ana-air canadia-bank Silk-air nissan acleda cab-bank

ម៉ាស់​មុខ និង​ទឹក​អាល់កុល មាន​តម្រូវ​ការ​ខ្ពស់ ស្រប​ពេល​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា

ឈុត ប៊ុនធឿន​ / Khmer Times No Comments Share:
mask and alcohol
បុរស​ទេសចរ​ចិនពាក់ម៉ាស់​ការពារ ​ដើរកាត់​ហាង​លក់​ថ្នាំ​មួយ​ក្បែរ​ផ្សារ​ធំថ្មី។ KT/ ឈុត ប៊ុនធឿន

​ភ្នំពេញ​៖ តម្រូវ​ការ​ម៉ាស់​មុខ និង​ទឹក​អាកុល​លាង​សម្អាត​ដៃ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​ដែល​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ស្រប​ពេល​ដែល​កម្ពុជា បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ចំនួន​១​ករណី ទៅ​លើ​បុរស​ជន​ជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ មាន​សេចក្ដី​រាយ​ការណ៍​ថា មាន​ជនជាតិ​ចិន​ជាង ៣០០០ នាក់ បាន​ចាក​ចេញ​ពី​ទីក្រុង​វ៉ូហាន​ក្រុង​ដែល​កំពុង​ផ្ទុះ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា មក​កាន់​ប្រទេស​កម្ពុជា ។​

​ការ​ពាក់​ម៉ាស​របស់​ប្រជាជន​បាន​ក្លាយ​ជា​ទិដ្ឋភាព​ទូទៅ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ បន្ទាប់​ពី​មាន​មនុស្ស​ជាច្រើន​មាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១០០ នាក់ ខណៈ​អ្នក​ឆ្លង​វីរុស​នេះ​បាន​កើន​ដល់​ជាង​៤៦០០​នាក់​ជុំវិញ​ពិភពលោក​។​

​ហាង​ទំនិញ និង​ឱសថ​ស្ថាន​នានា​ក្នុង​រាជធានី​បាន​ធ្វើ​ការ​លើក​ឡើង​ដូចៗ​គ្នា​ថា ទំនិញ​ទាំង ២ មុខ​នេះ​ជា​ទំនិញ​ដែល​លក់​ដាច់​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​

​បុគ្គលិក​មួយ​រូប​ធ្វើ​ការ​នៅ​ស្តារ​ម៉ាត​ក្បែរ​អគារ ៤២ ជាន់ តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា មាន​អតិថិជន​ចាប់ពី ១០ ទៅ ២០ នាក់ បាន​មក​ទិញ​ទឹក​អាល់កុល​លាង​ដៃ​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​មួយ​នេះ​។​

​កញ្ញា​បាន​ឲ្យ​ដឹង​ថា ចំពោះ​តម្លៃ​វិញ​គឺ​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​តំរូវ​ការ​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ ពោល​គឺ ១ ដុល្លារ សំរាប់​ដប​តូច​។ កញ្ញា​បាន​ថ្លែង​ថា​៖ យើង​បាន​លក់​អស់​ពី​ស្តុក​អស់​រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ និង​ពិបាក​ស្វែងរក​ណាស់​ក្នុង​ពេល​ឥឡូវ​នេះ​។​»

​ឱសថ​ស្ថាន​ជាច្រើន​កន្លែង​ដែល​លក់​ម៉ាស់​មុខ​ និង​ទឹក​អាល់កុល​សម្រាប់​លាង​ដៃ​ដែល​មាន​ទីតាំងនៅ​ជិត​ផ្សារ​ធំ​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍​កាល​ពី​ម្សិលមិញ​ឲ្យ​ដឹង​ថា របស់​របរ​ទាំង​ពីរ​មុខ​នេះ​បាន​អស់​ពី​ស្តុក​ហើយ ខណៈ​ដែល​តម្លៃ​នៃ​ម៉ាស់​គឺ​មាន​ចាប់​ពី ១ ទៅ ២,៥ និង ៣ ដុល្លារ​ក្នុង​មួយ​ប្រអប់ និង​ទឹក​អាល់កុល​មាន​តម្លៃ​ពី ៣ ទៅ ១០ ដុល្លារ អាស្រ័យ​លើ​ទំហំ​។​

​បុរស​ម្នាក់​ឈ្មោះ សុភី ដែល​ធ្វើ​ការ​នៅ​ឱសថ​ស្ថាន Pharmarcy Phsartapang នៅ​ជិត​ផ្សារ​ធំ​ថ្មី បាន​ថ្លែង​ថា​៖ តម្លៃ​គឺ​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​សម្រុក​មក​ទិញ​ក៏​ដោយ ប៉ុន្តែ​តាម​ខ្ញុំ​ដឹង កន្លែង​ផ្សេង​ទៀត​កំពុង​តែ​លក់​ម៉ាស់​ទាំង​នោះ​ក្នុង​តំលៃ ១០ ដុល្លារ​ក្នុង​មួយ​ប្រអប់​។​»

​លោក​បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​មុន យើង​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន​មក​ទីនេះ​ដើម្បី​ទិញ​ម៉ាស់​មុខ​និង​ទឹក​អាកុល​លាង​ដៃ​»​។ លោក​បាន​បន្ថែម​ថា ឱសថ​ស្ថាន​ដែល​លោក​ធ្វើ​ការ គឺ​លក់​របស់​ទាំង​ពីរ​មុខ​នេះ​អស់​ហើយ​។​

​បុគ្គលិក​ម្នាក់​ទៀត​ដែល​ធ្វើ​ការ​នៅ​សាខា ឱសថស្ថាន ពន្លឺ​ព្រះច័ន្ទ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​របស់​របរ​ទាំង​ពីរ​មុខ​នេះ​ត្រូវ​បាន​លក់​អស់ពី​ស្តុក​តាំង​ពី​ថ្ងៃ​ចន្ទ​មក​ម្ល៉េះ ខណៈ​ពេល​ដែល​ឱសថ​ស្ថាន​របស់​លោក​មិន​បាន​ដំឡើង​ថ្លៃ​នោះ​ទេ​។​

​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ត្រសក់​ផ្អែម​ក្នុង​រាជធានី​ភ្នំពេញ លោក ផាន់ ហឿន អាយុ ៤៥ ឆ្នាំ ជា​អ្នក​លក់​ទំនិញ​តាម​ដង​ផ្លូវ បាន​និយាយ​ថា​ម៉ាស់​មុខ​ដែល​លោក​ធ្លាប់​ទិញ​ពី​ឈ្មួញ​កណ្ដាល​ក្នុង​តម្លៃ​ប្រហែល​ជា ០.៥០ ដុល្លារ​ក្នុង​មួយ​ប្រអប់​តូច ឥឡូវ​នេះ​វា​មាន​តម្លៃ ២,៥ ដុល្លារ​។​

​លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​តម្លៃ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​ខ្ញុំ​មិន​អាច​ទិញ​វា​ដើម្បី​យក​លក់​ក្នុង​តម្លៃ​ខ្ពស់​បែប​នេះ​បាន​ទេ​។​»

​ផ្សារ​ទំនើប Vanguard ដែល​ជា​ហាង​លក់​ទំនិញ​មួយ​កន្លែង​គ្រប់គ្រង​ដោយ​ជន​ជាតិ​ចិន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​អតិថិជន​ចិន​ និង​ខ្មែរ​ជាច្រើន​បាន​សម្រុក​មក​ទិញ​ម៉ាស់​មុខ​។​

​បុគ្គលិក​នៅ​ផ្សារ​ទំនើប​ខាង​លើ​បាន​ថ្លែងថា​៖ «​ខ្ញុំ​មិន​អាច​រាប់​ចំនួន​ដែល​យើង​លក់​បាន​នោះ​ទេ ប៉ុន្តែ​ម៉ាស់​មុខ​ជា​ច្រើន​ប្រអប់​ត្រូវ​បាន​លក់​អស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។​» លោក​បាន​បន្ថែម​ឲ្យ​ដឹង​ថា អតិថិជន​ចិន​មួយ​ចំនួន​បាន​ទិញ​ម៉ាស់​មុខ​ពី​ទី​នេះ​ហើយ​បញ្ជូន​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​។

​គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ក្រុមហ៊ុន​អាកាស​ចរណ៍​ខេមបូឌា​អ៊ែរវ៉េ​ក្នុង​សប្ដាហ៍​នេះ​បាន​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​ដើម្បី​បញ្ជូន​ម៉ាស់ ទៅ​កាន់​ប្រទេស​ចិន​។

​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៏​មួយ​របស់​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា​៖ «​យើង​កំពុង​ព្យាយាម​អោយ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ប្រជាជន​ចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា (២០១៩-nCoV) ជួយ​ប្រទេស​ចិន​គឺ​ជួយ​ពិភពលោក​ឱ្យ​រួច​ផុត​ពី​វីរុស​កូរ៉ូណា (២០១៩-nCoV) សាមគ្គីភាព​គឺជា​ជ័យជំនះ​»​។​

​ឱសថស្ថាន​នានា​ប្រហែល​ជា​អាច​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ការ​លក់​របស់​ពួក​គេ តែ​ផ្ទុយ​ទៅ​វិញ វិស័យ​ទេសចរណ៍ ការ​បរិភោគ​អាហារ​ចិន និង​ទំនិញ​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​នៅ​រាជធានី​ភ្នំពេញ​កំពុង​តែ​រង​ផល​ប៉ះពាល់​។​

​បុគ្គលិក​នៅ​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​របស់​ជន​ជាតិ​ចិន​មួយ​កន្លែង​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា​ហាង​របស់​ខ្លួន​ធ្លាប់​មាន​អតិថិជន​ចិន​ជា​ច្រើន​នាក់​រៀង​រាល់​ថ្ងៃ​។​

​លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​អតិថិជន​មាន​ចំនួន​តិចតួច​ណាស់​គិត​ចាប់​តាំង​ពី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ហើយ​ចំនួន​នេះ​កាន់​តែ​តិច​ទៅៗ​បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​វីរុស​នេះ​។​» លោក​បាន​បន្ថែម​ថា​ម្ចាស់​ហាង​បាន​ស្នើ​ឱ្យ​បុគ្គលិក​ទាំង​អស់​នៅ​ទីនេះ​ពាក់​ម៉ាស និង​អនុវត្ត​វិធាន​អនាម័យ​របស់​ពួក​គេ​ឱ្យ​បាន​ដិត​ដល់​។​

​លោក លន់ ពែក អាយុ ៥១ ឆ្នាំ ជា​អ្នក​បើក​រ៉ឺម៉ក​កង់​បី​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​ពី​ភោជនីយដ្ឋាន​ទៅ​កាន់​សណ្ឋាគារ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ពី​ការ​ធ្លាក់​ចុះ​នៃ​ប្រជាជន​ចិន​ដែល​ចូល​មក​កាន់​ភោជនីយដ្ឋាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ លោក សុខ ខេមរិទ្ធ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន​មីចិន Ming Palace ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនីវង្ស​ដូច​គ្នា បាន​និយាយ​ថា លោក​មិន​ឃើញ​មាន​អតិថិជន​ដែល​មក​បរិភោគ​នៅ​ទីនេះ​មាន​ការ​ធ្លាក់​ចុះ​នោះ​ទេ ខណៈដែល​អតិថិជន​នៅ​តែ​មាន​ចំនួន​ដដែល​។​

​លោកស្រី ហាក់ លី​ណា ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍​កាល​ពី​ម្សិលមិញ​ថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ហាក់​ដូច​ជា​មិន​ទាន់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​នេះ​ធ្ងន់ធ្ងរ​នៅ​ឡើយ ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​អាច​នឹង​មាន​ការ​កើន​ឡើង។​

​លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​៖ «​ប្រសិន​បើ​ជំងឺ​នៅ​តែ​បន្ត​អូស​បន្លាយ​យូរ វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំង​មូល ពោល​គឺ​មិន​មែន​ត្រឹម​តែ​វិស័យ​ភោជនីយដ្ឋាន​នោះ​ទេ​។​»

​លោក​ស្រី​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​កាន់​តែ​បន្ត​ទៅ​មុខ​យូរ​អង្វែង វា​នឹង​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ប្រជាជន​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ម្ហូប​អាហារ ការ​រក្សា​ឲ្យ​បាន​នូវ​អនាម័យ​គឺជា​កត្តា​មួយ​ដ៏​ចាំបាច់​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ទំនុក​ចិត្ត​ពី​អតិថិជន​ទាំង​ឡាយ​»៕ ប្រែ​សម្រួល​៖ ភុន ច័ន្ទ​ឧសភា

Related Posts

Previous Article

តុលាការ​ខេត្ត​មណ្ឌលគិរី​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ពី​បទ​ល្មើស​បំផ្លាញ​ធន​ធាន​ធម្មជាតិ​

Next Article

វីរុស​កូរ៉ូណា​សម្លាប់​មនុស្ស ១០៦​នាក់ ក្នុង​ប្រទេស​ចិន ខណៈ​កម្ពុជា​បង្កើន​ការ​ត្រួត​ពិនិត្យ​