ana-air canadia-bank Silk-air nissan acleda cab-bank

លោក ហ៊ុន សែន ថា​កម្ពុជា​មិន​អាច​បិទ​ជើង​ហោះហើរ​ពី​ចិន​ដោយ​សារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នោះ​ទេ​

ប៉ិច សុធារី / Khmer Times No Comments Share:
coronavirus
លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសិទសារព័ត៌មាន​មួយ​ស្ដីពី​ ការ​រីករាល​ដាល​មេរោគ​រលាកសួត​ថ្មី កូរូណា ដ៏ប្រល័យ​ពីប្រទេសចិន។ KT/ ស៊ីវ ចាន់ណា

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា មិន​អាច​បិទ​ជើង​ហោះហើរ​ពី​ចិន មក​កម្ពុជា​នោះ​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ​ដូច​ជា​ការ​បិទ​សេដ្ឋកិច្ច​កម្ពុជា​ខ្លួន​ឯង​មួយ​ផ្នែក និង​ជា​ការ​កាត់​បន្ថយ​ទំនាក់​ទំនង​មិត្តភាព​រវាង​កម្ពុជា​-​ចិន​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​នាទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី នា​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ស្រប​ពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​មួយ​ចំនួន​នេះ ក៏​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ដោយ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល ផ្អាក​ជើង​ហោះហើរ​ពី​ប្រទេស​ចិន​មក​កម្ពុជា​។​

​លោក​ថា​៖ «​បើ​បិទ​ការ​ហោះហើរ​ពី​ចិន មក​កម្ពុជា​ទាំង​មូល​មែន​នោះ វា​មិន​ខុស​ពី​ការ​បិទ​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​ខ្លួន​ឯង និង​កាត់​បន្ថយ​ទំនាក់​ទំនង​មិត្តភាព​រវាង​កម្ពុជា និង​ចិន​ផង​ដែរ​»​។​

​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ថែម​ថា ចំពោះ​មតិ​មួយ​ទៀត​ដែល​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា យក​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន ត្រឡប់​មក​ប្រទេស​វិញ ក្នុង​អំឡុង​ពេល​ប្រទេស​ចិន​មាន​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​នោះ ក៏​ពុំ​អាច​ធ្វើ​ទៅ​បាន​ដែរ ព្រោះ​ការ​ធ្វើ​បែប​នេះ អាច​ជា​ការ​បញ្ចប់​មិន​ឲ្យ​និសិត្ស​កម្ពុជា​បន្ត​ការ​សិក្សា​របស់​ខ្លួន​បាន ហើយ​ក៏​ប្រៀប​ដូច​ជា​ការ​រត់​ចោល​គ្នា​នៅក្នុង​គ្រា​លំបាក​ផង​ដែរ​។​

​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​ទៀត​ថា បញ្ហា​ការ​ឆ្លង​រាល​ដាន​នៃ​វីរុស​កូរ៉ូណា​នេះ ពុំ​មែន​ជា​បញ្ហា​ថ្មី​នោះទេ ព្រោះ​កន្លងមក ក៏​ធ្លាប់​កើត​មាន​ការ​ឆ្លង​នៃ​ជំងឺ​ផ្តាសាយ​មួយ​ចំនួន​ផង​ដែរ ដូចជា ផ្តាសាយ​បក្សី ផ្កា​សាយ​ជ្រូក និង​ជំងឺ​សារ​ជាដើម​។ ករណី​នេះ លោក​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់ កុំ​មាន​ការ​ភ័យ​ខ្លាច​ហួស​ហេតុ​ពេក និង​ត្រូវ​យល់​ដឹង​ពី​ការ​ការពារ​សុខភាព និង​បង្ការ​ការឆ្លង​វីរុស​នេះ តាម​រយៈ​ការ​ធ្វើ​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។​

​កាលពី​ថ្ងៃ​ចន្ទ ក្រសួង​សុខាភិបាល បាន​ប្រកាស​ថា កម្ពុជា បាន​រក​ឃើញ​ករណី​បុរស​ជនជាតិ​ចិន​ជា​អ្នក​ទេសចរ​ម្នាក់ មក​ពី​ទីក្រុង​វ៉ូហាន ឈ្មោះ Jia Jianhua អាយុ ៦០​ឆ្នាំ មាន​ផ្ទុក​វីរុស​ណូវែល​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់​ដោយ​ឡែក នៅក្នុង​ខេត្ត​ព្រះសីហនុ​៕​

Related Posts

Previous Article

តើ​កម្ពុជា​គួរតែ​ឆ្លើយតប​នឹង​វីរុស​កូរ៉ូណា​ដោយ​របៀប​ណា​?

Next Article

សោម វណ្ណនីតា៖ ជីវិតគឺជាការព្យាយាម ម្ដងហើយម្តងទៀត