ana-air canadia-bank Silk-air nissan acleda cab-bank

ស្ត្រី​ម្នាក់​ដែល​បាន​ដាក់​ថ្នាំ​បំពុល​សម្លាប់​ប្ដី ស្នើ​សុំ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយ​ទោស

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
poisoning husband
អ្នកស្រី មេត ជិន បានរកឃើញ​​មាន​ទោស​ពី​បទ​ប៉ុនប៉ង​បំពុល​សម្លាប់​ប្តី​របស់​ខ្លួន​ដោយ​ដាក់​ថ្នាំ​ក្នុង​អាហារ។ KT/ ប៉ាន់ រចនា

សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ​លើ​ករណី​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធគារ​រយៈពេល ១៥ ឆ្នាំ បន្ទាប់​ពី ត្រូវ​បាន​គេ​រក​ឃើញ​ថា នាង​មាន​ទោស​ពី​បទ​ប៉ុនប៉ង​បំពុល​សម្លាប់​ប្តី​ដើម​របស់​ខ្លួន​ដោយ​ដាក់​ថ្នាំ​ក្នុង​អាហារ ព្រោះ​ខ្លួន​ចង់​រស់នៅ​ជាមួយ​ប្រុស​ស្នេហ៍​។​

«​បន្ទាប់​ពី​ជន​រងគ្រោះ​បាន​បរិភោគ​រួច ស្រាប់​តែ​លោក​មាន​អារម្មណ៏​ថា​វិលមុខ​ និង​សន្លប់ ហើយ​ជន​ជាប់​ចោទ​ជា​ប្រពន្ធ​ក៏​បាន​ប្រមូល​ប្រាក់ និង​គ្រឿង​អលង្ការ​ចេញ​ពី​ផ្ទះ​ដើម្បី​រត់​ទៅ​រស់នៅ​ជាមួយ​ប្រុស​ស្នេហ៍​របស់​ខ្លួន​នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​សង្កាត់​ចោមចៅ ២​។​»​នេះ​បើ​តាម​របាយ​ការណ៍​របស់​សាលា​ឧទ្ធរណ៍​។​

​លោក ស៊ិន វិសាល ចៅក្រម​ជំនុំ​ជម្រះ​ក្នុង​រឿង​ក្តី​នេះ បាន​ឲ្យ​និយាយ​ថា ជន​ជាប់​ចោទ​មាន​ឈ្មោះ ម៉េត ជិន អាយុ ២៨ ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​រត់​តាក់ស៊ី រីឯ​ជន​រង​គ្រោះ​មាន​ឈ្មោះ​ថា ​ស៊ឹម ស៊ុយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្តី​របស់​ជន​ជាប់​ចោទ​ខាង​លើ​។ លោក​បាន​បន្ត​ថា អ្នក​ទាំង​ពីរ​រស់នៅ​ជាមួយ​គ្នា និង​មាន​កូន​ចំនួន ៣ នាក់ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​លោក វិសាល បាន​ថ្លែង​ថា លោកស្រី ម៉េត ជិន ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ២៤ ខែ​មីនា​ឆ្នាំ ២០១៨ ហើយ​នៅ​ថ្ងៃ​បន្ទាប់ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​ថា​លោក​ស្រី​មាន​ពិរុទ្ធ​ពី​បទ ប៉ុនប៉ង​ឃាតកម្ម ដោយ​ប្រើ​ថ្នាំ​ពុល និង​បោះបង់​អនីតិជន​។​

​លោក វិសាល បាន​បន្ត​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ជន​ជាប់​ចោទ​កំពុង​តែ​ស្នើ​សុំ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយ​ទោស និង​ដោះ​លែង​ឲ្យ​ខ្លួន​មាន​សេរីភាព​ពី​ពន្ធនាគារ​។​

​របាយការណ៍​របស់​តុលា​ការ​ដែល​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ថា ជន​ជាប់​ចោទ ម៉េត ជិន បាន​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​បុរស​អាយុ ២៩ ឆ្នាំ ម្នាក់ ជា​អ្នក​បើក​បរ​រថយន្ត​នៅ​រោងចក្រ​កាលពី​ឆ្នាំ ២០១៧ កន្លង​ទៅ​។ ជន​ជាប់​ចោទ​ខាង​លើ​កម្រ​នៅ​ផ្ទះ​ណាស់ ហើយ​បាន​ចំណាយ​ពេលវេលា​ទំនេរ​ភាគ​ច្រើន​របស់​ខ្លួន​រស់​នៅ​ជាមួយ​គូស្នេហ៍​។​

​ការ​បំពុល​ថ្នាំ សម្លាប់​ប្ដី​បាន​ប្រព្រឹត្តិ នៅ​ថ្ងៃទី ២២ ខែ​មីនា​ឆ្នាំ ២០១៨ វេលា​ម៉ោង​ប្រហែល​ជា ១១:៣០ នាទី​ព្រឹក ដោយ​ជន​ជាប់​ចោទ​បាន​ចំអិន​អាហារ ដាក់​ថ្នាំ​ពុល​ឲ្យ​ប្តី​របស់​ខ្លួន​ទទួល​ទាន ខណៈ​ពេល​ដែល​កូនៗ​ទៅ​រៀន​។ ជន​ជាប់​ចោទ​បាន​លាយ​ថ្នាំ​ពុល​ដាក់​ក្នុង​ចាន​សម្ល​រហើយ​យក​ទៅ​ឲ្យ​ជន​រង​គ្រោះ​ទទួល​ទាន​។​

​ជន​រង​គ្រោះ​ត្រូវ​បាន​កូនៗ​ប្រទះ​ឃើញ​ដេក​សន្លប់ បន្ទាប់ពី​ពួក​គេ​ត្រឡប់​មក​ពី​សាលារៀន​វិញ ហើយ​ពួក​គេ​បាន​ហៅ​អ្នក​ជិត​ខាង​របស់​ពួក​គេ​ឲ្យ​ជួយ និង​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​។​

​របាយ​ការណ៍​សាលា​ឧទ្ធរណ៍​ដដែល​បាន​សរសេរ​ថា ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ថ្ងៃ​បន្ទាប់ ហើយ​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ស្រុក​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ភ្លាមៗ​នៅឯ​ផ្ទះ​របស់​គូស្នេហ៍​ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ចោមចៅ ២ ។​

​នៅក្នុង​សវនាការ​កាលពី​ម្សិលមិញ ជន​ជាប់​ចោទ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប៉ុនប៉ង​សម្លាប់​​ប្តី​របស់​ខ្លួន​នោះ​ទេ​។ ជន​ជាប់​ចោទ​បាន​និយាយ​ថា ម្ហូប​ដែល​ជន​សង្ស័យ​បរិភោគ​នោះ​មាន​ផ្ទុក​ថ្នាំ​ងងុយ​គេង​ដែល​ខ្លួន​បាន​ទិញ​ពី​ឱសថស្ថាន មិន​មែន​ជា​ថ្នាំពុល​នោះទេ​។ ជន​ជាប់​ចោទ​បាន​បញ្ជាក់​«​ខ្ញុំ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​គាត់​នៅ​ជាមួយ​ខ្ញុំ​។ ខ្ញុំ​ខឹង​និង​ប្រចណ្ឌ​នឹង​រូប​គាត់​ដោយ​សារ​តែ​គាត់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​ផ្សេង​។​»  ជន​ជាប់​ចោទ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គ្មាន​ចេតនា​សម្លាប់​គាត់​នោះ​ទេ​។​»

​ជាមួយ​គ្នា​នេះ​ផង​ដែរ ជន​ជាប់​ចោទ​ក៏បាន​បដិសេធ​ផង​ដែរ​ថា រូបនាង​មិន​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​អ្នក​បើកបរ​រថយន្ត​ឲ្យ​រោងចក្រ​ណា​ទេ​។​

​ទោះជា​យ៉ាង​ណា ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​នឹង​ធ្វើ​ការ​សាក​សួរ​បន្ថែម​ទៅ​កាន់​ជនរង​គ្រោះ កូនៗ​ទាំង​បី​របស់​ពួក​គេ និង​ម្ចាស់​ឱសថស្ថាន​នៅ​ក្នុង​ពាក់​ជាក់​លាក់​ណា​មួយ​៕ ប្រែសម្រួល ភុន ច័ន្ទឧសភា

Related Posts

Previous Article

មន្ត្រី​នគរបាល​មួយ​រូប​ត្រូវ​បាន​ដាក់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ពី​បទ​ហិង្សា​ដោយ​ចេតនា

Next Article

សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​ពី​បទ​កាន់​កាប់​គ្រឿង​ញៀន និង​អាវុធ​ខុស​ច្បាប់​