ana-air canadia-bank Silk-air nissan acleda cab-bank

​មេធាវី​លោក​ ​កឹម​ ​សុខា៖ បទ​ក្បត់ជាតិ​ ​មិនគួរ​ផ្អែក​តែ​លើ​វីដេអូកាត់​ខ្លីៗតែមួយនោះទេ

Khmer Times No Comments Share:
លោក​ កឹម​ សុខា​ ពេល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខែកញ្ញា​ឆ្នាំ​ ២០១៧​។ រូបថត​ សហការី

ក្រុម​មេធាវី​លោក​ ​កឹម​ ​សុខា​ ​និង​មេធាវី​រដ្ឋាភិបាល​ ​បាន​បង្ហាញ​ទស្សនៈ​ផ្សេងគ្នា​ ​ទៅលើ​ខ្សែអាត់​វីដេអូ​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ភស្តុតាង​ ​នៅក្នុង​សវន​ការ​សំណុំរឿង​ក្បត់ជាតិ​ ​របស់​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ​ដោយ​មេធាវី​របស់​លោក​ ​បាន​ងះ​អាង​ថា​ ​កូន​ក្តី​មិន​គួរ​ត្រូវ​បាន​ចោទប្រកាន់​នោះ​ទេ​។​ ​

​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​បន្ត​សវនាការ​ជំនុំជម្រះ​ទៅលើ​លោក​ ​កឹម​ ​សុខា​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃុបឃិតជាមួយ​សហរដ្ឋអាមេរិក​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។​ ​លោក​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​ខែកញ្ញា​ ​ឆ្នាំ២០១៧​។​ ​ពីរ​ខែក្រោយ​មក​ ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក៏​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​។​ ​

​លោក​ ​កឹម​ ​សុខា​ ​បាន​ចំណាយពេល​មួយឆ្នាំ​នៅ​ក្រោម​ការចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ ​ជុំវិញ​ការ​ធ្វើ​អត្ថា​ធិប្បាយ​នៅក្នុង​វីដេអូ​កាលពី​ឆ្នាំ​ ​២០១៣​ ​ដែល​គ្រានោះ​ ​លោក​ ​បាន​និយាយ​ថា​ ​សហរដ្ឋអាមេរិក​ ​បាន​ជួយ​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​របប​នៅ​កម្ពុជា​។​ ​

​លោកស្រី​ ​ម៉េ​ង​ សុភារី​ ​មេធាវី​មួយ​រូប​របស់​លោ​ក​កឹ​ម​សុខា​ ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់ពី​សវនាការ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​មេធាវី​រាជរដ្ឋាភិបាល​ ​និង​ព្រះរាជអាជ្ញា​អម​តុលាការ​ ​មិន​គួរ​ចោទប្រកាន់​លោ​ក​កឹ​ម​សុខា​ ​ពី​បទ​ក្បត់ជាតិ​ ​ដោយ​ផ្អែក​តែ​លើ​ឃ្លី​ប​ ​ដែល​បាន​ដកស្រង់​ចេញពី​ទម្រង់​ដើម​ ​ដែល​មាន​រយៈពេល​ជាង​មួយ​ម៉ោង​នោះ​ទេ​។​ ​

​លោក​ ​មេធាវី​ ​ចាន់​ ​ចេន​ ​បាន​លើកឡើង​កាលពី​ថ្ងៃពុធ​ថា​ ​ខ្សែអាត់​វីដេអូ​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ​ប្រឆាំង​លោក​ ​កឹម​ ​សុខា​ ​គឺ​ត្រូវ​បាន​កាត់ចេញ​ ​និង​ដាក់បញ្ចូល​ ​មិន​ត្រូវ​នឹង​បរិបទ​នោះ​ទេ​។​ ​យ៉ាងណាមិញ​ ​មេធាវី​រាជរដ្ឋាភិបាល​ ​លោក​ ​គី​ ​តិច​ ​យល់ថា​ ​ក្រុម​មេធាវី​របស់​លោក​ ​កឹម​ ​សុខា​ ​គប្បី​ដាក់​បង្ហាញ​ឯ​ក​សារ​ភ្ជាប់​ ​យូ​អេ​សប៊ី​ ​ដែល​មាន​វីដេអូ​ពេញលេញ​ ​ព្រម​ជាមួយនឹង​លិខិត​ជា​ផ្លូវការ​។​

​លោក​មេធាវី​ ​គី​ ​តិច​ ​បាន​ឲ្យដឹង​ថា​ ​ចៅក្រម​ជំនុំជម្រះ​ ​យល់ព្រម​ទទួល​នូវ​វីដេអូ​ពេញលេញ​នោះ​ ​ហើយ​គ្រោង​នឹង​ដាក់​បញ្ចាំង​ក្នុង​សវន​ការ​ ​នា​ថ្ងៃទី២២​ ​ខែមករា​ខាងមុខនេះ​។​

Related Posts

Previous Article

យន្តហោះ​គ្មាន​មនុស្ស​បើក​ ធ្លាក់​នៅ​គីរីសាគរ​ក្បែរ​ក្រុមហ៊ុន​ចិនUDG​

Next Article

កម្ពុជា​ចាប់ផ្ដើម​នាំចូល​ ឧស្ម័ន​ធម្មជាតិ​រាវ​ពី​ប្រទេស​ចិន​