ana-air canadia-bank Silk-air nissan acleda cab-bank

តើ​កម្ពុជា​គួរតែ​ឆ្លើយតប​នឹង​វីរុស​កូរ៉ូណា​ដោយ​របៀប​ណា​?

No Comments Share:
​វីរុសកូរូណា​បាន​សម្រប​ខ្លួន​ទៅ​នឹងការចម្លងពី​មនុស្ស​ ទៅមនុស្សយ៉ាង​លឿន​ហើយមានលក្ខណៈចម្លងរហ័សជាងវីរ៉ុស SARS ។ រូបថត​ សហការី

បទវិភាគ​៖ ពាក្យ​ច​ចាម​អារាម​មាន​ច្រើន​ណាស់​កាលពី​សប្តាហ៍​មុន​ដែល​ថា​វីរុស​កូរ៉ូណា​ថ្មី​ដ៏​កាច​សាហាវ​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​កម្ពុជា​ពី​វូហាន​រួច​ទៅ​ហើយ​។ ពួក​គេ​បាន​លើក​ឡើង​ដោយ​គ្មាន​ភត្តុតាង​ថា អ្នក​ឆ្លង​វីរុស​ផ្ដាសាយ​ប្រភេទ​ថ្មី novel corona មាន​ពី ៥ ទៅ ១០ ករណី​ហើយ​។ ក្រសួង​សុខាភិបាល​ក៏​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ពាក្យ​ចចាម​អារាម​ទាំង​នេះ​។​

​ចំនួន​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ប៉ាន់ស្មាន ប៉ុន្តែ​ហានិភ័យ​នៃ​ការ​ឆ្លង​គឺ​មាន​ពិត​។ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា​មាន​ករណី​មួយ​ករណី​នៅ​ខេត្ត​ព្រះសីហនុ​។ សមាជិក​គ្រួសារ​អ្នក​ជំងឺ​ចំនួន ៣ នាក់​ទៀត​ដែល​បាន​ធ្វើ​ដំណើរ​រួម​គ្នា កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​។ ទោះបីជា​ការ​ធ្វើ​តេស្ត​ឈាម​របស់​ពួក​គេ​មាន​ភាព​អវិជ្ជមាន អាជ្ញាធរ​នៅ​តែ​បាន​ដាក់​ពួក​គេ​ទាំង​នេះ​ឲ្យ​នៅ​ដាច់​ពី​គេ​។​

​ការ​ពិត​ដែល​ក្រសួង​សុខាភិបាល​ចិន​ក៏​បាន​ប្រកាស​ថា​វីរុស​កំពុង​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​រាលដាល​កាន់​តែ​ងាយ​ស្រួល​មុន​ពេល​មាន​រោគ​សញ្ញា​គួរ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រុង​ប្រយ័ត្ន​។ នោះ​ជា​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​ជំងឺ​សារ (Sar) ជា​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ដែល​មាន​ការ​ចាប់​ផ្តើម​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០០២ ហើយ​រាល​ដាល​ទូទាំង​ពិភពលោក​ដោយ​សម្លាប់​មនុស្ស ៧៧៤ នាក់​។​

​សេចក្តី​ប្រកាស​របស់​ចិន​អំពី​ការ​ចម្លង​វីរុស​ថ្មី​អាច​ពន្យល់​ពី​អត្រា​នៃ​ការ​ឆ្លង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​អត្រា ៥០ ភាគរយ​នៃ​ករណី​សរុប​កាលពី​ថ្ងៃ​អាទិត្យ​និង​មាន​អ្នក​ស្លាប់​កាន់​តែ​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន ខណៈ​ដែល​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​ប្រកាស​ករណី​នេះ​ផង​ដែរ​។ ប្រសិន​បើ​វា​អាច​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ដែល​មាន​ប្រព័ន្ធ​ថែទាំ​សុខភាព​ល្អ​ប្រសើរ វា​ក៏​អាច​កើត​ឡើង​នៅ​ប្រ​ទែស​កម្ពុជា​ដែរ​។​

​រដ្ឋាភិបាល​បរទេស​ដែល​មាន​ប្រជាជន​របស់​ពួក​គេ​កំពុង​តែ​ជាប់​នៅ​ក្នុង​ទីក្រុង​វូហាន​បាន​ប្រញាប់​ប្រញាល់​ជម្លៀស​ពលរដ្ឋ​របស់​ពួក​គេ​ចេញពី​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស ទោះបីជា​ប្រទេស​ចិន​បាន​ហាម​ឃាត់​ការ​ធ្វើដំណើរ​ជា​ផ្លូវការ​ក៏ដោយ​ក្តី​។​

​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​ថា​វីរុស​នេះ​កំពុង​បាន​សម្រប​ខ្លួន​ទៅ​នឹង​មនុស្ស​លឿន​ជាង SARS ។ វីរុស SARS ត្រូវការ​រយៈពេល​បី​ខែ​ដើម្បី​ផ្លាស់ប្តូរ​ទៅជា​ទម្រង់​មួយ​ដែល​រាលដាល​យ៉ាង​ងាយ​ស្រួល​ក្នុង​ចំណោម​មនុស្ស ប៉ុន្តែ​មេរោគ​ដែល​ទាក់ទង​នឹង Wuhan Coronavirus បាន​ចំណាយ​ពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​។​

​នៅ​ចំពោះ​មុខ ប្រទេស​កម្ពុជា​ត្រូវ​តែ​មាន​វិធានការ​ខ្លាំង​ក្លា​។ អាកាស​យានដ្ឋាន​ទាំង​អស់​ត្រូវ​អនុវត្ត​វិធានការណ៍​ត្រួត​ពិនិត្យ​សុខភាព​យ៉ាង​តឹងរឹង​សម្រាប់​ជើង​ហោះហើរ​ពី​ខាង​ក្រៅ​ជា ពិសេស​មក​ពី​ប្រទេស​ចិន​។ ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​វិធី​ការពារ​ការ​ឆ្លង​ត្រូវតែ​ត្រូវ​បាន​ពន្លឿន​យ៉ាង​ខ្លាំង​។ ការ​ពាក់​ម៉ាស់​និង​ស្រោម​ដៃ ការ​លាង​ដៃ​ជាមួយ​សាប៊ូ​និង​ទឹក​ក្តៅ​អ៊ុនៗ ចៀសវាង​កន្លែង​ដែល​មាន​មនុស្ស​កកកុញ និង​ជៀសវាង​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់​ទៅកាន់​ប្រទេស​ចិន គឺជា​វិធាន​មូលដ្ឋាន​មួយ​ចំនួន​ដើម្បី​ការពារ​មេរោគ​។​

​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​សុខាភិបាល​ត្រូវ​ដាក់​ចេញ​នូវ​វិធានការណ៍​ធ្ងន់ធ្ងរ​ដើម្បី​ទប់ស្កាត់​វីរុស​ពី​ការ​រីក​រាលដាល​។ ដោយ​សារ​តែ​ករណី​មួយ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្រុង​ព្រះសីហនុ ការ​ធ្វើ​ដំណើរ​ចេញ​ចូល​និង​ក្រៅ​ប្រទេស​ពី​ទីក្រុង​នេះ​ចាំបាច់​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។​

​មិន​តែ​ប៉ុណ្ណោះ​ក្រសួង​ការ​បរទេស​ត្រូវ​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​ចិន​អំពី​ជោគ​វាសនា​របស់​ពលរដ្ឋ​និង​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ចិន​។​

​បន្ទាប់​មក​ទៀត​គឺ អ្នក​ធ្វើ​ដំណើរ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ធ្វើ​ជំនួញ​និង​ទេសចរណ៍​ស្របពេល​នឹង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​។ អ្នក​ដំណើរ​ភាគ​ច្រើន​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ពី​អាកាស​យានដ្ឋាន​ណា​មួយ​ក្នុង​ចំណោម​អាកាស​យានដ្ឋាន​ទាំង ៣ ក្នុង​ប្រទេស​កម្ពុជា​នឹង​ផ្តល់​សក្ខីកម្ម​អំពី​រឿងរ៉ាវ​ពិត​ប្រាកដ​ខុស​ពី​ការ​លាប​ពណ៌​ដោយ​អាជ្ញាធរ​។​

​ខណៈ​ពេល​ដែល​មាន​ដំណើរ​ការ​ពិនិត្យ​នៅ​តាម​ស្ថានីយ៍​មួយ​ចំនួន គេ​មិន​អាច​ថា​បាន​ពី​ព្រលាន​យន្តហោះ​ទាំង ៣ ដែល​មន្ត្រី​គ្រាន់តែ​រង់ចាំ​នៅ​ច្រកចូល​កន្លែង​មក​ដល់​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​អន្តោប្រវេសន៍ និង​ពឹង​ផ្អែក​លើ​ទម្រង់​ដែល​បាន​ប្រគល់​ជូន​អ្នកដំណើរ​ឬ​នៅ​នឹង​កន្លែង​ឬ​នៅ​ឯ​ស្ថានីយ​។​

​នៅ​ប្រទេស​ចិន អាកាស​យានដ្ឋាន​ភាគ​ច្រើន​មាន​ឧបករណ៍​វាស់​សីតុណ្ហភាព​មនុស្ស​តឹងរឹង ដែល​អ្នក​ដំណើរ​មក​ដល់​ត្រូវ​បាន​ដាក់​ត្រួត​ពិនិត្យ​ជា​លក្ខណៈ​បុគ្គល​។ នៅ​ប្រទេស​កម្ពុជា​រឿង​នេះ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​។ ជា​ធម្មតា​ប្រទេស​កម្ពុជា​មាន​ប្រតិកម្ម​នៅ​ពេល​ដែល​មាន​ការ​រាយការណ៍​អំពី​ការ​ផ្ទុះ​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​។ វិធានការណ៍​ប្រតិកម្ម​មិន​ត្រឹម​តែ​មាន​ភាព​យឺតយ៉ាវ​ប៉ុណ្ណោះ​នោះទេ គឺ​ថែមទាំង​ខ្វះ​ភាព​សកម្ម​ទៀត​ផង​។​

​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​វីរុស SARS ក្នុង​ឆ្នាំ ២០០៣ និង​ការ​សង្ស័យ​នៃ​ការ​ផ្ទុះ​វីរុស MERS កាលពី​ឆ្នាំមុន (​ទោះបីជា​មាន​ការ​ប្រុងប្រយ័ត្ន​មាន​កម្រិត​ក៏​ដោយ​) វា​មិន​មាន​ន័យ​ថា​វីរុស​មិន​អាច​រអិល​ចូល​មក​បាន​ទេ ព្រោះ​អ្នក​ដំណើរ​អាច​រក​វិធី​គ្រប់គ្រង​សីតុណ្ហភាព​រាង​កាយ​រប​ស់​ពួក​គេ ដូចជា​លាង​មុខ​និង​ក​យ៉ាង​ម៉ត់ចត់​មុន​ពេល​ចូល​ក្នុង​កន្លែង​បញ្ចាំង​ជាដើម​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិម​ប្រទេស​បាន​រាយការណ៍​ថា​ក្រុម​អ្នក​ជំនាញ​រោគ​ឆ្លង​ជនជាតិ​អង់គ្លេស​ពីរ​ក្រុម​បាន​ចេញ​ផ្សាយ​ការ​សិក្សា​ដែល​ប៉ាន់​ស្មាន​ថា​អ្នក​ឆ្លង​ម្នាក់ៗ​កំពុង​រាលដាល​ជំងឺ​នេះ​ដល់​មនុស្ស​ពីរ​ឬ​បី​នាក់ ហើយ​អត្រា​នេះ ប្រសិន​ជា​ត្រូវ​បាន​បញ្ជាក់ អាច​មាន​ន័យ​ថា​ចំនួន​ជន​រងគ្រោះ​ដែល​ឆ្លង​មេរោគ​នៅ​វូហាន​តែ​មួយ​កន្លែង​ប៉ុណ្ណោះ​អាច​ធ្វើ​បាន​តែ​ចំនួន​អ្នក​ឆ្លង​សរុប​ឈាន​ដល់ 200,000 ក្នុង​រយៈពេល​មួយ​សប្តាហ៍​។​

​ស្តាប់​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ពិត តែ​វិចារណកថា​នេះ​មិន​មែន​និយាយ​ថ្ងៃ​ចុង​បញ្ចប់​នៃ​មនុស្សជាតិ ឬ​ការ​ថ្កោលទោស​របស់​អាជ្ញាធរ​សុខាភិបាល​នៅ​កម្ពុជា​ទេ​។ វា​ជា​ការ​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​តឹងរឹង​បន្ថែម​ទៀត​ដើម្បី​តាម​ដាន​រាល់​អ្នក​ដំណើរ​ដែល​ចូលមក​ប្រទេស​កម្ពុជា​នៅ​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទាំង​អស់ ជា​ពិសេស​ព្រលាន​យន្តហោះ​។​

​នេះ​ក៏​ព្រោះតែ​នៅ​ខាង​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​ករណី​នៅ​ក្រុងព្រះសីហនុ វា​អាច​រាល​ដាល​ដូច​ភ្លើង​ឆេះ​ព្រៃ ព្រោះ​ព័ត៌មាន​ដែល​បាន​ផ្តល់​ជា​ទម្រង់​វេជ្ជសាស្ត្រ​ដល់​អ្នក​ដំណើរ​អាច​មិន​មាន​ភាព​ត្រឹមត្រូវ​ហើយ​ជារឿយៗ​ត្រូវ​បាន​គេ​បំភាន់​។​

​តាម​ការអនុវត្ត​របស់​គ្រឹះស្ថាន​មួយ​នៅ​ក្នុង​ប្រភេទ មនុស្ស​គ្រប់គ្នា​ដែល​ចូល​ទៅ​ក្នុង​បរិវេណ​របស់​ខ្លួន​ត្រូវ​បានផ្តល់​ការ​ត្រួត​ពិនិត្យ​សីតុណ្ហភាព​រៀងៗ​ខ្លួន ហើយ​ម៉ាស​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ពួក​គេ​ម្នាក់ៗ​មុន​ពេល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​។ នេះ​អាច​ជា​ការ​រអាក់រអួល​ដល់​អ្នក​ដំណើរ​ដែល​មក​ដល់​រាប់រយ​នាក់ ប៉ុន្តែ​វា​ជា​វិធានការ​ចាំបាច់​។​

​ដោយ​ហេតុ​ថា​មាន​ការ​បញ្ជាក់ថា​មាន​និស្សិត​កម្ពុជា​រហូត​ដល់​ទៅ ៤០ នាក់​នៅ​តែ​ស្ថិត​ក្នុងប្រទេស​ចិន​និង​មាន​អ្នក​ទេសចរ​ជាច្រើន​ទៀត ដែល​ចំនួន​នេះ​មិន​អាច​ត្រូវបាន​គេ​ដឹង​ភ្លាមៗ​នោះទេ​។​

​ប្រទេស​កម្ពុជា​គួរតែ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រោះថ្នាក់​សុខភាព​នេះ​មុន​ពេល​ដែល​វា​ក្លាយ​ជា​ជំងឺ​រាត​ត្បាត​នៅទីនេះ​៕

​ប្រែ​សម្រួល​៖ តាំង រី​និត្យ​

Related Posts

Previous Article

នគរបាល​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ជា​មួយ​ថ្នាំ​ញៀន​ជិត ៥០ កញ្ចប់​

Next Article

លោក ហ៊ុន សែន ថា​កម្ពុជា​មិន​អាច​បិទ​ជើង​ហោះហើរ​ពី​ចិន​ដោយ​សារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នោះ​ទេ​