ana-air canadia-bank Silk-air nissan acleda cab-bank

​ក្រសួង​សុខាភិបាល៖ សមត្ថកិច្ចគួរ​ចាត់​វិធានការ​លើ​អ្នក​ផ្សាយ​ព័ត៌មាន​បំផ្លើស​ពី វីរ៉ុសកូរូណា

ប៉ិច សុធារី / Khmer Times No Comments Share:
អ្នក​ទេសចរ​មាន​ពាក់ម៉ាស់​ការពារ​ធ្វើ​ដំណើរ​​មក​ដល់ភ្នំពេញ​តាម​ព្រលាន​យន្ដហោះ អន្ដរជាតិ​ភ្នំពេញ។ KT/ ជរ សុគន្ធា

ភ្នំពេញ​៖ ក្រសួង​សុខាភិបាល បាន​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច គួរ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ពី​ការ​ពិត​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ណូ​វែល​កូរ៉ូណា ស្រប​ពេល​ដែល​ជើង​ហោះហើរ​មួយ​ចំនួន​ទៅកាន់​ប្រទេស​ចិន ត្រូវ​បាន​ផ្អាក​ដំណើរការ ដោយ​សារ​អ្នក​ដំណើរ​បារម្ភ​ពី​ការ​ឆ្លង​វីរុស​នេះ​។​

​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា ស្រប​ពេល​ដែល​មាន​ករណី​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​រាតត្បាត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ណូ​វែល​កូរ៉ូណា​ប្រភេទ​ថ្មី នៅ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​មួយ​ចំនួន និង​ត្រូវ​បាន​រក​ឃើញ​មួយ​ករណី​ទៅ​លើ​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ​នោះ ឃើញ​ថា មាន​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​បំផ្លើស​ពី​ការ​ពិត​ជាច្រើន ត្រូវ​បាន​ចែក​រំលែក​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម ដែល​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ​។​

​លោក​បន្ត​ថា បើ​ទោះ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ច្រាន​ចោល​ភ្លាមៗ​នៅ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ពី​ការ​ពិត​ទាំង​នោះ​ក៏​ដោយ ប៉ុន្តែ​លោក​ក៏​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច គួរ​មាន​វិធានការ​ផ្លូវ​ច្បាប់​លើ​ករណី​នេះ​។ លោក​ថា​៖ «​ខ្ញុំ​យល់​ថា អាជ្ញាធរមាន​សមត្ថកិច្ច គួរ​ធ្វើ​ម៉េច​អនុវត្ត​ច្បាប់​ទៅ​លើ​ការ​ផ្សាយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ បំផ្លើស​ព័ត៌មាន ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័ន្តច្រឡំ និង​មាន​ការ​ភ័យខ្លាច ហើយ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​[​រសៀល​ថ្ងៃ​ម្សិលមិញ​]​កម្ពុជា​ពុំ​បាន​រក​ឃើញ​ករណី​ផ្ទុក​វីរុស​នេះ​ថ្មី​ទេ​»​។

​កាល​ពី​ថ្ងៃ​ចន្ទ ក្រសួង​សុខាភិបាល បាន​ប្រកាស​ថា កម្ពុជា បាន​រក​ឃើញ​ករណី​បុរស​ជនជាតិ​ចិន​ជា​អ្នក​ទេសចរ​ម្នាក់ មក​ពី​ទីក្រុង​វ៉ូហាន ឈ្មោះ Jia Jianhua អាយុ ៦០​ឆ្នាំ មាន​ផ្ទុក​វីរុស​ណូវែល​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់​ដោយ​ឡែក នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។

​លោក​ម៉ម ប៊ុនហេង បាន​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ពុធ​នេះ ស្ថានភាព​សុខភាព​របស់​លោក Jia មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ច្រើន​ហើយ ដោយ​ពុំមាន​លេចចេញ​នូវ​រោគសញ្ញា​ណាមួយ​នោះទេ​។ លោក​ថា​៖ «​ក្រុម​គ្រូពេទ្យ​របស់​យើង​កំពុង​បន្ត​តាមដាន​សុខភាព​គាត់​រហូតដល់​រយៈពេល ១៤​ថ្ងៃ រហូត​ដល់​អស់​វីរុស​នៅ​ក្នុង​ឈាម​របស់គាត់​»​។​

​ចំពោះ​វិធាន​ការបន្ថែម​លើ​ការទប់ស្កាត់ និង​បង្ការ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នេះ​វិញ លោក​រដ្ឋ​មន្ត្រី បាន​បញ្ជាក់​ថា ក្រសួង​បាន​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស បោះ​ជា​ខិតប័ណ្ណ​សារ​សុខភាព ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ នៅ​លើ​រថយន្ត​ក្រុង​សាធារណៈ​របស់​រដ្ឋ និង​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ​ឲ្យ​បាន​យល់​ដឹង​ពី​ការ​ការពារ​ការ​ឆ្លង​វីរុស​នេះ និង​ការ​ថែទាំ​សុខភាព​ផ្ទាល់​ខ្លួន​។​

​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ មន្ត្រី​នគរបាល​ខេត្ត​សៀមរាប និង​ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កោះកុង ក៏​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៤​នាក់ រយៈពេល​ខ្លី ដើម្បី​យក​ទៅ​សួរនាំ និង​ឲ្យ​ធ្វើ​កិច្ច​សន្យា​អប់រំ ក្រោយ​ពី​ពួក​គេ​បាន​បង្ហោះ​សារ​ព័ត៌មាន​មិន​ពិត​មួយ​ចំនួន ដូច​ជា​ថា មាន​ជនជាតិ​ចិន​ចំនួន​៤​នាក់​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នៅ​ខេត្ត​សៀមរាប និង​បាន​ឆ្លង​ដល់​មគ្គុទេស​ក៏​ភាសា​ចិន​ម្នាក់​, មាន​អ្នក​រស់នៅ​ខេត្ត​ពោធិ៍សាត់​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា និង​មាន​ករណី​ជនជាតិ​ចិន​ពីរ​នាក់​នៅ​ខេត្ត​កោះកុង​មាន​ផ្ទុក​វីរុស​នេះ​ជាដើម​។

​រដ្ឋបាល​ខេត្ត​កោះកុង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា កន្លង​មក មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា មាន​ជនជាតិ​ចិន​ពីរ​នាក់​ឈ្មោះ Yin  Gong Ping អាយុ​៤៥​ឆ្នាំ និង​កូន​ឈ្មោះ Yin Zhengyin អាយុ​១៤​ឆ្នាំ មក​ពី​ទីក្រុង​វ៉ូហាន បាន​ទៅ​ស្នាក់​នៅ​កំសាន្ត​ក្នុង​តំបន់​វិស្សកាល​តារា​សាគរ ស្រុក​គិរីសាគរ ហើយ​សង្ស័យ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ ប៉ុន្តែ​បើ​តាម​ការ​ពិនិត្យ​របស់​ក្រុម​គ្រូ​ពេទ្យ​ជំនាញ ឃើញ​ថា អ្នក​ទាំង​ពីរ​នោះ​ពុំមាន​ផ្ទុក​វីរុស​នេះ​ទេ ហើយ​បច្ចុប្បន្ន ជនជាតិ​ចិន​ទាំងពីរ​នាក់​នោះបាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ​។​

​ចំណែក ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត លោក ងី ម៉េង កាលពី​ថ្ងៃ​ពុធ​ក៏បាន​ច្រាន​ចោល​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដែល​ថា​មាន​អ្នកជំងឺ​ផ្ទុក​វីរុស​កូរ៉ូណា កំពុង​សម្រាក​ព្យាបាល​នៅ​ទីនោះ​។ លោក​ថា​៖ «​យើង​មិន​មាន​អ្នក​ជំងឺ​ណា​មួយ​ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ នៅ​ក្នុង​មន្ទីរ​ពេទ្យ​របស់​យើង​ទេ​»​។​

​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​ឡើង​នូវ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​កូរ៉ូណា​នេះ​ដែរ អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​នេះ ក្រុមហ៊ុន​ជើង​ហោះហើរ​ពី​កម្ពុជា​ទៅ​ចិន និង​ពី​ចិន​មក​កម្ពុជា ស្ទើរ​តែ​ពាក់​កណ្តាល ក្នុង​ចំណោម​ជើង​ហោះហើរ​ជាង​២៦០​ជើង​ក្នុង​មួយ​សប្តាហ៍ បាន​ធ្វើ​ការ​ផ្អាក​(Cancelled)​ជើង​ហោះ​ហើរ​របស់​ខ្លួន ដោយ​សារ​អ្នក​ដំណើរ និង​អ្នក​ទេសចរ មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​នូវ​វីរុស​ប្រភេទ​ថ្មី​នេះ​។​

​លោក​ថា​៖ «​បច្ចុប្បន្ន​យើង​អត់​មាន​ជើង​ហោះ​ហើរ​ពី​ទីក្រុង​វ៉ូហាន​មក​ទៀត​ទេ រហូត​ដល់​រដ្ឋាភិបាល​ចិន​ប្រកាស​បើក​ទីក្រុង​នោះ​ជា​ប្រក្រតី​វិញ ដូច្នេះ​គ្មាន​ជើង​ហោះហើរ​ត្រង់​ពី​វ៉ូហាន​មក​កម្ពុជា​ទេ ប៉ុន្តែ​ទិសដៅ​ផ្សេងៗ​ទៀត​ពី​កម្ពុជា​ទៅ​ចិន​នោះ នៅ​មាន​ការ​ហោះហើរ​ធម្មតា ប៉ុន្តែ​ជើង​ហោះ​ហើរ​មួយ​ចំនួន​ធំ​ត្រូវ​បាន​កាត់​បន្ថយ ជា​មធ្យម​ប្រហែល​៤០​ទៅ​៥០% ដោយ​សារ​កត្តា​ព្រួយបារម្ភ​របស់​អ្នក​ទេសចរ ដូច្នេះ​ចំនួន​អ្នក​ធ្វើ​ដំណើរ​ថយ​ចុះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក៏​កាត់​បន្ថយ​ជើង​ហោះ​ហើរ​របស់​ខ្លួន​ដែរ​»​។​

​បើតាម​លោក ស៊ីន ចាន់​សិរី​វុត្ថា ក្នុង​មួយ​សប្តាហ៍ មាន​ជើង​ហោះហើរ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន និង​ពី​ចិន​មក​កម្ពុជា ចំនួន ២៦៤​ជើង ក្នុង​នោះ​មាន​ជើង​ហោះហើរ​ដោយ​ផ្ទាល់​ពី​ទីក្រុង​វ៉ូហាន មក​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ចំនួន ៣​ជើង និង​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចំនួន ៣​ជើង​។

​អ្នក​នាង សុខ រាវី ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Cambodia Airways Co.,Ltd. (Branding and Maketing Manager) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​ក៏បាន​លុបចោល​(Cancelled)​ជើង​ហោះ​ហើរ​ទៅកាន់​ទិសដៅ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ចិន​ផងដែរ ដោយ​សារ​អត្រា​អ្នក​ធ្វើ​ដំណើរ​មាន​ការ​ថយ​ចុះ ក្រោយ​ពី​មាន​ផ្ទុះ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នេះ​។ អ្នក​នាង​ថា​៖ «​ភ្ញៀវ​ខ្លះ​គាត់​សុំ​លុប​ចោល​ការ​ធ្វើ​ដំណើរ​តែ​ម្តង ភ្ញៀវ​ខ្លះទៀត​ដល់​ថ្ងៃ​ធ្វើ​ដំណើរ តែ​គាត់​មិន​ទៅវិញ ដូច្នេះ​បញ្ហា​នេះ​វា​បាន​បង្ក​ផល​ប៉ះពាល់​ច្រើន​ដែរ​សម្រាប់​ក្រុមហ៊ុន​យើង​ក្រោយពី​ផ្ទុះ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នេះ​»​។

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹងថា អង្គការ​សុខភាព​ពិភពលោក និង​រដ្ឋាភិបាល​ចិន បាន​និង​កំពុង​សហការ​គ្នា​បង្កើន​វិធានការ​ទប់ស្កាត់​ការ​រីក​រាល​ដាន​របស់​វីរុស​កូរ៉ូណា​នេះ ខណៈ​ដែល​ភាគី​ទាំង​ពីរ​ក៏​បាន​ព្រម​ព្រៀង​បញ្ជូន​អ្នក​ជំនាញ​អន្តរជាតិ​ទៅកាន់​ប្រទេស​ចិន ឲ្យ​បាន​ឆាប់ ដើម្បី​សិក្សា​អំពី​វីរុស​នេះ និង​រិះរក​វិធី​ព្យាបាល និង​វាក់​សាំង​ការពារ​៕​

Related Posts

Previous Article

សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​ពី​បទ​កាន់​កាប់​គ្រឿង​ញៀន និង​អាវុធ​ខុស​ច្បាប់​

Next Article

នគរបាល​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ជា​មួយ​ថ្នាំ​ញៀន​ជិត ៥០ កញ្ចប់​