ana-air canadia-bank Silk-air nissan acleda cab-bank

WWF ថាសត្វ​កម្រ​ច្រើនប្រភេទ​​ប្រឈម​​​កា​រគំរាម​កំហែងដោយ​ការ​​កាប់ឈើ​ និង​ការ​រុករាន​ដី​ដោយ​ខុសច្បាប់

ប៉ិច សុធារី / Khmer Times No Comments Share:

ក្រចេះ៖ អង្គការ WWF Cambodia បាន​ស្នើ​ជាថ្មី​ដល់​​អាជ្ញាធរ​ខេត្ត​ក្រចេះ ពង្រឹង​ការ​ងារ​បង្ក្រាប​បទ​ល្មើស​នេសាទ ព្រៃ​ឈើ និ​ងការកាប់រាន​ដីព្រៃដោយ​ខុស​ច្បាប់​ ឲ្យ​មាន​ប្រសិទ្ធិ​ភាព​​ ដើម្បី​ការ​ពារ​ និង​អភិរក្ស​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​ក្នុង​ខេត្ត​នេះ ខណៈដែលសត្វ​ទាំង​នោះ​កំពុង​រង​នូវ​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ពី​បទ​ល្មើស​ទាំងនោះ។

លោក ហម ច័ន្ទ​ដេត ប្រធាន​គ្រប់​គ្រង​​តំបន់​ទេស​ភាព​​ព្រៃ​លិច​ទឹក​មេគង្គ​នៃ​អង្គការ ​WWF Cambodia បាន​មានប្រសាសន៍​ក្នុងកិច្ច​ប្រជុំមួយ​ នៅរដ្ឋ​បាល​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ចន្ទ​​ថា តំបន់​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេ​មេគង្គ​​ដែល​លាត​សន្ធឹង​ក្នុងខេត្ត​ក្រចេះ ដល់​ខេត្ត​​ស្ទឹង​ត្រែង ត្រូវ​បាន​កំណត់​ជា​តំបន់​​ការ​ពារ គ្រប់​គ្រង និង​អភិរក្ស​ជីវ​ចម្រុះ​ជល​ផល​មេគង្គ។ លោក​បន្តថា ​តំបន់​ទាំង​នោះ ត្រូវ​បាន​រក​ឃើញថាជា​តំបន់​ដ៏អស្ចារ្យ​ និង​សម្បូរ​ទៅ​ដោយ​ជីវ​ចម្រុះ​ ដូចជា សត្វ​​​ផ្សោត ត្រីរាជ ត្រី​គល់​រាំង សត្វ​បបែល កន្ធាយ​ក្បាល​កង្កែប​ សត្វ​ល្មូន និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ ព្រមទាំង​សត្វ​ក្តាន់​​ ដែល​សុទ្ធ​តែ​ជា​ប្រភេទសត្វ​កម្រ​​ និង​ជិត​ផុត​ពូជ​។

លោក​ហម ច័ន្ទ​ដេត បាន​បន្ត​ទៀត​ថា ទន្ទឹម​​គ្នា​នេះ​ដែរ សត្វ​កម្រ​ទាំង​នោះ ក៏បាន​និ​ងកំពុង​ប្រឈម​​នឹង​កា​រគំរាម​កំហែងយ៉ាង​​ខ្លាំង ដោយសារ​ការ​នេសាទ ការ​កាប់ឈើ​ និង​ការ​រុករាន​ដី​ដោយ​ខុសច្បាប់ផង​ដែរ ដែល​ករណីនេះទាមទារ​ឲ្យ​មា​នការ​យក​ចិត្ត​ទុកដាក់ និង​ពង្រឹង​វិធាន​ការអនុវត្ត​ច្បាប់​​បន្ថែម​ទៀតពីសំណាក់​អាជ្ញាធរ​ខេត្ត និង​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ការ​ពារ​​ និង​អភិរក្ស​សត្វ​ទាំង​នោះ​ឲ្យ​បាន​គង់​វង្ស និង​មាន​ប្រសិទ្ធិ​ភាព។​

លោកថា៖ «ការ​នេសាទ​ខុស​ច្បាប់​ ដូចជា​ឆក់ និងការ​ដាក់ម៉ង ជា​ការ​គំរាម​កំហែង​យ៉ាង​ធំបំផុត​សម្រាប់​សត្វ​ផ្សោត​ទន្លេ​មេគង្គ… ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​កាប់​រាន​ដី បាន​ធ្វើ​ឲ្យ​មានការ​បាត់បង់ជម្រក​របស់​ពួកវា[សត្វ​ស្លាប សត្វ​ក្តាន់ និង​សត្វ​កម្រ​មួយចំនួន​ទៀត​]»។

លោក​បន្ថែម​ថា៖ «ក្រុមបច្ចេកទេស​នៃអង្គការ ​WWF Cambodia និង​រដ្ឋ​បាល​ជល​ផល​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​លើ​បញ្ហា​ទាំង​នេះ​ ដែល​តម្រូវ​ឲ្យមានការ​ចូលរួម​ពីបណ្តា​គ្រប់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​ការ​ពារ​ធនធាន​ដ៏មាន​តម្លៃ​នេះ ធានាធ្វើយ៉ាង​ណា​ឲ្យការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធិ​ភាព»។

លោក ទុយ ប៊ុនសេរី​រ័ត្ន​មុនី អភិបាល​រង​ខេត្ត​ក្រចេះ បានមានប្រសាសន៍ថា អាជ្ញាធរ​ខេត្ត តែង​តែ​​យក​ចិត្ត​ទុកដាក់​ និង​ខិតខំអភិរក្ស​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​ទាំង​នោះ ប៉ុន្តែ​ដោយសារ​បញ្ហា​ភូមិ​សាស្ត្រ​មាន​ភាពស្មុគស្មាញ មន្ត្រី​អភិរក្ស​នៅ​តំបន់​ការ​ពារ​មាន​ចំនួន​តិច​តួច​ ខណៈ​ដែល​​ការ​​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​នៅមានកម្រិត​ដែលធ្វើ​ឲ្យ​បទ​ល្មើស​ទាំង​នោះ​នៅ​តែ​កើត​មាន។ តែ​យ៉ាង​ណា លោកថា ​៖ «យើ​ងនឹង​បន្ត​ខិត​ខំ​រិះ​រកគ្រប់​មធ្យោ​បាយ​ដើម្បីដោះស្រាយ​បញ្ហា​ទាំង​នេះ និង​ពង្រឹង​វិធានការ​ច្បាប់​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ទាំង​នោះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព ហើយ​សង្ឃឹមថា​ថ្នាក់​ក្រសួង​ពាក់ព័ន្ធ​នឹង​បន្ថែម​មន្ត្រី​​អភិរក្ស​នៅ​តំបន់​ទាំង​នោះ​ផងដែរ»។

ប្រធាន​មន្ទីរ​បរិស្ថាន លោក ឆាយ​ ដួង​សាវុធ បាន​មាន​ប្រសាសន៍ថា កន្លង​មក អាជ្ញាធរ​​ពាក់ព័ន្ធ​ក៏​បាន​បង្ក្រាប​ករណីបទ​ល្មើ​សទាំងនោះ​បានជាច្រើន​ករណី និងបាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផង​ដែរ ប៉ុន្តែ​ក៏នៅតែ​មានជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​បាន​លួច​ឆ្មក់​នេសាទ​ខុស​ច្បាប់ និង​ប្រព្រឹត្ត​បទ​ល្មើស​មួយចំនួន​ដែល​គំរាម​កំហែង​ដល់​សត្វ​កម្រ​ និងជិត​ផុត​ពូជទាំង​នោះ។

លោកថា៖ «យើង​នឹង​រៀបចំ​ផែនការ​​ចុះ​ត្បាត​ឲ្យ​បានជា​ប្រចាំ ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋនៅ​តំបន់​ទាំងនោះ ​ឲ្យ​មានការ​យល់ដឹង​ពី​ការការ​ពារ​និង​អភិរក្សធនធាន​ធម្មជាតិ​ឲ្យ​នៅគង់វង្ស និង​ទប់ស្កាត់ បង្ក្រាប​បទល្មើស​​ទាំង​ក្នុង​ដែនទឹក លើគោក និង​លើ​កោះ ព្រម​ទាំង​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​បន្ថែម​ទៀត​»។

បើតាម​មន្ត្រី​អង្គការ​WWF Cambodia ​សត្វ​ផ្សោត​នៅ​ក្នុង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង មានប្រមាណ​៩២​ក្បាល ខណៈ​នៅតំបន់​ទេស​ភាព​និង​តំបន់​ព្រៃ​លិច​ទឹក​ក្នុ​ងខេត្ត​ទាំង​ពីរនេះ មាន​ សត្វ​ល្មូន​ចំនួន ​៤២​ប្រភេទ, ត្រីមាន ២៧១​ប្រភេទ, ប្រភេទ​រុក្ខ​ជាតិ​ព្រៃ​លិចទឹក​និង​លើ​គោក​មាន ៦៧៤ប្រភេទ, សត្វ​ស្លាប​មាន​ ២៨៦ប្រភេទ និង​ថនិកសត្វ​មាន ៣៧ប្រភេទ៕

Related Posts

Previous Article

ព្រលា​នយន្តហោះ​មួយ​នៅ​ខេត្តកោះកុង​កំពុង​សាងសង់​ ខណៈ​មួយទៀត​ទុក​ចាល​

Next Article

បទ​វិភាគ​៖ ការទទួលខុសត្រូវ​មាន​សារៈសំខាន់​សម្រាប់​ឲ្យ​សាធារណជន​ទុកចិត្ត​លើ​ការងារ​រដ្ឋាភិបាល​