ana-air canadia-bank Silk-air nissan acleda cab-bank

សុចិន្តា​៖ ជីវិត​កាន់​តែ​ងាយ​ស្រួល​ជាមួយ​ការ​រស់នៅ​បែប Zero Waste

វ៉ា សុនីកា / Khmer Times No Comments Share:
កញ្ញា ឧក សុចិន្តា គឺ​ជា​​​ស្ថាបនិក​​ទំព័រ ផ្សព្វផ្សាយ​អំពី​ការ​រស់នៅ​ដោយ​គ្មាន​កាកសំណល់ ដែ​ល​ហៅ​ថា​ Zerow. រូបភាព Zerow

តើ​អ្នក​ដឹង​ទេ​? យ៉ាង​ហោច​ណាស់​មាន​កាក​​សំណល់​ចំនួន ២,១២ ពាន់​លាន​តោន​ត្រូវ​បាន​បោះចោល​ជា​រៀង​រាល់​ឆ្នាំ​ដោយ​មនុស្ស នេះ​បើ​យោង​​តាម​របាយការណ៍​របស់​គេហទំព័រ The World Counts​។ ផ្អែក​លើ​តួ​លេខ​ដដែល វា​អាច​នាំ​ឱ្យ​មាន​ការ​ប៉ាន់ស្មាន​បន្ថែម​ទៀត​ថា​កាក​សំណល់​ជិត ៦ លាន​តោន​ត្រូវ​បាន​បង្កើត​ដោយ​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​។

​បរិមាណ​សំណល់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នេះ បាន​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​សកម្មជន​បរិស្ថាន​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ការ​ព្រួយ​បារម្ភ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​យុវតី ឱក សុចិន្តា ដែល​ជា​ស្ថាបនិក​នៃ​កម្មវិធី​ណែនាំ​របៀប​រស់នៅ​ដោយ​គ្មាន​កាក​សំណល់ Zero Waste នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​ឈ្មោះ​ថា Zerow ។

​កើត​នៅ​ខេត្ត​ត្បូងឃ្មុំ សុចិន្តា ជា​និស្សិត​អាហា​រូបករណ៍​ជំនាញ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សាកល​​វិទ្យាល័យ​ភីស ប្រទេស​ហុងគ្រី​។ យុវតី​អ្នក​ស្រឡាញ់​បរិស្ថាន​ម្នាក់​នេះ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការ​ផ្តួច​ផ្តើម​ការ​រស់​នៅ​បែប Zero Waste ដែល​ជា​ចលនា​បញ្ឈប់​ការ​បំពេញ​ភព​ផែនដី​ដោយ​កាក​សំណល់​។ បន្ទាប់ពី​ស្វែង​យល់​ពី​ចលនា Zero Waste ហើយ សុចិន្តា ក៏បាន​ផ្លាស់​ប្តូរ​ខ្លួន​នាង​ទៅ​ជា​អ្នក​អនុវត្ត​ទ្រឹស្ដី Zero Waste ហើយក៏​ចង់​ជំរុញ​ឱ្យ​មនុស្ស​ដទៃ​ទៀត​ចាប់​ផ្តើម​សកម្មភាព​នេះ​ដូច​គ្នា​។

​តាម​រយៈ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ជា​ឧបករណ៍​ដើម្បី​ចែក​រំលែក​ចំណេះដឹង សុចិន្តា​បាន​ទាក់ទាញ​យុវជន​កម្ពុជា​ជា​ច្រើន​រូប ឱ្យ​តាម​ដាន និង​អនុវត្ត​តាម​គន្លឹះ​នៃ​ការ​រស់​នៅ​បែប Zero Waste ដែល​សុចិន្តា​បាន​ចែក​រំលែក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា ហ្វេស​ប៊ុក យូធ្យូប Instagram និង Blog​។ ឥលូវ​នេះ Zerow បាន​ក្លាយ​ជា​កន្លែង​ចែក​រំលែក​ចំណេះ​ដឹង​អំពី​បញ្ហា​បរិស្ថាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​លើ​ការ​រស់​នៅ​បែប Zero Waste និង​បង្កើន​ការ​យល់​ដឹង​អំពី​របៀប​រស់​នៅ​ដែល​គ្មាន​កាក​សំណល់ ដ៏​ពេញ​និយម​។ ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ អ្នក​នឹង​ឃើញ សុចិន្តា ចែក​រំលែក​គន្លឹះ​តូចៗ ដែល​អ្នក​អាច​អនុវត្ត​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ធ្វើ​ម៉ាស​ថែរក្សា​ផ្ទៃ​មុខ និង​ការ​ប្រើប្រាស់​ក្រណាត់​អនាម័យ​ពេល​មាន​រដូវ និង​វិធី​ងាយៗ​ជាច្រើន​ទៀត​។​

​មក​ដល់​ពេល​នេះ មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ ដែល​សុចិន្តា​បាន ប្រើ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ល្អ​សម្រាប់​ពិភពលោក​តាម​រយៈ​ការ​បង្កើត​មាតិកា​ល្អៗ ដែល​អាច​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ការ​រស់​នៅ​ដោយ​គ្មាន​កាក​សំណល់​សម្រាប់ Zerow​។ ដោយ​រាប់​តែ​ត្រឹម Facebook ប៉ុណ្ណោះ Zerow ទទួល​បាន​អ្នក​ចូលចិត្ត​ជិត ៣​ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ ដែល​ចូលចិត្ត​ស្វែងយល់​ពី​របៀប​រស់នៅ​ដែល​គ្មាន​កាក​សំណល់​។​

កញ្ញា សុចិន្តា បាន​រំឭក ថា កាល​ពី​មុន​នៅ​ពេល​ដែល​នាង​មិន​ទាន់​បាន​ដឹង ពី Zero Waste​នាង​ក៏​មិន​ខុសពី​អ្នក​ដទៃ​ទៀត ដែល​មិន​បាន​ឃើញ​បញ្ហា​អ្វី​ឡើយ ចំពោះ​សកម្មភាព​ដែល​មនុស្ស​បាន​ធ្វើ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​គំនិត​នៃ​ការ​រស់នៅ​បែប Zero Waste បាន​ធ្វើ​ឱ្យ​នាង​ផ្លាស់​ប្តូរ​ការគិត​។​

«​កាលពី​ខែធ្នូ​ឆ្នាំ ២០១៨ វា​ជាការ​ចាប់​ផ្តើម​ទំព័រ Zerow របស់​ខ្ញុំ​។ ខ្ញុំ​ចាប់ផ្តើម​ទំព័រ​នេះ​បន្ទាប់​ពី​ខ្ញុំ​បាន​ស្វែងយល់​ពី​ការ​រស់​នៅ​បែប Zero Waste និង គំនិត Zero Waste​។​»

​កញ្ញា​និយាយ​ថា «​ការ​រស់​នៅ​បែប Zero Waste ​ពិត​ជា​ធ្វើឱ្យ​ជីវិត​របស់​យើង​កាន់​តែ​សាមញ្ញ​។ ទោះបីជា​វា​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ ព្រោះ​យើង​ត្រូវ​រស់នៅក្នុង​សង្គម​ជាមួយ​គេ​។ ប៉ុន្តែ​វា​ធ្វើឱ្យ​ជីវិត​របស់​យើង មាន​ភាព​ងាយ​ស្រួល​ពីព្រោះ​នៅក្នុង​ការ​រស់នៅ​បែប Zero Waste វា​ជួយ​យើង​កាត់​បន្ថយ​កាក​សំណល់​និង​អ្វី​មួយ​ដែល​យើង​មិន​ត្រូវ​ការ​» ។​

Zero Waste គឺជា​គំនិត​មួយ​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ២០០៨ ដោយ​ក្រុម​សកម្មជន​បរិស្ថាន​។ សព្វ​ថ្ងៃ​នេះ​មនុស្ស​ជាច្រើន​នៅ​លើ​ពិភពលោក​កំពុង​អនុវត្ត​គំនិត Zero Waste នេះ ដើម្បី​ការពារ​ពិភពលោក​ពី​ការ​ក្លាយ​ជា​ធុង​សំរាម​របស់​ដោយ​មនុស្ស​។

​កញ្ញា​បាន​អះអាង​ថា​៖ «​ដើម្បី​ក្លាយ​ជា​អ្នក​រស់​នៅ​បែប Zero Waste វា​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​រស់នៅ​ដែល​គ្មាន​កាក​សំណល់​នោះទេ ពីព្រោះ​មនុស្ស​មិន​អាច​ធ្វើ​វា​បាន​នោះទេ​។ តែ​អ្នក​ត្រូវ​តែ​កាត់​បន្ថយ​កាក​សំណល់​នៅ​ដំណាក់​កាល​ទី ១ របស់​យើង​ឱ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​បាន​។ បន្ទាប់​មក​កាក​សំណល់​ដែល​នៅ​សេស​សល់​ដែល​មិន​អាច​ជៀសវាង​បាន​អ្នក​អាច​ប្រើ​វា​ជា​ផលិតផល​ប្រើ​ឡើងវិញ​និង​កែច្នៃ​ឡើង​វិញ​បាន​»​។​

​តាម​ទស្សនៈ​របស់​កញ្ញា សុចិន្តា នាង​បាន​និយាយ​ថា មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មិន​ដឹង​ពី​របៀប​បោះចោល​សំរាម​របស់​ពួក​គេ​ដោយ​ត្រឹមត្រូវ នេះ​មិន​និយាយ​អំពី​វិធី​កាត់​បន្ថយ​កាក​សំណល់​នៅ​ឡើយ​ទេ​។ ជា​សំណាង​ល្អ​ដែល​ឥឡូវនេះ មាន​ក្រុម​មនុស្ស​ជាច្រើន​ចាប់​ផ្តើម​យល់​ដឹង​ពី​ការ​រស់នៅ​បែប Zero Waste ខ្លះៗ​ហើយ​។​

«​ឥឡូវនេះ​នៅក្នុង​ប្រទេស​កម្ពុជា​ខ្ញុំ​ឃើញ​ថា​ប្រជាជន​និយាយ​ច្រើន​អំពី​ប្លាស្ទិក​និង​កាក​សំណល់​។ ខ្ញុំ​មើល​ឃើញ​ថា​មាន​យុទ្ធនាការ​ជា​ច្រើន​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​។ ដូច្នេះ​ខ្ញុំ​គិត​ថា​មាន​មនុស្ស​ជាច្រើន​ចាប់​ផ្តើម​ដឹង​អំពី​បញ្ហា​នេះ​។ ប៉ុន្តែ​រឿងនេះ​ខ្ញុំ​មិន​ប្រាកដ​ទេ​ថា​តើ​មាន​មនុស្ស​ជាច្រើន​ចាប់​ផ្តើម​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ឬក៏​អត់​» ។

​នាង​បាន​និយាយ​ថា ដោយ​ប្រើ​ដំណោះ​ស្រាយ​តូចៗ​ដែល​នាង​បាន​ចែក​រំលែក វា​នឹង​អាច​ផ្តល់​ការ​ជះ​ឥទ្ធិពល​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ណា​មួយ ប្រសិន​បើ​មនុស្ស​គ្រប់គ្នា​ចាប់​ផ្តើម​អនុវត្ត​គន្លឹះ​ទាំង​នេះ​គ្រប់ៗ​គ្នា​។ គន្លឹះ​នៃ​ការរស់នៅ​ដោយ​គ្មាន​កាក​សំណល់ របស់​សុចិន្តា គឺ​ដកស្រង់​ចេញពី​បទ​ពិសោធ​ផ្ទាល់​ខ្លួន ការ​ស្រាវជ្រាវ​តាម​អ៊ីនធឺណេត សៀវភៅ និង​មិត្ត​ភក្តិ​។​

ទោះ​យ៉ាង​ណា​កញ្ញា​បាន​និយាយ​ថា ដើម្បី​សម្រេច​បាន​ការ​រស់នៅ​ដោយ​គ្មាន​កាក​សំណល់ យើង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​បើ​គ្មាន​ការ​ចូល​រួម​ពី​មនុស្ស​ទាំង​អស់​គ្នា​។ កញ្ញា​និយាយ ថា​យើង​ត្រូវ​ការ ការ​ចូល​រួម​ពី​បុគ្គល សហគ្រិន និង​រដ្ឋាភិបាល​។​

«​យើង​ម្នាក់ៗ​ត្រូវ​គិត​ពី​ទម្លាប់​របស់​យើង​ក្នុង​ការ​បង្កើត​កាក​សំណល់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​។ ហើយ​ចំពោះ​សហគ្រិន​វិញ ពួក​គេ​ក៏​គួរ​ចូល​រួម​ក្នុង​បញ្ហា​ទាំង​អស់​នេះដែរ ព្រោះ​គាត់​ក្រុម​មនុស្ស​ដែល​មាន​ថាមពល​ច្រើន​ជាង​បុគ្គល​។ ឧទាហរណ៍​ប្រសិន​បើ​ពួក​គេ​ជា​ម្ចាស់​កាហ្វេ អ៊ីចឹង​ពួក​គេ​មាន​សិទ្ធិ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ប្រើ​កែវ​ជ័រ​ឬ​កែវ​ថ្ម សម្រាប់​កាហ្វេ​របស់​ពួក​គេ​។ អ៊ីចឹង​ការ​សម្រេច​ចិត្ត​របស់​គាត់​អាច​ផ្តល់​ប្រសិទ្ធភាព​ច្រើន​ជាង​អ្នក​ផ្សេង​ដែល​អាច​ធ្វើបាន​។ ហើយ​ជាមួយ​អ្នក​ចូលរួម​ពី​រដ្ឋាភិបាល​វា​នឹង​ផ្តល់​ឱ្យ​យើង​នូវ​ការ​ផ្លាស់​ប្តូរ​លឿន​ជាង​មុន​» ។​

​បច្ចុប្បន្ន​នេះ សុចិន្តា​ទទួល​បាន​ការ​ចូល​ចិត្ត និង មតិ​យោបល់​ជាច្រើន​នៅ​លើ Zerow ។ ស្ថានិក​វ័យ​ក្មេង​រូប​នេះ សង្ឃឹម​ថា​នឹង​សម្រេច​បាន​គោល​ដៅ​ពីរ​ក្នុង​ការ​ផ្សព្វផ្សាយ​របស់​នាង​។ គោល​ដៅ​ទីមួយ​គឺ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​បរិស្ថាន​និង​ផ្តល់​ដំណោះស្រាយ​។ ទន្ទឹម​នឹង​នេះដែរ​គោល​ដៅ​ទី ២ របស់ Zerow គឺ​ដើម្បី​ណែនាំ​ការ​រស់​នៅ​គ្មាន​កាក​សំណល់ ដល់​ប្រជាជន​កម្ពុជា​និង​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​ចាប់​ផ្តើម​រស់​នៅ​ដោយ​គ្មាន​កាក​សំណល់​៕

Related Posts

Previous Article

តុលាការ​សវនាការ​លើ​ករណី​ជនជាតិ​រុស្ស៊ី ពី​បទ​លួច​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម

Next Article

Scholarships