​ទុន​ដើម្បី​សង្គ្រោះ​ជាតិ ហ៊ាន​យក​ជីវិត​ធ្វើ​ដើម​ទុន​ដើម្បី​បញ្ចប់​សង្គ្រាម នាំ​មក​នូវ​ការ​ឯកភាព​ជាតិ រឿង​អ្វី​ដែល​ហ៊ុន សែន មិន​ហ៊ាន​ទៅ​ទីក្រុង​វ៉ូហាន ដើម្បី​សួរ​សុខ​ទុក្ខ​និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​នៅ​ទីក្រុង​វ៉ូហាន​»​។​

​ទីក្រុង​វ៉ូហាន ប្រទេស​ចិន បាន​និង​កំពុង​ផ្ទុះ​ឡើង​នូវ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ណូវែល​កូរ៉ូណា​ប្រភេទ​ថ្មី ចាប់​តាំង​ពី​ដើម​ខែ​មករា មក​ដល់​បច្ចុប្បន្ន និង​បាន​ឆ្លង​រាលដាល​ទៅ តំបន់​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​ចិន រួម​និង​ប្រទេស​មួយ​ចំនួន ទៀត​។

​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃ​ចន្ទ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ស្រប​ពេល​ដែល​លោក​កំពុង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ ក៏មាន​មតិ​ឌឺដង​មួយ​ចំនួន​ពី​ក្រុម​អ្នក​ប្រឆាំង នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម បាន​ជំរុញ​ឲ្យ​រូប​លោក ទៅ​សួរ​សុខ​ទុក្ខ​និសិត្ស​ខ្មែរ​នៅ​ទីក្រុង​វ៉ូហាន​ផង​ដែរ ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក ទៅ​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​។​

​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ដែរ​ថា កម្ពុជា​មិន​មាន​ការ​ផ្អាក​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន​នោះ​ទេ ខណៈ​ដែល​រដ្ឋាភិបាល​ចិន​មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ក្នុង​ការ​បិទ​ជើង​ហោះ​ហើរ និង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​គោក ពី​ទីក្រុង​វ៉ូហាន ទៅ​កាន់​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស និង​ប្រទេស​ដ៏​ទៃ​រួច​ស្រេច​ទៅ​ហើយ ក្រោយ​ពី​ផ្ទុះ​ឡើង​នូវ​វីរុស​នេះ​ភ្លាម​។ លោក​បាន​បន្ថែម​ថា កម្ពុជា ក៏​មិន​មាន​ភាព​ចាំបាច់​ដែល​ត្រូវ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ទីក្រុង​វ៉ូហាន​មក​កម្ពុជា​វិញ​ដែរ ដោយ​សារ​រដ្ឋាភិបាល​ចិន ក៏​មាន​វិធានការ​ការពារ​ចំពោះ​និស្សិត​ខ្មែរ​និង​និស្សិត​បរទេស ដែល​កំពុង​ស្នាក់​នៅ​ទីក្រុង​វ៉ូហាន​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ជាក់​ស្តែង ក្នុង​ពេល​ដែល​មាន​ជើង​ហោះ​ហើរ​បន្ត​[​រវាង​កម្ពុជា​និង​ចិន​] សួរថា​តើ​មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​មាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ហើយ​ឬ​នៅ​? វា​មិន​ទាន់​មាន គឺ​មាន​តែ​ជនជាតិ​ចិន​ម្នាក់​ដែល​យើង​កំពុង​តែ​ព្យាបាល ដើម្បី​ឲ្យ​គាត់​ជា​សះ​ស្បើយ​ក្នុង​ប្រទេស​របស់​យើង​»​។​

​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វ៉ូហាន លោក​ប៉ែន បារាំង ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ កាលពី​ថ្ងៃ​ចន្ទ​។  ប៉ុន្តែ​លោក​បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​ចិន ក៏​ដូច​ជា​ខាង​គណៈ​គ្រប់គ្រង​សាលា​នៅ​ទីក្រុង​វ៉ូហាន បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ស្ថានភាព​របស់​និស្សិត​ខ្មែរ និង​បរទេស​ដែល​កំពុង​សិក្សា​នៅ​ទីនោះ ខណៈ​ដែល​មន្ត្រី​ទូត និង​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​តែង​តែ​សួរ​សុខ​ទុក្ខ​ចំពោះ​ពួក​គាត់​ជា​ប្រចាំ​ផង​ដែរ​។​

លោក​ប៉ែន បារាំង ថា​៖ «​ស្ថានភាព​សុខភាព​របស់​ខ្ញុំ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ​…​ពួក​ខ្ញុំ​អរគុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់ និង​មិន​ទុក​ពួក​ខ្ញុំ​ចោល បើ​ទោះ​ជា​ពួក​ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្នុង​កន្លែង​ផ្ទុះ​ជំងឺ ប៉ុន្តែ​ពួក​ខ្ញុំ​មាន​ភាព​កក់​ក្តៅ​»​។​

កាល​ពី​ថ្ងៃទី​២៧​ខែ​មករា ក្រសួង​សុខាភិបាល បាន​ប្រកាស​ថា កម្ពុជា បាន​រក​ឃើញ​ករណី​បុរស​ជនជាតិ​ចិន​ជា​អ្នក​ទេសចរ​ម្នាក់​មក​ពី​ទីក្រុង​វ៉ូហាន ឈ្មោះ Jia Jianhua អាយុ ៦០​ឆ្នាំ មាន​ផ្ទុក​វីរុស​ណូវែល​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​បច្ចុប្បន្ន​បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់​ដោយ​ឡែក នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ចន្ទ អ្នក​ជំងឺ​ជនជាតិ​ចិន​នោះ មាន​ស្ថានភាព​ល្អ​ប្រសើរ និង​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​ការ​តាម​ដាន និង​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ លោក​បន្ត​ថា​៖ «​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​ចំនួន ៣​នាក់ យើង​នៅ​រក្សា​ពួក​គាត់​នៅ​ក្នុង​សណ្ឋាគារ និង​នៅ​បន្ត​តាម​ដាន​សុខភាព​ពួក​គាត់​ជា​រៀង​រាល់​ថ្ងៃ​រហូត​ដល់​១៤​ថ្ងៃ ក្រោយ​ពេល​ប៉ះ​អ្នក​ជំងឺ​ចុង​ក្រោយ​»​។​

​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​នេះ អង្គការ​សុខភាព​ពិភពលោក កាល​ពី​ចុង​សប្តាហ៍​មុន បាន​ប្រកាស​ដាក់​ភាព​អាសន្ន ក្រោយ​វា​វីរុស​នេះ​បាន​សម្លាប់​មនុស្ស​ជាង ៣០០​នាក់ និង​មាន​អ្នក​ឆ្លង​កើន​ដល់​ជិត ២​ម៉ឺន​នាក់​៕

Related Posts

Previous Article

ជន​សង្ស័យ​ជិត ៦០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន បញ្ជូន​ទៅ​តុលាការ​ពី​បទ​ល្មើស​បំផ្លាញ​ធនធាន​ព្រៃឈើ​

Next Article

មន្ត្រី​នគរបាល​មួយ​រូប​ត្រូវ​បាន​ដាក់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ពី​បទ​ហិង្សា​ដោយ​ចេតនា