ana-air canadia-bank Silk-air nissan acleda cab-bank

បទ​វិភាគ​៖ ការទទួលខុសត្រូវ​មាន​សារៈសំខាន់​សម្រាប់​ឲ្យ​សាធារណជន​ទុកចិត្ត​លើ​ការងារ​រដ្ឋាភិបាល​

No Comments Share:
ក្រុមអ្នក​ជួយ​សង្គ្រោះ​កំពុងកាយ​យក​កម្មករ​ដែល​បាន​កប់​ជាប់​ក្នុង​គំនរបាក់បែក​នៃ​អគារ​ដួល​រលំ។ KT/ ជរ សុគន្ធា

ការ​បាក់​រលំ​អគារ​នា​ពេល​ថ្មី​ៗនេះ​នៅក្នុង​ខេត្ត​កែប​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​ ៣៦​ នាក់​និង​រង​របួស​ជាច្រើន​នាក់​ ព្រមទាំង​ការ​អំពាវនាវ​ឲ្យ​មានការ​បណ្តេញ​ចេញ​ឬការលាលែង​ពី​តំណែង​របស់​អភិបាលខេត្ត​កែប​ គួរតែ​ជា​សារ​ដាស់តឿន​មួយ​ទៅដល់​រដ្ឋាភិបាល​។

ក្នុងករណី​អភិបាលខេត្ត​ព្រះសីហនុ​ដែល​​បាន​ស្នើសុំ​លាឈប់​ពីមុខ​តំណែង​បន្ទាប់ពី​ការ​ដួល​រលំ​នៃ​អគារ​នៅក្នុង​ខេត្ត​របស់​លោក​ ដែល​មាន​ចំនួន​អ្នក​ស្លាប់​តិច​ជាង​នេះ​គឺជា​ករណី​មួយ​ដែល​ស្ថិតនៅ​ក្នុង​ការទទួលខុសត្រូវ​។ ទោះ​យ៉ាងណា​ ឧទាហរណ៍​មួយ​នេះ​មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ​ ដោយសារតែ​សោកនាដកម្ម​មួយ​នៅ​ក្រោម​គារ​គ្រប់គ្រង​របស់​លោក​បាន​ធ្វើឲ្យ​លោក​ឡើង​ឋានៈ​ ខណៈ​ដែល​អភិបាលខេត្ត​កែប​មិនបាន​សូម្បីតែ​សម្តែង​ការ​សោក​ស្តាយ​ជា​សាធារណៈ​។

ទោះបីជា​ការសម្រេច​បញ្ឈប់​ តំឡើង​ឋានៈ​រឺ​ផ្លាស់​ប្តូរ​មន្រ្តី​រដ្ឋាភិបាល​បន្ទាប់ពី​ពួកគាត់​មិនបាន​បំពេញភារកិច្ច​របស់​ខ្លួន​អោយ​បាន​គ្រប់គ្រាន់​អាស្រ័យ​ទៅលើ​តែ​នាយក​រដ្ឋមន្រ្តី​ក៏ដោយ​ ក៏​គេ​មិន​អាច​ព្រងើយកន្តើយ​ចំពោះ​ការដែល​ផ្តល់​រង្វាន់​ដល់​មន្រ្តី​ទាំងនោះ​ជាមួយនឹង​ការ​តំឡើង​ឋានៈ​រឺ​ការ​ផ្លាស់​ប្តូរ​ទៅកាន់​តំណែង​មួយផ្សេងទៀត​មិនបាន​ផ្តល់​ផល​ល្អ​ក្នុង​ការ​រក្សា​ទំនុកចិត្ត​សាធារណៈ​លើ​រដ្ឋាភិបាល​នោះ​ឡើយ​។

អស់​រយៈពេល​ជាយូរមកហើយ​មន្រ្តី​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ពិន័យ​ជា​សាធារណៈ​ និង​ត្រូវ​បាន​គេ​គំរាម​បណ្តេញ​ចេញពី​ការងារ​ ក៏ប៉ុន្តែ​បែរជា​ក្រោយមក​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​តួនាទី​ផ្សេងទៀត​នៅក្នុង​ក្រសួង​ឬនាយកដ្ឋាន​ផ្សេង​ ដោយ​មិនបាន​ទទួលខុសត្រូវ​ចំពោះ​កំហុស​ឬបរាជ័យ​របស់​ខ្លួន​។

ដើម្បី​ឱ្យ​រដ្ឋាភិបាល​មានទំនុក​ចិត្ត​ពី​ប្រជាជន​ទៅ​ក្នុង​រដ្ឋបាល​និង​ពង្រឹង​ការងារ​របស់​ខ្លួន​ មន្ត្រី​អសមត្ថភាព​និង​សូម្បីតែ​រដ្ឋមន្រ្តី​ បើ​ចាំបាច់​ត្រូវតែ​ទទួលខុសត្រូវ​។

ហេតុអ្វី​គណនេយ្យ​ភាព​គឺជា​គោលការណ៍​ដឹកនាំ​ដ៏​សំខាន់​បែបនេះ​? គណនេយ្យ​ភាព​បង្កើត​ការ​ជឿ​ទុកចិត្ត​ពីសា​ធារ​ណជន​ ហើយ​ជា​លទ្ធផល​ ជំនឿ​ទុកចិត្ត​របស់សាធារណៈ​ពង្រឹង​អភិបាលកិច្ច​ មិនថា​នៅក្នុង​រដ្ឋាភិបាល​ឬសាជីវកម្ម​ទេ​។ ប្រសិនបើ​មន្រ្តី​សាធារណៈ​មាន​អារម្មណ៍​ថា​ ពួកគេ​អាច​ធ្វើសកម្មភាព​ប្រកបដោយ​និ​ទណ្ឌ​ភាព​និង​មិន​ទទួលខុសត្រូវ​នោះ​ វា​អាច​ជំរុញ​ឱ្យ​មាន​កំហុស​នានា​ក្នុង​ការវិនិច្ឆ័យ​ អសមត្ថភាព​ការងារ​ និង​អំពើពុករលួយ​។

តាម​ទស្សនវិស័យ​នៃ​ការគ្រប់គ្រង​ នៅពេល​អ្នកធ្វើ​ឲ្យ​បុគ្គល​ទាំងឡាយ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ​ មានន័យថា​អ្នកបង្រៀន​ពួកគេ​ឲ្យ​មានប្រសិទ្ធភាព​ចំពោះ​ការងារ​របស់​ពួកគេ​។ តាមរយៈ​មតិយោបល់​វិជ្ជមាន​និង​សកម្មភាព​កែតម្រូវ​ ពួកគេ​ដឹង​ថា​ឥរិយាបថ​និង​សកម្មភាព​របស់​ពួកគេ​មាន​ឥទ្ធិពល​លើ​អង្គភាព​។ នៅពេល​ដែល​បុគ្គល​ទាំងនោះ​ដឹង​ថា​ពួកគេ​មានតម្លៃ​និង​មាន​សារៈសំខាន់​ ពួកគេ​ត្រូវ​បាន​ជំរុញ​ឲ្យ​ខិតខំ​ធ្វើការ​។ ពួកគេ​រៀន​មាន​ភាពជា​ម្ចាស់​លើ​អ្វី​ដែល​ពួកគេ​ធ្វើ​។

នៅពេល​ដែល​មន្រ្តី​រាជការ​ស៊ីវិល​នៅក្នុង​មុខតំណែង​សំ​ខាន់​ៗច្រានចោល​ការទទួលខុសត្រូវ​ទាំងនេះ​ ហើយ​មិន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​គ្រោះមហន្តរាយ​ដ៏​សាហាវ​ដែល​កើតឡើង​ក្នុង​កំឡុង​ពេល​ឃ្លាំមើល​របស់​ពួកគេ​នោះ​ទេ​ និ​ទណ្ឌ​ភាព​នឹង​កើតមាន​ ហើយ​និ​ទណ្ឌ​ភាព​នេះ​ហើយ​គឺជា​ការ​លើកឡើង​របស់​ក្រុមប្រឆាំង​។ ជា​ពាក្យអាសគ្រាម​ដែល​ធ្លាប់​ផ្តួល​រដ្ឋាភិបាល​ជាច្រើន​។

គណនេយ្យ​ភាព​ធានា​បាន​នូវ​សកម្មភាព​និង​ការ​សំរេចចិត្ត​របស់​មន្រ្តី​សាធារណៈ​ទាក់ទង​នឹង​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ព្រមទាំងឆ្លើយតបទៅនឹង​តម្រូវការ​របស់​សហគមន៍​ ដែល​ដោយហេតុនេះ​ហើយ​ រួមចំណែក​ដល់​ការគ្រប់គ្រង​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​។ វា​ក៏​មានន័យថា​កា​ រស​ម្រេច​ចិត្ត​និង​សកម្មភាព​របស់​ពួកគេ​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដើម្បី​ធានា​ថា​ គោលបំណង​ដែល​បាន​ចែង​របស់​ពួកគេ​ត្រូវ​បាន​បំពេញ​។

គណនេយ្យ​ភាព​ក៏​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ហើយ​កត្តា​នេះ​បង្កើត​នូវ​ការ​ជឿ​ទុកចិត្ត​ជា​សាធារណៈ​នៅក្នុង​ស្ថាប័ន​ ដែល​ជាបន្តបន្ទាប់​ក្លាយទៅជា​ការ​គាំទ្រ​របស់​ពលរដ្ឋ​នៅក្នុង​ពេល​បោះឆ្នោត​។

វា​ត្រូវ​បាន​បង្ហាញថា​ ការ​ប្រកាន់យក​ទស្សនវិជ្ជា​នៃ​គណនេយ្យ​ភាព​នាំមក​នូវ​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​និង​ប្រសិទ្ធភាព​។

នៅ​ប្រទេស​ជប៉ុន​ វប្បធម៌​នៃ​ការទទួលខុសត្រូវ​ត្រូវ​បាន​គោរព​យ៉ាង​ខ្លាំង​ពីព្រោះ​មន្រ្តី​រដ្ឋាភិបាល​តែងតែ​សុំទោស​ជា​សាធារណៈ​និង​ចុះចេញ​ពី​តំណែង​បន្ទាប់ពី​មាន​គ្រោះមហន្តរាយ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ពួកគេ​ឬការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​។

យើង​សូម​បញ្ជាក់​ជាថ្មី​ថា​ យើង​គោរព​ការសម្រេច​ចិត្ត​និង​ការរិះគន់​របស់​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​ប្រឆាំង​នឹង​អ្នក​ដែល​អំពាវនាវ​ឱ្យ​ការលាលែង​ពី​ឬបញ្ឈប់​អភិបាលខេត្ត​កែប​បន្ទាប់ពី​ការ​ដួល​រលំ​នៃ​អគារ​នៅក្នុង​ខេត្ត​របស់​លោក​។ ទោះ​យ៉ាងណា​វប្បធម៌​ទំនួល​ខុសត្រូវ​ធ្វើឲ្យ​មន្រ្តី​រដ្ឋាភិបាល​បំពេញភារកិច្ច​របស់​ខ្លួន​ដោយ​ភាព​ឧស្សាហ៍​ព្យាយាម​និង​មិន​មាន​និ​ទណ្ឌ​ភាព​។

ដើម្បី​ពង្រឹង​ការ​ជឿ​ទុកចិត្ត​ជា​សាធារណៈ​លើ​រដ្ឋាភិបាល​ទាមទារ​អោយ​មានការ​ដឹកនាំ​ប្រកបដោយ​ការ​សំរេចចិត្ត​ដែល​អាច​ដាក់​វិន័យ​និង​អោយ​មន្ត្រី​រដ្ឋាភិបាល​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​។

យើង​មិន​គួរ​ភ្លេច​អំពីអ្វី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ដែល​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ត្រូវ​បាន​រៀបចំ​និង​គាំទ្រ​យ៉ាង​ល្អ​ នៅក្នុង​និង​ក្រៅប្រទេស​នោះ​បាន​បង្កើត​ការបាត់បង់​នូវ​ការ​ជឿ​ទុកចិត្ត​និង​ជំនឿ​ទៅលើ​រដ្ឋាភិបាល​នា​ពេលនោះ​ ដែល​បាន​កាន់អំណាច​អស់​រយៈ​ ៦០​ ឆ្នាំ​មក​ហើយ​។

ដោយសារតែ​ការបាត់បង់​ការ​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​និង​ប្រមុខ​របស់​វា​ រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅពេល​នោះ​ត្រូវ​បាន​ពលរដ្ឋ​បោះឆ្នោត​ទម្លាក់​នៅក្នុង​ការបោះឆ្នោត​សកល​នៅ​ខែឧសភា​ ឆ្នាំ​ ២០១៨​។

នៅ​ប្រទេស​កម្ពុជា​ នៅក្នុង​ការបោះឆ្នោត​របស់​ខ្លួន​នៅ​ខែកក្កដា​ឆ្នាំ​ ២០១៨​ គេ​សង្កេតឃើញ​ថា​គណបក្សប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់អំណាច​ បាន​ឈ្នះ​គ្រប់​អាសនៈ​ទាំងអស់​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ ។ ប៉ុន្តែ​ ទោះជាយ៉ាងណា​ក៏ដោយ​ ជាមួយនឹង​ការ​ឈ្នះ​ដាច់​នេះ​ ប្រទេស​កម្ពុជា​នៅតែ​បរាជ័យ​ក្នុង​ការអនុវត្ត​វិធានការ​កែទម្រង់​យ៉ាងធ្ងន់ធ្ងរ​នៅ​ទូទាំង​ប្រទេស​នៅ​គ្រប់​កម្រិត​ទាំងអស់​ ហើយ​កម្រិត​នៃ​គណនេយ្យ​ភាព​ចំពោះ​ថ្នាក់ដឹកនាំ​និង​ប្រជាជន​នៅតែ​ត្រូវ​បាន​គេ​ចោទសួរ​។

អ្នកសង្កេតការណ៍​ជាច្រើន​កត់សម្គាល់​ថាវ​ប្ប​ធម៌​នៃ​ការ​បណ្តេញ​ចេញពី​ការិយាល័យ​ដោយសារ​កង្វះ​គណនេយ្យ​ភាំ​ពនិង​ការ​ទទួល​ខុស​ត្រូ​ វឬសកម្មភាព​នៃ​ការប្រព្រឹត្តិ​មិន​ត្រឹមត្រូវ​គ្រាន់តែ​រួមចំណែក​ដល់​សកម្មភាព​បែបនេះ​បន្ថែម​ទៀត​ ពីព្រោះ​មន្រ្តី​ទាំងនោះ​ត្រូវ​បាន​គេ​ចាត់ទុកជា​ «ក្រុម​ជន​គេ​ប៉ះ​មិនបាន​» ហើយ​មុខតំណែង​របស់​ពួកគេ​មាន​សុវត្ថិភាព​ មិនថា​ពួកគេ​ធ្វើការ​នៅកន្លែង​ណា​នោះ​ឡើយ​។ អ្នកខ្លះ​ថែមទាំង​ត្រូវ​បាន​ដំឡើង​តំណែង​ ហើយ​អ្នកខ្លះ​ទៀត​ទទួល​បានការ​ងារ​ធ្វើ​នៅ​ការិយាល័យ​ដែល​មានមុខ​តំណែង​និង​សិទ្ធិ​ដូចមុន​ដដែល​។

វប្បធម៌​នៃ​គណនេយ្យ​ភាព​ត្រូវតែ​ត្រូវ​បាន​អនុវត្ត​ដើម្បី​កសាង​ជំនឿ​ទុកចិត្ត​និង​យកឈ្នះ​បេះដូង​និង​គំនិត​របស់​ពលរដ្ឋ​ ក្រែងលោ​ភាព​វឹកវរ​នយោបាយ​ដែល​បង្កើត​ឡើង​ដោយក្រុម​ប្រឆាំង​នៅតែ​មាន​ឥទ្ធិពល​លើ​ប្រជាជន​ម៉ាឡេស៊ី​ទោះបីជា​ឥស្សរជន​ដែល​កាន់អំណាច​ត្រូវ​បាន​ផ្តួល​រំលំ​និង​ការចោទប្រកាន់​ពី​តុលាការ​ក៏ដោយ​។ ពួកគេ​ត្រូវ​បាន​ពលរដ្ឋ​ជេរស្តី​ជា​រៀងរាល់ថ្ងៃ​។

រឿង​ដូចគ្នា​មិន​អាច​និង​មិន​ត្រូវឲ្យ​កើតមាន​នៅ​កម្ពុជា​នោះ​ឡើយ​ ដើម្បីប្រទេស​កម្ពុជា​ គណបក្ស​កាន់អំណាច​ និង​ប្រយោជន៍​របស់​ប្រជាជន​៕

ប្រែសម្រួល ដោយ​ តាំ​ង រីនិត្យ

Related Posts

Previous Article

WWF ថាសត្វ​កម្រ​ច្រើនប្រភេទ​​ប្រឈម​​​កា​រគំរាម​កំហែងដោយ​ការ​​កាប់ឈើ​ និង​ការ​រុករាន​ដី​ដោយ​ខុសច្បាប់

Next Article

សំរាម​ស្អុយ​គរ​ដូច​ភ្នំ​ចាប់ផ្ដើម​ប្រមូល​ ក្រោយពីកម្មករ​បញ្ចប់​​កូដកម្ម​