ana-air canadia-bank Silk-air nissan acleda cab-bank

សោម វណ្ណនីតា៖ ជីវិតគឺជាការព្យាយាម ម្ដងហើយម្តងទៀត

សំ កន្និកា / Khmer Times No Comments Share:

អំឡុង​ម៉ោង៥ រៀងរាល់​ល្ងាច ខណៈ​ពេល​ដែល រសៀល​ថ្ងៃ​លិច​ចូល​មក​ដល់ នៅក្នុង​ភូមិ​ទ្រា ខណ្ឌ​ស្ទឹងមានជ័យ ជា​ធម្មតា​អ្នកនឹង​ឃើញ ក្មេង ក៏ដូចជា​សិស្ស​ជាក្រុមៗ ដើរ​យ៉ាង​ស្វាហាប់​ពី​ផ្ទះ​របស់​ពួកគេ តម្រង់​ទៅ ហាង​នំ និង​កន្លែង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ធ្វើ​នំ CCF (Cambodia Children’s Fund)។

នៅ​ទីនោះ សិស្សធំៗ ក៏ដូចជា​កុមារា​កុមារី ជាច្រើន​អង្គុយ រង់ចាំ​ជា​ជួរ ជាមួយនឹង​ទឹកមុខ​ដ៏​ស្រស់បំព្រង ប៉ុន្តែ​ការ​រង់ចាំ​របស់​ពួក​គាត់ គឺ​មិនមែន​ដើម្បី​ទិញ​នំប៉័ង​នោះទេ ការរង់ចាំ​នោះ​គឺ​ដើម្បី​ចូលរៀន​ថ្នាក់​ភាសា​អង់គ្លេស និង​ចំណេះ​ដឹង​ទូទៅ​នៅ​ទីនោះ។

បើ​ក្រឡេក​មើល​ពី​ក្រៅ ហាង​នំ​CCF គ្រាន់តែ​ជា​កន្លែង បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ធ្វើ​នំ​តែ​ប៉ុណ្ណោះ​នៅពេល​ថ្ងៃ ប៉ុន្តែ​នា​ពេល​ល្ងាច ហាង​នំ​នេះ និង​ក្លាយជា​កន្លែង​បង្រៀន​ភាសារ​អង់គ្លេស សម្រាប់​ជួយ​កុមារ​ក្រីក្រ នៅក្នុង​តំបន់​ស្ទឹងមានជ័យ។

សោម វណ្ណ​នី​តា មាន​អាយុ ១៩ឆ្នាំ ក៏​ជា​សិស្ស​មួយ ក្នុង​ចំណោម សិស្ស​ជាច្រើន​ទៀត​នៅ CCF ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង មក​រៀន​ភាសារ​អង់គ្លេស និង​ចំណេះដឹង​ទូទៅ​នៅ​ទីនោះ​ដែរ។ និស្សិត​អាហារូបករណ៍ CCF ទី៤ ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​សកល​វិទ្យាល័យ​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ជីវិត​របស់​នី​តា មិន​ខុសគ្នា ពី​ជិវិត​ក្មេង​ដ៏ទៃទៀត​នៅក្នុង​តំបន់​ស្ទឹងមានជ័យ​ឡើយ។

ហើយ​ការ​ចាប់​យក​អាហារូបករណ៍​មួយ​នេះ មិន​មែន​ជា​រៀង​ងាយស្រួល​ឡើយ​សម្រាប់ នី​តា។ ភាពជោគជ័យ​ដំណើរ​សិក្សា​នេះ គឺ​ចាប់ផ្តើម​ពី​ជំ​ហ៊ាន​ដំបូង​នៅ ហាង​នំ និង​កន្លែង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ធ្វើ​នំ​របស់ CCF។ នី​តា បាន​រំឭក ថា ថ្នាក់​ភាសា​អង់គ្លេស​នៅ​ទីនោះ​ជា​កន្លែង​ដែល​នាង ចាប់ផ្តើម​ដំបូង​នៃ​ការសិក្សា​ភាសា​អង់គ្លេស​របស់​នាង។

ស្រដៀង​គ្នា ទៅ​នឹង​ក្មេង​ដទៃ​ទៀត​ដែល​រស់នៅ​ក្នុង​ខណ្ឌ​ស្ទឹងមានជ័យ ជីវ​ភាព​រស់នៅ​របស់ វណ្ណ​នី​តា ក៏​មិនសូវ​ធូរធា ដែល​នាង​មាន​ម្ដាយ ជា​កម្មករ​ការិនី​រោងចក្រ​កាត់ដេរ ហើយ​ឪពុក​របស់ខ្លួន​ជា​អ្នករត់ម៉ូតូឌុប។ រស់នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​លំបិន នី​តា ដឹងខ្លួន​ថា​នាង​ត្រូវតែ​តស៊ូ​ដោយ​ខ្លួនឯង ដើម្បី​ឈោង​ចាប់​ឲ្យ​បាន​នូវ​ការ​សិក្សា​អប់រំ ដែលមាន​កម្រិត​ខ្ពស់ ដែល​វា​ជា​សុ​បិ​ន្ត​ដែល​នាង​ចង់បាន​ទៅ​ថ្ងៃ​អនាគត។

«ខ្ញុំ​ធំធាត់​ឡើង នៅក្នុង​គ្រួសារ ដែល​ឪពុកម្ដាយ​ខ្ញុំ ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​តែ​ប្រាក់កំរៃ ៣ដុល្លារ ដើម្បី​តែ ផ្គត់ផ្គង់ គ្រួសារ។ ជីវិត​តស៊ូ​ជំនះ​គ្រប់​ឧបសគ្គ​របស់​ពួកគាត់ ជំរុញ​ទឹកចិត្ត ខ្ញុំ​ឲ្យ​ក្លាយជា​មនុស្ស​រឹងមាំ ហើយ​កត្តា​ទាំងអស់នេះ ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មើលឃើញ​ពិភពលោក​កាន់តែច្បាស់ ក៏ដូចជា​យល់​ពី​គុណ​តម្លៃ​នៃ​ការអប់រំ ថា​វា​ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការផ្លាស់​ប្ដូរជីវិត​របស់​មនុស្ស​ម្នាក់»
ចំពោះ នី​តា ការ​សិក្សា​អប់រំ នៅតែ​ជា​អទិភាព​ចម្បង​ដែល​នាង​ឱ្យ​តម្លៃ ទោះបីជា​ខ្លួន​រស់នៅក្នុង​កាលៈទេសៈ​លំបាក​ក៏ដោយ។ អំឡុង​ពេល​ដែល​នី​តា​មាន​អាយុ ៧ឆ្នាំ នាង​បាន​ទៅ​រស់នៅ​ជាមួយ​ជីដូន​របស់​ខ្លួន ហើយ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​នី​តា ត្រូវ​ជួយ​កិច្ចការងារ​ជាច្រើន​របស់​ជីដូន ដូចជា​ការធ្វើ​នំ​បញ្ចុក​លក់ នឹង​បបរ​លក់​ពេល​ល្ងាច រ។

នី​តា និ​យា​យា​ថា៖ «ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ទៅ​សាលា​ឲ្យ​បាន​ទៀងទាត់​នៅតែ​ជា​កាតព្វកិច្ច​ដែល​ខ្ញុំ​ត្រូវតែ​បំពេញ ទោះបីជា​ស្ថិតនៅក្នុង​ជីវភាព លំបាក់​យ៉ាងណាក្តី»ក្នុង​ឆ្នាំនេះ នី​តា បានបង្ហាញ​ឱ្យ​ពិភពលោក​ឃើញថា ទោះបី​នាង​មាន​ជីវភាព​មិនសូវ​ល្អ ក៏ដោយ នាង​នៅតែ​អាច ឈាន​ទៅមុខ​ឆ្ពោះ ទៅរក​ក្តី​សុ​បិ​ន្ត​របស់​នាង បាន​យ៉ាង​ជោគជ័យ តាមរយៈ​ការប្រកួត យក​អាហារូបករណ៍ ទៅកាន់​សាកលវិទ្យាល័យ​មែ​ល​ប៊​ន។

«ជាការ​ពិតណាស់! មុន​ពេលដែល​ខ្ញុំ​បាន​ជាប់​អាហារូបករណ៍​នេះ ខ្ញុំ​បាន​បរាជ័យ​ជាច្រើន​ដង រហូតដល់​ចំណុច​មួយ ដែល​ខ្ញុំ​មិនអាច​មើលឃើញថា​អនាគត​នឹង​ទៅជា​យ៉ាងណា» ប៉ុន្តែ នី​តា មិនដែល​បណ្តា​យ​ឲ្យ​ការគិត​អវិជ្ជមាន ផ្លាស់ប្តូរ​ក្តី​សុ​បិ​ន្ត​របស់​នាង​ឡើយ។ ឆ្លងកាត់​វគ្គ​ជម្រុះ ដ៏​ស្វិតស្វាញ​ជាច្រើនលើក​ច្រើនសារ នី​តា បាន​យកឈ្នះ​ក្នុងការ​ប្រកួត ជាមួយនឹង​បេក្ខភាព​ខ្លាំង​ជាច្រើន​នៃ​សិស្សសាលា CCF។

ប៉ុន្តែ​ពីក្រោយ​នៃ​ជ័យជម្នះ​នេះ នី​តា បាន​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ទ្វេដង​ធៀប​នឹង​បេក្ខជន​ដទៃទៀត ដោយសារតែ​នាង​ត្រូវ​ធ្វើការ បណ្ដើរ និង​សិក្សា​បណ្ដើរ។

«ខ្ញុំ​ជឿជាក់ថា បើសិនជា​យើង​មាន​ឆន្ទៈ​និង​ការតស៊ូ យើង​ដឹង​អាច​សម្រេចបាន​នូវ ក្តី​សុបិន​ដែល​យើង​ធ្លាប់​គិតថា​វា​មិនអាច​ទៅរួច» នេះ​វា​ជាការ​បោះជំហាន​មួយ​សម្រាប់​នី​តា ដែល​នឹង​ចាក់​ចេញពី​ស្រុកកំណើត ហើយ​ឆ្ពោះទៅកាន់​ទីក្រុង មែ​ល​ប៊​ន ដើម្បី​បន្ត​ការសិក្សា​របស់​នាង។ ភាពជោគជ័យ​ទាំងអស់នេះ​ធ្វើ​ឲ្យ នី​តា នឹកឃើញ​ពី​កុមារភាព ដែល​នាង​តែងតែ​មានចិត្ត​ស្រឡាញ់​វិទ្យាសាស្ត្រ និង​វិស័យ​អប់រំ។

«ខ្ញុំ​ធ្លាប់​សុ​បិ​ន្ត​ថា នឹង​បន្ត​ការសិក្សា នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ក៏ប៉ុន្តែ មិនដែល​បាន​សុបិន​ថា នឹង​អាចមាន​លទ្ធភាព​ក្នុងការ ចាប់យក​អាហារូបករណ៍ ដើម្បី​សិក្សា​នៅក្រៅ​ប្រទេស​នោះឡើយ វា​ជា​ក្តី​សុ​បិ​ន្ត​ដែល​ខ្ញុំ​មិនដែល​និង​ស្មាន​ដល់» នៅក្នុង​ខែកុម្ភៈ​នេះ​នី​តា នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​មែ​ល​ប៊​ន ដើម្បី​បន្ត​អាហារូបករណ៍​កម្រិត​ឧ​ត្ត​មសិ​ក្សា។ ក្នុង​ដំណើរ​សិក្សា​នេះ នី​តា​នឹង​ទៅ​ជួប និស្សិត​អាហារូបករណ៍ CCF ៣រូប​ទៀ​គឺ យ៉ែម សុវណ្ណ​រី សេង ហ័ង និង​រ៉ូ​ន សុ​ភី ដែល​បានឈ្នះ​អាហារូបករណ៍​ទៅ​ទីក្រុង​មែ​ល​ប៊​ន​នៅ​ឆ្នាំ ២០១៧ និង ២០១៨៕

Related Posts

Previous Article

លោក ហ៊ុន សែន ថា​កម្ពុជា​មិន​អាច​បិទ​ជើង​ហោះហើរ​ពី​ចិន​ដោយ​សារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នោះ​ទេ​

Next Article

scholarships