ana-air canadia-bank Silk-air nissan acleda cab-bank

សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​ពី​បទ​កាន់​កាប់​គ្រឿង​ញៀន និង​អាវុធ​ខុស​ច្បាប់​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កាន់កាប់​ថ្នាំ​ញៀន​និង​អាវុធ​ខុស​ច្បាប់។ រូបថត​ សហការី

​បាត់ដំបង​៖ នគរបាល​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង​បាន​ធ្វើ​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កាន់កាប់​ថ្នាំ​ញៀន​និង​អាវុធ​ខុស​ច្បាប់ កាលពី​ម្សិលមិញ។​

​លោក ពេជ្រ សារ៉ែន អធិការ​នគរបាល​ស្រុក សំពៅ​លូន បាន​ថ្លែង​ថា​៖ «​លោក អូន ណុប គឺជា​អ្នក​ចែក​ចាយ​គ្រឿង​ញៀន​ហើយ​តែង​តែ​លួច​គាស់​ផ្ទះ​របស់​ប្រជាជន​នៅ​ពេល​យប់​ដើម្បី​លួច​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​។ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ទីតាំង​ដែល​ជន​សង្ស័យ​រស់​នៅ​។​»

​លោក ពេជ្រ សារ៉ែន បាន​និយាយ​ថា ជន​សង្ស័យ​មាន​ឈ្មោះ អូន ​ណុប អាយុ ៣៤ ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​វាលវង់ ឃុំ​តាស្លា​។ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា ជា​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​តែងតែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​ភូមិ​។​

​លោក សារ៉ែន បាន​បន្ត​ថា ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​ប្រហែល​ជា ១១: ៣០ នាទី​ព្រឹក បន្ទាប់​ពី​មន្ត្រី​ប៉ូលីស​ស្រុក​បាន​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​របស់​លោក​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ក្នុង​ភូមិ​ឃុំ​ខាង​លើ​។​

​សមត្ថកិច្ច​បាន​ធ្វើ​ការ​ស្រាវជ្រាវ​និង​ដឹង​អំពី​សកម្មភាព​របស់​ជន​សង្ស័យ​និង​កន្លែង​លាក់​ខ្លួន បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើ​ការ​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន ៣ នាក់ នៅ​ក្នុង​ឃុំ​ខាង​លើ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​បាន​សារ​ភាព​ថា​ពួក​គេ​បាន​ទិញ​ថ្នាំ​ញៀន​ពី​ជន​សង្ស័យ​។​

​លោក​បាន​បន្ថែម​ថា ក្រោយ​ការ​ចាប់​ខ្លួន ប៉ូលីស​បាន​ធ្វើ​ការ​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេតាមីន​ទឹកកក​ចំនួន ១ កញ្ចប់​តូច ជញ្ជីង​ចំនួន ១ ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន ពូថៅ​ចំនួន ២ កាំបិត​ចំនួន ៣ កាណុង​កាំភ្លើង​ចំនួន ៨ កាំភ្លើង​ខ្លី AK-៤៧ មួយ​ដើម គ្រាប់​កាំភ្លើង និង​ប្រាក់​មួយ​ចំនួន​ពី​កន្លែង​ស្នាក់​នៅ​របស់​ជន​សង្ស័យ​។

​លោក អូន ណុប ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កាន់​កាប់​គ្រឿង​ញៀន និង​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស ជន​សង្ស័យ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៣ ឆ្នាំ​។​

​លោក​បាន​បន្ថែម​ថា ជន​សង្ស័យ​កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ឯ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​នេះ​៕ ប្រែ​សម្រួល​៖ ភុន ច័ន្ទ​ឧសភា

Related Posts

Previous Article

ស្ត្រី​ម្នាក់​ដែល​បាន​ដាក់​ថ្នាំ​បំពុល​សម្លាប់​ប្ដី ស្នើ​សុំ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយ​ទោស

Next Article

​ក្រសួង​សុខាភិបាល៖ សមត្ថកិច្ចគួរ​ចាត់​វិធានការ​លើ​អ្នក​ផ្សាយ​ព័ត៌មាន​បំផ្លើស​ពី វីរ៉ុសកូរូណា