ana-air canadia-bank Silk-air nissan acleda cab-bank

សិស្ស​ប្រុស ៤ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​វាយតប់​ទៅ​លើ​សិស្ស​ស្រី​ជា​មិត្ត​រួម​ថ្នាក់​

​ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
CNE

បាត់ដំបង​៖ តុលាការ​ខេត្ត​បាត់ដំបង​កាលពី​ម្សិលមិញ បាន​ចោទ​ប្រកាន់​សិស្ស​ប្រុសៗ​ចំនួន ៤ នាក់​ពី​បទ​វាយ​ទៅ​លើ សិស្ស​ស្រី​ម្នាក់ នៅឯ​សាលារៀន​មួយ​កន្លែង​ក្នុង​ស្រុក​សំពៅ​លូន​។​

«​ក្មេង​ប្រុស​ទាំង​នោះ​បាន​ខឹង​សម្បារ​នឹង​ជន​រងគ្រោះ​ដែល​បាន​ហៅ​ខ្លួន​ថា​ជា​ប្តី ខណៈ​ដែល​ក្មេង​ប្រុស​ម្នាក់​បាន​ដោះ​ខ្សែ​ក្រវាត់​របស់​ខ្លួន​វាយ​ជន​រងគ្រោះ​បណ្ដាល​ឲ្យ​រង​របួស​លើ​មុខ​និង​ក្បាល​។​» នេះ​បើ​តាម​ប្រសាសន៍​លោក ពេជ្រ សារ៉ែន អធិការ​នគរបាល​ស្រុក សំពៅ​លូន​។

​លោក សារ៉ែន បាន​ឲ្យ​ដឹងថា ជន​សង្ស័យ​ខាង​លើ​ជា​ក្មេង​ប្រុស​ដែល​មាន​អាយុ​ចាប់ពី ១២ ទៅ ១៣ ឆ្នាំ ចំណែក​ជន​រងគ្រោះ​មាន​អាយុ ១៣ ឆ្នាំ​។ លោក​បន្ដ​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​ជា ១០ ព្រឹក ថ្ងៃទី ២២ ខែមករា នៅក្នុង​បរិវេណ​អនុវិទ្យាល័យ កូនភ្នំ​មិត្តភាព ភូមិ ស្រឡៅ​ជ្រំ ឃុំ សិរី​មាន​ជ័យ ស្រុក សំពៅ​លូន ខេត្ត​បាត់ដំបង​។​

​លោក ពេជ្រ សារ៉ែន បាន​ថ្លែង​ថា ជន​រងគ្រោះ​បាន​និយាយ​ចំអែ​ចំអន់​លេង​ជាមួយ​សិស្ស​ប្រុស​ក្មេងៗ​ទាំង ៤ នោះ​ថា​ជា​ប្ដី​របស់​ខ្លួន ដែល​ឈាន​ដល់​ការ​ឈ្លោះ​ប្រកែក​គ្នា​។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជន​រងគ្រោះ​បាន​ទាត់​ក្មេង​ប្រុស​ម្នាក់​ក្នុង​អំឡុង​ពេល​ឈ្លោះ​ប្រកែក​គ្នា ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បាន​ចាប់​ផ្តើម​វាយ​ជន​រងគ្រោះ​បណ្តាល​ឱ្យ​រងរបួស​ត្រង់​មុខ​និង​ក្បាល​។​

​លោក​បាន​បន្ត​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ឃើញ​ហេតុការណ៍​ខាង​លើ​នេះ គ្រូ​បង្រៀន​ម្នាក់​បាន​ធ្វើ​អន្តរាគមន៍​ក្នុង​កំឡុង​ពេល​កើត​ហេតុ ហើយ​ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន​មុន​ពេល​ដែល​សមត្ថកិច្ច​មក​ដល់​ទីតាំង​សាលា​រៀន​។​

​លោក ពេជ្រ សារ៉ែន បាន​បន្ថែម​ថា ក្រោយ​មក​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ក្មេង​ប្រុស​ទាំង ៤ នាក់​នោះ​ដើម្បី​ធ្វើ​ការ​សាកសួរ ប៉ុន្តែ​ដោយ​សារ​ពួកគេ​មិន​ទាន់​គ្រប់​អាយុ ករណី​របស់​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​។​

​លោក​បាន​ថ្លែង​ថា ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ទាម​ទារ​សំណង​ជា​ប្រាក់​ចំនួន ៣,០០០ ដុល្លារ​ពី​ក្មេង​ប្រុស​ទាំង ៤ នាក់​ពី​បទ​បង្ក​របួស​ស្នាម​លើ​កូន​ស្រី​របស់​ខ្លួន​។​

​លោក​ឧត្តម​សេនីយ៍​ត្រី ជេត វណ្ណនី ស្នងការ​រង​ផែន​ការងារ​ព្រហ្មទណ្ឌ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ជន​សង្ស័យ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​។ លោក​បាន​បន្ត​ថា តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពីបទ​បង្ក​ឲ្យ​មាន​របួស​ស្នាម​ដោយ​អចេតនា​តាម​មាត្រា ២៣៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​លោក ជេត វណ្ណនី បាន​មាន​ប្រសាសន៍​ថា​៖ «​ប្រសិន​បើ​រក​ឃើញ​ថា​ពួក​គេ​មាន​កំហុស​ក្នុង​ការ​ចោទ​ប្រកាន់​នេះ ពួក​អាច​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​ពី​រយៈពេល ៦ ខែ ទៅ ២ ឆ្នាំ​។ ប៉ុន្តែ​ដោយ​សារ​តែ​ពួក​គេ​មិន​ទាន់​គ្រប់​អាយុ ក្មេង​ប្រុស​ទាំង​នោះ​ត្រូវ​បាន​ដោះលែង​ដោយ​ត្រូវ​រង់ចាំ​សវនាការ​នៅ​តុលាការ​»៕ ប្រែ​សម្រួល​៖ ភុន ច័ន្ទឧសភា

Related Posts

Previous Article

វីរុស​កូរ៉ូណា​សម្លាប់​មនុស្ស ១០៦​នាក់ ក្នុង​ប្រទេស​ចិន ខណៈ​កម្ពុជា​បង្កើន​ការ​ត្រួត​ពិនិត្យ​

Next Article

កម្មករ​សំណង់​ផ្ទុះ​ការតវ៉ា​​ បន្ទាប់ពី​មិន​ទទួលបាន​ប្រាក់​ឈ្នួល​នៅតាកែវ