ana-air canadia-bank Silk-air nissan acleda cab-bank

តុលាការ​ខេត្ត​មណ្ឌលគិរី​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ពី​បទ​ល្មើស​បំផ្លាញ​ធន​ធាន​ធម្មជាតិ​

ប៉ិច សុធារី / Khmer Times No Comments Share:
wild crime
​មន្ត្រី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វ​ព្រៃឃាត់​ខ្លួន​បុរសម្នាក់ បន្ទាប់ពីគាត់​លួច​ដាក់​អន្ទាក់​សត្វព្រៃ។ រូបថត​ សហការី

​មណ្ឌលគិរី​៖ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បាន​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់ ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​នឹង​ការ​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ប្រភេទ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​។

«​បច្ចុប្បន្ន ចៅក្រម​ស៊ើបសួរ កំពុង​បន្ត​និតិ​វិធី​ស៊ើបសួរ​បន្ត​ទៀត​ទៅ​លើ​ជន​ត្រូវ​ចោទ ដើម្បី​ស្វែងរក​អ្នក​ដែល​ប្រមូល​ទិញ​សត្វ​ព្រៃ​ពី​ជន​ត្រូវ​ចោទ តែ​លទ្ធផល​យ៉ាង​ណា​ថា​ត្រូវ​កោះហៅ​អ្នក​ប្រមូល​ទិញ​ទាំង​នោះ​ប៉ុន្មាន​នាក់​ទៀត យើង​មិនទាន់​ដឹង​នៅ​ឡើយ​»​។ នេះ​បើ​តាម​ប្រសាសន៍​ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ម៉ម វណ្ណដា​។

​លោក​វណ្ណដា បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ជន​ត្រូវ​ចោទ ឈ្មោះ ហក វ៉ាន់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​ម្យើល ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញ៉ែក ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន កាលពី​ថ្ងៃ​អង្គារ​។

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័ក្រ បាន​មាន​ប្រសាសន៍​ថា ជន​ត្រូវ​ចោទ​រូប​នេះ ត្រូវ​បាន​មន្ត្រី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក ចាប់​ឃាត់​ខ្លួន​បាន​ភ្លាមៗ កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ជន​នេះ​លួច​ធ្វើ​សកម្មភាព​ដាក់​អន្ទាក់​សត្វព្រៃ ដែល​ប្រើប្រាស់​ឧបករណ៍​កែច្នៃ​ជាច្រើន​ប្រភេទ ដូច​ជា ការ​ដាក់​អង្គប់ អន្ទាក់ ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​និង​ជាតិ​គីមី ថ្នាំ​ពុល និង​គ្រឿង​ឆក់​ជាដើម ដែល​បង្ក​គ្រោះថ្នាក់​ដល់​សត្វព្រៃ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​មន្ត្រី​ឧទ្យានុ​រក្ស​ក្នុង​ពេល​ចុះ​ល្បាត ឬ​ប្រជា​ពលរដ្ឋ​ដែល​ទៅ​រក​អនុផល​ព្រៃឈើ​ផង​ដែរ​។​

​ក្រុមមន្ត្រី​ឧទ្យានុ​រក្ស​ដក​ហូត​បាន​វត្ថុ​តាង រួម​មាន រំសេវ​ផ្ទុះ​ចំនួន កន្លះ​គីឡូក្រាម លួស​ឆក់​ចំនួន​៣​ដុំ​, អង្គប់រ​ស័រ​នាំចូល​ពី​ប្រទេស​វៀតណាម​ចំនួន​៣, អន្ទាក់​ខ្សែ​គោ​ចំនួន​៦៥​ខ្សែ​, ផ្ទាំង​សូឡា​១​ផ្ទាំង​, ម៉ង​ទាក់​សត្វ​សំពោធ​ចំនួន​១​ដុំ​, អន្ទាក់​ដាក់​ហើយ​ចំនួន​១០០​ខ្សែ និង​ឧបករណ៍​ឆក់​មួយ​ចំនួន​ទៀត​។​

​លោក​ថា​៖ «​បើ​តាម​ការ​សារភាព​របស់​ជន​ត្រូវ​ចោទ​រូបនេះ គឺ​រូបគេ និង​បក្ខ​ពួក​៣​ទៅ​៤​នាក់​ទៀត បាន​ដើរ​ដាក់​អន្ទាក់​សត្វ​ព្រៃ​នេះ​បាន​១០០​អន្ទាក់​រួច​ហើយ ហើយ​សត្វ​ដែល​ដាក់​បាន​នោះ​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​ទៀត​ផង ដូច​ជា សត្វ​ទន្សោង ឈ្លោះ ជ្រូកព្រៃ សំពោធ និង​សត្វ​ផ្សេងៗ​មួយ​ចំនួន​ទៀត​»​។​

​លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន មន្ត្រី​ឧទ្យានុ​រក្ស បាន​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត បាន និងកំពុង​ស្វែងរក​ជន​សង្ស័យ​ដែល​ជា​បក្ស​ពួក​ជន​ត្រូវ​ចោទ ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។

​បើ​តាម​លោក កែវ សុភ័ក្រ គិត​ចាប់​តាំង​ពី​ដើម​ខែ​មករា មក​ដល់​ថ្ងៃ​ពុធ មាន​ជន​សង្ស័យ​ចំនួន​២​នាក់​ហើយ ដែល​ត្រូវ​បាន​មន្ត្រី​ឧទ្យានុ​រក្ស​ធ្វើ​ការ​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ធនធាន​ធម្មជាតិ​នេះ​។​

​របាយការណ៍​របស់​ក្រសួង​បរិស្ថាន ក្នុង​ឆ្នាំ​២០១៩ មន្ទីរ​បរិស្ថាន​ខេត្ត នាយក​តំបន់​ការពារ​ធម្មជាតិ និង​មន្ត្រី​ឧទ្យានុ​រក្ស​ទូទាំង​ប្រទេស បាន​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​ជាង ២០០០​ករណី ក្នុង​នោះ​បាន​ដក​ហូត​វត្ថុតាង​បទល្មើស​មួយ​ចំនួន ដូចជា ចាប់​ឃាត់​ឈើ​អារ​ជិត ១​ម៉ឺន​ម៉ែត្រ​គីប​, ឈើ​មូល​ចំនួន ៨០០​ម៉ែត្រគូប​, ឈើ​ប្រណិត​ចំនួន ៦៩៥​ម៉ែត្រ​គូប​, ប្រមូល​អន្ទាក់​ចាប់​សត្វ​ស្នា​តេះ​ចំនួន ៤០៤៧​ខ្សែ រថយន្ត​និង​ម៉ូតូ ៣១៤​គ្រឿង​, ដក​ហូត​រណា​យន្ត​ជាង ៥០០​គ្រឿង និង​រណា​ដៃ ១៥៣​គ្រឿង ព្រមទាំង​បាន​ឲ្យ​ប្រជា​ពលរដ្ឋ​ចំនួន ៤៧០​នាក់ ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​បទ​ល្មើស អប់រំ​ណែនាំ​ចំនួន ៣៧​នាក់​ទៀត និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​៕​

Related Posts

Previous Article

សោម វណ្ណនីតា៖ ជីវិតគឺជាការព្យាយាម ម្ដងហើយម្តងទៀត

Next Article

ម៉ាស់​មុខ និង​ទឹក​អាល់កុល មាន​តម្រូវ​ការ​ខ្ពស់ ស្រប​ពេល​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា